ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានសម្រេចប្ដូរទីតាំងរដ្ឋធានីប្រទេសឥណ្ឌូណេស៊ីចេញពីកោះជ្វា ដែលជាកោះសម្បូរមនុស្សរស់នៅច្រើនកុះករ ប៉ុន្តែមិនទាន់សម្រេចអំពីទីតាំងថ្មីដែលត្រូវប្ដូររដ្ឋធានីនេះទៅនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងផែនការឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ។
ការសម្រេចរបស់លោក Widodo នេះបានធ្វើឡើងក្នុងរយៈពេលមិនដល់ពីរសប្ដាហ៍ផង បន្ទាប់ពីក្រុមហ៊ុនស្ទង់មតិឯកជនមួយចំនួនបានបញ្ជាក់ថា លោក Widodo បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ១៧ ខែមេសាកន្លងទៅនេះ ទោះបីជាលទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី ២២ ខែឧសភាខាងមុខនេះក៏ដោយ។
រដ្ឋមន្ត្រីក្រសួងផែនការលោក Bambang Brodjonegoro បានបញ្ជាក់នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកាប្រជុំគណៈរដ្ឋមន្ត្រីបានបញ្ចប់ទៅថា៖ «លោកប្រធានាធិបតីបានសម្រេចប្ដូរទីតាំងរដ្ឋធានីចេញពីកោះជ្វា គឺជាការសម្រេចដ៏សំខាន់មួយ»។
លោក Brodjonegoro បានបន្ថែមថា រដ្ឋាភិបាលមិនទាន់សម្រេចជ្រើសរើសទីតាំងថ្មីនៅឡើយទេ ប៉ុន្តែកំពុងសម្លឹងមើលលើទីតាំងនៅភាគខាងកើតប្រទេស។
នៅពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតី Widodo បានសង្កត់ធ្ងន់អំពីតម្រូវការនៃការពិចារណាថ្មីអំពីអនាគតកាល។ លោកនិយាយដូច្នេះថា៖ «យើងចង់គិតតាមបែបទស្សនវិស័យវែងឆ្ងាយសម្រាប់ការវិវឌ្ឍទៅមុខរបស់ប្រទេសឥណ្ឌូណេស៊ី ហើយការប្ដូរទីតាំងរដ្ឋធានីតម្រូវឲ្យមានការរៀបចំឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ»។
រដ្ឋធានីហ្សាការតាបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូណេស៊ីមានប្រជាជនជាង ១០ លាននាក់រស់នៅ ប៉ុន្តែប្រជាជនប្រហែល ៣០ លាននាក់ ដែលរស់នៅជុំវិញទីក្រុងហ្សាការតានេះបានបន្ថែមបន្ទុកដល់ភាពកកស្ទះដ៏ណែនណាន់តាន់តាប់រួចស្រេចទៅហើយរបស់ទីក្រុងនេះ៕