ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុលសម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​ឥណ្ឌូណេ​ស៊ី​មួយ​លេច​មុខ​ក្នុង​ពិធី​ប្រគល់​សួយ​សារអាករ​ប្រចាំ​ឆ្នាំ


ក្រុម​បុរសក្នុង​កុលសម្ព័ន្ធ​Baduy និងក្រុម​មន្រ្តីថ្នាក់​តំបន់ ធ្វើដំណើរ​រួមគ្នា​ទៅកាន់​ការិយាល័យ​ថ្នាក់​ដឹក​នាំ​ដែនដី
ក្រុម​បុរសក្នុង​កុលសម្ព័ន្ធ​Baduy និងក្រុម​មន្រ្តីថ្នាក់​តំបន់ ធ្វើដំណើរ​រួមគ្នា​ទៅកាន់​ការិយាល័យ​ថ្នាក់​ដឹក​នាំ​ដែនដី

មិន​មាន​នរណា​ដឹងថា​ តើ​ក្រុម​ជន​ជាតិ Baduy ឥណ្ឌូណេ​ស៊ី​បាន​ឈ្មោះ​របស់​ពួក​គេ មកពី​ណាទេ បើ​ទោះជា​អ្នក​ខ្លះ​និយាយ​ថា​ ឈ្មោះ​នេះ​មាន​ប្រភព​មកពី​ទន្លេ «Cibaduy‍» នៅ​ខេត្ត Java​ ខាង​លិច ឬ​ក៏​ឈ្មោះ​នេះ​សំដៅ​លើ​ស្មៅ​មួយ​ប្រភេទ​ឈ្មោះ ‍«Areuy Baduyut‍» ដែល​មាន​ដុះ​នៅ​ដែនដី​របស់​ពួក​គេ​ឬ​វាជា​ឈ្មោះ​ដែល​មាន​ប្រភព​ពី​កុលសម្ព័ន្ធ​អារ៉ាប់​ដែល​មាន​ប្រពៃណី​ពនេចរ​ជាមួយ​សត្វ​ក្នុង​តំបន់​អាហ្រ្វិក​និង​មជ្ឈិម​បូព៌ា។

ក្រុម​កុលសម្ព័ន្ធ​ Baduy ​ក្នុង​ប្រទេស​ឥណ្ឌូណេ​ស៊ី​នេះ មិន​មាន​កំណត់ត្រា​លាយ​លក្ខណ៍​អក្សរ​ផ្ទាល់​ខ្លួន​ឡើយ។ ប៉ុន្តែ​សហគមន៍​ដ៏​បិទ​ជិត​មួយ​នេះ បាន​បង្កើត​ប្រវត្តិ​រឿង​រ៉ាវ​ជោគជ័យ​ដ៏​កម្រ​មួយ​អំពី​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​ដែល​នៅ​បន្ត​រក្សា​របៀប​របប​រស់​នៅ​បែប​បុរាណ មិន​ទទួល​យក​បច្ចេក​វិទ្យា​ទំនើប ការ​អប់រំ​ផ្លូវ​ការ និង​សាសនា​របស់​រដ្ឋ។ ក្រុម​កុលសម្ព័ន្ធ​នេះ រស់​នៅ​តំបន់​មួយ​ដែល​មនុស្ស​ចំណាយ​ពេល​ធ្វើ​ដំណើរ​ត្រឹម​តែ៤​ម៉ោង​ប៉ុណ្ណោះពី​រដ្ឋធានី​ហ្សាការតា​ ដែល​ជា​រដ្ឋធានី​ធំ​ជាង​គេបង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

វិធីមួយ​ដែល​ក្រុម​កុលសម្ព័ន្ធ​នេះ​ធ្វើ​គឺ​តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនងល្អ​ជា​មួយ​នឹងរដ្ឋាភិបាល​ថ្នាក់​តំបន់។ រៀង​រាល់​មួយ​ឆ្នាំ​ម្តង ក្រុម​បុរសៗ​រាប់​ពាន់​នាក់​នៃ​ក្រុម​កុលសម្ព័ន្ធ Baduy បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​ធ្វើ​ការ​របស់​ថ្នាក់​ដឹក​នាំ​ដែនដី​និង​អភិបាល​ខេត្ត​នានា ក្នុង​ពិធី​មួយ​ឈ្មោះ​ថា Seba ​ដើម្បីប្រគល់​សួយសារអាករ​ជាស្រូវ​អង្ករ ទឹក​ឃ្មុំ និង​គ្រាប់​ធញ្ញ​ជាតិ​ផ្សេងៗ​ ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ដល់​ទំនាក់ទំនង​សន្តិភាព​និង​ការ​រក្សា​ការពារ​របៀប​របប​រស់​នៅ​បែប​ប្រពៃណី​របស់​ពួក​គេ​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត។

សម្រាប់​ឆ្នាំ​នេះ ក្រុម​បុរស​កុលសម្ព័ន្ធ​ Baduy ពីរ​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​រទេះ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Rangkasbitung ​ម្តង​ទៀត​ដើម្បីប្រារព្ធ​ពិធី​នេះ។ បុរស​ចំនួន​៥០​នាក់​បាន​ធ្វើ​ ដំណើរ​ថ្មើរ​ជើង​គឺចាក​ចេញ​ពីលំ​នៅ​ដ្ឋាន​តាំង​ពី​ម៉ោង​៤ព្រឹក​ និង​បុរស​ផ្សេងៗ​ទៀត​រួតរះ​ចេញ​ដំណើរ​បន្ទាប់​ពេល​បាយ​ថ្ងៃ​ត្រង់​តាម​រថយន្ត​ក្រុង រថយន្ត​ pick-up ​រថយន្ត​van និងរថយន្ត​ផ្សេងៗ​ បើ​ទោះ​ជាដឹងថា​នឹង​មាន​ការ​កកស្ទះ​ចរាចរណ៍​ក៏​ដោយ ក៏​ពួក​គេ​ត្រូវ​តែ​ដាច់ខាត​ដើរ​ទៅ​ដល់​ការិយា​ល័យ​ធ្វើ​ការ​របស់​អភិបាល​ខេត្ត​ដែរ។ សំណាង​ហើយ​ អ្វី​ដែល​ក្រុម​កុលសម្ព័ន្ធ​ Baduy អាច​ធ្វើ​បាន​ល្អ​នោះ​ គឺ​ពូកែ​ដើរ។

ពិធី​បុណ្យ Seba

ត្រឹម​ម៉ោង​៥រសៀល​ថ្ងៃ​សុក្រ​ទី១៣ ខែ​មេសា ក្រុម​បុរស​កុលសម្ព័ន្ធ​ Baduy រាប់​ពាន់​នាក់​បាន​មក​ដល់​ការិយា​ល័យ​ថ្នាក់​ដឹក​នាំ​ដែនដី​ក្នុង​ទី​ក្រុង Rangkasbitung តាម​កាល​កំណត់​ត្រឹម​ ស្របពេលនោះ​មេឃ​ក៏​បាន​បង្អុរ​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង​ក្នុង​ទី​ក្រុង​នេះ។ ក្រុម​កុលសម្ព័ន្ធ​ បាន​អុចបារី និង​លើក​ចុះ​នូវ​ជំនួន​សួយ​សារអាករ​ដែល​ពួក​បាន​យកមក​ជា​មួយ ដូចជា​ចេក​ខ្ចី ទឹក​ឃ្មុំ​ផ្អែម​ឆ្ញាញ់​រាប់ក្រឡ​ និង​ស្រូវ​អង្ករ​រាប់​បាវ។ ក្រុម​កុលសម្ព័ន្ធ​នឹង​ស្នាក់​មួយ​យប់​ក្នុង​ជម្រក​បណ្តោះ​អាសន្ន​ក្នុង​ទី​ក្រុង​នេះ និង​ដើរ​ទស្សនា​ការិយាល័យ​អភិបាល​ខេត្ត​មុន​ពេល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​ពួក​គេ​វិញ​នៅ​ថ្ងៃ​អាទិត្យ។

កាល​បរិច្ឆេទ​នៃ​ពិធី​បុណ្យ seba ខុស​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប៉ុន្តែ​គេ​តែង​តែ​ប្រារព្ធ​ភ្លាមៗ​បន្ទាប់​ពីរ​ដូវ​កាលច្រូត​កាត់​នា​រដូវ​ផ្កា​រីក។ ធ្លាប់​មាន​ពេល​មួយដែល​ក្រុម​កុលសម្ព័ន្ធ​ Baduy មិន​មាន​ចាយ​ក្រដាស​ប្រាក់​អ្វី​ទាល់​តែ​សោះ ការប្រគល់​សួយសារអាករ​ដល់​រដ្ឋាភិបាល​គឺជា​វិធី​មួយ​ដែល​អាច​ចាត់​ទុកថា​ជាការបង់​ពន្ធ​ជូន​រដ្ឋាភិបាល។ ប៉ុន្តែ​សព្វ​ថ្ងៃ បើ​ទោះ​ជា​ក្រុម​កុលសម្ព័ន្ធ​នេះ​ចាយ​លុយ​ក៏​ដោយ​ក្តី​ ក៏​ក្រុម​នេះ​នៅ​តែ​រក្សា​ប្រពៃណី​ពិធី​បុណ្យ​ជានិ​មិត្ត​រូប​នេះ​ដ​ដែល។

ពីធី​បុណ្យ Seba​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​នឹង​ចាត់​ទុកជា​ព្រឹត្តិការណ៍​វប្បធម៌ និង​បានទាក់​ទាញអ្នក​ទី​ក្រុង​ជា​ច្រើន​មក​ទស្សនា​និង​ថតរូប​កុលសម្ព័ន្ធ​នេះ។ ក្រុម​កុលសម្ព័ន្ធ Baduy ភាគ​ច្រើន​និយាយ​ភាសា​ Sunda ជា​ភាសា​របស់​ខេត្ត​ Java ខាង​លិច ដើម្បី​ប្រាស្រ័យ​ទាក់​ទង​គ្នា ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​ធំក៏​បានប្រើ​ប្រាស់​ភាសា​ជាតិ​ឥណ្ឌូណេ​ស៊ី​ផង​ដែរ។

ក្រុម​កុលសម្ព័ន្ធ​ ក៏​ប្រតិបត្តិ​សាសនា​បែប​ជន​ជាតិ​ដើម ដែល​មាន​ឈ្មោះ​ថា Sunda Wiwitan ដែល​ជឿ​ទៅ​លើព្រលឹង​អារក្ស​អ្នក​តារាប់​បញ្ចូលទាំង​ការ​គោរព​បុព្វ​បុរស និង​ធម្ម​ជាតិ។ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដំបូង​ដែល​ជំនឿ​បែប​ជន​ជាតិ​ដើម (ជា​និន្នាការ​ខុស​ប្លែកពីគេ​ គឺ​ខុស​ពីជំនឿ​សាសនា​ដែល​រដ្ឋ​មាន​អំណាច​អាច​ដាក់​ទោសទណ្ឌ​ដូច​សាសនា​ឥស្លាម និង​គ្រិស្ត​សាសនា) ត្រូវ​បាន​គេ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​សាជា​ថ្មី​ម្តង​ទៀត​ក្នុង​ប្រទេស​ឥណ្ឌូណេ​ស៊ី។

សហគមន៍​ដែលមាន​ការបែង​ចែក​

សហគមន៍​កុលសម្ព័ន្ធ​ Baduy ត្រូវ​បាន​ចែក​ជា​ពីរក្រុម​គឺ ក្រុមអ្នក​ក្នុង ឈ្មោះ​ភាសា​ដើម​ថា «Baduy dalam‍» និង​ក្រុម​អ្នក​ក្រៅ «Baduy luar‍»។ ក្រុម​អ្នកក្នុង មាន​សមាសភាព​ដែល​មាន​ក្រុម​គ្រួសារ​ប្រមាណ​៤០​គ្រួសារ ដែល​ជា​អ្នក​កាន់​ប្រពៃណី​ខ្លាំង​និង​មិន​ទទួល​យក​ច្ចេក​វិទ្យា​ដាច់​អហង្ការ មិន​អនុញ្ញាត​ឲ្យ​អ្នក​មកពី​ខាង​ក្រៅ​ស្នាក់​នៅ​ពេល​យប់ព្រលប់​ក្នុង​ដែនដី​ខ្លួន​ឡើយ។ ពួក​គេ​មិនជិះ​យាន​យន្ត​ដែល​អ្នក​ដទៃ​ដឹក​នោះ​ទេ។ ក្រុម​កុលសម្ព័ន្ធ​ក្រុម​អ្នក​ខាង​ក្នុង ជារឿយ​ៗ​ប្រកប​របរ​លក់​គ្រឿង​សិប្បកម្ម​នៅ​តាម​ទី​ក្រុង​នានា​ រហូត​ដល់​រដ្ឋធានី​ហ្សាការតា​ ប៉ុន្តែ​ពួក​គេ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​លើ​ផ្លូវ​ដែល​ចំណាយ​ពេល​ប្រហែល​២​ថ្ងៃ និង​មិន​ទាំង​ប្រើ​ប្រាស់​ទូរស័ព្ទ ឬ​ផែនទី​មើល​ផ្លូវ​អ្វី​ឡើយ។

ក្រុម​កុលសម្ព័ន្ធ​ក្រុម​អ្នក​ក្រៅ អាច​ប្រើ​ប្រាស់​ទូរស័ព្ទ និង​ធ្វើ​ដំណើរ​តាម​យានយន្ត​ជា​មួយ​គេ​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អាច​បើក​បរ​យាន​យន្ត​ទំនើប​ទេ។ ពេល​ខ្លះ​ក្រុម​នេះ ក៏​អាច​ទៅ​ទី​ក្រុង​មើល​ខ្សែ​ភាពយន្ត​បាន​ដែរ។

លោក​ Sarikam ​វ័យ​៥៥ឆ្នាំ​ ស្ថិត​ក្នុង​ក្រុម​ផ្នែក​ខាង​ក្រៅ​និង​មាន​តួ​នាទី​ជាមន្រ្តី​ទំនាក់ទំនង​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន បាន​និយាយ​ថា៖‍«សម្រាប់ក្រុម​អ្នកក្នុង មាន​ក្រុម​ប្រឹក្សា​វិន័យ​បែប​ប្រពៃណី​ ដែល​ជា​អ្នក​សម្រេច​ថា តើ​ពួក​គេអាច​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បែប​ណាមួយ​នោះ។ ឧទាហរណ៍​ថា​ ក្រុម​ប្រឹក្សា​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ ប៉ុន្តែ​ហាមប្រាម​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ‍»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​បន្ត​ពន្យល់​ថា ដោយ​សារតែ​ក្នុង​ដែនដី​ Baduy មិន​មាន​ថាមពល​អគ្គិសនី​ ក្រុម​កុលសម្ព័ន្ធ​នេះ​ត្រូវ​ចេញ​ពី​ភូមិ​ដ្ឋាន​ទៅ​រកសាក​ថ្ម​ទូរស័ព្ទ។ គាត់​និយាយ​បែប​ខ្មាសអៀន​ថា៖«​ពេល​ខ្លះត្រូវសាក​ថ្មទូរស័ព្ទ​មួយ​ថ្ងៃ​ពីរ​ដង‍»។

អាកប្បកិរិយា​របស់​ក្រុម​កុលសម្ព័ន្ធ​ Baduy ទៅ​លើ​ភាព​ទំនើប​ទាន់​សម័យ គឺ​មាន​លក្ខណៈ​ប្លែកពីគេ​ ហើយ​ប្រហែល​ជាគន្លឹះ​សម្រាប់​ភាពជោគ​ជ័យ​នៃ​ប្រជា​ជាតិ​មួយ​ដែល​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពីរ​ដ្ឋ ​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ក្រុម​មនុស្ស​ភាគ​ច្រើន។

ក្រុម​កុលសម្ព័ន្ធ មាន​ភាពល្បីល្បាញ​ខាង​ត្បាញ​ក្រណាត់​ ហើយ​ក្រុម​ទាំង​ពីរ​នេះ​មាន​បែប​ផែន​នៃ​សម្លៀក​បំពាក់​ប្រពៃណី​ផ្សេង​គ្នា។ ក្រុម​អ្នក​ក្នុង ស្លៀក​សម្លៀក​បំពាក់​ពណ៌​ពង​មាន់ និង​ខ្មៅ ចំណែក​ឯ​ក្រុម​អ្នក​ក្រៅ​ ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ និង​ពណ៌​ខៀវ។ ក្រុម​ទាំង​ពីរ​នេះ មិន​អាចរៀប​អាពាហ៍ពិពាហ៍​ឆ្លង​ក្រុម​បាន​ទេ ប៉ុន្តែ​អាច​ប្រាស្រ័យ​ទាក់​ទង​និង​ធ្វើ​ការជា​មួយ​គ្នា​ស្ទើររៀង​រាល់​ថ្ងៃ។

សហគមន៍​កុលសម្ព័ន្ធ​នេះ ​ក៏​បានបើក​ទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរណ៍​វប្បធម៌​ផង​ដែរ ហើយ​បានទាក់​ទាញ​ការ​ធ្វើ​ដំណើរ​មក​ទស្សនា​ពី​ទាំង​ភ្ញៀវ​បរទេស និងក្នុង​ស្រុក​ស្ទើរ​ពេញ​មួយ​ឆ្នាំ លើក​លែងតែរយៈ​ពេល​បីខែ​មុន​ពេល​ពិធី​បុណ្យ​ Seba គឺ​ពេល​ដែល​ពួក​គេ​មិន​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​ខាង​ក្រៅ។

ការ​ទាក់ទាញ​នៃភាព​ទំនើប​ទាន់​សម័យ​

ក្រុម​កុលសម្ព័ន្ធ​ Baduy មួយ​ចំនួន​តូច​បាន​ចាក​ចេញ​ពី​សហគមន៍​ជារៀង​រាល់​បីបួនឆ្នាំដើម្បីជ្រើសរើស​របៀប​របប​រស់​នៅ​ក្នុង​ពិភព​លោកទំនើប​ជឿនលឿន។ ការណ៍​នេះ​គឺជា​ហានិភ័យ​មួយ​ក្នុង​ចំណោ​មហា​និភ័យ​នានា​ដែល​កើត​ឡើង​ពេល​មាន​ទំនាក់ទំនង​មិន​មាន​អ្វី​ប្រែប្រួល​សោះ​នោះ នេះ​បើ​តាម​សំដី​របស់​សមាជិក​កុលសម្ព័ន្ធ​នេះ ឈ្មោះ​ Saprinaya។ ក្រុម​កុលសម្ព័ន្ធ​ក្រុមអ្នក​ក្នុង​ពេល​ខ្លះក៏​បានបណ្តេញ​ចេញ​មក​រស់​នៅ​ក្នុង​ក្រុម​កុលសម្ព័ន្ធ​ក្រុម​អ្នក​ក្រៅ​ផង​ដែរ ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និង​ប្រកបរបរ​ជួញដូរ​អ្វី​ប្លែក​ផ្សេង​ទៀត។

ក៏​ប៉ុន្តែ​បើ​ទោះ​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ក៏​ដោយ មនុស្ស​ក្នុង​កុលសម្ព័ន្ធ Baduy ភាគ​ច្រើន​មើល​ទៅ​ហាក់​ដូចជា​នៅ​តែ​មាន​មោទនភាព​ចំពោះ​របៀបរបប​រស់​នៅ​របស់​ពួក​គេ​ដដែល។

សមាជិក​ក្រុម​កុលសម្ព័ន្ធ​ Baduy ក្រុមអ្នកក្នុង​ម្នាក់​ឈ្មោះ Jama វ័យ​៣៥ឆ្នាំ ដែល​ជារឿយៗ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចេញ​ចូល​រដ្ឋធានី​ហ្សាការតា​ដើម្បីលក់​ក្រណាត់​ បាន​និយាយ​ថា៖‍«ខ្ញុំ​មិន​ដែល​ចង់​ជិះ​រថយន្ត​ទេ ហើយ​ខ្ញុំ​គិត​ថាវា​ចម្លែក​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​ចំណាយ​ពេល​មើល​ទូរស័ព្ទ​ពេញ​មួយ​ថ្ងៃ​នោះ‍»៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG