ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ៖ វិស័យ​វប្បធម៌​ចូលរួម​តិច​តួច​ដល់​សេដ្ឋកិច្ច


2181207 - Angkor Wat
2181207 - Angkor Wat
រាជធានី​ភ្នំពេញ៖ ផលចំណេញ​ពី​ផ្នែក​វិស័យ​វប្បធម៌​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​របាយការណ៍​នៃ​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​អប់រំ ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​យូណេស្កូ។

កញ្ញា​ម៉ុស្លី ស្តែ​ន​ឡា​ហ្ស៍ (Molly Steinlage) អ្នក​ប្រឹក្សា​អភិវឌ្ឍន៍​ប្រចាំ​អង្គការ​យូណេស្កូ​បានលើក​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សូចនាករ​វប្បធម៌​ដើម្បី​ការអភិវឌ្ឍ​ដែល​រៀបចំ​ដោយ​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ចំណូល​វិភាគទាន​ផលចំណេញ​ដល់​ផលិតផល​ដុល​សរុប​ឬ​GDPពី​ផ្នែក​សារមន្ទីរ​និង​រមណីយដ្ឋាន​មាន​ត្រឹមតែ​១,៥៣​ភាគរយ​តែ​ប៉ុណ្ណោះ។

«យើង​បាន​ឃើញថា​តួលេខ​ផ្លូវការ​មានតែ​មួយ​លាន​ដុល្លារ​អាមេរិក​ទេ​ក្នុង​រយៈពេល​ចុងក្រោយ​បំផុត
នេះ​គឺ​នៅ​ឆ្នាំ២០១១»។

ប៉ុន្តែ​អ្នកស្រាវជ្រាវ​ជាតិ​បែ​ល​ហ្ស៊ី​ក​ដដែល​បញ្ជាក់​ថា​របាយ​ការណ៍​នេះ​មិន​រាប់បញ្ចូល​ចំណូល​ពី​ការ​ទស្សនា​ប្រាសាទ​អង្គរវត្ត​និង​ចំណូល​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នោះ​ទេ។

នាង​បង្ហាញថា​ចំណូល​ពី​ការ​លក់​សំបុត្រ​ដល់​ទេសចរ​បរទេស​សម្រាប់​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​មាន​ចំនួន​៣៣​លាន​ដុល្លារ​អាមេរិក។

កញ្ញា​ម៉ុ​ល្លី ស្តែ​ន​ឡា​ហ្ស៍ ​បញ្ជាក់​បន្ថែម​ថា​តួលេខ​នេះ​ត្រូវបាន​ប្រមូល​ពី​របាយការណ៍​នានា​នៃ​ស្ថាប័ន​ផ្លូវការ​របស់​រដ្ឋ​ហើយ​ទិន្នន័យ​នេះ​បង្ហាញ​ភាព​ខ្សោយ​យ៉ាងខ្លាំង​នៃ​ការទទួល​ផល​ពី​វិស័យ​វប្បធម៌។
មន្ត្រី​អង្គការ​យូណេស្កូ​ដដែល​បន្ថែមថា​ប្រាក់ចំណេញ​នេះ​មាន​កម្រិត​ទាប​ជាង​ប្រទេស​បូស​នៀ ប្រទេស​តូច​មួយ​នៅ​ទ្វីបអឺរ៉ុប​ដែល​ផលចំណេញ​ពី​វិស័យ​វប្បធម៌​មាន​ចំនួន៥,៧២ភាគរយ​នៃ​GDP និង​តិចជាង​ប្រទេស​អេ​ក្វា​ឌ័​រ​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​ដែល​មាន៤,៧៦​ភាគរយ​នៃ​GDP។ ប៉ុន្តែ​ផលចំណេញ​នៃ​វិស័យ​វប្បធម៌​កម្ពុជា​ស្មើគ្នា​ជាមួយ​ប្រទេស​ហ្គា​ណា​ដែល​ស្ថិតនៅ​ទ្វីប​អា​ហ្វ្រិក​ខាង​លិច។

ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​យូណេស្កូ​រៀបរាប់​ថា​ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​វិស័យ​វប្បធម៌​នៅ​កម្ពុជា​មាន​ចំនួន​០,៥​ភាគរយ​នៃ​ចំនួន​អ្នកមាន​ការងារ​ធ្វើ​សរុប។

កញ្ញា​ម៉ុ​ល្លី ស្តែ​ន​ឡា​ហ្ស៍ ​ផ្តល់​យោបល់​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើត​ថវិកា​ជាតិ​ច្រើនជាង​នេះ​សម្រាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ​សម្រាប់​កម្មវិធី​វប្បធម៌។

នាង​លើកឡើង​ថា​ប្រទេស​កម្ពុជា​ពឹងផ្អែក​ច្រើន​លើ​ជនបរទេស​ដែលជា​ហានិភ័យ​មួយ​សម្រាប់​វិស័យ​នេះ។ ជាក់ស្តែង​ដូចជា​វិស័យ​ទេសចរណ៍​កម្ពុជា​ផ្តេកផ្តួល​លើ​អ្នកប្រើប្រាស់​មកពី​ក្រៅប្រទេស​គឺ​មិនមែន​ដៅ​យក​ទីផ្សារ​ក្នុងស្រុក​នោះទេ។

«ផ្នែក​វប្បធម៌​មិនមែន​មានតែ​ផ្នែក​បេតិកភណ្ឌ​មួយ​មុខ​ទេ​ប៉ុន្តែ​វា​បូក​រួម​ទាំង​តន្ត្រី ​វិទ្យុ ​ទូរទស្សន៍​ ការបោះពុម្ពផ្សាយ ​ផលិតកម្ម​គ្រឿងអលង្កា ​ផលិតកម្ម​ផ្នែក​វាយ​ន​ភណ្ឌ។ បើ​យើង​ចង់​អភិវឌ្ឍ​វិស័យ​វប្បធម៌​នេះ ​យើង​អាច​ពិចារណា​លើ​ទីផ្សារ​ក្នុងស្រុក​ផងដែរ​ដោយ​មិនចាំបាច់​ពឹងផ្អែក​តែ​លើ​ការវិនិយោគ​របស់​បរ​ទេស។ដូចជា​ពលរដ្ឋ​កម្ពុជា​ចង់​ទស្សនា​ភាពយន្ត​ខ្មែរ​វា​អាចជា​ទីផ្សារ​ក្នុងស្រុក​សម្រាប់​សេវា​វប្បធម៌»។

ដោយឡែក​កញ្ញា អេ​ឡេ​ណា គូ​ស៊ី​ម៉ា​ណូ ​ទីប្រឹក្សា​ម្នាក់ទៀត​របស់​អង្គការ​យូណេស្កូ ​រកឃើញថា​ប្រព័ន្ធ​អប់រំ​កម្ពុជា​បាន​ខកខាន​ក្នុង​ការបង្កើត​វិជ្ជាជីវៈ​សម្រាប់​ទីផ្សារ​វប្បធម៌។
យ៉ាងណា​ក៏ដោយ​លោក​ហ៊ឹម ឆែម ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និយាយថា​ការរកឃើញ​របស់​អង្គការ​យូណេស្កូ​មិន​សមស្រប​ជាមួយ​នឹង​តួលេខ​ផ្លូវការ​ខាង​រដ្ឋាភិបាល​ហើយ​បានស្នើ​ឲ្យ​អង្គការ​យូណេស្កូ​ពិចារណា​លើ​របាយការណ៍​របស់ខ្លួន​ឡើងវិញ៕
XS
SM
MD
LG