មន្រ្តីសន្តិសុខឥណ្ឌូណេស៊ី កាលពីថ្ងៃពុធម្សិលមិញ បានប៉ុនប៉ងរារាំងអ្នកយកព័ត៌មានសម្រាំងពីសេតវិមាន មិនឱ្យយកព័ត៌មានអំពីកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសមាគមអាស៊ានក្នុងទីក្រុងហ្សាការតា។
មន្រ្តីសន្តិសុខឥណ្ឌូណេស៊ី បានព័ទ្ធជុំវិញលោកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានដែលមានសញ្ជាតិអាមេរិកាំងដើមកំណើតឥណ្ឌូណេស៊ី និងដែលបានធ្វើជាអ្នកយកព័ត៌មានសម្រាំង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងកាសែតអាមេរិកដែលទៅយកព័ត៌មាននៅកិច្ចប្រជុំកំពូលនោះ។
ពេលដែលក្រុមអ្នកយកព័ត៌មានត្រូវបានស្នើឱ្យចេញពីសាលប្រជុំរវាងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo លោកស្រី Widakuswara នៃវីអូអេ បានស្រែកសួរសំណួរពីរ ដោយមួយទៅកាន់លោកស្រី Harris អំពីការណ៍ថា តើសហរដ្ឋអាមេរិក ជិតឈានដល់កិច្ចព្រមព្រៀងស្តីពីសារធាតុនីកែលឥណ្ឌូណេស៊ីឬនៅ និងមួយសំណួរទៀតជាភាសាឥណ្ឌូណេស៊ីទៅកាន់លោក Widodo អំពីការណ៍ថាតើលោកខកចិត្តឬទេដែលប្រធានាធិបតីសហរដ្ឋអាមេរិក អវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ។
មន្ត្រីឥណ្ឌូណេស៊ី ក៏បានឈររាំងលោកស្រី Widakuswara ពេលដែលមន្ត្រីមកពីការិយាល័យរបស់អ្នកស្រីអនុប្រធានាធិបតីអាមេរិក បានព្យាយាមពន្យល់ហេតុផលជាមួយមន្ត្រីឥណ្ឌូណេស៊ី។
នៅក្រៅបន្ទប់ប្រជុំ លោកស្រី Widakuswara ត្រូវបានឡោមព័ទ្ធដោយមន្ត្រីសន្តិសុខឥណ្ឌូណេស៊ី ដែលបានប្រាប់លោកស្រីឱ្យចាកចេញដោយសារលោកស្រីបានស្រែក ហើយថា លោកស្រី ត្រូវបានហាមមិនឱ្យចូលយកព័ត៌មានអំពីព្រឹត្តិការណ៍ផ្សេងៗទៀតទេ។ នេះបើយោងតាមអ្នកយកព័ត៌មានរូបនេះ។ លោកស្រី Widakuswara ក៏បានរៀបរាប់ពីហេតុការណ៍នោះដោយបង្ហោះសារលើបណ្តាញ X ដែលគេស្គាល់ពីមុនថាជា Twitter។
ក្នុងនាមជាអ្នកយកព័ត៌មានសម្រាំងម្នាក់ លោកស្រី Widakuswara ស្ថិតក្នុងចំណោមអ្នកកាសែតមួយចំនួនតូចដែលត្រូវបានជ្រើសរើសឱ្យយកព័ត៌មានអំពីកិច្ចប្រជុំកំពូលនោះ ហើយចែករំលែកការអង្កេតរបស់ពួកគេជាមួយអ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលមិនមានវត្តមាន។ លោកស្រី Widakuswara និយាយថា លោកស្រីបារម្ភថា បើមន្ត្រីឥណ្ឌូណេស៊ី មិនបានបើកផ្លូវឱ្យលោកស្រីទៅទេ លោកស្រីមិនអាចបញ្ជូនសេចក្តីរាយការណ៍ព័ត៌មានដល់អ្នកយកព័ត៌មានផ្សេងទៀតបានទេ។
មន្ត្រីសហរដ្ឋអាមេរិក ក៏បាននិយាយការពារលោកស្រី Widakuswara។
មន្ត្រីសហរដ្ឋអាមេរិក បានបន្តជំរុញមន្ត្រីឱ្យមន្ត្រីឥណ្ឌូណេស៊ី អនុញ្ញាតឱ្យលោកស្រី Widakuswara ចូល ដោយនិយាយថាលោកស្រី Harris នឹងមិនចូលក្នុងបន្ទប់ប្រជុំទេ ទាល់តែអ្នកកាសែតសម្រាំងទាំងអស់រួមទាំងលោកស្រី Widakuswara ផង ត្រូវបានអនុញ្ញាតឱ្យនៅក្នុងបន្ទប់នោះ។
ក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំឥណ្ឌូណេស៊ី លោក Sung Kim បានមកសម្របសម្រួល មន្ត្រីឥណ្ឌូណេស៊ី ក៏បានអនុញ្ញាតឱ្យលោកស្រី Widakuswara ចូលក្នុងបន្ទប់ប្រជុំ ដែលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងអាស៊ាន កំពុងប្រព្រឹត្តទៅ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមកវីអូអេថា ក្រសួងមានការបារម្ភចំពោះឧប្បត្តិហេតុនេះ ហើយនឹងទាក់ទងទៅរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហានេះ៕