នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើសាររបស់លោក Modi បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ X។ នេះគឺជាការសន្ទនាលើកដំបូងបង្អស់រវាងមេដឹកនាំទាំងពីរតាំងពីពេលដែលលោក Trump បានស្បថចូលកាន់តំណែងកាលពីសប្ដាហ៍មុនមក។
លោក Modi បានបញ្ជាក់នៅក្នុងសារបង្ហោះនោះថា៖ «យើងតាំងចិត្តចំពោះភាពជាដៃគូដែលផ្ដល់ផលប្រយោជន៍និងទុកចិត្តគ្នាទៅវិញទៅមក»។ លោកបានបន្ថែមថា លោកក៏បានអបអរសាទរលោក Trump ដែលជា «មិត្តភក្ដិជិតស្និទ្ធ» របស់លោកផងដែរចំពោះការឡើងកាន់អំណាចនៅអាណត្តិទីពីរជាប្រវត្តិសាស្ត្រនេះ។
លោក Modi បាននិយាយថា៖ «យើងនឹងធ្វើការជាមួយគ្នាដើម្បីសុខមាលភាពរបស់ប្រជាជនរបស់យើងនិងឆ្ពោះទៅរកសន្តិភាព វិបុលភាព និងសន្តិសុខនៅលើពិភពលោក»។
សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ហើយពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរបានកើនលើស ១១៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ដោយឥណ្ឌាមានអតិរេកពាណិជ្ជកម្មចំនួន ៣២ ពាន់លានដុល្លារ។
មន្ត្រីការទូតឥណ្ឌានិងមន្ត្រីការទូតអាមេរិកកំពុងព្យាយាមរៀបចំជំនួបរវាងមេដឹកនាំទាំងពីរឲ្យបានលឿនបំផុតនៅដើមខែកុម្ភៈខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ Reuters កាលពីសប្ដាហ៍មុន។
ឥណ្ឌា ដែលជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងកិច្ចប្រឹងប្រែងរបស់អាមេរិកដើម្បីទប់ទល់នឹងចិន មានបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនិងធ្វើឲ្យមានភាពងាយស្រួលជាងមុនសម្រាប់ពលរដ្ឋរបស់ខ្លួនក្នុងការទទួលបានទិដ្ឋាការអាមេរិកសម្រាប់អ្នកធ្វើការជំនាញ៕
លោក Modi និងលោក Trump ពិភាក្សាគ្នាតាមទូរស័ព្ទអំពីទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិក
- Reuters

វេទិកាបញ្ចេញមតិ