ក្រោយរយៈពេល១ទសវត្សរ៍នៃការជីកផ្លូវក្រោមដីក្នុងតំបន់ភ្នំហិម៉ាឡៃ (Himalayas) ដែលមានចម្ងាយជាង៣០០០ម៉ែត្រនោះ ប្រទេសឥណ្ឌាបានបើកឲ្យប្រើប្រាស់នូវផ្លូវយុទ្ធសាស្រ្តក្រោមដីមួយ ដែលមានចម្ងាយ៩គីឡូម៉ែត្រ ជាផ្លូវវាងភ្នំព្រិលទឹកកកក្នុងរដូវត្រជាក់ និងជាផ្លូវកាត់ដែលអាចធ្វើឲ្យចំណេញផ្លូវធ្វើដំណើរប្រមាណ៤៦គីឡូម៉ែត្រ ទៅកាន់តំបន់ Ladakh ជាតំបន់ដែលកងទ័ពប្រទេសឥណ្ឌានិងចិន កំពុងប្រឈមមុខដាក់គ្នា។
ផ្លូវក្រោមដី Atal នេះ នឹងអាចជួយឲ្យប្រទេសឥណ្ឌា ដាក់ពង្រាយកងទ័ពនិងឧបករណ៍យោធាបានយ៉ាងឆាប់រហ័សនៅក្នុងតំបន់ Ladakh។ ដោយស្ថិតនៅចន្លោះបន្ទាត់ព្រំដែនរវាងប្រទេសឥណ្ឌានិងចិននោះ តំបន់វាលខ្សាច់ដ៏ត្រជាក់ Ladakh ដែលស្ថិតនៅផ្នែកខាងជើងប្រទេសឥណ្ឌា បានក្លាយជាចំនុចរសើបមួយ រវាងប្រទេសឥណ្ឌានិងចិន ដែលមានជម្លោះលើបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីនេះ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (ណារិនដ្រា មូឌី) លើកឡើងថា ការយកចិត្តទុកដាក់នូវសេចក្តីត្រូវការចាំបាច់ ចំពោះអ្នកដែលជួយការពារប្រទេសរបស់យើង គឺជាអាទិភាពសំខាន់មួយក្នុងចំណោមអទិភាពសំខាន់នានារបស់រដ្ឋាភិបាលឥណ្ឌា។
ទន្ទឹមនឹងប្រទេសឥណ្ឌានិងចិន មានទស្សនៈខុសគ្នារឿងជម្លោះព្រំដែន ដែលជាបញ្ហាចម្បងបង្កឲ្យមានភាពតានតឹងនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានជំទាស់ទៅនឹងការសាងសង់ផ្លូវយ៉ាងលឿនរបស់ឥណ្ឌា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងថា មិនពិធីសម្ភោធផ្លូវរបស់ឥណ្ឌាថា ៖
«ប្រទេសចិន មិនទទួលស្គាល់អ្វីដែលហៅថា រដ្ឋបាលត្រួតត្រារួមនៃដែនដី Ladakhដែលបង្កើតឡើងខុសច្បាប់ដោយប្រទេសឥណ្ឌានោះ។ ចិនជំទាស់ទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងគ្រប់គ្រងផ្នែកយោធានៅក្នុងតំបន់ជម្លោះព្រំដែននោះ»៕