ជំនួយដំបូងនៃបរិក្ខារពេទ្យសំខាន់ៗ ត្រូវបានដឹកមកដល់ប្រទេសឥណ្ឌាហើយកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះ កំពុងតស៊ូទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩នៃរលកទី២ដ៏មហន្តរាយ ដែលជាស្ថានភាពមួយ ដែលប្រធានអង្គការសុខភាពពិភពលោកពិពណ៌នាថា «ហួសពីការឈឺចាប់ទៅទៀត» នោះ។
យន្តហោះដឹកជញ្ជូនចក្រភពអង់គ្លេស បានចុះចតនៅព្រឹកព្រលឹមក្នុងរដ្ឋធានីញូវដែលី ដោយនាំយកមកជាមួយនូវឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន១០០គ្រឿង និងម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនចំនួន៩៥គ្រឿង។ ស្ថានបេសកកម្មការទូតចក្រភពអង់គ្លេសប្រចាំក្នុងប្រទេសឥណ្ឌានិយាយថា យន្តហោះដឹកជញ្ជូនអង់គ្លេសសរុបចំនួន៩គ្រឿង នឹងដឹកជញ្ជូនម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនចំនួន៥០០គ្រឿង និងឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន១៤០គ្រឿងមកកាន់ប្រទេសឥណ្ឌា។
ដោយឡែកប្រទេសដទៃមួយចំនួនទៀត ក៏បានសន្យាដឹកជញ្ជូនជំនួយបរិក្ខារពេទ្យសំខាន់ៗមកកាន់ប្រទេសឥណ្ឌាផងដែរ ដែលក្នុងនោះមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីស្រាអែល និងប្រទេសប៉ាគីស្ថាន ដែលជាសត្រូវក្បែរខាងឥណ្ឌានោះ។ ប្រទេសទាំងនេះ នឹងផ្តល់ជំនួយបរិក្ខារពេទ្យដែលរួមមានផងដែរ សម្លៀកបំពាក់និងសម្ភារៈការពារការឆ្លងជំងឺកូវីដ១៩ ឧបករណ៍ធ្វើតេស្តកូវីដ និងឧបករណ៍មួយចំនួនផ្សេងទៀត។
ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Ghebreyesus បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទកន្លងទៅថា អង្គការ WHO បានប្រកាសរួចហើយថា អង្គការនេះ នឹងបញ្ជូនបុគ្គលិករបស់ខ្លួនចំនួន២.៦០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងជួយប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ៕