ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូពេទ្យ​ឥណ្ឌូណេស៊ី​កាន់​តែ​ច្រើន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​ក្នុង​ប្រទេស​កើនឡើងខ្លាំង


រូបឯកសារ៖ ក្រុមបញ្ចុះសព​មួយ បាន​បញ្ចុះ​ក្តារមឈូស​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ទីបញ្ចុះសព​ពិសេស​មួយ​នៅ​ភាគខាងជើង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបញ្ចុះសព​មួយ បាន​បញ្ចុះ​ក្តារមឈូស​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ទីបញ្ចុះសព​ពិសេស​មួយ​នៅ​ភាគខាងជើង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ជំងឺ​កូវីដ១៩​ កំពុង​ឆក់​យក​ជីវិត​ក្រុម​បុគ្គលិក​សុខាភិបាល​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាន់​តែ​ច្រើន​ឡើងៗ ដែល​មក​ទល់​នឹង​ពេល​នេះ ​មាន​រហូត​ដល់​ទៅ​១១៤​នាក់​ហើយ ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ខែកក្កដា​នេះ។ ចំនួន​នេះ ​កើន​លើស​ទ្វេដង​នៃ​ចំនួន​វេជ្ជ​បណ្ឌិត​ដែល​បាន​ស្លាប់​កាល​ពី​ខែ​មិថុនា។ នេះ​បើ​យោង​តាម​បណ្ដាញ​គ្រូពេទ្យ​មួយ​ ដែល​គេ​ស្គាល់​ថា «ក្រុម​ការងារ​ជួយ​ដោះស្រាយ​នៃ​សមាគម​សុខាភិបាល​ឥណ្ឌូណេស៊ី» ឬ​ហៅកាត់​ថា IDI។

ចំនួន​មរណភាព​នៃ​ក្រុម​វេជ្ជបណ្ឌិត​ដែល​ចេះ​តែ​កើន​ឡើង​នេះ កើត​មាន​ខណៈ​ដែល​រដ្ឋាភិបាល​កត់សម្គាល់​ឃើញ​ថា ក្រុម​ការងារ​សុខាភិបាល​ជាង​៩៥ ភាគរយ​ បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ រួច​ហើយ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រធាន​ដឹកនាំ​នៃ​ក្រុម​ការងារ​ដោះស្រាយ​ លោក Mahesa Paranadipa Maikel បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​នៅ​រដ្ឋធានី​ហ្សាការតា​ថា ការ​ស្លាប់​របស់​ក្រុម​វេជ្ជបណ្ឌិត​ប្រចាំ​ខែ​កំពុង​មាន​ចំនួន​ខ្ពស់ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នេះ​កាល​ពី​ខែមីនា ឆ្នាំ​២០២០​ មក។ ក្នុង​នោះ​អត្រា​ស្លាប់​កាល​ពី​ខែ​មករា ឆ្នាំ២០២១នេះ មាន​វេជ្ជបណ្ឌិត​ចំនួន ៦៥នាក់​បាន​ស្លាប់។

គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សាកល​មក​ទល់​នឹង​ពេល​នេះ ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌូណេស៊ី​សរុបចំនួន​៥៤៥ នាក់ ​បាន​ស្លាប់។ ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​គេ​មាន​នៅ​ខេត្ត Java ខាងកើត ឬ East Java ដែល​មាន​ចំនួន១១០ នាក់ ខណៈ​ដែល​ចំនួន​ស្លាប់​ខ្ពស់​បន្ទាប់ ​គឺ​នៅ​រដ្ឋធានី​ហ្សាការតា​មាន​ចំនួន៨៣ នាក់​ និង​នៅ​ភាគកណ្តាល​នៃកោះ Java ​មាន​អ្នក​ស្លាប់​ចំនួន៨១ នាក់។

នៅ​ក្នុង​ខែមិថុនា ក្រុមវេជ្ជបណ្ឌិត​ចំនួន ៥១ នាក់បាន​ស្លាប់​ ប៉ុន្តែ​អត្រា​អ្នកស្លាប់​បាន​ហក់​ឡើង​រហូត​ដល់​ទៅ​១២៣ ​ភាគរយ នៅ​ក្នុង​ខែកក្កដា​នេះ។

លោក Mahesa បាន​និយាយ​ថា៖ «ចំនួន​អ្នកស្លាប់​ទាំង​នេះ អាច​នឹង​មាន​ខ្ពស់​ជាង​នេះ ដោយ​សារ​តែ​មន្ទីរ​ពេទ្យ ​និង​គ្លីនិក​សម្រាក​ព្យាបាល​នានា​ មិន​បាន​រាយការណ៍​ដល់​ពួក​យើង»។

វេជ្ជបណ្ឌិត​ភាគ​ច្រើន​ដែល​បាន​ស្លាប់​ គឺ​ជា​គ្រូពេទ្យផ្នែក​ជំងឺ​ទូទៅ គ្រូពេទ្យ​សម្ភព​ អ្នក​ចុះ​ហាត់ការ និង​គ្រូពេទ្យ​ផ្នែក​វះកាត់។ ​កូវីដ១៩ គឺ​ជា​ជំងឺ​បង្ក​ដោយ​វីរុស​កូរ៉ូណា។

ក្រុម​ការងារ​បាន​កត់​សម្គាល់​ឃើញ​ថា បុគ្គលិក​សុខាភិបាល​ជា​ច្រើន​រយ​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រាត​ត្បាត​នេះ ដែល​ក្នុង​នោះ​រួម​មាន​ ក្រុមគិលានុបដ្ឋាក​ចំនួន ៤៤៥នាក់ ឱសថការី​ ៤២នាក់ ពេទ្យ​ឆ្មប​ ២២៣នាក់ និង​បុគ្គលិក​ផ្នែក​មន្ទីរ​ពិសោធន៍​ចំនួន ២៥នាក់។

រដ្ឋ​មន្ត្រី​សុខាភិបាល​ លោក Budi Gunadi Sadikin និយាយ​ថា​ រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​កញ្ចប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Moderna ចាក់​បន្ថែម​មួយ​ដូស​ទៀត​ដល់បុគ្គលិក​សុខា​ភិបាល​ដែល​បានចាក់​វ៉ាក់សាំង​ចិនស៊ីណូវ៉ាក់រួច​ហើយ។ វ៉ាក់សាំង​ស៊ីណូវ៉ាក់ គឺ​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​គ្រា​អាសន្ន​ដោយ​អង្គការ​សុខភាព​ពិភព​លោក។ ការ​សិក្សា​នានា​អំពី​អត្រា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ប៉ុន្តែ​វ៉ាក់សាំង​នេះ​ ហាក់​ដូច​ជា​មាន​ឥទ្ធិពល​តិច​តួច​ជាង​វ៉ាក់សាំង​កូវីដ១៩​ផ្សេង​ទៀត​សម្រាប់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។

ទន្ទឹម​នឹង​នេះ កាល​ពី​សប្ដាហ៍​កន្លង​ទៅ ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​ប្រចាំ​ថ្ងៃ​ក្នុង​ចំណោម​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ បាន​កើន​ឡើង​ជាង​៥ពាន់នាក់ ដោយ​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​ជាង​១​ពាន់នាក់។

បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​សរុប​ជាង​ ២លាន ៨សែននាក់​ហើយ ដោយ​មាន​អ្នក​ស្លាប់​៧​ម៉ឺន​ ២​ពាន់នាក់។ នេះ​បើ​តាម​តួលេខ​របស់​សាកល​វិទ្យាល័យ Johns Hopkins ដែល​បាន​កត់​ត្រា​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅ​ទូទាំង​សាក​លោក។ ឥណ្ឌូណេស៊ី​ គឺ​ជា​ប្រទេស​ទី​៤​នៅ​លើ​សាកល​លោក​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ គឺ​មាន​ជាង​២៧៥​លាននាក់។

លោក Windhu Purnomo គឺ​ជា​អ្នក​ឯកទេស​ស្រាវ​ជ្រាវ​ជំងឺ​រាតត្បាត​ ដែល​បម្រើ​ការ​នៅ​មហា​វិទ្យាល័យ​សុខភាព​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ Airlangga។ លោក​បាន​ថ្លែង​ប្រាប់​ VOA ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​ អាច​វិវត្ត​កាន់តែ​អាក្រក់​ជាង​នេះ​ដោយសារ​កត្តា​៣​យ៉ាង រួម​មាន​ ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យឺត ការ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​ផ្លាស់​ទី​របស់​ពលរដ្ឋ និង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta)។

លោក​ថ្លែង​ក្នុងសម្តីដើម​ថា៖ «យើង​ទើប​តែ​ទទួល​បាន​វ៉ាក់សាំង​ថ្មីៗ​ ដូច​ជា​មក​ពី​សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​ផ្សេង​ទៀត។ ដូច្នេះបើ​ទោះ​បី​ជា​យើង​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​ក៏​ដោយ​ ក៏​វា​នៅ​តែ​មិន​ទាន់​មាន​ភាពប្រសើរ​ឡើង​ដែរ»។

ឥណ្ឌូណេស៊ី ​មិន​អាច​អនុវត្ត​ការ​បិទ​ខ្ទប់ដូច​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ប្រទេស​ផ្សេង​ទេ ពីព្រោះ​ប្រទេស​នេះ​ពុំ​មាន​ប្រាក់​សម្រាប់​ផ្ដល់​ជូន​ពលរដ្ឋឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ។ វីរុស​ប្រភេទ​បំប្លែង​ថ្មី​ដែលតាដែល​កំពុង​ឆ្លង​រាលដាលពាសពេញពិភព​លោក​នេះ​ ក៏កំពុង​វាយ​ប្រហារ​ប្រទេស​ឥណ្ឌូណេស៊ី​យ៉ាង​ដំណំ​ផង​ដែរ។

លោក Windhu Purnomo បាន​និយាយ​បន្ថែម​ថា៖ «យើង​មាន​បន្ទុក​ធ្ងន់ធ្ងរ​ណាស់​នៅ​ពេល​នេះ»។

រដ្ឋាភិបាល​បាន​ដាក់​វិធានការ​តឹង​រ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​ផ្លាស់​ទី​របស់​ប្រជា​ពលរដ្ឋ​ កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា ក្នុង​គោល​បំណង​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ការ​រឹតបន្តឹង​ទាំង​នោះ​រួម​មាន ការ​ដាក់​បទ​បញ្ជា​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ​សម្រាប់​បុគ្គលិក​ការងារ​មិនសូវ​មាន​ភាព​ចាំ​បាច់ និង​ការ​បិទ​ហាង​លក់​ទំនិញ ទីផ្សារ និង​អាគារ​សាធារណៈ​ទាំង​អស់​នៅ​កោះ ​Java កោះ​បាលី និង​ទីក្រុង​ចំនួន ១៥​ ផ្សេង​ទៀត នៅ​ទូទាំង​ប្រជុំ​កោះ​ទាំង​នោះ។

លោក Luhut Pandjaitan ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សម្រប​សម្រួល​វិធានការ​ទប់ស្កាត់​ជំងឺ​រាត​ត្បាត​បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ នឹង​សម្រេច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ថា​តើ​ត្រូវ​បន្ត​រយៈ​ពេល​នៃ​វិធានការ​រឹត​បន្តឹងនេះ​ ឬ​យ៉ាង​ណា។

លោក​ថ្លែង​បាន​ដូច្នេះ​ថា៖ «វា​មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​នោះ​ទេ ហើយ​មាន​ជម្រើស​ផ្សេង​ជា​ច្រើន​ទៀត។ ប៉ុន្តែ​យើង​ទំនង​ជា​នឹង​ត្រូវ​ពន្យារ​ការ​រឹត​បន្តឹង​នេះ​ ព្រោះ​ថា យើង​មិន​អាច​កាត់​បន្ថយ​ការ​ឆ្លង​ ឬ​គ្រប់​គ្រង​វីរុស​ប្រភេទ​បំប្លែង​ថ្មីនេះ​ក្នុង​រយៈ​ពេល​ តែ​២សប្ដាហ៍​នោះ​បានទេ។ យើង​ចាំ​មើល​សិន​ ថា​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ពី​នេះ»។

ក្រុម​ការងារ​ជួយ​ដោះសា្រយ​នេះ​ព្រមាន​ថា​ មណ្ឌល​សុខភាព​នានា​ប្រហែល​ជាប្រឈម​នឹង​បញ្ហា ពីព្រោះ​ថា​អាច​នឹង​មាន​អ្នកជំងឺ​ច្រើន​ចូល​ព្យាបាល​ ខណៈ​មិនមាន​ថ្នាំ​ពេទ្យ​ និង​ឧបករណ៍​ពេទ្យ​គ្រប់គ្រាន់ កង្វះ​ក្រុម​គ្រូពេទ្យ​ គិលានុបដ្ឋាក​ និង​បុគ្គលិក​ពេទ្យ​ផ្សេង​ទៀត​សម្រាប់​ថែ​ទាំ​អ្នកជំងឺ។

លោក​ Adib Khumaidi ជាប្រធាន​ដឹក​នាំ​ម្នាក់​ទៀត​នៃ​ក្រុម​ការងារ​នេះ​ បាន​ថ្លែងក្នុង​សម្តី​ដើម​ថា៖ «យើង​បារម្ភ​ថា ​មណ្ឌល​សុខភាព​នានា​អាច​នឹង​ដួល​រលំ។ យើង​ត្រូវ​បង្កើត​ផែន​ទី​ដើម្បី​ដឹង​ពី​សមត្ថភាព​នៃ​មន្ទីរ​ព្យាបាល​នីមួយៗ​នៅ​ក្នុង​ស្រុក»។

រដ្ឋាភិបាល​ថា ខ្លួន​មាន​ផែនការ​ពន្លឿន​ដំណើរ​ការ​បង្កើត​មន្ទីរ​ពេទ្យ​ជា​ច្រើន​កន្លែង​ ព្រមទាំង​ដាក់​ក្រុម​គ្រូពេទ្យ​ចំនួន២ ពាន់នាក់ និង​គិលានុបដ្ឋាក​ចំនួន​២​ម៉ឺននាក់​ ដើម្បី​ទប់ទល់​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ទាំងនេះ៕

Sasmito Madrim រាយការណ៍​បន្ថែម​ពីទីក្រុង​ហ្សាការតា

ប្រែសម្រួលដោយលោក នៀម ឆេង

XS
SM
MD
LG