កំណត់និពន្ធ៖ លោកបណ្ឌិត Charles Edel ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាពីសហរដ្ឋអាមេរិក (United States Studies Center) និងជាអ្នកនិពន្ធនៃអត្ថបទថ្មីមួយដែលមានចំណងជើងថា «ការផ្លាស់ប្តូររបស់កម្ពុជាដែលងាកទៅរកប្រទេសចិន និងអត្ថន័យនៃរបត់ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន»។ លោកធ្លាប់ជាបុគ្គលិករៀបចំគោលនយោបាយនៅក្រសួងការបរទេសអាមេរិក។ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយនៅមហាវិទ្យាល័យ US Naval War College។ សូមលោកអ្នកនាងស្តាប់ និងអានបទសម្ភាសន៍រវាងកញ្ញា យូ សុធារី នៃវីអូអេ និងលោកបណ្ឌិត Charles Edel ជាភាសាខ្មែរអំពីអត្ថបទរបស់លោកដូចតទៅ៖
VOA៖ តើលោកយល់យ៉ាងណាចំពោះតួនាទីរបស់ប្រទេសកម្ពុជាទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក?
Charles Edel៖ អ្វីដែលខ្ញុំចង់និយាយគឺថា ប្រសិនបើអ្នកគិតអំពីភូមិសាស្ត្រនៃឥណ្ឌូប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍គឺនៅចំកណ្តាលតំបន់នេះតែម្តង ហើយប្រទេសកម្ពុជាគឺស្ថិតនៅចំកណ្តាលតំបន់ហ្នឹងតែម្តង។ ប៉ុន្តែគេមិនសូវនិយាយពីប្រទេសកម្ពុជា និងវិធីសាស្រ្តដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាក់ទងជាមួយប្រទេសកម្ពុជានោះទេ។ ដូច្នេះ ខ្ញុំគិតថា នេះជាឱកាសមួយក្នុងការសិក្សាឲ្យកាន់តែស៊ីជម្រៅ ពីរបៀបដែលសហរដ្ឋអាមេរិកទាក់ទងជាមួយបណ្តាប្រទេសនានាក្នុងតំបន់នេះ។ ប្រទេសកម្ពុជា ជាប្រទេសដែលសហរដ្ឋអាមេរិកពិបាកធ្វើការជាមួយមែនទែន។ នេះជាគោលគំនិតសំខាន់របស់អត្ថបទរបស់ខ្ញុំ។
VOA៖ តើសហរដ្ឋអាមេរិកចាប់អារម្មណ៍ភ្ជាប់ប្រទេសកម្ពុជាទៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនដែរឬទេ?
Charles Edel៖ ខ្ញុំគិតថា សហរដ្ឋអាមេរិកចាប់អារម្មណ៍លើប្រទេសកម្ពុជា។ ប៉ុន្តែវាអាចមានការលំបាកជាងមុន ដោយសារតែរដ្ឋាភិបាលកម្ពុជាកំពុងដើរចេញពីសង្គមដែលសេរី និងបើកចំហ។ នេះធ្វើឲ្យលំបាកខ្លាំង ក្នុងការភ្ជាប់កម្ពុជាជាមួយយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលដែលខ្ញុំនៅក្នុងប្រទេសកម្ពុជា ខ្ញុំមើលឃើញថា ប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីវិនិយោគបរទេស ហើយក៏ត្រូវការវិនិយោគបរទេសដែលមកពីប្រភពផ្សេងៗ។ វិនិយោគបរទេសមកពីប្រភពផ្សេងៗហ្នឹង ជាវិធីសាស្រ្តដែលគេតែងតែប្រើ ដើម្បីធ្វើឲ្យប្រទេសមួយមានការប្រកួតប្រជែងកាន់តែខ្លាំង។ ប៉ុន្តែនៅកម្ពុជា បែរជារឹតត្បឹតលើការប្រកួតប្រជែងទៅវិញ។ ដើម្បីបើកចំហការវិនិយោគនៅកម្ពុជា ប្រទេសនេះគួរតែពង្រឹងតម្លាភាពរបស់ខ្លួន។ ប៉ុន្តែតម្លាភាពនៅកម្ពុជានៅទន់ខ្សោយនៅឡើយ។
VOA៖ នៅក្នុងអត្ថបទរបស់លោក លោកបានសរសេរពី «គម្រោងដំរីស និងទីក្រុងខ្មោច»។ តើវាមានបង្កប់ន័យយ៉ាងដូចម្តេច ដោយផ្អែកលើបទពិសោធន៍របស់ប្រទេសផ្សេងៗ ឬប្រទេសកម្ពុជាខ្លួនឯងផ្ទាល់?
Charles Edel៖ ខ្ញុំនិយាយពីបញ្ហាសាមញ្ញប៉ុណ្ណោះ។ ដំបូងយើងឃើញថា គម្រោងទាំងនោះផ្តល់ផលប្រយោជន៍ឲ្យជនមួយក្រុមដែលវិនិយោគលើគម្រោងទាំងនោះតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋកម្ពុជា មិនទទួលបានប្រយោជន៍អ្វីពីគម្រោងទាំងនោះនោះទេ។ យើងធ្លាប់ឃើញបទពិសោធន៍មិនល្អរបស់គម្រោងប្រភេទនេះនៅក្នុងប្រទេសដទៃ នៅពេលដែលប្រទេសទាំងនោះមានបំណុលច្រើន ជាពិសេសជាមួយចិន។ យើងធ្លាប់បានឃើញស្ថានភាពបែបនេះនៅក្នុងប្រទេសជាច្រើន ដូចជាប្រទេសស្រីលង្កា ប៉ាគីស្ថាន និងប្រទេសផ្សេងទៀតនៅតំបន់កោះប៉ាស៊ីហ្វិក។ យើងឃើញថាប្រទេសទាំងនោះ ចេញប័ណបំណុលជារូបិយប័ណ្ណបរទេសដើម្បីជាថ្នូរក្នុងការដោះបំណុល។ ដូច្នេះ វាបែរជាធ្វើឲ្យមានបញ្ហានៅក្នុងប្រទេសមួយ នៅពេលប្រទេសនោះមិនអាចសងប្រាក់ទៅវិញ ហើយជាពិសេសនៅពេលដែលគម្រោងដំរីស ដែលជាគម្រោងអចលនទ្រព្យមិនមានមនុស្សនៅ មិនបានរួមចំណែកទៅលើការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេសមួយទេ។
VOA៖ លោកបានលើកឡើងពីក្តីបារម្ភអំពីអន្ទាក់បំណុលចិន។ មានឧទាហរណ៍មួយចំនួននៃការអន្ទាក់បែបនោះនៅក្នុងប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ដោយមានការដកឃ្លារបស់បស្ចិមប្រទេសពីប្រទេសកម្ពុជា និងដកឃ្លាពីទំនាក់ទំនងជាមួយប្រទេសចិនដោយសារតែការវិនិយោគដែលមានទឹកប្រាក់រាប់លានដុល្លារ តើលោកយល់ថា ប្រទេសកម្ពុជានឹងធ្លាក់ចូលទៅក្នុងអន្ទាក់នេះនៅពេលអនាគតដែរឬទេ?
Charles Edel៖ ខ្ញុំគិតថា លទ្ធភាពដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងអន្ទាក់នេះមានកាន់តែខ្ពស់។ វាកាន់តែខ្ពស់ នៅពេលដែលប្រទេសកម្ពុជាមានបំណុលកាន់តែច្រើន ហើយមិនមានប្រភពចំណូលផ្សេង ឬមិនមានអ្នកដេញថ្លៃផ្សេងៗសម្រាប់គម្រោងវិនិយោគដែលនឹងត្រូវធ្វើនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ អន្ទាក់បំណុលដែលខ្ញុំបាននិយាយ ដែលខ្ញុំសរសេរ និងដែលខ្ញុំបានឃើញនៅក្នុងប្រទេសដទៃ គឺមិនមែនត្រឹមតែប្រទេសទាំងនោះបានជំពាក់បំណុលតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាបំណុលដែលគ្មានលទ្ធភាពសងទៅទៀត។ វាក៏កើតឡើង នៅពេលដែលម្ចាស់បំណុលនិយាយថា «អ្នកជំពាក់បំណុលខ្ញុំ ហើយឥឡូវខ្ញុំត្រូវការឲ្យអ្នកសងបំណុលនោះ»។ តើវាអាចនឹងកើតឡើងចំពោះប្រទេសកម្ពុជាដែរឬទេ? ខ្ញុំមិនអាចទាយពីអនាគតបានទេ។
អន្ទាក់បំណុលមិនមែនជារឿងដែលគ្រាន់តែថា ប្រទេសមួយជំពាក់បំណុលកាន់តែច្រើននោះទេ។ មានដំណាក់កាលច្រើនជាងហ្នឹង។ នៅពេលយើងនិយាយពីរឿងដែលបានកើតឡើងនៅប្រទេសស្រីលង្កា ប្រទេសម៉ាល់ឌីវ និងប្រទេសផ្សេងទៀតនៅតំបន់កោះប៉ាស៊ីហ្វិកខាងត្បូង ដូចជាប្រទេសជីប៊ូទី និងប្រទេសផ្សេងទៀត ការទូតនៃអន្ទាក់បំណុលគឺថា ពួកគេបានទទួលយកបំណុលដែលពិបាកសងក្នុងកម្រិតច្រើន ដែលប្រទេសនោះមិនអាចសងបំណុលបាន។ នៅពេលដែលបញ្ហានេះកើតឡើង ម្ចាស់បំណុល ដែលនៅក្នុងករណីដែលយើងកំពុងពិភាក្សានេះ គឺសំដៅលើក្រុមហ៊ុនចិន ឬរដ្ឋាភិបាលចិន នឹងស្នើឲ្យមានការសង ដោយប្តូរយកទ្រព្យនៅក្នុងដែនអធិបតេយ្យជំនួសវិញ មិនថាទីតាំងដែនដី ឬរបស់ផ្សេងៗនោះទេ។ ជាថ្មីម្តងទៀត នៅក្នុងប្រទេសកម្ពុជា ខ្ញុំមិនដឹងថា បញ្ហាហ្នឹងកើតឡើង ឬក៏អត់នោះទេ។ ប៉ុន្តែ នៅពេលដែលបំណុលកើនឡើង ដោយមានម្ចាស់បំណុលតែមួយ ហើយមិនមានប្រភពចំណូលផ្សេងទៀត និងមិនមានការអភិវឌ្ឍដែលមានផលប្រយោជន៍ពិតប្រាកដ និងប្រកបដោយចីរភាព វាបង្កើនឱកាសដែលអាចធ្លាក់ចូលទៅក្នុងអន្ទាក់បែបនេះនៅក្នុងពេលអនាគត។
VOA៖ លោកបានលើកឡើងថា ប្រទេសកម្ពុជាមិនស្ថិតនៅក្នុងកណ្តាប់ដៃរបស់ចិននោះទេ ទោះបីជាមានថ្នាក់ដឹកនាំសព្វថ្ងៃទំនងជាស្ថិតក្រោមដៃចិនក៏ដោយ។ តើលោកចង់មានន័យយ៉ាងដូចម្តេច?
Charles Edel៖ ខ្ញុំចង់សំដៅលើរដ្ឋាភិបាលក្រុងប៉េកាំងសព្វថ្ងៃ ដែលលោកហ៊ុន សែនមានឆន្ទៈនឹងធ្វើអ្វីគ្រប់យ៉ាងតាមរដ្ឋាភិបាលចិនស្នើសុំ។ ប៉ុន្តែបើតាមបទពិសោធន៍ខ្ញុំនៅប្រទេសកម្ពុជា នៅពេលដែលខ្ញុំធ្វើការស្រាវជ្រាវរបស់ខ្ញុំ នេះមិនមែនជាចរិតរបស់ខ្មែរនោះទេ។ ដូច្នេះ នៅពេលដែលខ្ញុំសរសេរឃ្លានេះ ខ្ញុំចង់បានន័យថា ការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមានការមិនអស់ចិត្ត និងពេលខ្លះមានខឹងសម្បារខ្លះដែរ។ នៅគ្រប់ពេលដែលយើងនិយាយអំពីគម្រោងទាំងនេះ យើងនិយាយពីការណ៍ពិតដែលពលរដ្ឋខ្មែរជារឿយៗមិនត្រូវបានគេជួលឲ្យធ្វើការនោះតែ ប៉ុន្តែក្រុមហ៊ុនទាំងនោះជួលកម្មករចិនដែលហូរចូលប្រទេសកម្ពុជាក្នុងចំនួនយ៉ាងច្រើន។
វាក៏ដូចគ្នា នៅពេលយើងនិយាយអំពីតំបន់នៅតាមបណ្តោយឆ្នេរកម្ពុជា។ បណ្តោយឆ្នេរកម្ពុជាប្រមាណជា២០%ត្រូវបានលក់ដោយសម្ងាត់។ ជាក់ស្តែង មនុស្សម្នាមានការខឹងសម្បារចំពោះការណ៍ពិតដែលថា គម្រោងស្ទើរតែទាំងអស់ជួលកម្មករចិនដែលចូលមកក្នុងប្រទេសកម្ពុជា ហើយបណ្តេញពលរដ្ឋខ្មែរចេញពីដីរបស់ពួកគេដើម្បីយកដីមកអនុវត្តគម្រោងទាំងនោះ ដែលពេលខ្លះគម្រោងទាំងនោះជួយឲ្យមានការអភិវឌ្ឍន៍បានខ្លះដែរ ហើយជួនកាលមិនបានជួយអ្វីនោះទេ។ លើសពីនេះទៀត វាហាក់ដូចជាមានការខឹងសម្បារខ្លាំងចំពោះគម្រោងនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលឆ្នេរប្រមាណ២០%ត្រូវបានគេលក់ដោយសម្ងាត់ទៅឲ្យអ្នកជំនួញចិន។ ការលក់ឆ្នេរនេះមិនស្របតាមច្បាប់របស់ប្រទេសកម្ពុជាទេ។
VOA៖ លោកបានលើកឡើងនៅក្នុងអត្ថបទនោះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវយកចិត្តទុកដាក់លើប្រទេសកម្ពុជា។ តើហេតុអ្វីបានជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនគួរតែយកចិត្តទុកដាក់លើប្រទេសសេដ្ឋកិច្ចតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ?
Charles Edel៖ ខ្ញុំគិតថា ពួកគេត្រូវតែធ្វើយ៉ាងដូច្នេះ មិនមែនដោយសារតែកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចតូចនោះទេ ប៉ុន្តែដោយសារតែកម្ពុជាជាប្រទេសដែលមានសក្តានុពលច្រើន។ កម្ពុជាជាប្រទេសដែលមានប្រជាជនក្មេងៗច្រើន ហើយមានសេដ្ឋកិច្ចរីកចម្រើន។ តាមពិតទៅ ខ្ញុំក៏គិតថា ដោយសារតែចំណុចសំខាន់នៃយុទ្ធសាស្ត្រសេរី និងបើកចំហររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គឺដើម្បីជួយប្រទេសនានាឲ្យជ្រើសរើសជោគវាសនាដោយខ្លួនឯង និងមិនត្រូវជ្រើសរើសជោគវាសនាដោយផ្អែកលើប្រទេសដទៃប្រាប់ថាត្រូវធ្វើយ៉ាងដូចម្តេចនោះទេ។ ដូច្នេះការណ៍ដែលប្រទេសកម្ពុជា ជាប្រទេសពិបាកសម្រាប់យុទ្ធសាស្ត្រនេះ និងការណ៍ដែលកម្ពុជាស្ថិតនៅក្រោមរបបសព្វថ្ងៃ ធ្វើឲ្យការឃ្លាំមើលនេះកាន់តែមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
VOA៖ ហេតុអ្វីបានជាវាកាន់តែមានសារៈសំខាន់?
Charles Edel៖ វាកាន់តែសំខាន់ ដោយសារតែវាស្ថិតនៅចំកណ្តាលនៃការផ្លាស់ប្តូរក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយខ្ញុំគិតថា មិនមែនត្រឹមតែឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។ ខ្ញុំគិតថា មានការបារម្ភថា យើងកំពុងមើលឃើញការបោះជំហានទៅមុខរបស់រដ្ឋផ្តាច់ការនៅជុំវិញពិភពលោក។
VOA៖ តើលោកយល់ស្របទេថា សហរដ្ឋអាមេរិកចាកចេញពីប្រទេសកម្ពុជា នៅពេលដែលប្រទេសកម្ពុជាឈានដល់ចំណុចប្រសព្វសេដ្ឋកិច្ច ឬនយោបាយ?
Charles Edel៖ បាទ ខ្ញុំយល់ស្រប។ មានប្រវត្តិសាស្ត្រច្រើន ហើយភាគច្រើនគឺថា វាជាបញ្ហា និងរឿងគួរឲ្យអាម៉ាស់តាមរយៈប្រវត្តិសាស្ត្រអាមេរិក។ វាច្បាស់ណាស់។ ប៉ុន្តែខ្ញុំសង្ឃឹមថា នៅពេលយើងគិតដល់សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ យើងគួរសួរថា តើអនាគតនឹងមានរូបរាងយ៉ាងដូចម្តេច? យើងមិនគួរមើលតែអតីតកាលនោះទេ។
VOA៖ លោកបានសរសេរថា រដ្ឋមន្ត្រីការពារជាតិចិនបានអះអាងថា កម្ពុជាជាមិត្តភក្តិដ៏ស្មោះត្រង់។ ខ្ញុំបានឮជាច្រើនដងដែរទាក់ទងនឹងបញ្ហានេះ។ តើការអះអាងបែបនេះមានន័យយ៉ាងដូចម្តេចចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន?
Charles Edel៖ ខ្ញុំគិតថា ក្តីបារម្ភគឺថា តើភាពស្មោះត្រង់ហ្នឹងនាំប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា? តើវាជួយឲ្យប្រទេសកម្ពុជាទទួលបានប្រយោជន៍កាន់តែច្រើនដែរឬទេ? ខ្ញុំបាននិយាយពីលើរួចមកហើយ។ មូលហេតុដែលរឿងនេះចោទជាបញ្ហាគឺដោយសារតែកំពុងតែមានការព្រឹត្តិការណ៍គួរឲ្យបារម្ភនៅក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ នោះគឺថា របបផ្តាច់ការ ដែលចង់បំបិទសេរីភាពរបស់ពលរដ្ឋ បំបិទអង្គការសង្គមស៊ីវិល និងបំបិទមធ្យោបាយពលរដ្ឋក្នុងការបង្កើត និងផ្លាស់ប្តូរគំនិតយោបល់ដោយសេរី។ របបទាំងនោះកំពុងទទួលបានជោគជ័យ និងកំពុងបោះជំហានទៅមុខ។ ការណ៍នេះកើតឡើង ដោយសារតែការធ្វើការយ៉ាងជិតស្និទជាមួយនឹងរដ្ឋផ្តាច់ការ នៅក្នុងក្រុងប៉េកាំង និងក្រុងមូស្គូ។ នៅពេលដែលយើងឃើញការណ៍នេះកំពុងរីករាលដាលទៅកាន់ប្រទេសដទៃ វាមិនមានប្រយោជន៍ដល់ប្រទេសបស្ចិមលោក ដែលជឿលើពិភពលោកមួយដែលបើកចំហសម្រាប់សកលភាវូបនីយកម្ម និងសេរី។ នេះជាក្តីបារម្ភមួយ ជាក់ស្តែងគឺប្រទេសកម្ពុជា ឬយ៉ាងហោចណាស់រដ្ឋាភិបាលលោក ហ៊ុន សែន មានឆន្ទៈបង្កើនភាពផ្តាច់ការរបស់ខ្លួននៅក្នុងសង្គមខ្មែរ និងការពារប្រយោជន៍របស់ចិននៅបរទេស។
VOA៖ តើលោកគិតថា វាល្អសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាដែរឬទេ?
Charles Edel៖ ខ្ញុំគិតថា វាអាចជារឿងល្អសម្រាប់មនុស្សមួយចំនួននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ ប៉ុន្តែក្នុងរយៈពេលវែង ខ្ញុំមិនគិតថា វាជួយប្រទេសកម្ពុជាឲ្យអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះទេ ដោយសារតែវិធីតែម្យ៉ាងដែលប្រទេសមួយអាចអភិវឌ្ឍប្រកបដោយចីរភាពគឺការអភិវឌ្ឍដោយប្រើប្រាស់នូវសមត្ថភាពរបស់ពួកគេដោយផ្ទាល់៕