ក្រុមអ្នកស៊ើបអង្កេតកំពុងតែព្យាយាមកំណត់ ថាតើបំណែកយន្តហោះមួយដុំដែលបានរកឃើញនៅលើដែនកោះក្នុងមហាសមុទ្រឥណ្ឌា ដែលគ្រប់គ្រងដោយប្រទេសបារាំងគឺជា ផ្នែកមួយនៃយន្តហោះ MH 370 ឬយ៉ាងណា។ យន្តហោះនេះជា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ដែលបានបាត់យ៉ាងអាថ៍កំបាំងក្នុងខែមិនាឆ្នាំ២០១៤។
បំណែកយន្តហោះមួយ ដែលមានប្រវែងប្រហែល២ម៉ែត្រ ដែលទំនងជាស្លាបយន្តហោះត្រូវបានគេរកឃើញកាលពីថ្ងៃពុធនៅលើឆ្នេរសមុទ្រនៃកោះ Reunion នៅជិតប្រទេសម៉ាដាកាស្កា ដែលមានចម្ងាយជាង៣.៥០០គីឡូម៉ែត្រពីកន្លែង ដែលគេបានឮសញ្ញាចុងក្រោយពីយន្តហោះធុន Boeing 777 នោះ។
មន្ត្រីអាកាសចរណ៍បារាំងកំពុងពិនិត្យបំណែកនោះ ប៉ុន្តែនិយាយថា វាជាការឆាប់ពេកក្នុងការកំណត់ ថាតើបំណែកនោះជាផ្នែកមួយនៃយន្តហោះដែលបាត់នោះ ឬយ៉ាងណា។ ប្រសិនបើវាជាបំណែកយន្តហោះនោះមែន ការរកឃើញនេះអាចជាជំហានទៅមុខមួយទៀតក្នុងការដោះស្រាយអាថ៍កំបាំងយន្តហោះ ដែលធំជាងគេបំផុតក្នុងសម័យទំនើបនេះ។
ក្រុមកម្មករបានរកឃើញបំណែកនោះនាសប្តាហ៍នេះក្នុងពេលសម្អាតឆ្នេរនៅដែនកោះ Reunion Island ។ ពួកគេបានបញ្ជូនរូបថតទៅឲ្យអ្នកជំនាញអាកាសចរណ៍បារាំងលោកXivier Tytelman ហើយលោកបានប្រាប់វីអូអេថា លោកជឿជាក់ថា បំណែកនោះជាបំណែកយន្តហោះធុន Boeing 777៕