ប៉ូលិស និងទាហាននៅភាគខាងត្បូងប្រទេសថៃបានជីកយកចេញនូវសាកសពជាង៣០ ពីរណ្តៅរាក់នៅក្នុងជំរុំដាច់ស្រយ៉ាលក្នុងព្រៃមួយ ដែលត្រូវបានស្គាល់ថាត្រូវបានប្រើដោយក្រុមជួញដូរ និងលួចនាំចូលមនុស្ស។ ការរកឃើញជំរុំនោះបានកើតមានឡើង នៅស្របពេលដែលប្រទេសថៃ និងម៉ាឡេស៊ីបានពង្រឹងកិច្ចប្រឹងប្រែងនៅក្នុងការបញ្ឈប់ប្រតិបត្តិការនៃក្រុមឧក្រិដ្ឋជនទាំងនោះ។
មន្រ្តីយោធា និងប៉ូលិសប្រមាណ២០០នាក់ បានជីកយកចេញនូវសាកសពពីរណ្តៅនៅក្នុងព្រៃតំបន់ភ្នំនៅជិតព្រំដែនម៉ាឡេស៊ី។ ក្រុមអាជ្ញាធរបាននិយាយថា ជនរងគ្រោះភាគច្រើនត្រូវបានជឿថា ជាជនមូស្លីមរ៉ូហ៊ីងយ៉ា (Rohingya) ដែលធ្វើដំណើរតាមទូកមកពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស។
បុរសម្នាក់ ដែលមានសញ្ជាតិបង់ក្លាដេស ត្រូវបានរកឃើញនៅរស់នៅឡើយ ប៉ុន្តែមានភាពទ្រុឌទ្រោមខ្លាំងពីដំណើរដ៏លំបាករបស់ខ្លួន បន្ទាប់ពីជំរុំនោះត្រូវបានបោះបង់ចោលដោយក្រុមលួចនាំចូលមនុស្ស។
ជំរុំនោះ ដែលស្ថិតនៅជាប់ព្រំដែនជាមួយនឹងម៉ាឡេស៊ី គឺជាជំរុំមួយដែលត្រូវបានប្រើដោយក្រុមលួចនាំចូលមនុស្សជាកន្លែងទុកដាក់មួយ មុនពេលដែលមនុស្សត្រូវបាននាំឆ្លងព្រំដែន។
អ្នកស្រី Chris Lewa អ្នកសម្របសម្រួលនៃគម្រោង Arakan ដែលធ្វើការត្រួតពិនិត្យទៅលើការលួចនាំចូលមនុស្សពីភាគខាងលិចមីយ៉ាន់ម៉ា និងបង់ក្លាដេស បាននិយាយថា ការស្លាប់ទាំងនោះបានសង្កត់ធ្ងន់ពី ទុកលំបាកដែលកំពុងបន្តកើតមានឡើង ប្រឈមមុខដោយជនធ្វើដំណើរតាមទូកនៅក្រោមការគ្រប់គ្រងរបស់ក្រុមជួញដូរ និងលួចនាំចូលមនុស្ស។
«បញ្ហានេះបានកំពុងកើតមានឡើងនៅក្នុងរយៈពេលវែងមួយទៅហើយ។ នៅពេលដែលមនុស្សទាំងនោះមិនអាចបង់ប្រាក់បាន ពួកគេត្រូវបានដាក់នៅមួយកន្លែងអស់រយៈពេលរាប់ខែ ហើយមនុស្សមួយចំនួនបានរងគ្រោះពីកង្វះខាតវីតាមីន B-1 ដោយពួកគេមិនអាចធ្វើចលនាបាន និងបានស្លាប់ភាគច្រើនដោយសារជំងឺ ហើយនាពេលខ្លះដោយការសម្លាប់ ប្រសិនបើពួកគេបានព្យាយាមធ្វើការរត់ចេញ។ ប៉ុន្តែជាទូទៅ គឺដោយសាររយៈពេលដែលពួកគេត្រូវស្ថិតនៅក្នុងលក្ខខណ្ឌស្ថានភាពដូចនេះ»។
ក្រុមមន្រ្តីបាននិយាយថា ការផ្តល់ព័ត៌មានមួយពីសំណាក់មន្រ្តីប៉ូលិសក្នុងស្រុកមួយរូបបាននាំពួកគេមកដល់ជំរុំទាំងនោះ។ រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពី សំណង់ធ្វើពីឈើប្រក់ស្លឹកដែលអាចផ្ទុកមនុស្សរហូតដល់ ៣០០នាក់។ អ្នកស្រី Lewa បានមានប្រសាសន៍ថា ជនធ្វើដំណើរតាមទូកភាគច្រើនត្រូវបាននាំពីមួយកន្លែងទៅមួយកន្លែងយ៉ាងឆាប់រហ័ស ប៉ុន្តែអ្នកដែលមិនអាចបង់ប្រាក់ប្រមាណ ២.០០០ដុល្លារត្រូវរងការវាយដំ។
«នៅត្រឹមពេលដែលពួកគេមកដល់ប្រទេសថៃ ដែលពួកគេត្រូវបានដាក់នៅក្នុងព្រៃ ហើយពួកគេត្រូវបង់ថ្លៃពេញលេញ ដែលមានប្រមាណ ៦០.០០០ បាត (១.៨០៩ដុល្លារ)។ នាពេលខ្លះ តម្លៃមានច្រើនជាងនេះ ប៉ុន្តែជាមធ្យមគឺ ៦០.០០០ បាត។ មនុស្សដែលមានបញ្ហាជាប់គាំង ដោយមិនមានបង់ប្រាក់ត្រូវរងការវាយដំយ៉ាងខ្លាំង ដោយសារតែក្រុមឈ្មួញកណ្តាលជឿថា នេះជាវិធីមួយនៅក្នុងការដាក់សម្ពាធទៅលើពួកគេ ក៏ដូចជាគ្រួសាររបស់ពួកគេ»។
ចាប់តាំងពីឆ្នាំ ២០១២ ជនមូស្លីមដែលមិនមានប្រទេសស្នាក់នៅជាក់លាក់ជាងមួយសែននាក់ បានធ្វើដំណើរដ៏ប្រឈមមួយតាមទូក ដោយសង្ឃឹមថា នឹងទៅដល់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីដើម្បីឲ្យរួចផុតពីអំពើហិង្សា និងភាពក្រីក្រនៅមីយ៉ាន់ម៉ា។ ការវាយប្រហារនានាទៅលើក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ា នៅរដ្ឋ Arakan នៅមីយ៉ាន់ម៉ា បានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនាំឲ្យប្រជាជនរាប់ម៉ឺននាក់បង្ខំចិត្តមកស្នាក់នៅក្នុងជំរុំជនភៀសខ្លួន។
ប្រទេសថៃ និងម៉ាឡេស៊ីបានទទួលរងសម្ពាធពីសំណាក់អន្តរជាតិក្នុងការទប់ស្កាត់ប្រតិបត្តិការជួញដូរ និងលួចនាំចូលមនុស្ស។
នៅប្រទេសថៃ ច្បាប់ប្រឆាំងនឹងក្រុមឧក្រិដ្ឋជនត្រូវបានពង្រឹង ដែលនាំឲ្យមានការចាប់ខ្លួនជនជាតិថៃមួយចំនួនពាក់ព័ន្ធនឹងការជួញដូរនេះ។ នៅប្រទេសម៉ាឡេស៊ី ក្រុមអាជ្ញាធរមានចាប់ខ្លួនក្រុមមេដឹកនាំក្រុមលួចនាំចូលជនមូស្លីមរ៉ូហ៊ីងយ៉ា។ អ្នកស្រី Lewa បានបន្តថា ជាលទ្ធផលនៃការបង្រ្កាប ក្រុមជួញដូរមនុស្សកំពុងតែរក្សាទុកជនធ្វើដំណើរតាមទូកនៅតាមដែនសមុទ្រ ជាជាងនៅក្នុងជំរុំក្នុងព្រៃ។
«ខ្ញុំគិតថា មនុស្សរវាងប្រាំពីរ ទៅប្រាំបីពាន់នាក់បានជាប់គាំងនៅដែនសមុទ្រ។ ពួកគេបានជាប់នៅលើទូក ហើយទូកទាំងនោះនាពេលឥឡូវនេះត្រូវបានប្រើជា ជំរុំ ប៉ុន្តែនៅក្នុងដែនសមុទ្រអន្តរជាតិ។ នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហាក់ដូចជាមានការលួចនាំចូលស្ងាត់ៗ។ ហើយមានមួយចំនួនអាចចូលមកដល់ប្រទេសថៃ ប៉ុន្តែមួយចំនួនតាមរយៈប្រទេសម៉ាឡេស៊ីដោយផ្ទាល់ ហើយមិនត្រូវបានបញ្ជូនទៅជំរុំ»។
នៅក្នុងរបាយការណ៍មួយនាពេលថ្មីៗនេះ ការិយាល័យអ.ស.បប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានធ្វើការប៉ានប្រមាណថា ការលួចនាំចូលជនអន្តោប្រវេសន៍នៅអាស៊ីអាចរកចំណូលបានរហូតដល់ទៅពីរពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ក្រុមឧក្រិដ្ឋជន ដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់ និងការរំលោភបំពានសិទ្ធិមនុស្សជាច្រើន។ អង្គការ UNODC បាននិយាយថា ក្រុមឧក្រិដ្ឋជនទាំងនោះបានបង្ក «ការគំរាមកំហែងយ៉ាងធំមួយ» នៅក្នុងតំបន់។
អង្គការ UNODC ក៏បានអំពាវនាវឲ្យមានចូលការពង្រឹងទិន្នន័យ ច្បាប់ជាតិ និងការកំណត់មុខសញ្ញាបណ្តាញក្រុមលួចនាំចូលមនុស្ស ក៏ដូចជាការការពារប្រសើរជាងមុនទៅលើសិទ្ធិជនអន្តោប្រវេសន៍ និងជនរងគ្រោះ៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា