ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជំរុញ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​និង​ចង់​ឲ្យ​​អាស៊ាន​ពិភាក្សា​បញ្ហា​នេះ


ក្រុមអ្នកប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់កំពុងជួយសង្គ្រោះបុរសម្នាក់ដែលរងរបួស ក្នុងអំឡុងប៉ះទង្គិចជាមួយប៉ូលិសមីយ៉ាន់ម៉ា នៅភូមិ Thaketa ក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ក្រុមអ្នកប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់កំពុងជួយសង្គ្រោះបុរសម្នាក់ដែលរងរបួស ក្នុងអំឡុងប៉ះទង្គិចជាមួយប៉ូលិសមីយ៉ាន់ម៉ា នៅភូមិ Thaketa ក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតីឥណ្ឌូណេស៊ី​លោក Joko Widodo នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​គ្រប់គ្រង​ដោយ​ក្រុម​យោធា​ ហើយ​បាន​អំពាវនាវ​ដល់​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ឲ្យ​មានជំនួប​ជាន់ខ្ពស់ ​ដើម្បី​ព្យាយាមរក​មធ្យោបាយបញ្ចប់​វិបត្តិ​កាន់តែ​ធំឡើង​នៅ​ក្នុង​ប្រទេស​នោះ។

ក្នុង​អត្ថាធិប្បាយស្តី​ពី​ការ​បង្ក្រាប​ដ៏​ខ្លាំង​ក្លាលើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ លោក ​Jokowi បាន​និយាយ​ថា លោក​នឹង​ហៅ​ទូរស័ព្ទ​ភ្លាមៗ​ទៅ​កាន់​ស្តេច Sultan Hassanal Bolkiah នៃ​ប្រទេស​ប៊្រុយណេ​ ដែល​ជា​ប្រធាន​របស់​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ និង​ជំរុញ​ឱ្យ​ព្រះអង្គ កោះប្រជុំជា​បន្ទាន់។​

លោក​ប្រធានាធិបតី Jokowo បាន​មាន​ប្រសាសន៍​ក្នុង​សន្ទរកថា​តាម​អនឡាញ​ថា៖ «ឥណ្ឌូណេស៊ី​ស្នើបញ្ឈប់អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​បន្ទាន់​ និង​មិន​ឱ្យ​មាន​ជន​រងគ្រោះ​ទៀត​ទេ»។

លោក​បាន​និយាយ​ទៀត​ថា៖ «ឥណ្ឌូណេស៊ី​ក៏​ជំរុញ​ឲ្យ​មាន​ការ​សន្ទនា​គ្នា ដែល​ការ​ផ្សះផ្សារ​ត្រូវ​ធ្វើ​ឡើង​ជា​បន្ទាន់​ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ សន្តិភាព​និង​ស្ថិរភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឡើង​វិញ។

ឥណ្ឌូណេស៊ី​បាន​នាំ​មុខ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​របស់​មីយ៉ាន់ម៉ា​ ដើម្បី​ស្វែងរក​មធ្យោបាយ​ដល់​វិបត្តិ​ ដែល​ក្រុម​សកម្មជន​និយាយ​ថា បានបណ្តាល​ឱ្យ​មនុស្ស​ជាង​ ២០០​ នាក់ត្រូវ​បានសម្លាប់ ចាប់​តាំង​ពីការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ក៏​បាន​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា បាន​បាញ់​សម្លាប់​អ្នក​ប្រឆាំង​យ៉ាង​តិច​ណាស់​ក៏​ម្នាក់​ដែរ​ នៅ​ថ្ងៃ​សុក្រ​នេះ។

ស្របពេលជាមួយគ្នានេះ ​បេសកជន​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Myaw Moe Tun ដែល​បាន​ប្រឆាំងយោធា បានថ្លែងក្នុងកិច្ចប្រជុំមួយ​ នៅ​ក្នុង​ក្រុង​ New York ​ថា ក្រុម​សមាជិក​សភា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង កំពុង​ពិនិត្យ​ថា​តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិអាច​ធ្វើ​ការ​ស៊ើបអង្កេតថា មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ដែរ​ឬទេ៕

XS
SM
MD
LG