ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ពឥណ្ឌានិងទ័ពចិនបានប៉ះទង្គិចគ្នា២លើកកាលពីឆ្នាំ២០២២ ទោះជាពេលនោះការចចារសន្តិភាពកំពុងបន្តក៏ដោយ


រូបឯកសារ៖ ទាហាន​ឥណ្ឌា​ល្បាត​នៅ​តំបន់​ជ្រលងភ្នំ Ladakh ក្នុង​តំបន់ Pangong Tso ក្បែរ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន​ឥណ្ឌា​ល្បាត​នៅ​តំបន់​ជ្រលងភ្នំ Ladakh ក្នុង​តំបន់ Pangong Tso ក្បែរ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ទាហាន​ឥណ្ឌានិង​ចិនបានប៉ះទង្គិច​គ្នា​យ៉ាង​តិចណាស់ពីរដងក្នុង​ឆ្នាំ ២០២២ នៅ​តាមព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្នុងតំបន់​ភ្នំ Himalaya​ ដែល​នៅទីនោះ ពួកគេស្ថិតក្នុង​ភាព​មិនឈ្នះ​មិនចាញ់​តាំង​ពីឆ្នាំ ២០២០ មក។ នេះបើ​តាម​សេចក្តីរាយការណ៍ថ្មីៗដែល​ត្រូវ​បានលើក​យកមក​ចែង​នៅ​ក្នុង​ការផ្តល់រង្វាន់ដោយ​កងទ័ព​ឥណ្ឌា។

ឧប្បត្តិហេតុទាំងនេះ​មាន​ការ​វាយប្រយុទ្ធ​គ្នា​ដោយប្រើដៃ ហើយ​បានកើត​មានឡើងនៅ​ពេល​ដែល​រដ្ឋាភិបាលក្រុងញូវដែលីនិងក្រុងប៉េកាំងបានធ្វើកិច្ចចរចា​ខាងការទូត​និងខាង​យោធាមួយ​ចំនួន​ ដើម្បី​ដោះស្រាយ​ជម្លោះយោធាដ៏អាក្រក់បំផុតរបស់ប្រទេស​ទាំងពីរ​នៅក្នុង​ពេលជា​ច្រើនទសវត្សរ៍មកហើយ។

គ្មានរបាយការណ៍​អំពី​មនុស្ស​ស្លាប់នៅក្នុង​ឧប្បត្តិហេតុ​ទាំង​នេះទេ។ មាន​ទាហានឥណ្ឌា​យ៉ាង​តិច​ណាស់ ​២០នាក់ និងទាហាន​ចិន​បួន​នាក់​ត្រូវបានសម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅក្នុងតំបន់នោះ កាល​ពី​ពីរឆ្នាំមុន​ គឺនៅពាក់កណ្តាលឆ្នាំ ២០២០។​

ការប៉ះទង្គិច​គ្នាទាំង​នេះ​កើតឡើង​នៅក្នុង​តំបន់ Ladakh នៃប្រទេសឥណ្ឌា​ ដែលជា​ការប៉ះទង្គិច​គ្នាចុង​ក្រោយ​បង្អស់គេ ​ត្រូវ​បានគេ​ដឹងនៅ​ពេល​នេះថា​ បានកើត​មាន​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​បង្ហាញថា ការតានតឹងនៅ​តាមព្រំដែន​នេះដែលគ្មាន​ការកំណត់​ជាក់លាក់ឱ្យបានគ្រប់គ្រាន់ បាន​បន្តកើត​មាន​យូរជាងអ្វីដែលគេ​បាន​រាយការណ៍ពី​ពេល​មុន។

កងទ័ពឥណ្ឌា​និង​ចិន​មិនបាន​ឆ្លើយតប​ជា​បន្ទាន់នឹង​សំណើសុំ​អត្ថាធិប្បាយ​ទេ។

ព័ត៌មាន​លម្អិតនៃការប៉ះទង្គិច​គ្នាថ្មីៗបាន​លេចឡើង ​បន្ទាប់​ពីកងទ័ព​ជើង​គោក​ឥណ្ឌា​ផ្តល់មេដាយ​ដល់ទាហានខ្លះ ដែល​យោធា​ឥណ្ឌានិយាយ​ថា បាន​ទប់ទល់​នឹងទាហាន​ចិនដែល​បាន​ព្យាយាម​ចូល​ក្នុង​ដែនដីឥណ្ឌា ​នៅ​ក្នុង​ឧប្បត្តិហេតុ​យ៉ាង​តិចណាស់ពីរ​ កាលពី​ឆ្នាំ ២០២២។

សេចក្តីប្រកាសនៅ​ពេលប្រគល់​មេដាយ​នោះបាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឧប្បត្តិហេតុទី ១ ​កាលពីខែមករា ឆ្នាំ​២០២២ «ទាហាន​មួយ​ចំនួននៃ​កងទ័ពរំដោះ​របស់ប្រជាជនចិនបាន​វាយ​ប្រហារ»​ ប៉ុស្តិ៍​មួយរបស់កងទ័ព​ឥណ្ឌា​ក្នុ​ងតំបន់ Ladakh នា​ប៉ែក​ខាងកើត​ប្រទេស។

សេចក្តី​ប្រកាសនេះ​បានចែង​ថា ​នៅក្នុង​ការវាយប្រយុទ្ធគ្នា​ដោយប្រើដៃ​នោះ ទាហានឥណ្ឌា​ម្នាក់​បានធ្វើឱ្យ​របួសទាហានចិនយ៉ាងតិច​បួននាក់​ ហើយកញ្ឆក់​បាន​កាំភ្លើង​វែង​ពី​ទាហាន​ចិន​ ​«ដោយបានបង្ខំពួក​គេ​ឱ្យ​ត្រឡប់ទៅវិញ»។

នៅ​ក្នុង​ឧប្បត្តិហេតុទី​ ២ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០២២ ទាហានឥណ្ឌាបានរុញ​ច្រាន «ទាហាន​មួយ​ក្រុមមានគ្នាពី ៤០ទៅ៥០នាក់» ​ដែល​ប្រឹងប្រែង​ចូល​ក្នុង​ដែនដី​ឥណ្ឌា។ ការប្រកាស​មួយទៀត​បាននិយាយ​ថា អង្គភាព​មួយ​នៃទាហានឥណ្ឌា​បានវាយ​ប្រហារ​និង​ធ្វើឱ្យ​ទាហានចិន​របួស«ដូច្នេះ​ធ្វើ​ឱ្យខកខាន​ផែនការរបស់​សត្រូវក្នុងការវាយ​យកប៉ុស្តិ៍នោះ»។

សេចក្តី​ប្រកាសផ្តល់មេដាយទាំងនេះ​ក៏​បាន​ឱ្យដឹង​ដែរថា កង​អង្គភាពនៃ​កងទ័ពប្រទេស​ទាំងពីរ​បានស្ថិត​ក្នុងភាពមិនឈ្នះមិនចាញ់​រយៈពេល​ពីរថ្ងៃនៅក្នុង​តំបន់មួយ​ដែល​មិនត្រូវបាន​កំណត់​ឱ្យ​ច្បាស់លាស់​ ​កាលពីឆ្នាំ ២០២២។

ការពិភាក្សាខាង​យោធា​និង​ខាងការទូត​រវាង​ប្រទេសទាំង​ពីរដែលមានអាវុធ​នុយក្លេអ៊ែរ​ដើម្បី​ដោះស្រាយ​ភាពមិនឈ្នះ​មិនចាញ់នេះ ​ដែលបានចាប់ផ្តើម​ធ្វើកាលពី​ពាក់​កណ្តាល​ឆ្នាំ ២០២០​ មិនបានធ្វើឱ្យមាន​ដំណោះស្រាយ​ចុងក្រោយ​នៅឡើយទេ។

ជម្លោះព្រំដែន​រវាង​ឥណ្ឌា​និង​ចិនបាន​កើតមាន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ ហើយ​ភាគី​ទាំង​ពីរបានប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាមរយៈពេល​ខ្លីមួយ ​តែមាន​ការបង្ហូរឈាម​ច្រើន​កាល​ពី​ឆ្នាំ ១៩៦២។

នៅ​ក្នុងព្រឹត្តិការណ៍​មួយដាច់ដោយ​ឡែក ទីភ្នាក់ងារ​ព័ត៌មាន Reuters ​បាន​រាយការណ៍ថា ឥណ្ឌា​អាចបន្ធូរ​ការពិនិត្យវិនិច្ឆយ​របស់ខ្លួន​លើវិនិយោគ​ចិន ​ប្រសិនបើ​ព្រំដែន​នៃ​ប្រទេសទាំង​ពីរនេះនៅ​មានសន្តិភាព។ ​មន្ត្រីឥណ្ឌាជាន់ខ្ពស់ម្នាក់​បាននិយាយ​ដូច្នេះ នៅ​ក្នុង​សញ្ញាទី ១ ​ថា ការ​ពិនិត្យវិនិច្ឆយ​នេះដែលមានរយៈពេល​បួន​ឆ្នាំ​ អាចត្រូវលុប​ចោល។

លោក​ Rajesh Kumar Singh ​អ្នក​ការិយាធិបតេយ្យ​ជាន់ខ្ពស់ខាងគោលនយោបាយ​ឧស្សាហកម្ម​ បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃទី១៧ ខែ​មករានៅក្នុងការប្រជុំ​ប្រចាំឆ្នាំនៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ Davos ប្រទេស​ស្វីស​ថា​ ភាព​តានតឹងខាង​ព្រំដែន​ ដែល​នាំ​ឱ្យ​ទំនាក់ទំនងរវាងប្រទេសអាស៊ីទាំង​ពីរ​ដែល​មានអាវុធ​នុយក្លេអ៊ែរ​រអាក់រអួល​នោះ ​បាន​ធូរស្រាលដែល​អាច​នាំ​ឱ្យមានការកែលម្អដល់ចំណងទាក់ទងគ្នាខាងការបណ្តាក់​ទុន។

កាល​ពីឆ្នាំ ២០២០ ឥណ្ឌាបានបន្តឹង​ការពិនិត្យ​វិនិច្ឆយលើ​វិនិយោគរបស់ក្រុមហ៊ុន​មានមូលដ្ឋានក្នុងប្រទេស​ជិតខាងមានព្រំដែន​ជាប់​ជាមួយ​ខ្លួន ដោយ​បន្ថែម​ការ​ត្រួតពិនិត្យ​ខាង​សន្តិសុខ។ ចំណាត់ការនេះត្រូវបាន​ចាត់ទុកថា​ជា​ការសងសឹក​អំពី​ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​ចិននិង​ឥណ្ឌានៅ​តាមព្រំដែនមាន​ជម្លោះ​របស់ពួក​គេ​ ដែលមានប្រវែង៣៨០០ គីឡូម៉ែត្រ ក្នុង​តំបន់ Himalaya ដែលបាន​សម្លាប់​ទាហាន​ឥណ្ឌា​យ៉ាងតិច​ ២០នាក់ ​និង​ទាហាន​ចិនបួននាក់​ ដែល​ជា​ជម្លោះខាង​យោធាដ៏អាក្រក់​បំផុត​របស់ពួក​គេក្នុងពេលជា​ច្រើនទសវត្សរ៍​មក​នេះ​។

ភាព​តានតឹង​ទាំង​នេះបានបង្អាក់វិនិយោគមានទឹកប្រាក់​រាប់ពាន់​លានដុល្លារ​វាងប្រទេស​ទាំង​ពីរ ​ដែលមានប្រជាជនច្រើន​ជាង​គេ​នៅក្នុង​ពិភពលោក៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG