លោកស ខេង នាយករដ្ឋមន្រ្តីស្តីទីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបង្កើតក្រុមប្រតិបត្តិការបន្ថែមទៀត ចុះទៅខេត្តព្រះសីហនុដើម្បីស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើស ខណៈភាពមិនប្រក្រតី និងបទល្មើសជាច្រើនកើតឡើងដោយសារកំណើនជនជាតិចិនយ៉ាងគំហុក។
ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោកស ខេង ថ្លែងថា នាពេលថ្មីៗនេះកំណើនជនបរទេសដែលភាគច្រើនជាជនជាតិចិនកំពុងហក់ឡើងយ៉ាងគំហុករហូតដល់ទៅ៧ម៉ឺននាក់ ក្នុងខេត្តព្រះសីហនុ។ លោកបន្ថែមថា កំណើនយ៉ាងគំហុកនេះធ្វើឲ្យខេត្តព្រះសីហនុប្រឈមនឹងការកើតមាននូវបទល្មើសផ្សេងៗ ដូចជាឃាតកម្ម គ្រឿងញៀន អនាម័យ បរិស្ថានជាដើម ខណៈខេត្តនេះមិនទាន់ត្រៀមលក្ខណៈបានគ្រប់គ្រាន់នៅឡើយ។
លោកបញ្ជាក់ថា៖
«ក្នុងពេលដែលខេត្តព្រះសីហនុមិនទាន់បានរៀបចំខ្លួនឲ្យបានសមស្រប តាមការវិវឌ្ឍនេះ អ៊ីចឹងហើយវាកើតឡើងនូវបញ្ហាមួយចំនួន ដូចជាបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថាន អនាម័យ ដែលយើងបារម្ភបំផុតខ្លាចថា ទឹកសមុទ្រដែលកំពុងតែជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជាយើង ក៏ដូចជាភ្ញៀវអន្តរជាតិ គេកោតសរសើរថា ល្អនោះ បើសិនយើងមិនយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយទេ វាអាចធ្វើឲ្យទឹកសមុទ្រនេះក្លាយទៅជាទឹកសមុទ្រដែលប្រើលែងកើត»។
លោកស ខេង បានបញ្ជាឲ្យបង្កើតក្រុមប្រតិបត្តិការមួយ ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃ ដើម្បីជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅទីនោះ។
លោកមានប្រសាសន៍ថា៖
«រៀបចំជាក្រុមមួយ គេហៅថា ក្រុមប្រតិបត្តិការ ឬមួយក៏ក្រុមគាំទ្រ ប៉ុន្តែកម្រិតស្រាល មិនមែនទៅធ្វើជំនួសរដ្ឋបាលខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រជួយដោះស្រាយនូវបញ្ហាទាំងឡាយណាដែលខេត្តមិនមានលទ្ធភាព រាប់ទាំងការបង្ក្រាបបទល្មើសផង។ កន្លងទៅគឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជូនមួយក្រុមទៅហើយតែមិនទាន់គ្រប់គ្រាន់ទេ ហើយអគ្គនគរបាលក៏ដូចជាបានបញ្ជូនមន្រ្តីទៅខ្លះដែរដើម្បីជួយគាំទ្រ ប៉ុន្តែមិនទាន់គ្រប់គ្រាន់»។
ជនជាតិចិនមួយចំនួនដែលជាមនុស្សចំណូលថ្មីលើទឹកដីកម្ពុជាកំពុងបង្កឲ្យមានបទល្មើសជាច្រើន ដែលមួយចំនួនធំនៃបទល្មើសធ្ងន់គឺពាក់ព័ន្ធនឹង ការចាប់បង្ខាំងជនជាតិចិនគ្នាឯងធ្វើទារុណកម្ម និងបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណេតជាដើម។ គេសង្កេតឃើញថា ជនជាតិចិនរាប់ពាន់នាក់ក៏ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសចិនវិញ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទាំងនោះផងដែរ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃអង្គារ បានជំរុញឲ្យអ្នកវិនិយោគចិនបន្តមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ដោយថា កម្ពុជាមានសក្តានុពលច្រើនសម្រាប់ការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។ ការជំរុញនេះធ្វើឡើងក្នុងពេលដែលលោកជួបសន្ទនាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់ចិន ខណៈលោកកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសចិន។
កំណើនជនជាតិចិនមកស្នាក់នៅនិងធ្វើការក្នុងខេត្តព្រះសីហនុ ត្រូវបានអ្នកឃ្លាំមើលសង្គមយល់ថា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការដែលជនជាតិចិនទាំងនោះចូលមកធ្វើការ រកស៊ី និងបើកបនល្បែងកាស៊ីណូ ព្រមទាំងបានប្រើពាក្យសម្ដីអសីលធម៌ ស្រែកឡូឡា មិនគោរពច្បាប់កម្ពុជាជាដើម។
លោកមាស នី អ្នកសិក្សាអំពីការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា ការបង្កើនក្រុមការងារទប់ស្កាត់បទល្មើសផ្សេងៗដែលបណ្តាលមកពីកំណើនជនជាតិចិននៅកម្ពុជា នឹងអាចមានប្រសិទ្ធភាព លុះត្រាតែសមត្ថកិច្ចមានឆន្ទៈអនុវត្តដោយប្រើប្រាស់ច្បាប់ជាធំ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវមានការត្រួតពិនិត្យ និងមានយន្តការច្បាប់ច្បាស់លាស់ក្នុងការធានាថា ជនបរទេសដែលមកវិនិយោគនៅកម្ពុជានឹងអនុវត្តទៅតាមច្បាប់ត្រឹមត្រូវ និងមិនបង្កបញ្ហា។
លោកបញ្ជាក់ថា៖
«វាជាកាតព្វកិច្ចមួយរបស់រដ្ឋាភិបាលដែលត្រូវតែធ្វើការគ្រប់គ្រងឲ្យបានតឹងរ៉ឹង មិនមែនគ្រាន់តែដើរបបួលគេឲ្យចូលរកស៊ីនៅស្រុកយើងទេ។ ប៉ុន្តែយើងត្រូវមានច្បាប់ឲ្យបានរឹងមាំផងដែរដើម្បីត្រួតពិនិត្យ ទី១ ថាតើវិនិយោគទុនមកហ្នឹង មកដោយសុច្ចរិតទេ? មិនមានយកលុយកខ្វក់មកលាងទេ? ហើយរឿងទី២ទៀត យើងត្រូវធ្វើម៉េចឲ្យការវិនិយោគហ្នឹងមានការបង់ពន្ធឲ្យរដ្ឋឲ្យបានត្រឹមត្រូវ ហើយការរកស៊ីនេះគឺមិនមានផលប៉ះពាល់ទៅដល់ពលរដ្ឋខ្លួនឯងនៅក្នុងប្រទេស នៅក្នុងមូលដ្ឋាន»។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនជាង១៦ម៉ឺននាក់។
ទំនាក់ទំនងកម្ពុជា-ចិនមានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានភាពមិនល្អរហូតមកដល់ពេលនេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់៥,៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ កើនឡើងប្រមាណជា២២%ធៀបនឹងឆ្នាំកន្លងទៅ។
លោកបន្ថែមថា រដ្ឋាភិបាលថ្មីនៃអាណត្តិទី៦ នៅតែបន្តធានាឲ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អសម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន៕