ប្រទេសកម្ពុជាបានអះអាងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលឥណ្ឌាបានផ្អាកដំណើរការសាងសង់ប្រាសាទដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរវត្តខ្មែរនៅក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីមានការតវ៉ាពីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងលោកហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជាគឺលោក Naveen Srivastara លោក ជុំ ស៊ុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌាបានអះអាង ថាប្រទេសឥណ្ឌា«បញ្ឈប់ជាបណ្តោះអាសន្ននៃដំណើរការសាងសង់ របស់ប្រាសាទដែលមានលំនាំពីប្រាសាទអង្គរវត្តកម្ពុជា» រួចរាល់ហើយ ហើយខ្លួនក៏បានបញ្ជាឲ្យក្រុមហ៊ុននោះធ្វើការសម្រួលរចនាបទនៃប្រាសាទនោះមិនឲ្យដូចប្រាសាទអង្គរវត្តនោះទេ។
លោក ជុំ ស៊ុន្ទរី បានដកស្រង់សម្តីរបស់លោកឯកអគ្គរដ្ឋទូតNaveen Srivastaraថា៖
«ហើយឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាបានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលឥណ្ឌាបានណែនាំឲ្យក្រុមហ៊ុនឯកជនដែលមានគម្រោងសាងសង់ប្រាសាទតាមលំនាំប្រាសាទអង្គរវត្តកម្ពុជាហ្នឹង ឲ្យធ្វើផ្លាស់ប្តូរ រចនាបទ ហើយហ្នឹងstructure ដើម្បីជៀសវាងកុំឲ្យយកតាមលំនាំរបស់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។ ហើយឯកឧត្តមបានបញ្ជាក់ថា គម្រោង នេះគឺគ្រាន់តែជាគម្រោងមួយរបស់ក្រុមហ៊ុនឯកជននៃប្រទេសឥណ្ឌាដែលមានគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ»។
កាលពីឆ្នាំ២០១២កន្លងទៅ ក្រុមហ៊ុនឯកឥណ្ឌាមួយដែលមានឈ្មោះថា The Mahavir Mandir Trust បានប្រកាសចាប់ផ្តើមធ្វើការសាងសង់ប្រាសាទមួយដែលយកលំនាំពីប្រាសាទអង្គរវត្តកម្ពុជា។ ក្រុមហ៊ុនបញ្ជាក់នាពេលនោះថាខ្លួនអាចចំណាយថវិការហូតដល់ទៅ ៧៥លានដុល្លារអាមេរិក ក្នុងការសាងសង់ប្រាសាទក្នុងរយៈពេល១០ឆ្នាំ។
ក៏ប៉ុន្តែនាដើមខែមិថុនាកន្លងទៅប្រទេសកម្ពុជាបានសរសេរកំណត់ទូតតវ៉ាទៅកាន់រដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីឯកអគ្គរាជទូតកម្ពុជាបានចុះទៅត្រួតពិនិត្យសំណង់ដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរវត្តនោះ។
លោក ជុំ ស៊ុន្ទរី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា៖ «ភាគីឥណ្ឌាក៏បានទទួលស្គាល់ថាប្រាសាទអង្គរវត្តនេះគឺជាដួងព្រលឹង គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ជានិមិត្តរូបរបស់ជាតិកម្ពុជា ហើយគេសន្យាថាគេនឹងមិនធ្វើអ្វីដែលប៉ះពាល់ដល់ដួងព្រលឹង ប៉ះពាល់ដល់ទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរនោះទេ»។
អ្នកប្រវត្តិសាស្ត្រកម្ពុជាលោកបណ្ឌិតរស់ ចន្ត្រាបុត្រ បានសាទរចំពោះដំណឹងផ្អាកការសាងសង់ប្រាសាទដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរវត្តនេះដោយលើកឡើងថាវានឹងអាចធ្វើឲ្យមានទំនាក់ទំនងល្អរវាងប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ដោយចែកដាច់ពីភាពខុសគ្នារវាងវប្បធម៌ អរិយធម៌និងការច្នៃប្រឌិតនៃប្រទេសទាំងពីរ។
«ខ្ញុំឃើញថាជា ការល្អប្រសើរមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងឥណ្ឌា។ ទីពីរអាចប្រសើរមួយទំនាក់ទំនងរវាងកម្ពុជានិងប្រជាពលរដ្ឋឥណ្ឌាដែរ ពីព្រោះយើង និយាយឲ្យចំគឺថាខ្មែរយើងមានប្រភពចេញមកពីឥណ្ឌាដែរ ក៏ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់ខ្មែរគឺយើងបានបង្កើតជាវប្បធម៌ អរិយធម៌មួយ ទោះចេញពីឥណ្ឌាមែន តែមានលក្ខណៈពិសេសគឺជាខ្មែរ»។
លោក ក៏បានបន្តថា៖ «បើយើងឧបមាថា ប្រសិនបើឥណ្ឌាហ្នឹងនៅតែរឹងលើជំហររបស់ខ្លួនដើម្បីបន្តធ្វើ copy អំពីប្រាសាទអង្គរវត្តរបស់ខ្មែរ យើងជឿថានៅពេលហ្នឹងអ្នកសាងសង់ហ្នឹងគឺអត់មានតម្លៃទេបាទ ខ្លួនឯងបន្ថោកតម្លៃរបស់ខ្លួន។ ហើយជាបន្ទាប់ទៅទៀតគឺប្រទេសឥណ្ឌាហ្នឹងគឺបន្ថោក នូវតម្លៃវប្បធម៌និងអរិយធម៌ របស់ឥណ្ឌាដែរពីព្រោះថាពេលហ្នឹងគេនឹងឃើញថាឥណ្ឌាហ្នឹងហាក់ដូចជាខ្វះគំនិត ចក្ខុវិស័យនៅក្នុងការច្នៃប្រឌិតនូវអ្វីដែលជាថ្មី»។
នៅថ្ងៃអង្គារនេះ ប្រទេសឥណ្ឌាក៏បានសន្យាជួយជាទឹកប្រាក់ប្រមាណ៤លានដុលា្លរសហរដ្ឋអាមេរិកក្នុងការជួសជុលប្រាសាទព្រះវិហារនាចុងឆ្នាំ២០១៥ខាងមុខនេះ បន្ទាប់ពីជួយជួសជុលប្រាសាទតាព្រហ្មក្នុងតំបន់ប្រាសាទអង្គរ៕