យោធានៃប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា នាវាមុជទឹករបស់ប្រទេសនេះ ដែលបានលិចនៅក្នុងសមុទ្របាលី ត្រូវបានគេរកឃើញបែកជាបីផ្នែក ហើយនាវិកទាំង ៥៣ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់។
យោធាបានប្រកាសថា នាវាលិចនេះត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ នៅបាតមហាសមុទ្រដោយស្កេនរលកសំឡេង (sonar) ដែលបានរកឃើញនាវាមុជទឹកនេះ នៅជម្រៅ ៨៥០ ម៉ែត្រ ឆ្ងាយហួសពីជម្រៅនាវាចរណ៍របស់វា។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញវត្ថុថ្មីៗ រួមទាំងអាវកាក់គ្រាអាសន្នដែលគេជឿថាជារបស់អ្នកនៅលើនាវាមុជទឹក KRI Nanggala-402 ចំណាស់ ៤៤ ឆ្នាំនេះ។ មន្ត្រីឥណ្ឌូណេស៊ីបានដាច់ទំនាក់ទំនងជាមួយនាវានេះ កាលពីថ្ងៃពុធ (ទី២១ ខែមេសា) សប្តាហ៍មុន ខណៈដែលប្រទេសនេះរៀបចំធ្វើសមយុទ្ធ torpedo គឺគ្រាប់បាញ់នាវា torpedo ។
លោក Hadi Tjahjanto សេនាប្រមុខយោធាបានប្រាប់អ្នកយកព័ត៌មានថា៖ «នាវា KRI Nanggala បានបាក់ជាបីផ្នែក គឺផ្នែកបាតកប៉ាល់ កន្ទុយកប៉ាល់ និងផ្នែកសំខាន់ៗទាំងអស់ បែកចេញដោយផ្នែកសំខាន់មានប្រេះ។ បំណែកនាវាមុជទឹកនេះនិងផ្នែកខាងក្នុងរបស់វា នៅរប៉ាត់រប៉ាយនៅក្នុងទឹកសមុទ្រ»។
លោកប្រធានាធិបតី Joko Widodo បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាជាជនជាតិឥណ្ឌូណេស៊ី សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ជាពិសេសក្រុមគ្រួសារនៃនាវិកនាវាមុជទឹកនេះ»។
មូលហេតុនៃការលិចនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីធ្លាប់បាននិយាយថា ការដាច់ចរន្តអគ្គិសនីអាចជាមូលហេតុរារាំងនាវាមុជទឹក មិនឱ្យអនុវត្តនីតិវិធីគ្រាអាសន្ន ឡើងមកលើផ្ទៃទឹកបាន។ ឥណ្ឌូណេស៊ីទទួលបាននាវាមុជទឹកនេះពីបប្រទេសអាល្លឺម៉ង់ខាងលិច នៅចុងទសវត្ស ១៩៧០។
ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា ខ្លួននឹងដាក់ពង្រាយកម្លាំងទៅកាន់កោះបាលីនិងក្រុង Banyuwangi នៅលើកោះជ្វា ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះ នៅពេលយកសាកសពមកបាន។
លោកឧត្តមនាវីឯក Mike Gilday ប្រធានផ្នែកប្រតិបត្តិការកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានប្រសាសន៍ថា លោកក្រៀមក្រំយ៉ាងខ្លាំង ដែលបានដំណឹងអំពីការលិចនាវានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លោកបាននិយាយថា៖ «ក្នុងនាមជានាវិក[ដូចគ្នា]យើងមានសេចក្តីស្រឡាញ់ចំពោះលំហសមុទ្រដូចគ្នា និងមានចំណងមិត្តភាពជាមួយអ្នកដែលធ្វើដំណើរតាមសមុទ្រ។ យើងយល់ច្បាស់អំពីហានិភ័យនៃនាវាចរណ៍ ហើយក៏យល់ពីសារៈសំខាន់នៃមហាសមុទ្ររបស់ពិភពលោក ចំពោះរបៀបរស់នៅរួមគ្នារបស់យើងផងដែរ»។
លោក Gilday បានបញ្ជាក់ជាថ្មីថាឥណ្ឌូណេស៊ី គឺជាមិត្តនិងដៃគូដ៏ល្អរបស់សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ថា៖ «ទោះបីមានការបាត់បង់ដ៏សោកសៅនេះក្តី ក៏ខ្ញុំនៅតែមានក្តីសង្ឃឹមថា យើងនឹងបន្តធ្វើប្រតិបត្តិការរួមគ្នា ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ ដែលសេរីនិងបើកចំហ»៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ