ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​រំលោភ​បូក​ចុង​ក្រោយ​នៅ​ឥណ្ឌូនេស៊ី​ស្ថិត​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់


រូបឯកសារ៖ បុរសប្រាំនាក់​ដែល​ជា​ជន​ដៃដល់​ក្នុង​ចំណោម​ជន​ដៃដល់​១៤នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភបូក ត្រូវបាន​កាត់​ទោស​ពី​បទ​រំលោភ និង​សម្លាប់​ក្មេងស្រី​អាយុ​១៤ឆ្នាំ នៅ​មុខ​ចៅ​ក្រមនៅ​កោះស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ (REUTERS/Kanupriya Kapoor)
រូបឯកសារ៖ បុរសប្រាំនាក់​ដែល​ជា​ជន​ដៃដល់​ក្នុង​ចំណោម​ជន​ដៃដល់​១៤នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភបូក ត្រូវបាន​កាត់​ទោស​ពី​បទ​រំលោភ និង​សម្លាប់​ក្មេងស្រី​អាយុ​១៤ឆ្នាំ នៅ​មុខ​ចៅ​ក្រមនៅ​កោះស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ (REUTERS/Kanupriya Kapoor)

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៣​ ដែល​ស្ទង់​មតិ​បុរស​នៅ​ទូទាំង​អាស៊ី បង្ហាញ​ថា​ ៣១,៩​ភាគរយ​នៃ​អ្នក​ឆ្លើយតប​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ទទួល​ស្គាល់​ថា​ ពួកគេ​បាន​បង្ខំ​ឲ្យ​ស្ត្រី​រួម​ភេទ​ជាមួយ។

ករណី​រំលោភ​បូក​ថ្មី​មួយ​លើ​ក្មេង​ស្រី​ឥណ្ឌូនេស៊ី​អាយុ​១៥​ឆ្នាំ​ ដោយ​បុរស​វ័យ​ក្មេង​ប្រាំមួយ​នាក់​ នៅ​ក្រុង​ Tangerang ភាគ​ខាង​លិច​កោះជ្វា​ គឺជា​ករណី​រន្ធត់​ចុង​ក្រោយ​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ ដាក់​វប្បធម៌​នៃ​ការរំលោភ​ និង​ការមើល​ងាយ​ស្រ្តី​ទៅ​ក្នុង​របៀបវីរៈ​របស់​ជាតិ។

ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការយល់​ដឹង​ជា​សាធារណៈ​អំពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​ កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ករណី​រំលោភ​បូក​និង​សម្លាប់​ទៅ​លើ​សិស្ស​សាលា​អាយុ​១៤​ឆ្នាំ​ម្នាក់​ ឈ្មោះ​ Yuyun។ នាង​ត្រូវ​បាន​រំលោភ​ ដោយ​បុរស ​និង​ក្មេង​ប្រុស​ចំនួន​១៤​នាក់​ រួម​ទាំង​អតីត​មិត្ត​ប្រុស​របស់​នាង​ផង​ដែរ​ នៅ​ក្នុង​តំបន់​ Bengkulu កោះ​ស៊ូម៉ាត្រា។ សាកសព​របស់​នាង​ ត្រូវ​បាន​រក​ឃើញ​ ដោយ​គ្មាន​សម្លៀក​បំពាក់​ និង​ចង​ដោយ​ខ្សែ​នៅ​ឯ​ចំការ​កៅស៊ូ​ ពីរ​ថ្ងៃ​បន្ទាប់​មក។

ករណី​នេះ​ដំបូង​ឡើយ​ត្រូវបាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ​ ទាល់​តែ​សកម្មជន​ស្រ្តី​និយម​ ចាប់​ផ្តើម​យុទ្ធនាការ​លើ​បណ្តាញ​សង្គម​ទាមទារ​រក​យុត្តិធម៌។

ជន​រង​គ្រោះ​ចុង​ក្រោយ​បង្អស់​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ឈ្មោះ​ជា​អក្សរឡាតាំង​ «S‍»។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស​ ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ជន​រងគ្រោះ​បាន​ឡើង​ជិះ​ឡាន​ក្រុងតូច​ នៅ​ម៉ោង​១​យប់​ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។ ក្នុង​នោះ​ជន​ល្មើស​ពីរ​នាក់​ជា​អ្នក​បើកបរ។ ពួកគេ​មិន​បាន​ជូន​នាង​ទៅ​កាន់​គោល​ដៅ​របស់​នាង​ទេ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​បាន​យក​នាង​ទៅ​ផ្ទះ​ជួល​មួយ​ ដែល​មិត្តភក្តិ​របស់​ពួកគេ​បួន​នាក់​ទៀត​កំពុង​រង់​ចាំ។ ជន​រងគ្រោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ ហើយ​ត្រូវ​បាន​រំលោភ​ដោយ​ជន​សង្ស័យ​ទាំង​នោះ។

បន្ទាប់​ពី​ប្រព្រឹត្ត​បទល្មើស​ ជន​សង្ស័យ​បាន​លែង​នាង S ឲ្យ​ត្រលប់​ទៅ​វិញ។​ នៅ​ទី​បំផុត​ នាង​បាន​រាយការណ៍​ករណី​កើត​ហេតុ​នេះ​ទៅ​ប៉ូលិស​ នៅ​ថ្ងៃ​ទី៤​ ខែ​ធ្នូ។ ជន​សង្ស័យ​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ពីរនាក់​ទៀត​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។
ជន​សង្ស័យ​អាច​នឹង​ត្រូវ​បាន​កាត់​ទោស​ ដោយ​ច្បាប់​ការពារ​កុមារ ហើយ​ពួកគេ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

ស្ថិតិ​បង្ហាញ​ថា​ការ​វាយ​ប្រហារ​ផ្លូវ​ភេទ​លើ​ស្ត្រី​កើន​ឡើង

យោង​តាម​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ (KP) បាន​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់​ថ្ងៃ​ជា​មធ្យម​ មាន​ស្ត្រី​៣៥នាក់​រង​គ្រោះ​ដោយ​អំពី​ហិង្សា​ផ្លូវភេទ​នៅ​ឥណ្ឌូនេស៊ី។
អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រ្តី (KP)លោក​ស្រី Mia Olivia និយាយ​ថា៖​

«ករណី​អំពើ​ហិង្សា​ផ្លូវភេទ​ជា​ច្រើន​ មិន​ត្រូវ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ទេ​ ដោយ​សារ​តែ​ការ​មាក់ងាយ​គ្រួសារ ​និង​សម្ពាធ​ពី​សង្គម។ ដូច្នេះ​នេះ​គ្រាន់​តែ​ជា​មួយ​ផ្នែក​តូច​នៃ​បញ្ហា​ទាំង​មូល​ប៉ុណ្ណោះ»។

ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​បាន​កើន​ឡើង ស្រប​គ្នា​នឹង​ការ​កើន​ឡើង​ទូទៅ​នៃ​ករណី​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្រ្តី ដែល​បាន​កើន​ដល់ ៣២១​,៧៥២​ ករណី​នៅ​ក្នុង​ឆ្នាំ​២០១៥​ ធៀប​នឹង​ឆ្នាំ​២០១៤​ ដែល​មាន​ ២៩៣,២២០​ ករណី។​ ជិត​៧០%​នៃ​អំពើ​ហិង្សា​នេះ ជន​ល្មើស​គឺ​ជា​ដៃគូ​ ឬ​ជា​អតីត​ដៃគូ​របស់​ជន​រងគ្រោះ។

រូបឯកសារ៖ ក្មេងស្រី​ម្លូស្លីម​ម្នាក់​កាន់​ប៉េងបោង​នៅក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​សាសនា Eid al-Adha នៅ​រដ្ឋធានីហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣។
រូបឯកសារ៖ ក្មេងស្រី​ម្លូស្លីម​ម្នាក់​កាន់​ប៉េងបោង​នៅក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​សាសនា Eid al-Adha នៅ​រដ្ឋធានីហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣។

របាយការណ៍​អ.ស.ប បង្ហាញ​ការ​កើន​ឡើង​ដូចគ្នា​ពី​បទល្មើស​ផ្លូវភេទ​លើ​ស្ត្រី

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៣​ ដែល​ស្ទង់​មតិ​បុរស​នៅ​ទូទាំង​អាស៊ី បង្ហាញ​ថា​ ៣១,៩​ភាគរយ​នៃ​អ្នក​ឆ្លើយតប​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ទទួល​ស្គាល់​ថា​ ពួកគេ​បាន​បង្ខំ​ឲ្យ​ស្ត្រី​រួម​ភេទ​ជាមួយ។ ហើយ​ស្ទើរ​តែ​មួយ​ភាគ​បី​នៃ​អ្នក​ដែល​សារភាព​ថា​ធ្លាប់​បាន​រំលោភ​នោះ​ បាន​និយាយ​ថា​ មូលហេតុ​នៃ​ការ​រំលោភ​នោះ​ គឺ​ពួកគេ​មាន​«សិទ្ធិ​ក្នុង​ការ​រួមភេទ»។

មាន​មនុស្ស​ជា​ច្រើន​បាន​បន្ទោស​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ខ្សោយ និង​ការ​កាត់ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ឥណ្ឌូនេស៊ី​មាន​តិចតួច។​ បន្ទាប់​ពី​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សាធារណជន​ ដែល​ផ្ដើម​ចេញ​ពី​ករណី​រំលោភ និង​សម្លាប់​លើ​ Yuyun លោក​ប្រធានាធិបតី Joko Widodo បាន​ណែនាំ​ឲ្យ​មាន​ការ​ពិន័យ​ធ្ងន់ធ្ងរ​ថ្មី​ ទៅលើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ​ រួម​មាន​ចាក់​ថ្នាំ​គីមី​ដើម្បី​បំបាត់​ចំណង់​ផ្លូវ​ភេទ ឬ​ក៏​កាត់​ទោស​ប្រហារ​ជីវិត​ទៅ​លើ​ជនល្មើស​ដែល​រំលោភ​កុមារ។

ការ​បង្កើត​ច្បាប់​ដ៏​តឹងរ៉ឹង

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ BBC កាល​ពី​ខែ​តុលា​ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​និយាយ​ថា៖

«ការ​ចាក់​ថ្នាំ​គីមី​ដើម្បី​បំបាត់​ចំណង់​ផ្លូវ​ភេទ នឹង​អាច​កាត់​បន្ថយ​បទល្មើស​ផ្លូវ​ភេទ​និង​លុប​បំបាត់​បញ្ហា​នេះ​បាន ប្រសិន​បើ​យើង​អនុវត្ត​វិធានការ​នេះ​ជាប់​លាប់»។
ក៏ប៉ុន្តែ ​សកម្មជន​និយាយ​ថា​ វិធានការ​នេះ​គឺ​អមនុស្សធម៌​ គ្រាន់​តែ​ជា​ការ​ប្រតិកម្ម​ ហើយ​មិន​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ឥរិយាបថ​ធំ​ជាង​នេះ ដែល​ធ្វើ​ឲ្យ​ការ​រំលោភ​មាន​ភាព​ស្រប​ច្បាប់​នោះ​ទេ។

លោក​ស្រី​ Tunggal Pawestri ដែល​ជា​សកម្មជន​សិទ្ធិ​ស្ត្រី​ប្រចាំ​នៅ​រដ្ឋធានី​ហ្សាការតា និយាយ​ថា៖

«យើង​មិន​គាំទ្រ​វិធានការ​នេះ​ទេ​ ព្រោះ​ពួកយើង​គោរព​សិទ្ធិ​មនុស្ស។ ហើយ​វា​មិន​បាន​ជួយ​អ្វី​នោះ​ទេ​ សូម្បី​តែ​ច្បាប់​ដែល​មាន​ពី​មុន​ មាន​ជន​រំលោភ​តិច​ណាស់​ដែល​ទទួល​រង​ការ​ពិន័យ​ខ្លាំង​បំផុត​នោះ»។ [ការ​ដាក់​ទណ្ឌកម្ម​បែប​ប្រតិកម្ម] មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ។​ អ្នក​បង្កើត​គោលនយោបាយ​ ត្រូវ​គិត​រក​ដំណោះ​ស្រាយ​បញ្ហា​នេះ​ដោយ​បន្ថែម​ការ​អប់រំ ដូចជា​ការ​អប់រំ​សង្គម ​និង​ការ​អប់រំ​ផ្លូវភេទ។ ដូច្នេះ​បុរស​នឹង​រៀន​គោរព​ស្ត្រី ហើយ​ប្រាស្រ័យ​ជាមួយ​ស្ត្រី​ដោយ​ការ​គោរព។

ប្រពៃណី​ឥណ្ឌូនេស៊ី​ធ្វើ​ឲ្យ​ស្ត្រី​ចាញ់​ប្រៀប

នៅ​ក្នុង​សង្គម​ឥណ្ឌូនេស៊ី​ដែល​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​បុរស​ ស្ត្រី​ភាគ​ច្រើន​គឺ​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ។ ជនជាតិ​ឥណ្ឌូនេស៊ី​ភាគ​ច្រើន​ យល់​ថា​ការ​ការពារ​«ភាព​បរិសុទ្ធ​» គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ស្ត្រី​ ជាជាង​ឲ្យ​បុរស​ទប់​ចំណង់​ផ្លូវ​ភេទ​ខ្លួន​ឯង។ នៅ​ក្នុង​ទំនាក់ទំនង​ និង​អាពាហ៍ពិពាហ៍​ជា​ច្រើន​ ស្ត្រី​ត្រូវ​គេ​រំពឹង​ឲ្យ​ផ្ដល់​ការ​រួមភេទ​ដល់​ដៃ​គូ ​តាម​តែ​បុរស​ត្រូវ​ការ។

នាង​ Tunggal និយាយ​ថា៖​

«ស្រ្តី​ត្រូវ​បាន​ចាត់​ទុក​ជា​វត្ថុ​កម្មសិទ្ធិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពេក​ហើយ»។
ទោះ​បី​ជា​មាន​មនុស្ស​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​នេះ​ក៏ដោយ អត្តចរិត​អភិរក្ស​និយម​នៅ​តែ​ជ្រាប​នៅ​គ្រប់​ស្រទាប់​នៅ​ក្នុង​សង្គម​ ហើយ​ទស្សនៈ​មើល​ងាយ​ស្ត្រី​ ត្រូវ​បាន​ឃើញ​ជារឿយៗ​ នៅ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ និង​អ្នក​នយោបាយ។

កាលពី​ឆ្នាំ​២០១៣​ បេក្ខជន​សម្រាប់​តំណែង​តុលាការ​កំពូល​ឥណ្ឌូនេស៊ី​ ផ្ដល់​យោបល់​ទៅ​កាន់​គណៈកម្មការ​សភា​ ថា​ ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ ​ពេញ​ចិត្ត​នឹង​ការ​រំលោភ។ នៅ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​លើ​ករណី​រំលោភ​ក្នុង​ឆ្នាំ​២០១៤​ លោក​ Fauzi Bowo​ ដែល​នៅ​ពេល​នោះ​មាន​តួនាទី​ជា​អភិបាល​រដ្ឋធានី​ហ្សាការតា និយាយ​ថា​ ស្ត្រី​ដែល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ គួរ​តែ​ស្លៀកពាក់​បិត​បាំង​ដើម្បី​ជៀសវាង​ពី​ «ផល​វិបាក​ដែល​មិន​ចង់​ឲ្យ​កើត​មាន»។

មាន​ច្បាប់​បង្កើត​ថ្មី​ តែ​បញ្ហា​ជាច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ

រហូត​មក​ដល់​ឆ្នាំ​២០០៤​ ការ​រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​ចាត់​ចូល​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឥណ្ឌូនេស៊ី​ថា ជា​«បទល្មើស​ប្រឆាំង​សីលធម៌​» មាន​ន័យ​ថា​ នៅ​ក្នុង​ករណី​ជាច្រើន​ តុលាការ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​មូលហេតុ​ «សីលធម៌» របស់​ស្ត្រី​ជា​ជនរងគ្រោះ​ ជាជាង​ស្វែង​រក​ពី​មូលហេតុ​ដែល​ការ​ចាប់​រំលោភ​នោះ​បាន​កើត​មាន​ឡើង​ឬ​ក៏យ៉ាងណា។ ច្បាប់​នេះ​ក៏​មិន​មាន​ការ​ការពារ​តាម​ច្បាប់​ចំពោះ​ករណី​រំលោភ​សេព​សន្ថវៈ​ក្នុង​ចំណោម​ប្តីប្រពន្ធ​ស្រប​ច្បាប់​ដែរ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ ស្ត្រី​ត្រូវ​បាន​ការពារ​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ នៅ​ក្នុង​ករណី​ប្តីប្រពន្ធ​ស្របច្បាប់ ដោយ​ច្បាប់​ស្តី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ប៉ុន្តែ​សកម្មជន​និយាយ​ថា​ មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ទាន់​យល់​ដឹង​អំពី​ការ​ការពារ​ដោយ​ច្បាប់។

រូបឯកសារ៖​ ក្មេងស្រីម្នាក់​ងាក​មុខចេញមិនឲ្យ​គេ​ថើប នៅក្នុង​ពិធីបុណ្យ​ថើប​ឈ្មោះ «‍Omed Omedan» នៅ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។
រូបឯកសារ៖​ ក្មេងស្រីម្នាក់​ងាក​មុខចេញមិនឲ្យ​គេ​ថើប នៅក្នុង​ពិធីបុណ្យ​ថើប​ឈ្មោះ «‍Omed Omedan» នៅ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។

ការ​រីក​រាលដាល​អំពើ​បៀតបៀន​កេរ្តិ៍​ខ្មាស

រហូត​មក​ដល់​បច្ចុប្បន្ន​ គ្មាន​ច្បាប់​ប្រឆាំង​អំពើ​បៀតបៀនកេរ្តិ៍ខ្មាស ដែល​កើត​ឡើង​ចំពោះ​ស្ត្រី​ឥណ្ឌូនេស៊ី​ជា​រៀងរាល់​ថ្ងៃ​នៅ​ឡើយ​ទេ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ នាង​ Aditya ដែល​ធ្វើ​ដំណើរ​ពី​ក្រុង​ Tangerang ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​រដ្ឋធានី​ហ្សាការតា​ និយាយ​ថា​ អំពើ​បៀតបៀន​កេរ្តិ៍​ខ្មាស​ ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​ទៅ​ហើយ។ នៅ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ ដែល​ណែន​តាន់តាប់​ ការ​ប៉ះស្ទាប​លើ​រូបរាងកាយ​របស់​មនុស្ស​ស្រី​កើត​មាន​ជា​ធម្មតា​ ហើយ​ការ​ហួច​ជា​សម្លេង​ផ្តោះផ្តង​ដាក់​ស្រីៗ​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ ជា​លទ្ធផល​ ក្រុមហ៊ុន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ TransJakarta បាន​រៀបចំ​ឲ្យ​មាន​ទូរ​រថភ្លើង​ និង​ឡាន​ក្រុង​ពិសេស​សម្រាប់​តែ​ស្ត្រី​ និង​មាន​ប៉ូលិស​ការពារ។

ជំហាន​ផ្លូវ​ច្បាប់​ថ្មី​កំពុង​ដំណើរការ

ដើម្បី​ជួយ​ការ​ផ្តន្ទា​ទោស​ករណី​បទល្មើស​លើ​ផ្លូវ​ភេទ​ ច្បាប់​ថ្មី​ប្រឆាំង​អំពើ​ហិង្សា​ កំពុង​ត្រូវ​បាន​ព្រាង​នៅ​ក្នុង​សភា​ឥណ្ឌូនេស៊ី។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ មាន​គោល​បំណង​រៀបចំ​ដាក់​ជា​បទល្មើស​ រាប់​ចាប់​ពី​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​ ការ​បង្ខំ​ឲ្យ​រំលូត​កូន​ រហូត​ដល់​ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ផង​ដែរ។

សេចក្តី​ព្រាង​ច្បាប់​នេះ​ គឺ​ជា​ជំហាន​វិជ្ជមាន​ ប៉ុន្តែ​សកម្មជន​និយាយ​ថា​ មាន​ការងារ​ច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ផ្ដល់​អំណាច​ដល់​ស្ត្រី​នៅ​តាម​មូលដ្ឋាន។
លោកស្រី​ Olin Monteiro ដែល​ជា​ផលិតករ​ភាពយន្ត​ស្តី​អំពី​ស្ត្រី​ និង​ជា​ស្ថាបនិក​ សម្ព័ន្ធ​ស្ត្រី​ឥណ្ឌូនេស៊ី​ (KPI) បាន​រៀប​ចំ​ក្រុម​តូចៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បី​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្តី​អំពី​សិទ្ធិ​ស្ត្រី។

លោក​ស្រី Monteiro បាន​ឲ្យ​ដឹង​ទៀត​ថា​ ស្ត្រី​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ភាគច្រើន​ មិន​ស្គាល់​ពាក្យ​សិទ្ធិ​ស្ត្រី​និយម​នោះ​ទេ។ ប៉ុន្តែ​អារម្មណ៍​នៃ​ការ​ស្អប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ត្រូវ​បាន​ចែក​រំលែក​ជាមួយ​នឹង​ស្រ្តី​ឯ​ទៀត​ជា​ច្រើន។​ លោកស្រី​បាន​ជួប​នឹង​អ្នក​រួច​ជីវិត​ពី​ការ​រំលោភ​សេព​សន្ថវៈ ដែល​មាន​រឿង​ស្រដៀង​គ្នា​នៅ​ជុំវិញ​ប្រជុំ​កោះ​នេះ។

លោក​ស្រី​ Monteiro បាន​បន្ត​ថា​៖

«ស្ត្រី​ពេញវ័យ​ជា​ច្រើន​ត្រូវ​បាន​គេ​រំលោភ​ [នៅ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី]។ ខ្ញុំ​មិន​យល់​សោះ​ ចំពោះ​ករណី​ដែល​កើត​ឡើង​លើ​ Yuyun។ មនុស្ស​ជាច្រើន​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​ក្មេង​ម្នាក់​ត្រូវ​បាន​គេ​រំលោភ។​ ប៉ុន្តែ​សម្រាប់​ខ្ញុំ …មែន​ហើយ … វា​បាន​កើត​ឡើង​លើ​ស្ត្រី​ជា​ច្រើន​រួច​មក​ហើយ​ ហេតុ​អ្វី​អ្នក​ទើប​តែ​មក​ខឹង​សម្បា​នា​ពេល​នេះ​ទៅ​វិញ?»

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG