យន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿង ដែលមានមនុស្សជិះ៥៤នាក់ កំពុងបាត់ខ្លួននៅក្នុងភាគខាងកើតនៃខេត្ត Papua។
យន្តហោះនៃក្រុមហ៊ុន Trigana ជើងហោះហើរលេខ ២៦៧ បានបាត់ការទាក់ទងគ្នា នៅថ្ងៃអាទិត្យនេះ ប្រហែល៣០នាទី ក្រោយពីបានហោះហើរចេញពីអាកាសយានដ្ឋាន Sentani នៃទីរួមខេត្ត Jayapura នៃខេត្ត Papua ។ យន្តហោះនេះធម្មតាហោះប្រហែល៥០នាទី ទៅកាន់ទីក្រុង Oksibil។
ក្រុមមន្ត្រីអាកាសចរណ៍និយាយថា មានអ្នកជិៈពេញវ័យ៤៤នាក់ កុមារ៥នាក់ និង បុគ្គលិកយន្តហោះ ៥នាក់ នៅលើយន្តហោះនោះ។
កិច្ចប្រឹងប្រែងស្វែងរកយន្តហោះនោះ បានផ្អាកនៅថ្ងៃអាទិត្យនេះដោយសារងងឹតមើលមិនឃើញ។ មេបញ្ជាការមូលដ្ឋានកងទ័ពជើងអាកាស Sentani Air Force Base បានថ្លែងថា អាជ្ញាធរបានសម្គាល់តំបន់ជុំវិញផ្លូវហោះហើរហើយ សម្រាប់ការស្វែងរកដែលនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃច័ន្ទនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Trinaga ធ្វើការហោះហើរតែក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។