កំណត់និពន្ធ៖ កញ្ញា Austhea Speaks គឺជាស្រ្តីជនជាតិអាមេរិកាំងមួយរូប ដែលមានឱកាសទៅបំពេញការងារស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការ Peace Corps ដែលមានទីតាំងនៅរដ្ឋធានី Washington សហរដ្ឋអាមេរិក។ លោក សឿន វឌ្ឍនា បានជួបសម្ភាសន៍ ជាមួយកញ្ញា Thea ស្ដីពីការងារស្ម័គ្រចិត្តនៅកម្ពុជាជួយឲ្យកញ្ញាក្លាយជាបុគ្គលិករដ្ឋាភិបាលសហព័ន្ធ និងទទួលបទពិសោធន៍រស់នៅល្អៗពីកម្ពុជា។ ដូច្នេះ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖
VOA៖ សូមអរគុណកញ្ញា Thea ច្រើន ដែលបានផ្ដល់ពេលវេលាមកធ្វើបទសម្ភាសន៍ជាមួយ VOA នៅពេលនេះបាទ! ជាដំបូងតើកញ្ញាអាចប្រាប់ឈ្មោះពេញ អាយុ និងការងាររបស់កញ្ញាបានទេ?
Austhea Speaks៖ ខ្ញុំឈ្មោះ Austhea Speaks។ ខ្ញុំមានអាយុ ៣៧ ឆ្នាំ ហើយសព្វថ្ងៃខ្ញុំធ្វើការនៅការិយាល័យសេវាកម្មជនអន្តោប្រវេសន៍ និងផ្ដល់សញ្ជាតិរបស់សហរដ្ឋអាមេរិក។ ខ្ញុំជួយសម្រួលដល់ការដាក់ពាក្យរបស់ជនភៀសខ្លួនដែលចង់រស់នៅក្នុងសហរដ្ឋអាមេរិក។
VOA៖ តើ Peace Corps ជាអ្វី? ហើយអ្វីទៅជាបេសកកម្មរបស់ Peace Corps?
Austhea Speaks៖ Peace Corps គឺជាអង្គការមួយរបស់រដ្ឋាភិបាលសហព័ន្ធ គឺជាអង្គការមួយដែលផ្ដោតលើការងារស្ម័គ្រចិត្ត ហើយបេសកកម្មរបស់ Peace Corps មានទិសដៅបី ទី១ គឺដើម្បីជួយដល់ពលរដ្ឋអាមេរិកសិក្សាពីប្រទេសផ្សេងៗ ទី២ ដើម្បីបង្ហាត់បង្ហាញប្រទេសទាំងនោះអំពីសហរដ្ឋអាមេរិក និងទីបី ដើម្បីផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់ប្រទេសទាំងនោះ។
VOA៖ តើជំនួយផ្នែកបច្ចេកទេសទាំងនោះមានអ្វីខ្លះ?
Austhea Speaks៖ ខ្ញុំគិតថាជំនួយផ្នែកបច្ចេកទេសទាំងអស់មាន ៦ ផ្នែក ប៉ុន្តែខ្ញុំចាំបានថាផ្នែកទាំងអស់នោះមានអ្វីខ្លះនោះទេ។ ចំពោះខ្ញុំ ខ្ញុំនៅក្នុងផ្នែកបណ្ដុះបណ្ដាល និងបង្រៀនភាសាអង់គ្លេស។ ខ្ញុំបង្រៀនគ្រូបឋមសិក្សាពីរបៀបបង្រៀនភាសាអង់គ្លេស។ ហើយផ្នែកផ្សេងទៀតមានដូចជា អាជីវកម្ម កសិកម្ម និងការថែទាំសុខភាព។ យើងមានផ្នែកផ្សេងៗគ្នា ហើយខ្ញុំផ្តោតលើផ្នែកភាសាអង់គ្លេសសម្រាប់ការអប់រំ។
VOA៖ តើកញ្ញាអាចរៀបរាប់ពីប្រវត្តិនៃបេសកកម្មរបស់ Peace Corps នៅក្នុងប្រទេសកម្ពុជាបានទេ?
Austhea Speaks៖ វាដូចជាថ្មី សម្រាប់កិច្ចសហការជាដៃគូ នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំស្ថិតនៅក្នុងជំនាន់ទី៧ នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៣ ហើយមកដល់ពេលនេះ ក្រុមអ្នកស្ម័គ្រចិត្តប្រហែលឈានមកដល់ជំនាន់ជំនាន់ទី១១ ហើយជារៀងរាល់ឆ្នាំមានអ្នកស្ម័គ្រចិត្តចន្លោះពី ៥០ ទៅ ៧០ នាក់ មកធ្វើការស្ម័គ្រចិត្តនៅប្រទេសកម្ពុជាចំនួនពីរឆ្នាំ បន្ទាប់មកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
VOA៖ ហេតុអ្វីបានជាកញ្ញាចូលរួមជាមួយ Peace Corps? ហើយតើកញ្ញាជ្រើសរើសមកប្រទេសកម្ពុជា ឬុយ៉ាងណា?
Austhea Speaks៖ ខ្ញុំសុំចាប់ផ្ដើមពីសំណួរទី ២ តាមពិតទៅប្រទេសកម្ពុជាជាអ្នករើសខ្ញុំ ពីព្រោះពេលដែលខ្ញុំចូលរួមជាមួយ Peace Corps អ្នកស្ម័គ្រមិនត្រូវបានគេអនុញ្ញាតឲ្យជ្រើសរើសប្រទេសដែលពួកគេបំពេញការងារនោះទេ ប៉ុន្តែបច្ចុប្បន្នអ្នកអាចជ្រើសរើសប្រទេសបាន។ ហើយខ្ញុំជ្រើសរើសការធ្វើការស្ម័គ្រចិត្តជាមួយ Peace Corps ដោយសារតែខ្ញុំចង់បម្រើប្រទេសរបស់ខ្ញុំ ក្នុងមធ្យោបាយមួយដែលមិនចាំបាច់ប្រើអាវុធ និងមិនពាក់ព័ន្ធជាមួយនឹងអំពីហិង្សា ប៉ុន្តែវានៅតែអាចបង្ហាញថាសហរដ្ឋអាមេរិក ចាប់អារម្មណ៍ទៅលើពិភពលោក ជាជាងគិតតែពីអាមេរិកខ្លួនឯង។
VOA៖ តើនេះគឺជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់កញ្ញាឬ?
Austhea Speaks៖ ជាការពិតណាស់ នេះជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែវាក៏បានធ្វើឲ្យខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការងារដែលខ្ញុំធ្វើសព្វថ្ងៃនេះ។ នៅពេលដែលខ្ញុំបានចូលរួម ខ្ញុំមិនបានដឹងពី សក្ដានុពលរបស់ការងារស្ម័គ្រចិត្តមកលើជីវិតរបស់ខ្ញុំនោះទេ ដូចដែលលោកបានលើកឡើងអញ្ចឹង វាគ្រាន់តែជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំទៅលើភាសាបរទេស វប្បធម៌បរទេស និងអាកាសធាតុនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែការងារស្ម័គ្រចិត្តនេះបានប្រែក្លាយជាអ្វីមួយដែលធំមែនទែន។
VOA៖ មានន័យថាបើសិនជាកញ្ញាមិនបានធ្វើការស្ម័គ្រចិត្តជាមួយ Peace Corps ទេនោះ កញ្ញានឹងមិនអាចទទួលបានការងារដែលកញ្ញាកំពុងធ្វើនេះមែនទេ?
Austhea Speaks៖ ការស្ម័គ្រចិត្តជាមួយ Peace Corps ផ្ដល់អត្ថប្រយោជន៍មួយហៅថា Noncompetitive Elegiblity ដែលមានន័យថាបន្ទាប់ពីអ្នកបានបញ្ចប់ការងារស្ម័គ្រចិត្តយ៉ាងហោចណាស់មួយឆ្នាំ ឬល្អបំផុតពីរឆ្នាំ នោះអ្នកនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការងាររដ្ឋាភិបាលសហព័ន្ធ ដូច្នេះហើយខ្ញុំអាចនិយាយបានថាការងារស្ម័គ្រចិត្តរបស់ខ្ញុំជាមួយ Peace Corps បានត្រួសត្រាយផ្លូវឲ្យខ្ញុំឆ្ពោះមកកាន់ការងារបច្ចុប្បន្ន ដែលជាបុគ្គលិកម្នាក់របស់រដ្ឋាភិបាលសហព័ន្ធ។
VOA៖ តើកញ្ញាយល់ថាបេសកកម្មរបស់ Peace Corps ជួយដល់សង្គមកម្ពុជាក្នុងកម្រិតណាដែរ?
Austhea Speaks៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំការណ៍នេះថា ភាពជាដៃគូ ខ្ញុំគិតថា Peace Corps ជួយដល់កម្ពុជាបានច្រើន ក៏ដោយសារតែ ទំនាក់ទំនងដែលយើងបានកសាងនៅទីនោះ។ មិត្តរបស់ខ្ញុំម្នាក់ ដំបូងឡើយនាងជាគ្រូបង្រៀនភាសារបស់ខ្ញុំ ហើយខ្ញុំគិតថា ដើម្បីកសាងទំនាក់ទំនងដែលគង់វង្សមួយ ទំនុកចិត្តរបស់ពលរដ្ឋកម្ពុជាកើនឡើង សកម្មភាពនៅក្នុងសហគមន៍កើនឡើង ដូច្នេះខ្ញុំគិតថា Peace Corps បានជួយក្នុងការបណ្ដុះគ្រាប់ពូជ ជាមួយអ្នកជំនាញ នឹងជួយឲ្យពួកគេបានជោគជ័យ និងជួយសហគមន៍របស់ពួកគេ។ ខ្ញុំមិនគិតថា មានអង្គការណាមួយ ឬ Peace Corps ក៏ដោយ អាចចូលជួយសង្គ្រោះប្រទេសណាមួយបានទេ ប៉ុន្តែការជួយកសាងសមត្ថភាពដល់ប្រជាជនដែលនៅទីនោះ គឺជាវិធីមួយដែល Peace Corps បានចូលរួមជួយ។
VOA៖ តើអ្នកកញ្ញាគិតថាកិច្ចការរបស់ Peace Corps មានសារៈសំខាន់សម្រាប់សហគមន៍ខ្មែរដែរឬទេ?
Austhea Speaks៖ ពិតណាស់វាមានសារៈសំខាន់ ប៉ុន្តែវាអាស្រ័យទៅលើថាតើ សហគមន៍ខ្មែរមានភាពសកម្មជាមួយនឹងក្រុមអ្នកស័្មគ្រចិត្តរបស់ Peace Corps។ ពេលខ្លះខ្ញុំគិតថា ជនជាតិខ្មែរមួយចំនួនគិតថា អ្នកធ្វើការស្ម័គ្រចិត្តទាំងអស់នោះសុទ្ធតែជាជនជាតិអាមេរិកាំង ពួកគេចេះធ្វើការហើយ ដូច្នេះពួកគេទុកឲ្យអ្នកទាំងនោះធ្វើការគ្រប់បែបយ៉ាងដោយខ្លួនឯង។ ប៉ុន្តែខ្ញុំគិតថា វាប្រសើរជាងនេះ និងមានលទ្ធផលវិជ្ជមានច្រើនជាងនេះ នៅ ពេលដែលបុគ្គលិកខ្មែរ ឬប្រជាជនកម្ពុជាសហការជាមួយអ្នកស្ម័គ្រចិត្តមកពី Peace Corps ធ្វើការជាមួយគ្នា រៀនពីអ្នកស្ម័គ្រចិត្តទាំងនោះ នោះយើងនឹងទទួលបានផលវិជ្ជមានច្រើន ជាជាងទុកឲ្យពួកគេធ្វើការដោយខ្លួនឯង។
VOA៖ តើកញ្ញាបានទៅបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈប៉ុន្មានឆ្នាំ? ហើយតើកញ្ញាបំពេញការងារក្នុងខេត្តណាដែរ?
Austhea Speaks៖ ខ្ញុំស្នាក់នៅប្រទេសកម្ពុជាជាង ២ ឆ្នាំ។ ខ្ញុំបានទៅដល់ទីនោះក្នុងខែកក្កដា ឆ្នាំ២០១៣ សម្រាប់ចូលរួមការបណ្ដុះបណ្ដាល ហើយខ្ញុំស្នាក់នៅរហូតដល់ខែសីហា ឆ្នាំ ២០១៥។ ភាគច្រើនខ្ញុំរស់នៅក្នុងខេត្តកំពត ប៉ុន្តែខ្ញុំក៏បានចូលរួមការបណ្ដុះបណ្ដាលនៅខេត្តតាកែវខ្លះដែរ។
VOA៖ ហើយតើកញ្ញាមានអារម្មណ៍ថាទទួលបានការស្វាគមន៍ដែរឬទេ?
Austhea Speaks៖ ខ្ញុំមានអារម្មណ៍ថាទទួលបានអ្វី ដែលលើសពីការស្វាគមន៍ទៅទៀត។ វាគឺជាបទពិសោធន៍មួយដ៏អស្ចារ្យ ក្នុងនាមជាគ្រូបង្រៀនម្នាក់នៅកម្ពុជា ដែលមានការខុសប្លែកគ្នាខ្លាំងជាមួយគ្រូបង្រៀននៅសហរដ្ឋអាមេរិក។ វាគឺជាមុខងារមួយដែលទទួលបានការគោរព នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយសិស្សរបស់ខ្ញុំ...ដូចដែលខ្ញុំបានប្រាប់ ពួកគេគឺជាសិស្សដែលបញ្ចប់ការសិក្សាពីវិទ្យាល័យ ហើយពួកគេទទួលការបណ្ដុះបណ្ដាលដើម្បីទៅបង្រៀនថ្នាក់បឋមសិក្សា។ អញ្ចឹងហើយ ខ្ញុំភាគច្រើនធ្វើការជាមួយប្រជាជនកម្ពុជា ហើយបុគ្គលិកនៅទីនោះក៏ល្អដែរ ប៉ុន្តែសិស្សរបស់ខ្ញុំ បានផ្ដល់ឲ្យខ្ញុំនូវបទពិសោធន៍វិជ្ជមាន ជាពិសេសគឺពួកគេរំភើបចំពោះអ្វីគ្រប់យ៉ាងតែម្ដង។
VOA៖ តើកញ្ញាអាចនិយាយខ្មែរពីបីប្រយោគបានទេ?
Austhea Speaks៖ ភាសាខ្មែររបស់ខ្ញុំមិនសូវល្អទេ ប៉ុន្តែខ្ញុំអាចនិយាយបាន ខ្ញុំឈ្មោះធា ខ្ញុំអ្នកគ្រូអង់គ្លេស ភាសាអង់គ្លេស។ ខ្ញុំអាចនិយាយអំពីមិត្តភក្តិខ្ញុំបាន។ ខ្ញុំមានមិត្តភក្ដិជនជាតិខ្មែរ។ យើងនិយាយគ្នានៅ Facebook និង Skype ធម្មតាប្រហែលមួយខែពីរបីដង អាចនិយាយជាមួយគ្នា សួរសុខទុក្ខគ្រួសារនៅទៅនោះ ហើយគាត់អាចជួបម៉ាក់ខ្ញុំនៅទីនេះ។
VOA៖ តើម្ហូបអ្វីទៅជាម្ហូបខ្មែរដែលកញ្ញាចូលចិត្ត និងម្ហូបអ្វីដែលកញ្ញាមិនចិត្ត?
Austhea Speaks៖ ខ្ញុំខ្មាសគេណាស់ ក្នុងការនិយាយពីម្ហូបដែលខ្ញុំមិនចូលចិត្ត ព្រោះវាគឺមិនគួរឲ្យជឿ។ ខ្ញុំគឺមិនចូលចិត្តបរិភោគបាយច្រើនទេ ដូច្នេះហើយវាគឺប្លែកពីគេនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តវិញ ក៏ខុសពីជនជាតិអាមេរិកាំងដទៃដែរ។ តើអ្នកស្គាល់កង្កែបទេ? គឺកង្កែបដែលគេញាត់ស្អីគេហិល ហិលចូល...វាឆ្ងាញ់មែនទែន។
VOA៖ កង្កែបបោក កង្កែបញាត់គ្រឿង?
Austhea Speaks៖ ហ្នឹងហើយកង្កែបបោក។ វាឆ្ងាញ់មែនទែន ពេលដំបូងបំផុតដែលខ្ញុំញ៉ាំវា ខ្ញុំមានអារម្មណ៍ថាខ្លាច ក្នុងការសាកល្បង។ ប៉ុន្តែទាល់តែពេលដែល ម្ដាយធម៌ជនជាតិខ្មែរ ធ្វើឲ្យខ្ញុំញ៉ាំពីរបីដង ខ្ញុំញ៉ាមតែម្ដង។
VOA៖ អ្វីទៅជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដូចដែលកញ្ញាសង្កេតក្នុងពេលកន្លងទៅនេះ?
Austhea Speaks៖ ចំណុចដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំគឺ កម្ពុជាមានលក្ខណៈខុសប្លែកពីសហរដ្ឋអាមេរិក ត្រង់ថាកម្ពុជាគឺសាមញ្ញមែនទែន។ ឧទាហរណ៍ អ្វីដែលសាមញ្ញបំផុតសម្រាប់ប្រជាជនកម្ពុជាគឺគ្រួសារ ក៏ដូចជាទម្លាប់ក្នុងការបរិភោគអាហារ។ ការបរិភោគអាហារគឺជារឿងសំខាន់។ ថ្ងៃដំបូងដែលខ្ញុំទៅបង្រៀននៅសាលា ខ្ញុំបានប្រាប់មនុស្សម្នាក់ថា ខ្ញុំឃ្លានមែនទែន។ ពេលនោះគេបានប្រាប់ខ្ញុំឲ្យទៅរកអីញ៉ាំសិនចុះ ទៅញ៉ាំអីក៏បានឲ្យតែបាត់ឃ្លានមុនចូលមកបង្រៀនវិញ។ ពេលនោះខ្ញុំគិតថា នេះគឺជាភាពខុសគ្នា។ ខ្ញុំស្ងើចសរសើរយ៉ាងខ្លាំង ចំពោះទង្វើរបស់ប្រជាជនខ្មែរ ដែលចំណាយពេលសម្រាប់គ្រួសារ យកចិត្តទុកដាក់ចំពោះខ្លួនឯង សម្រាកលំហែកាយ ដែលផ្ទុយពីអ្វីដែលកើតឡើងក្នុងសហរដ្ឋអាមេរិក ព្រោះពលរដ្ឋអារិកាំងងប់ងុលនឹងការងារជាទីបំផុត។ នេះគឺវប្បធម៌មួយដែលខ្ញុំស្ងើចសរសើរ។
VOA៖ ដូច្នេះតើកញ្ញាគិតថា ភាពខុសគ្នាខាងលើនេះ អាចបញ្ជាក់ពីភាពខុសគ្នានៃកម្រិតជោគជ័យរបស់រវាងពលរដ្ឋអាមេរិក? តើកញ្ញាយល់យ៉ាងដែរ?
Austhea Speaks៖ ខ្ញុំគិតថា នេះគ្រាន់ជាការផ្ដល់និយមន័យខុសគ្នាចំពោះពាក្យថា «ជោគជ័យ» ប៉ុណ្ណោះ។ ខ្ញុំគិតថា យើង ពលរដ្ឋអាមេរិកាំង គិតថាជោគជ័យគឺសំដៅទៅលើ ថាតើយើងបានធ្វើការងារនេះប៉ុន្មានឆ្នាំមកហើយ ឡើងតំណែងប៉ុន្មានដង ដែលចំណុចទាំងនេះក៏មានសារៈសំខាន់ផងដែរសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែនៅអាមេរិក យើងធ្វើរឿងទាំងនេះ ដោយបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ និងសុខុមាលភាពផ្ទាល់ខ្លួន។ ផ្ទុយពីនេះ នៅប្រទេសកម្ពុជា ខ្ញុំគិតថា ពេលសម្រាកថ្ងៃត្រង់របស់សិស្ស គឺច្រើនម៉ោងមែនទែន គឺរហូតដល់ទៅបីម៉ោង។ ប៉ុន្តែស្របពេលគ្នានេះដែរ ខ្ញុំគិតថាអត្ថប្រយោជន៍ដែលអ្នកទទួលបានគឺសុខភាព។ អ្នកមានសុខភាពល្អ មិនសូវមានភាពតានតឹងក្នុងអារម្មណ៍ មិនសូវប្រឈមមុខនឹងជំងឺក្រពះ ពីព្រោះអ្នកមានពេលវេលាច្រើនសម្រាប់ខ្លួនឯង។ នេះគឺជាជោគជ័យមួយដែលខុសគ្នា តែវាក៏ពិតជាមានសារៈសំខាន់ដែរ។
VOA៖ តាមបទពិសោធន៍របស់កញ្ញា តើកញ្ញាចូលចិត្តអ្វីជាងគេអំពីកម្ពុជា?
Austhea Speaks៖ ក្នុងនាមជាជនបរទេសមួយរូប ខ្ញុំគិតថាចំណុចទាក់ទាញបំផុតរបស់កម្ពុជា គឺការស្វាគមន៍។ តួយ៉ាងនៅពេលដែលខ្ញុំនៅខេត្តតាកែវ ពេលខ្ញុំទៅដល់កម្ពុជាដំបូង ពេលក្មេងៗឃើញខ្ញុំ ពួកគេស្រែក Hello Hello Hello រាល់ថ្ងៃ គ្រប់ពេល និងគ្រប់កន្លែងដែលយើងទៅ។ ខ្ញុំមិនដឹងថា តើប្រជាជនខ្មែរគិតយ៉ាងណានោះទេចំពោះរឿងតែសម្រាប់ខ្ញុំជាជនបរទេសម្នាក់ ខ្ញុំជឿថាកម្ពុជាគឺជាប្រទេសមួយដែលផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតនៅក្នុងពិភពលោក។ ចំណុចទី ២ គឺភាពសាមញ្ញនៃភាសា ពីព្រោះអ្នកមិនចំាបាច់បារម្ភពីវេយ្យាករណ៍ ឬអ្វីផ្សេងទៀតនោះទេ។ ពេលខ្លះអ្នកគ្រាន់តែនិយាយថា «ទៅណា?»។ វាមានភាពងាយស្រួលមែនទែន ក្នុងការរៀនភាសាសាមញ្ញ ទោះបីជាការបញ្ចេញសំឡេងលំបាកសម្រាប់ខ្ញុំក៏ពិតមែន។
VOA៖ តើកញ្ញាមានបន្ថែមទៅកាន់ប្រិយមិត្តិរបស់យើងនៅក្នុងប្រទេសកម្ពុជាដែរឬទេ?
Austhea Speaks៖ សម្រាប់ប្រជាជនខ្មែរទូទៅ ខ្ញុំអាចនិយាយបានថា នេះគឺវប្បធម៌ និងប្រពៃណីដ៏រម្យទមមួយ។ ខ្ញុំនឹងនិយាយជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាភាសាខ្មែរខ្ញុំសូមនិយាយថា៖ «កុំអៀនពេក ព្យាយាមរហូត កុំគិតថាមិនអាចធ្វើបាន»។ ហើយជាភាសាអង់គេ្លសខ្ញុំសូមនិយាយថា សូមជឿជាក់លើខ្លួនឯង កុំគិតថាខ្លួនឯងអន់ កុំគិតថាខ្លួនឯងធ្វើមិនបាន។ នេះគឺជាសារដែរខ្ញុំតែងតែប្រាប់សិស្ស និងមិត្តរួមការងាររបស់ខ្ញុំ។ វាមិនមែនជាអ្វីដែលអ្នកធ្វើមិនបាននោះទេ ប៉ុន្តែវាជាអ្វីដែលអ្នកមិនទាន់បានព្យាយាមធ្វើវានៅឡើយ។ ហើយប្រសិនបើអ្នកខំប្រឹង អ្នកនឹងទទួលបានជោគជ័យជាក់ជាមិនខាន៕
VOA៖ អរគុណកញ្ញា Thea!
Austhea Speaks៖ អរគុណវឌ្ឍនា!