ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​ចិន​អំពាវនាវ​ទៅ​វិញ​ទៅ​មក​ឲ្យ​ដក​កងទ័ព


រូបឯកសារ៖ ឡាន​ទាហាន​ឥណ្ឌា​មួយ​គ្រឿង​បើក​បរ​នៅ​ជិត​បឹង Pangong Lake តំបន់ Ladakh ប្រទេស​ឥណ្ឌា។
រូបឯកសារ៖ ឡាន​ទាហាន​ឥណ្ឌា​មួយ​គ្រឿង​បើក​បរ​នៅ​ជិត​បឹង Pangong Lake តំបន់ Ladakh ប្រទេស​ឥណ្ឌា។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​លោក ​Rajnath Singh ​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​ (New Delhi) ​ចង់​បាន​ដំណោះស្រាយ​សន្តិវិធី​ចំពោះ​ជម្លោះ​ព្រំដែន​ជាមួយ​ចិន​ តែ​ខ្លួន​ត្រៀម​វិធី​ផ្សេងៗ​ទាំង​អស់​ដើម្បី​ការពារ​បូរណភាព​និង​ដែន​អធិបតេយ្យ​របស់​ខ្លួន។

ដោយអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចិន​អនុវត្ត​ការ​យោគ​យល់​ថ្មី​ដើម្បី​ដក​កងទ័ព​រៀងខ្លួន​ចេញ​នោះ លោក ​Singh ​បាន​និយាយ​ថា៖​ «យើង​អាច​ចាប់​ផ្តើម​សង្គ្រាម ​តែ​ការ​បញ្ចប់​របស់​វា​មិន​មែន​ស្ថិត​នៅ​លើ​ដៃ​យើង​ទេ»។

ភាព​តានតឹង​ផ្នែក​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​ខែ​ទី​៥​ហើយ ​ដែល​មាន​កង​ទ័ព​ដ៏​ច្រើន​របស់​ប្រទេស​ទាំង​ពីរ​ដាក់​ពង្រាយ​នៅ​លើ​ភ្នំ​ហិមាល័យ​ដ៏​ខ្ពស់​ក្នុង​តំបន់ Ladakh ​ដែល​ជា​តំបន់​យុទ្ធសាស្ត្រវាល​ខ្សាច់​លើ​ភ្នំ​ដ៏​ត្រជាក់ ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ដែនដីទីបេ។

ភាគី​ទាំង​ពីរ​បាន​ស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ចំពោះ​ការ​បង្ក​រឿង​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ធ្ងន់ធ្ងរ ​នៅ​ប៉ុន្មាន​ទសវត្សរ៍​នេះ ​ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ដក​កងទ័ព​ចេញ។

ថ្លែង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សភា​ជាន់​ខ្ពស់​លោក Singh​ បញ្ជាក់​ថា ​ចិន​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ដោយ​ប្រមូល​ផ្តុំ​កងទ័ព​និង​គ្រឿង​សព្វាវុធ​នៅ​តំបន់​ប្រទាញ​ប្រទង់​គ្នា​តាម​បណ្តោយ​«ខ្សែបន្ទាត់​កាន់កាប់​ជាក់ស្តែង» (Line of Actual Control) ក្នុង​តំបន់​ភ្នំហិមាល័យ​ដែល​ចែក​ព្រំដែន​នៃប្រទេស​ទាំងពីរ​មិនទាន់​ដាច់ស្រេច​នោះ។​ លោក​បាន​ស្តី​បន្ទោស​កងទ័ព​ចិន​ថា​មិន​អនុញាត​ឲ្យ​កងទ័ព​ឥណ្ឌា​ល្បាត​ក្នុង​តំបន់​ប្រពៃណី​របស់​ខ្លួន​នោះ។

ប្រទេស​ចិន​វិញ​បាន​ស្តី​បន្ទោស​ឥណ្ឌា​អំពីការ​ប្រឈម​គ្នា​នេះ ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin ​កាល​ពី​ថ្ងៃ​ពុធ បាន​ចោទ​ឥណ្ឌា​ថា​បាន​រំលោភ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​មុន។

សម្តី​ខ្លាំងៗ​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​កើត​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​បន្ថយ​ទ័ព​និង​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG