អង្គការ Interpol បានសុំជាផ្លូវការឱ្យអាជ្ញាធរនៃប្រទេសលីបង់ចាប់ខ្លួនជនរត់គេចខ្លួនម្នាក់គឺលោក Carlos Ghosn ដែលជាអតីតប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តមួយ បន្ទាប់ពីរូបលោកបានរត់គេចខ្លួនចេញពីប្រទេសជប៉ុនដែលនៅទីនោះលោករង់ចាំការកាត់ក្តីអំពីការប្រព្រឹត្តមិនត្រឹមត្រូវខាងហិរញ្ញវត្ថុ។អាជ្ញាធរបានចោទប្រកាន់លោក Ghosn ថា បានគៃបន្លំប្រាក់របស់ក្រុមហ៊ុនដាក់ក្នុងហោប៉ៅលោកផ្ទាល់។
លោក Carlos Ghosn រត់គេចខ្លួនពីយុត្តិធម៌ដែល Interpol និងប្រទេសជប៉ុនរកចាប់ខ្លួនរស់នៅក្នុងផ្ទះមួយនៅប្រទេសលីបង់។ លោក Albert Serhan រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសលីបង់និយាយថា៖ «យើងមិនឃើញមានការរំលោភខាងផ្លូវច្បាប់ណាមួយទេ។ គាត់បានចូលឆ្លងកាត់ព្រំដែនដូចជនជាតិលីបង់ឯទៀតៗដែរ ដោយមានលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់» ។
លោក Carlos Ghosn ជាបុរសម្នាក់មានលិខិតឆ្លងដែនច្រើន។
លោកជាអតីតប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តម៉ាក Nissan ម៉ាក Mitsubishi និងម៉ាក Renault។ ក៏ប៉ុន្តែកាលពីខែវិច្ឆិកាឆ្នាំ២០១៨ អាជ្ញាធរបានចាប់ខ្លួនលោក Ghosn។ អាជ្ញាធរបានចោទប្រកាន់លោកថាបានរាយការណ៍បន្ទាបប្រាក់ចំណូលរបស់លោកនិងបានគៃបន្លំប្រាក់ក្រុមហ៊ុន Nissan ប្រាំលានដុល្លារ។
ដោយមានការបង់ប្រាក់ធានានៅក្រៅឃុំនិងរង់ចាំការកាត់ក្តី លោក Ghosn បានរត់គេចខ្លួនទៅកាន់ប្រទេសលីបង់ដែលជាប្រទេសកំណើតរបស់លោក។ប្រទេសទាំងពីរនេះគ្មានសន្ធិសញ្ញាបត្យាប័នទេ។ លោក Stephen Givens ដែលជាមេធាវីនិងជាអ្នកវិភាគខាងក្រុមហ៊ុន និយាយថា៖ «ការណ៍នេះនឹងចប់ក្នុងស្ថានភាពគាំងដំណើរមួយដែលលោក Ghosn នឹងឋិតនៅក្នុងប្រទេសលីបង់រហូតដល់ពេលលោកស្លាប់។ ការរកឃើញរបស់យើងដែលជាភស្តុតាងដែលត្រូវដាក់បង្ហាញក្នុងការកាត់ក្តីនេះនឹងក្លាយជាការអសារឥតការ»។
នៅល្ងាចមុនថ្ងៃចូលឆ្នាំថ្មី លោក Ghosn បានពន្យល់អំពីហេតុអ្វីបានជាលោករំលោភលើការឋិតនៅក្រៅឃុំ។ លោក Ghosn និយាយថា៖ «នេះជាការលបប្រព្រឹត្តអំពើអាក្រក់មួយ។ នេះជាការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិត។ នេះជាការចាក់ពីក្រោយខ្នង។នេះជាអ្វីដែលយើងកំពុងនិយាយ»។
លោក Ghosn និយាយថា លោកមិនបានគេចវេសពីយុត្តិធ៌មទេ ក៏ប៉ុន្តែបានជៀសវាងពី«អំពើអយុត្តិធ៌មនិងការធ្វើទុក្ខបុកម្នេញខាងនយោបាយ»។ ដូច្នេះលោកបានរត់គេចខ្លួនតាមអាកាសយានដ្ឋាន Ataturk នៅក្នុងទីក្រុង Istanbul ប្រទេស Turquie។ អាជ្ញាធរនៅទីនោះបានឃាត់ខ្លួនមនុស្ស៧នាក់ដែលបានត្រូវយល់ថា បានជួយលោក Ghosn ឱ្យធ្វើដំណើរទៅកាន់ក្រុង Beirut តាមយន្តហោះឯកជនមួយគ្រឿង។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរលីបង់បានបញ្ជាក់ថាពួកគេបានទទួលអ្វីដែល Interpol ហៅថា«សេចក្ដីប្រកាសពណ៌ក្រហម»ដែលជាការស្នើសុំដល់អាជ្ញាធរពង្រឹងច្បាប់ក្នុងមូលដ្ឋានឱ្យចាប់ខ្លួនអ្នករត់គេចខ្លួនដែលគេរកចាប់។ លោក Albert Serhan ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លីបង់និយាយថា៖ «មិនមែនជាការសម្ងាត់ទេ ដែលលោក Ghosn រស់នៅក្នុងប្រទេសលីបង់។យើងគឺជារដ្ឋមួយដែលគោរពគោលការណ៍ច្បាប់។ យើងជានីតិរដ្ឋហើយដូច្នេះនឹងមានការចាត់វិធានការទាំងអស់តាមច្បាប់នៃប្រទេសលីបង់»។
អនាគតនៃករណីនេះនៅតែមិនច្បាស់លាស់។ លោក Ghosn មានសញ្ជាតិនិងកាន់លិខិតឆ្លងដែននៃប្រទេសលីបង់ ប្រទេសបារាំង និងប្រទេស Bresil។ប្រទេសបារាំងបាននិយាយរួចស្រេចហើយថាខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋខ្លួនឡើយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ