ថ្ងៃច័ន្ទទី៨ ខែកញ្ញានេះ កត់សម្គាល់រយៈពេល៦ខែចាប់តាំងពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH370 បានបាត់នៅពេលដែលហោះហើរពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង។ ភាគច្រើននៃអ្នកដំណើរ២៣៩នាក់នៅលើយន្តហោះនោះ ជាជនជាតិចិន ទោះជាសោកនាដកម្មនេះ បានប៉ះពាល់ដល់ក្រុមគ្រួសារក្នុងប្រទេសជាច្រើនរួមទាំងប្រទេសម៉ាឡេស៊ីនិងអូស្រ្តាលីផងក៏ដោយ។
ការរុករកតាមអាកាសនិងក្រោមទឹកពាក់ព័ន្ធនឹងប្រទេសជាង២០ រហូតមកទល់ពេលនេះមិនបានរកឃើញស្នាមណាមួយនៃការបាត់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ីនោះទេ។
ពួកអ្នករុករក បានស្វែងរកទូទាំងឈូងសមុទ្រថៃនិងឆកសមុទ្រ Bengal មុនពេលការវិភាគទិន្ន័យតាមផ្កាយរណបចង្អុលបង្ហាញថា យន្តហោះប្រភេទ Boeing 777 បានធ្លាក់នៅផ្នែកខាងលិចនៃទីក្រុងPerth ប្រទេសអូស្រ្តាលីក្នុងមហាសមុទ្រឥណ្ឌា។
បន្ទាប់ពីបរាជ័យជាច្រើនដង ក្រុមអ្នករុករកបានបោះបង់ចោលតំបន់រុករកដំបូងៗនៅក្នុងមហាសមុទ្រឥណ្ឌាកាលពីខែឧសភា។ តំបន់ទិសដៅថ្មី បានត្រូវកំណត់មួយផ្នែកដោយផ្អែកលើការហៅទូរស័ព្ទតាមផ្កាយរណបដែលមិនបានទទួលជោគជ័យដែលធ្វើឡើងដោយបុគ្គលិកនៅលើដីទៅកាន់ជើងហោះហើរលេខ MH370។
បេសកម្មដែលដឹកនាំដោយប្រទេសហូឡង់នឹងចាប់ផ្តើមការរុករកថ្មីទៅកាន់តំបន់ខាងលិចនៃប្រទេសអូស្រ្តាលីនៅចុងខែនេះ។ ពួកអាជ្ញាធរក្នុងទីក្រុងកង់បេរ៉ា បាននិយាយថា ពួកគេប្រឈមបញ្ហាដែលមិនធ្លាប់ឃើញកាលពីមុន ដូចជាការប៉ុនប៉ងដើម្បីស្វែងរកយន្តហោះនៅក្នុងទឹកជ្រៅដែលពិបាកទៅដល់ដែលមានជម្រៅដល់៥គីឡូម៉ែត្រ។
ថ្វីបើមានឧបសគ្គយ៉ាងធំនៅខាងមុខក៏ដោយ លោក Warren Truss ឧបនាយករដ្ឋមន្រ្តីអូស្រ្តាលីសង្ឃឹមថា យន្តហោះជើងហោះហើរលេខ MH370 នឹងត្រូវរកឃើញក្នុងអំឡុងពេលនៃការរុករកថ្មីដែលត្រូវធ្វើឡើងក្រុមហ៊ុន Fugro ជាក្រុមហ៊ុនឯកជនពហុជាតិ បានធ្វើកិច្ចសន្យាបំពេញបេសកម្មនេះ។
«ខ្ញុំនៅមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្នថា យើងនឹងរកឃើញយន្តហោះដែលបាត់នោះនៅក្នុងតំបន់ស្រាវជ្រាវអាទិភាព។ ការរុករកនេះនឹងក្លាយជាការប្រឈមមុខដ៏ពិតប្រាកដមួយ។ ក្រុមហ៊ុន Fugro នឹងប្រើប្រាស់នាវា២គ្រឿងបំពាក់ទៅដោយឧបករណ៍យានយន្តដែលបើកក្នុងទឹកជ្រៅបាន ហើយនឹងដឹកបុគ្គលិកជំនាញដើម្បីធ្វើកិច្ចប្រតិបត្តិការរុករក។ យានយន្តនោះនឹងរុករកបាតសមុទ្រដោយប្រើប្រាស់ប្រដាប់ស្តាប់សំឡេង ប្រដាប់ស្រូបសំឡេងនិងម៉ាស៊ីនថតវីដេអូដើម្បីស្វែងរកនិងកំណត់កម្ទេចបាក់បែក»។
បេសកម្មរុករកថ្មី ត្រូវគេរំពឹងថានឹងមានរយៈពេលមួយឆ្នាំ ដោយអាស្រ័យលើអ្វីដែលគេរកឃើញ។
កាលពីខែមុន អូស្រ្តាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិននិងម៉ាឡេស៊ីដើម្បីពង្រឹងកិច្ចសហការនិងលៃទុកការទទួលខុសត្រូវខាងហិរញ្ញវត្ថុហើយនឹងការបែងចែកធនធានសម្រាប់ការរុករកនេះ។
ការបាត់ជើងហោះហើរ MH370 ជាអាថ៌កំបាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍សម័យទំនើបនេះ។
ការបាត់ជើងហោះហើរនេះ រួមផ្សំជាមួយការបាត់បង់ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH17 ដែលត្រូវបានបាញ់ទម្លាក់នៅប្រទេសអ៊ុយក្រែនហែកហួរដោយសង្គ្រាមកាលពីខែកក្កដា បានធ្វើឲ្យប៉ះពាល់កិត្តិស័ព្ទនៅឆាកអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ហើយនឹងប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ។
កាលពីខែមុន ពួកអាជ្ញាធរបានប្រកាសថា បុគ្គលិកយ៉ាងច្រើនរហូតដល់៦.០០០នាក់ បានត្រូវកាត់បន្ថយនៅក្រុមហ៊ុនអាកាសចរណ៍នេះ ដែលជាផ្នែកមួយនៃផែនការរៀបចំឡើងវិញដែលមានតម្លៃជាប្រាក់១.៩០០លានដុល្លារដើម្បីធ្វើឲ្យក្រុមហ៊ុននេះចំណេញឡើងវិញ៕
ទំព័រពិសេសអំពីរឿងយន្តបាត់ដានសូមចូលទៅ www.khmer.voanews.com/malaysia
ប្រែសម្រួលដោយ ជឹង ប៉ូជីន