ប្រធានាធិបតីថ្មីនៃប្រទេសម៉ាល់ឌីវ លោក Mohamed Muizzu បានចាត់វិធានការយ៉ាងឆាប់រហ័សតាមការសន្យាមួយក្នុងយុទ្ធនាការបោះឆ្នោត ដើម្បីដកវត្តមានយោធារបស់ឥណ្ឌាចេញពីប្រទេសរបស់លោក ដោយបានស្នើឱ្យរដ្ឋាភិបាលក្រុងញ៉ូដេលីដកបុគ្គលិកយោធារបស់ខ្លួនចេញពីប្រទេសរបស់លោក។
រដ្ឋបាលរបស់លោក ថែមទាំងបាននិយាយថាខ្លួនកំពុងពិនិត្យសើរើមើលកិច្ចព្រមព្រៀងជាង១០០ ដែលខ្លួនបានចុះហត្ថលេខាជាមួយប្រទេសឥណ្ឌា ដែលមានរួមកិច្ចព្រមព្រៀងស្តីពីកិច្ចការពារប្រទេសនិងសន្តិសុខជាតិផងដែរ។
អ្នកជំនាញហៅរឿងនេះថាជាជំហានថយក្រោយ ក្នុងកិច្ចប្រឹងប្រែងរបស់ឥណ្ឌា ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិននៅក្នុងប្រទេសតូចមួយដែលស្ថិតនៅភាគខាងត្បូង ខណៈដែលលោក Muizzu ដែលគេចាត់ទុកថាជាមេដឹកនាំគាំទ្រចិន ប្រហែលជានឹងងាកទៅរករដ្ឋាភិបាលក្រុងប៉េកាំង។
ខណៈដែលទំនាក់ទំនងរបស់ឥណ្ឌាជាមួយរដ្ឋាភិបាលក្រុងម៉ាល បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងរដ្ឋបាលមុនរបស់លោកអតីតប្រធានាធិបតី Ibrahim Mohamed Solih ដែលដើរតាមគោលនយោបាយផ្តល់ «អាទិភាពឱ្យឥណ្ឌា» នោះ លោក Muizzu បានធ្វើយុទ្ធនាការបោះឆ្នោត លើគោលនយោបាយ «ដកឥណ្ឌាចេញ» ដោយនិយាយថាវត្តមានរបស់ឥណ្ឌានៅក្នុងប្រទេស ប៉ះពាល់លើបូរណភាពទឹកដីរបស់ម៉ាល់ឌីវ។
បុគ្គលិកយោធាឥណ្ឌាចំនួន៧៧នាក់ ដែលលោក Muizzu ចង់ឱ្យឥណ្ឌាយកទៅវិញនោះ ភាគច្រើនជាអ្នកបើកបរ និងអ្នកជួសជុលគ្រឿងម៉ាស៊ីន ដែលកាន់ឧទ្ធម្ភាគចក្រ២គ្រឿង និងយន្តហោះមួយគ្រឿងដែលប្រើប្រាស់ដើម្បីជួយប្រទេសម៉ាល់ឌីវ ក្នុងការឃ្លាំមើលដែនសមុទ្រ និងកិច្ចការជួយសង្គ្រោះជីវិតមនុស្ស។
ប៉ុន្តែក្នុងប្រទេសម៉ាល់ឌីវ វត្តមានរបស់បុរសទាំងនេះ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត ត្រូវបានគេមើលឃើញថាជាវត្តមានរបស់យោធាឥណ្ឌានៅក្នុងប្រទេស៕