កង្វះសិទ្ធិទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ ឬស្ថាប័នសាធារណៈ នៅតែជាឧបសគ្គសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM នាព្រឹកថ្ងៃពុធនេះ។
របាយការណ៍ដែលមានចំណងជើងថា«ឧបសគ្គនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ» ឲ្យដឹងថា ជាទូទៅអ្នកសារព័ត៌មានមានការលំបាកក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ អំពើពុករលួយ ការរំលោភដីធ្លី ការប្រើប្រាស់ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទ្រព្យសម្បត្តិរបស់មន្ត្រីសាធារណៈ សេចក្តីសម្រេចឬឯកសាររបស់តុលាការ កំណត់ហេតុប្រជុំរបស់រដ្ឋសភា និងសេចក្តីព្រាងច្បាប់ចម្រូងចម្រាស់នានា។
លោក សូ សោទ្ធី គឺជាមន្ត្រីសម្របសម្រួលតស៊ូមតិនៃមជ្ឈមណ្ឌល CCIM និងជាអ្នកស្រាវជ្រាវរបាយការណ៍នេះបានបញ្ជាក់ថាឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ សំដៅដល់សិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋ។
«កង្វះព័ត៌មានសម្រាប់អ្នកសារព័ត៌មាន ធ្វើឲ្យកង្វះព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។ ហើយ កង្វះព័ត៌មានសម្រាប់ប្រជាពលរដ្ឋធ្វើឲ្យមានការសម្រេចចិត្តខុស។ សេដ្ឋកិច្ច នយោបាយ យើងនិយាយដោយផ្ទាល់ទៅលើការបោះឆ្នោត ការជ្រើសរើសថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតទាមទារឲ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ប្រទេសណាក៏ដោយពឹងផ្អែកលើស្ថាប័នព័ត៌មាន ហើយស្ថាប័នព័ត៌មានពឹងផ្អែកសំខាន់ទៅលើស្ថាប័នរដ្ឋដែលជាអ្នកផ្តល់ព័ត៌មានសាធារណៈ»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ពន្យល់ប្រាប់ VOA ថាស្ថានភាពទទួលបានព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ននេះមានភាពទូលំទូលាយជាងមុន។ ក៏ប៉ុន្តែ លោកអះអាងថាសិទ្ធិទទួលព័ត៌មាននេះ នៅមិនទាន់ពេញលេញនោះទេ ដែលតម្រូវឲ្យវត្តមាននៃច្បាប់សិទ្ធិទទួលព័ត៌មាន ជារឿងសំខាន់ មិនអាចខ្វះបាន។
«ច្បាប់ហ្នឹង វាមានលក្ខណៈចរិតចាប់បង្ខំ មានន័យថាមន្ត្រីសាធារណៈហ្នឹងត្រូវតែផ្តល់ព័ត៌មាន ផ្តល់ឯកសារទាំងឡាយណាដែលសាធារណជន ឬអ្នកសារព័ត៌មានចង់បាន។ រហូតមកទល់ពេលនេះយើងអត់មានច្បាប់ មានន័យថាយើងចង់សុំឯកសារអ្វី គេអត់ឲ្យស្រេចតែលើគេ។ ប៉ុន្តែច្បាប់ហ្នឹងវាកំណត់ថាមន្ត្រីសាធារណៈត្រូវផ្តល់ព័ត៌មានទៅឲ្យអ្នកសារព័ត៌មានទៅតាមសំណូមពររបស់គេ លើកលែងតែព័ត៌មានមួយចំនួនដែលគេចែងថាជាព័ត៌មានសម្ងាត់»។
លោកប៉ែន បូណា យល់ថា មានមូលហេតុ២ដែលទំនងជាធ្វើឲ្យមន្ត្រីសាធារណៈគេចវេសពីការឆ្លើយតបរបស់អ្នកសារព័ត៌មាន។ មួយ គឺទម្លាប់របស់មន្ត្រីសាធារណៈដែលមិននិយាយជាមួយអ្នកសារព័ត៌មាន ដោយសារតែពួកគេគិតថាអ្នកសារព័ត៌មានតែងគាស់កកាយរឿងអវិជ្ជមានរបស់ស្ថាប័ន ឬមន្ត្រីសាធារណៈដើម្បីផ្សព្វផ្សាយ។ និងទី២ គឺដោយសារតែអ្នកសារព័ត៌មានខ្លួនឯងមួយចំនួនក៏មិនទាន់បានគោរពនូវវិជ្ជាជីវៈរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដែលធ្វើឲ្យមន្ត្រីសាធារណៈបាត់ទំនុកចិត្តលើអ្នកសារព័ត៌មាន។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យដឹងថា «ច្បាប់សិទ្ធិទទួលព័ត៌មាន» ដែលរដ្ឋាភិបាលកម្ពុជាកំពុងតាក់តែងនេះ គឺជាច្រកចេញចូលព័ត៌មានសម្រាប់ អ្នកសារព័ត៌មាននិងសាធារណជន។ ទន្ទឹមនឹងគ្នានេះដែរ រដ្ឋាភិបាលក៏បានកំណត់ឲ្យស្ថាប័នរដ្ឋនីមួយៗ ចាត់តាំងឲ្យមានអ្នកនាំពាក្យដើម្បីផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានផងដែរ។
«មែនទែនមកដល់ថ្ងៃនេះ មានពេលខ្លះយើងពិបាករកដែរព័ត៌មាន មានពេលខ្លះក៏ស្រណុកងាយរក។ ការលំបាកនេះយើងមិនអាចបដិសេធបានទេ។ ខ្ញុំគិតថាមានច្បាប់នេះទៀតរិតតែប្រសើរ យើងនឹងបានផ្តល់ឱកាសច្រើនដល់ប្រជាពលរដ្ឋ និងសារព័ត៌មានដើម្បីទទួលបានព័ត៌មានដែលគេចង់ដឹង។ ការរៀបចំនេះ បានចាប់បង្ខំសមត្ថកិច្ច ស្ថាប័នសាធារណៈ ត្រូវតែអនុវត្ត ហើយមានការដាក់ពិន័យហូរហែរ បើសិនជាមិនអនុវត្តតាមច្បាប់»។
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានគេមើលឃើញថា មិនទាន់មានឯករាជ្យភាពពេញលេញនៅឡើយនោះទេ ដោយហេតុថាអ្នកសារព័ត៌មានមិនទាន់មានសិទ្ធិអំណាចពេញលេញក្នុងការរាយការណ៍គ្រប់ព័ត៌មាននៅឡើយ ពោលគឺស្ថាប័ន ឬអ្នកសារព័ត៌មានកម្ពុជាភាគច្រើនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាល ទទួលរងឥទ្ធិពលនយោបាយ ទទួលសម្ពាធពីអំពើហិង្សាលើរាងកាយក្នុងពេលបំពេញការងារ និងទទួលបានការគំរាមកំហែងពីផ្លូវច្បាប់ជាដើម។
នៅក្នុងរបាយការណ៍ដដែល ចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM ដែលជាស្ថាប័នតែមួយជាមួយវិទ្យុសំឡេងប្រជាធិបតេយ្យVOD បង្ហាញថាទៀតថាវិទ្យុសំឡេងប្រជាធិបតេយ្យVOD គឺជាស្ថាប័នព័ត៌មានដែលឯករាជ្យជាងគេនៅកម្ពុជា។ ចំណាត់ថ្នាក់បន្ទាប់ គឺសារព័ត៌មានThe Cambodia Daily និងកាសែតភ្នំពេញប៉ុស្តិ៍៕