ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​នាំចេញ​ទំនិញ​ឥណ្ឌា​កើន​ឡើង​ស្រប​ពេល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​កំពុង​តានតឹង


រូបភាព​ឯកសារ៖ នេះ​ជា​រូបភាព​នៃ​រោងចក្រ Orient Craft។
រូបភាព​ឯកសារ៖ នេះ​ជា​រូបភាព​នៃ​រោងចក្រ Orient Craft។

ខណៈ​ការ​សាងសង់​រោងច្រក​ផលិត​សម្លៀកបំពាក់​ដ៏ធំ​មួយ​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​នាំ​មុខ​គេ​មួយ​នៅ​ប្រទេស​ឥណ្ឌា​កំពុង​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​ ក្រុមហ៊ុន​នេះ​មាន​សុទិដ្ឋិនិយម​អំពី​ប្រតិបត្តិការ​របស់​រោងច្រក​នេះ។

រោងចក្រ Orient Craft​ នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ខែសីហា​ខាងមុខ។ រោងច្រក​នេះ​ គឺ​ជា​ការវិនិយោគ​ថ្មី​មួយ​នៅក្នុង​ទីក្រុង Jharkhand ដែល​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​មាន​ការអភិវឌ្ឍ​តិចតួច​នៅ​ប្រទេសឥណ្ឌា។ រោងច្រក​នេះ​នឹង​ត្រូវ​ជួល​កម្មករ​ប្រហែល​៨ពាន់នាក់។

ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Orient Craft លោក A.K. Jain​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្របពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​កាន់​តែ​មាន​ភាពតានតឹង​ ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុននានា​នៅ​សហរដ្ឋអាមេរិក​កាន់​តែ​មាន​ចំនួន​កើនឡើង​នៅ​ប៉ុន្មាន​ខែថ្មីៗ​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ មាន​សុទិដ្ឋិនិយម​អំពី​ការបង្កើត​រោងច្រក​ថ្មី​នេះ។ លោក A.K. Jain​ បាន​និយាយ​បន្ត​ថា «វា​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​ថា​សង្គ្រាម​នេះ​ក្លាយ​ទៅ​ជា​រឿង​ល្អ​វិញ។ វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​យើង»។

លោក Ajai Sahai នាយក​អង្គការ​សហព័ន្ធ​សម្រាប់​ការនាំចេញ​នៅ​ឥណ្ឌា​បាន​និយាយ​ថា​ក្រុមហ៊ុន​នាំចេញ​នៅ​ឥណ្ឌា​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ​ ដែល​ធ្វើ​ឲ្យ​ការ​នាំចេញ​ផលិតផល​ទៅប្រទេស​ទាំងពីរ​នេះ​កើនឡើង។

លោក Ajai Sahai ​បាន​ថ្លែង​ថា៖ «ស្រប​ពេល​ដែល​ការ​នាំ​ចេញ​ជា​ទូទៅ​បាន​កើនឡើង៩ភាគរយ​ ការនាំចេញ​ទៅ​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​ដល់១៣ភាគរយ​ ហើយ​ការនាំ​ចេញ​ទៅ​ប្រទេសចិន​កើនឡើង​ដល់​៣២ភាគរយ»។

ហើយ​ស្របពេល​ដែល​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​កាន់​តែ​ខ្លាំង​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​បាន​បរាជ័យ​ក្នុង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នោះ លោក Ajai Sahai​ កាន់តែ​មាន​សុទិដ្ឋិនិយម។ លោក​បាន​បញ្ជាក់​ថា៖ «ចាប់តាំង​ពី​មាន​ការ​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចេញ​របស់​ប្រទេស​ទាំងពីរ​ពី១០ទៅ២៥ភាគរយ​មក​ យើង​គិតថា​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែច្រើន​នៅក្នុង​ទីផ្សារ»។

របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ខែកុម្ភៈ​ដោយ​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ ឥណ្ឌា​គឺ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសនានា​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន។ របាយការណ៍​នោះ​បាន​ចង្អុល​បង្ហាញ​ថា​ ការនាំចេញ​របស់​ចិន​ដែល​ភាគច្រើន​ត្រូវ​បាន​អាមេរិកដំឡើង​ពន្ធគយ​នឹង​ក្លាយ​ជា​ការនាំចេញ​ដោយ​ប្រទេស​ទីបី​ដូច​ពាក្យ​គេ​និយាយ​ថា «ឆ្លៀត​ឱកាស​កេង​យក​ប្រយោជន៍​ពេល​កំពុង​មាន​ភាពវឹកវរ​ ដែល​ការ​និយាយ​នេះ​អាច​អនុវត្ត​បាន​នៅក្នុង​ប្រទេស​មួយ​ចំនួន»។ ​

ខណៈ​ប្រទេសចិន​បាន​បើកទ្វារ​កាន់​តែ​ទូលាយ​ទិញ​ទំនិញ​កសិកម្ម​ពី​ឥណ្ឌា​ ដូចជា​អង្ករ និងស្ករ​ ការ​នាំ​ទំនិញ​មួយចំនួន​ចេញ​ទៅ​សហរដ្ឋអាមេរិក​ដូចជា​ សារធាតុគីមី​ ថ្នាំពេទ្យ គ្រឿងអលង្ការ​ គ្រឿង​បន្លាស់​រថយន្ត​ និង​សម្លៀកបំពាក់​មាន​ការកើនឡើង។

លោក Sahai បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «យើង​មាន​គម្លាត​តិចតួច​ទាប​ជាង​ប្រទេសចិន​ក្នុង​ការ​នាំ​ទំនិញ​ចេញ​រវាង​ប្រទេសទាំងពីរ។ ប៉ុន្តែ​ដោយសារ​បញ្ហា​ដំឡើង​ពន្ធគយ​នេះ​យើង​អាច​ទូទាត់​គ្នា​វិញ​បាន។ ហេតុដូចនេះ​ហើយ​បាន​ជា​យើង​និយាយ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ចូល​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ចំពោះ​ទំនិញ​មួយ​ចំនួន​ដែល​យើង​ធ្លាប់​ពិបាក​នាំចូល»។

​ក៏ប៉ុន្តែ​ខណៈ​ប្រទេសឥណ្ឌា​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការនាំចេញ​ អ្នកជំនាញ​ពាណិជ្ជកម្ម​បាន​ព្រមាន​ថា​ មាន​បញ្ហា​មួយ​ចំនួន​បង្ក​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុងញូវដេលី​ និង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន។

នៅប៉ុន្មាន​ខែ​ថ្មីៗនេះ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​រិះគន់​ការ​យក​ពន្ធ​របស់​ឥណ្ឌា​ចំពោះ​ទំនិញ​អាមេរិក​មួយ​ចំនួន​ ដោយ​លោក​បាន​និយាយ​ថា​ ឥណ្ឌា​មិន​ផ្តល់​លទ្ធភាព​និង​ភាពស្មើគ្នា​ចូល​ទៅក្នុង​ទីផ្សារ​របស់​ខ្លួន​ដូច​សហរដ្ឋអាមេរិក​ទេ។ អ្នក​សេដ្ឋកិច្ច​ក៏​បាន​ព្រមាន​ដែរ​ថា​ ការធ្លាក់ចុះ​នៃ​ពាណិជ្ជកម្ម​សាកលលោក​ដោយ​សារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ​នឹង​ប៉ះពាល់​ដល់​ប្រទេស​នានា​រួមទាំង​ប្រទេស​ឥណ្ឌា​ផងដែរ ​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​រួចស្រាប់​ទៅ​ហើយ។

កំណើន​សេដ្ឋកិច្ច​ប្រទេសចិន​ឡើង​ខ្លាំង​បំផុត​បាន​ត្រឹម​ ៦,៦ ភាគរយ​នៅ​ត្រីមាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​កំណើន​ទាបបំផុត​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ។ គេ​មិន​រំពឹង​ថា​វា​នឹង​ប្រសើរឡើង​នៅ​ឆ្នាំ​នេះ​ទេ។

ការ​ធ្លាក់ចុះ​នេះ​បណ្តាល​មក​ពី​ការធ្លាក់ចុះ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ ដែល​ជួយ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ឥណ្ឌា។ ខុស​ពី​ប្រទេសនានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​ការប្រណាំងប្រជែង​ខ្លាំង​ក្នុង​វិស័យ​នាំ​ចេញ។ សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ ការកើនឡើង​នៃ​ការ​នាំចេញ​របស់​ឥណ្ឌា​មួយ​ផ្នែក​ធំ​ពឹងផ្អែក​លើ​ការកើនឡើង​ពួកវណ្ណៈ​ថ្នាក់​កណ្តាល​ ដែល​ត្រូវការ​ទិញ​ទំនិញ​ជាច្រើន​ដូចជា​ រថយន្ត​ ទូរទឹកកក​ ម៉ាស៊ីន​ត្រជាក់​ និង​ទំនិញ​ប្រើប្រាស់​ផ្សេងៗ​ទៀត។ ​

ក៏ប៉ុន្តែ​មាន​ក្តីបារម្ភ​ជាច្រើន​ ខណៈ​វិស័យ​លក់​រថយន្ត​ និង​តួលេខ​ទីផ្សារ​ទំនីញ​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ខែថ្មីៗ​នេះ​ដល់​កម្រិត​ទាប​បំផុត​ជិត​ ៨ ឆ្នាំ​មក​នេះ។

រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​នៅ​ក្នុង​ហាង​លក់​រថយន្ត Hyundai​ នៅ​ក្នុង​ក្រុង Gurgaon។
រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​នៅ​ក្នុង​ហាង​លក់​រថយន្ត Hyundai​ នៅ​ក្នុង​ក្រុង Gurgaon។

​​នៅ​ឯ​ហាង​លក់​រថយន្តម៉ាក Hyundai ដែល​ស្ថិត​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Gurgaon ជិត​ទីក្រុង​ញូវដេលី​ ដែល​មាន​សុទ្ធ​តែ​ហាង​លក់ទំនិញ​ថ្លៃៗ​ ប៉ុន្តែ​គេ​ឃើញ​មាន​អតិថិជន​តិចតួច​ប៉ុណ្ណោះ។

នេះ​គឺ​ជា​ការផ្ទុយគ្នាយ៉ាង​ខ្លាំង​ក្នុង​រយៈពេល​៣​ឆ្នាំចុង​ក្រោយ​នេះ​ដែល​នៅ​ពេលនោះ​វិស័យ​លក់​រថយន្ត​បាន​កើនឡើង​និង​បាន​ជួយ​ឲ្យ​ឥណ្ឌា នាំមុខ​ប្រទេស​អាល្លឺម៉ង់​ និង​បាន​ក្លាយ​ជា​ទីផ្សារ​លក់រថយន្ត​លំដាប់ទី៤​នៅក្នុង​ពិភពលោក។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​រោងចក្រ​ផលិត​រថយន្ត​ដូចជា​ ក្រុមហ៊ុន Hyundai Honda និង Toyota ពង្រីក​រោងចក្រ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ឥណ្ឌា។​

លោក Gagan Arora ប្រធាន​ហាង​លក់​រថយន្ត Hyundai បាន​ថ្លែង​ថា៖ «នៅ​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ខែមីនា​និង​ខែមេសា​គឺ​ជា​ខែ​ដែល​លក់​ដាច់​បំផុត។ ប៉ុន្តែ​ឥឡូវនេះ​ការ​លក់​បាន​ធ្លាក់​ចុះ​ពី២០ទៅ៣០ភាគរយ​នៅ​អំឡុងខែ​ទាំងពីរ​នេះ​ផងដែរ។ ឧស្សាហកម្ម​ទាំងមូល​បាន​ធ្លាក់​ចុះ។ គ្មាន​អតិថិជន​ទេ»។

ក្រុមអ្នកសេដ្ឋកិច្ច​ថា​ ខណៈ​ការ​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​និង​ចិន​មាន​ការ​កើនឡើង ឧបសគ្គ​ទីមួយ​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​ឥណ្ឌា​ ដែល​នឹង​ត្រូវ​បង្កើត​ឡើង​បន្ទាប់​ពី​ការបោះឆ្នោត​សភា​ដែល​ទើប​បញ្ចប់​ គឺ​ការ​ស្តារ​សេដ្ឋកិច្ច​តាម​វិធី​ណា ​ហើយ​ត្រូវ​ដឹង​ថា​ហេតុអ្វី​បាន​ជា​អតិថិជន​មិន​ចង់​ចំណាយ​ប្រាក់ទិញ​ទំនិញ៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG