លោក Donald Trump ខាងគណបក្សសាធារណរដ្ឋមានការគាំទ្រច្រើននៅក្នុងរដ្ឋ Iowa មួយសប្តាហ៍មុនការបោះឆ្នោតទីមួយនៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីស.រ.អ.ក្នុងឆ្នាំ២០១៦នេះ។ ការស្ទង់មតិមួយរបស់ទូរទស្សន៍អាមេរិកាំង Fox News បង្ហាញថាលោក Trump មានការគាំទ្រច្រើននាំមុខលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អ.ប្រចាំរដ្ឋតិចសាស់។ លោក Trump មានការគាំទ្រ៣៤ភាគរយហើយលោក Ted Cruz ទទួលបាន២៣ភាគរយ។ ចំណែកឯលោក Marco Rubio មានការគាំទ្រ១២ភាគរយ។ការស្ទង់មតិតាមបណ្តាញអ៊ិនធឺណិតដោយទូរទស្សន៍អាមេរិកាំង CBS News បង្ហាញថាលោក
Trump មានការគាំទ្រលើសលោក Cruz បន្តិចគឺ៣៩ភាគរយទល់នឹង៣៤ភាគរយហើយលោក Rubio ទទួលបាន១៣ភាគរយ។
ការស្ទង់មតិថ្មីៗទាំងនេះបង្ហាញថាលោក Trump មានការគាំទ្រច្រើនជាងមុនក្នុងរយៈពេលតិចជាងមួយសប្តាហ៍នៅមុនការប្រជុំនិងការបោះឆ្នោតគណបក្សក្នុងរដ្ឋIowa នៅថ្ងៃទី១ខែកុម្ភៈដែលជាការបោះឆ្នោតសាកល្បងជាផ្លូវការលើកទីមួយនៃការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១៦នេះ។ លោក Trump បាននិយាយថា «ខ្ញុំចង់ឈ្នះនៅ Iowa ខ្ញុំចង់ឈ្នះពិតប្រាកដ។»
កំណើននៃការគាំទ្រលោក Trump នៅក្នុងការស្ទង់មតិមានឡើងនៅក្រោយលោក Cruz បានឋិតនៅក្នុងកិច្ចការពារខ្លួននៅពេលលោក Trump បានលើកសំណួរអំពីថាតើលោកមានសិទ្ធិឬទេក្នុងការកាន់តំណែងប្រធានាធិបតីពីព្រោះលោក Cruz បានកើតនៅក្នុងប្រទេសកាណាដាពីម្តាយជនជាតិអាមេរិក៕