ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រុករក​ឥណ្ឌូនេស៊ី​បាន​រក​ឃើញសាកសព​ ៥៣នាក់​​នៅ​កន្លែង​ធ្លាក់​យន្តហោះ​


ក្រុម​មន្រ្តី និង​​អ្នក​ជួយ​សង្រ្គោះ​ប្រមូល​ផ្តុំ​នៅ​កន្លែង​​ធ្លាក់​យន្តហោះ​ ដែល​មាន​បំណែក​ពាសពេញ​តំបន់​ភូមិសាស្រ្ត​​ដ៏​ក្រាស់ឃ្មឹក​មួយ​នៅ​តំបន់​ដាច់ស្រយាល​ខេត្ត Papua ប្រទេស​ឥណ្ឌូនេស៊ី។
ក្រុម​មន្រ្តី និង​​អ្នក​ជួយ​សង្រ្គោះ​ប្រមូល​ផ្តុំ​នៅ​កន្លែង​​ធ្លាក់​យន្តហោះ​ ដែល​មាន​បំណែក​ពាសពេញ​តំបន់​ភូមិសាស្រ្ត​​ដ៏​ក្រាស់ឃ្មឹក​មួយ​នៅ​តំបន់​ដាច់ស្រយាល​ខេត្ត Papua ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុម​មន្រ្តី​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​ធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ផ្នែក​ខាងកើត​នៃ​ប្រទេស​នោះ​ទេ។

ក្រុម​រុករក​បាន​ទៅ​ដល់កន្លែង​ធ្លាក់​យន្តហោះនៅខេត្ត Papuaជា​លើក​ទី​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​ពន្យា​ពេល​ដោយ​សារ​លក្ខណៈ​ភូមិ​សាស្រ្ត​ស្មុគ្រស្មាញ ​ហើយ​មាន​សេចក្តី​រាយការណ៍​ថា យន្តហោះ​នោះ​ត្រូវ​បាន​កម្ទេចទាំង​ស្រុង។

ក្រុម​មន្រ្តី​និយាយ​ថា ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​រក​ឃើញ​សាក​សពមនុស្ស​៥៣​នាក់​នៃ​មនុស្ស​៥៤​នាក់​ ដែល​បាន​ស្ថិត​នៅ​លើ​ជើង​ហោះហើរ​លេខ ២៦៧ នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍ Trigana Air នៅពេល​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់​ភ្លាម​ៗ​ មុនពេលត្រូវ​ចុះ​នៅ​ទី​ក្រុង Oksibil។

ក្រៅ​ពីអ្នក​ដំណើរ​ និង​អ្នក​បើកបរ ​យន្តហោះ​នោះ​ក៏​មាន​ដឹក​ប្រាក់​ចំនួន​៤​៧០.០០០​ដុល្លារ ដែល​ជា​មូលនិធិ​របស់​រដ្ឋាភិបាល​ដើម្បី​ចែក​ចាយ​ជូនក្រុម​គ្រួសារ​ក្រីក្រ​ផង​ដែរ។

ប្រធានា​ធិបតី Joko Widodo បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​នោះ​ថា ​លោក​បាន​បង្គាប់​ឲ្យ​ក្រសួង​ដឹក​ជញ្ជូន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​អាកាស​ចរណ៍​ដើម្បី​ការ​ពារ​ការ​ធ្លាក់​ដូច​នេះ​នៅ​ពេល​អនាគត។

ផ្នែក​អាកាសចរណ៍​របស់​ឥណ្ឌូនេស៊ី​មាន​ការ​សៅហ្មង​ដោយ​មាន​ឧបទ្ទវហេតុ​ធំ​ៗ​ជា​ច្រើន​នៅ​ពេល​ថ្មី​ៗ​នេះ ​រួមមាន​ការ​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia នៅ​ខែ​ធ្នូ​ឆ្នាំ​ទៅ​ ដែល​បាន​សម្លាប់​មនុស្ស​១៦២​នាក់។ ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ ​ជា​ទី​ផ្សារ​អាកាសចរណ៍​ដ៏​រីក​ចម្រើន​ឆាប់​រហ័ស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ​ក៏ប៉ុន្តែ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​អ្នក​បើកបរ​យន្តហោះ​ ​ជាង​ជួស​ជុល ​និង​អ្នក​ត្រួត​ពិនិត្យ​ចរាចរណ៍​អាកាសចរណ៍​ល្អ​ដើម្បី​ធ្វើ​ឲ្យការ​ហោះ​ហើរ​មាន​សុវត្ថិភាព៕

ក្រុម​ហ៊ុន​អាកាសចរណ៍ Trigana ​បាន​ជួប​ប្រទះឧបទ្ទវហេតុ​ធ្ងន់​ៗ​ចំនួន​១៤​ ករណី​ចាប់​តាំងពី​បើក​ប្រតិបត្តិការ​នៅ​ឆ្នាំ​១៩៩១​មក ​ហើយ​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឥណ្ឌូ​នេស៊ី​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ហោះ​ហើរ​នៅ​លើ​ផ្ទៃ​អាកាស​សហភាព​អឺរ៉ុប៕

XS
SM
MD
LG