អាជ្ញាធរឥណ្ឌូនេស៊ីបានស្ទាក់ទូកមួយគ្រឿងទៀត ដែលផ្ទុកទៅដោយជនចំណាកស្រុកនិងជនភៀសខ្លួនមកពីប្រទេសភូមានិងបង់ក្លាដែស នៅពេលដែលក្រុមមន្រ្តីតំបន់អាស៊ីអាគ្នេយ៍បន្តខិតខំដោះស្រាយជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) រាប់ពាន់នាក់ដែលទំនងត្រូវបានបោះបង់ចោលដោយក្រុមអ្នករត់ពន្ធមនុស្សនៅឯសមុទ្រ។
អ្នកនាំពាក្យកងនាវាបាននិយាយថា កងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ីបានបញ្ឈប់ទូកនោះកាលពីរសៀលថ្ងៃច័ន្ទនៅផ្ទៃទឹកទល់មុខខេត្ត Aceh ហើយបានផ្តល់ម្ហូបអាហារ ទឹកនិងគ្រឿងបរិក្ខារពេទ្យដល់អ្នកដែលស្ថិតនៅលើទូកនោះ មុនពេលបញ្ជូនពួកគេទៅតាមផ្លូវដែលពួកគេត្រូវទៅ។ អ្នកនាំពាក្យនោះនិយាយទៀតថា ជនចំណាកស្រុកទាំងនោះមិនព្យាយាមទៅប្រទេសឥណ្ឌូនេស៊ីទេ។ ទិសដៅរបស់ពួកគេមិនច្បាស់លាស់ទេ។
ជនភៀសខ្លួនជាង២០០០នាក់មកពីប្រទេសភូមា និងជនចំណាកស្រុកបង់ក្លាដែស ត្រូវបានជួយសង្គ្រោះនៅក្នុងសមុទ្រកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ហើយក្រុមសកម្មជននិងមន្រ្តីបានព្រមានថា មនុស្សរាប់ពាន់នាក់ទៀត អាចនៅជាប់នៅក្នុងទូកដែលពោរពេញទៅដោយមនុស្ស។ វិបត្តិនេះត្រូវគេជឿជាក់ថា មានជាប់ទាក់ទិនទៅនឹងការបង្ក្រាបកាលពីពេលថ្មីៗនេះទៅលើការជួញដូរមនុស្ស។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃបានបញ្ជារឲ្យបោសសម្អាតជំរុំដែលសង្ស័យថាជារបស់ក្រុមជួញដូរមនុស្ស បន្ទាប់ពីសាកសពមនុស្សរាប់សិបនាក់ បានត្រូវគេជឿជាក់ថាមកពីប្រទេសភូមានិងបង់ក្លាដែស ត្រូវបានគេរកឃើញនៅក្នុងរណ្តៅសាកសពរាក់ៗនៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ។ មនុស្សរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងការទាក់ទិនទៅនឹងជំរុំទាំងនោះ រួមមានមន្រ្តីក្នុងមូលដ្ឋាននិងមន្ត្រីប៉ូលីស៕