ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ខំ​ជំរុញ​​ការ​​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ ក៏ប៉ុន្តែ​ពេល​នេះ​ថាមពល​ធ្យូងថ្ម​នៅ​តែ​ជា​ចម្លើយ


រូបឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើការ​នៅ​ដេប៉ូធ្យូង​មួយ​នៅ​ទីក្រុង​Ahmedabad ប្រទេស​ឥណ្ឌា​កាលពីថ្ងៃទី​
ឧសភា ឆ្នាំ​២០២៤។
រូបឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើការ​នៅ​ដេប៉ូធ្យូង​មួយ​នៅ​ទីក្រុង​Ahmedabad ប្រទេស​ឥណ្ឌា​កាលពីថ្ងៃទី​ ឧសភា ឆ្នាំ​២០២៤។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ស្ថិត​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​មួយ​អាណត្តិ​ទៀត​ក្នុង​ពេល​ពេញ​មួយ​ខែមេសា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​លោក​បាន​ធ្វើការ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ប្រកាស​ពី​ «ជ័យជម្នះ​ដ៏​អស្ចារ្យ!‍» និង​«ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ»​សម្រាប់​ប្រទេស​របស់​លោក នោះ​គឺ​ការផលិត​បាន​ធ្យូងថ្ម និង​ធ្យូង​លីនីត (lignite) ១ ពាន់​លាន​តោន។ លោក Modi បាន​និយាយ​ថា វា​ជា​ភស្តុតាង​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ធានា​នូវ​វិស័យ​ធ្យូងថ្ម​ដ៏​រស់រវើក។

មួយ​ខែក្រោយ​មក សម្រាប់​រយៈពេល​៣ឆ្នាំ​ជាប់ៗ​គ្នា រដ្ឋាភិបាល​របស់​លោក​បាន​បញ្ជា​ឱ្យ​រោងចក្រ​ធ្យូងថ្ម​មួយ​ចំនួន​ដំណើរការ​ពេញម៉ោង ដើម្បី​បំពេញ​តម្រូវការ​អគ្គិសនី​ដ៏​ខ្ពស់​ក្នុង​អំឡុង​ពេល​រដូវក្តៅ​ដែល​កាន់តែ​ក្តៅ​ខ្លាំង។

ទោះបីជា​ប្រទេស​ឥណ្ឌា​កំពុង​បង្កើន​សមត្ថភាព​ថាមពល​កកើត​ឡើងវិញ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ ក៏​នៅ​ពេល​ដែល​តម្រូវការ​អគ្គិសនី​កើន​ឡើង ប្រទេស​នេះ​នៅតែ​ត្រឡប់​ទៅ​រក​ប្រភព​ថាមពល​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​របស់​ខ្លួន​គឺ​ធ្យូងថ្ម។

សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ប្រទេស​ឥណ្ឌា​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ថាមពល​យ៉ាង​ច្រើន​ពី​ចំនួន​ប្រជាជន​ដែល​កំពុងតែ​កើន​ឡើង​របស់​ខ្លួន និង​តម្រូវការ​ភាព​ត្រជាក់​កាន់តែ​ច្រើន​ដោយសារតែ​កម្តៅ​ខ្លាំង​ដែល​មួយ​ផ្នែក​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ ដោយ​ពឹងផ្អែក​លើ​រោងចក្រ​ដុត​ធ្យូងថ្ម​របស់​ខ្លួន។ ប្រទេស​នេះ ក៏​មាន​គម្រោង​បង្កើន​រោងចក្រ​ធ្យូងថ្ម​បន្ថែម​ទៀត​ផងដែរ។

តម្រូវការ​ធ្យូងថ្ម​នៅ​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ជិត​១០% ក្នុង​ឆ្នាំ២០២៣ ឬ​ប្រមាណ​ជា​១០៥ លាន​តោន ដែល​ជា​ការ​កើន​ឡើងដ៏​ច្រើន​បំផុត​គិត​ជា​ភាគរយ​សម្រាប់​ប្រទេស​មួយ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA)។ តម្រូវការ​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​៦%។

លោក Carlos Fernández Alvarez អ្នក​សរសេរ​របាយការណ៍​នៃ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​ថា៖ «យើង​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌា​ពិត​ជា​យកចិត្ត​ទុកដាក់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​បញ្ហា​អាកាសធាតុ»។ ក៏ប៉ុន្តែ លោក Alvarez បាន​ទទួល​ស្គាល់​នូវ​«តម្រូវការ​ដ៏​ច្រើន​សម្បើម​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មាន​អគ្គិសនី​ប្រើប្រាស់»​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​លោក​បាន​ថ្លែង​បន្ថែម​ថា «យើង​មិន​ជឿ​ថា ឥណ្ឌា​នឹង​ក្លាយ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ផ្លាស់ប្តូរ​ពី​ការ​ប្រើប្រាស់​ធ្យូង​ថ្ម‍​នោះ​ទេ»។

តម្រូវការ​អគ្គិសនី​ជាង​៧០% នៅ​ប្រទេស​ឥណ្ឌា​នៅ​តែ​ត្រូវ​បាន​បំពេញ​ដោយ​ការ​ប្រើ​ធ្យូងថ្ម ទោះបីជា​ថាមពល​កកើត​ឡើងវិញ​ដូច​ជា​ខ្យល់ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កំពុង​កើន​ឡើង​ក៏ដោយ។

ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំមុន​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រជាជន​ចំនួន​១.៤០០​លាន​នាក់។ យោង​តាម​ទីភ្នាក់ងារ IEA បាន​ឱ្យ​ដឹង​ថា តម្រូវការ​អគ្គិសនី​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​យ៉ាង​តិច​ណាស់​៦% ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

មូលហេតុ​ដែល​ធ្យូងថ្ម​នៅតែ​ជា​ថាមពល​ចម្បង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

ប្រទេស​ឥណ្ឌា​មាន​ប្រជាជន​រាប់លាន​នាក់​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ ក៏ប៉ុន្តែ មាន​មនុស្ស​រាប់​លាន​នាក់​ទៀត​បាន​ចាកចេញ​ពី​ភាព​ក្រីក្រ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​រីកចម្រើន។ ហើយ​អ្នក​ទាំង​នោះ​ជា​ច្រើន​នាក់​នឹង​អាច​មាន​លទ្ធភាព​ចំណាយ​ទៅ​លើ​ថាមពល​អគ្គិសនី។

លោក Charith Konda អ្នកវិភាគ​អំពី​ថាមពល​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ថាមពល និង​ការវិភាគ​ហិរញ្ញវត្ថុ​បាន​និយាយ​ថា៖ «ទោះបីជា​នរណា​ម្នាក់​ទទួល​បាន​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​មាន​ផាសុខភាព​ក៏ដោយ ក៏​អ្នក​នឹង​ឃើញ​តម្រូវការ​អគ្គិសនី​នឹង​មាន​ច្រើន​ឡើង»។ លោក​បាន​និយាយ​ថា លោក​រំពឹង​ថា កំណើន​៧% នៅ​ក្នុង​តម្រូវការ​ប្រចាំ​ឆ្នាំ​«គឺ​ជា​ចំនួន​អប្បបរមា​តែប៉ុណ្ណោះ»។

លោក Konda បាន​និយាយ​ថា ខណៈ​ពេល​ដែល​ថាមពល​កកើត​ឡើងវិញ​កំពុង​កើនឡើង ប្រទេស​ឥណ្ឌា​ត្រូវ​បន្ថែម​កន្លែង​ផ្ទុក​អាគុយ​ជាច្រើន​ដើម្បី​អាច​ប្រើ​ថាមពល​នោះ​ជំនួស​ធ្យូងថ្ម​សម្រាប់​តម្រូវការ​នៅ​ពេល​យប់។

តម្រូវការ​អគ្គិសនី​មិនមែន​ជា​កត្តា​តែ​មួយ​គត់​ដែល​ជំរុញការ​បន្តប្រើប្រាស់ធ្យូងថ្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ។ លោក Konda បាន​ចង្អុល​បង្ហាញ​ពី​ការងារ​រាប់​លាន​នៅ​ក្នុង​វិស័យ​ធ្យូងថ្ម រួម​ទាំង​វិស័យ​ដែល​ពាក់ព័ន្ធ​ដូចជា ផ្លូវដែក​សម្រាប់​រថភ្លើង​ដែល​ប្រើ​សម្រាប់​ដឹកជញ្ជូន​ធ្យូងថ្ម។ សូចនាករ​មួយ​នៃ​ការ​កើន​ឡើង​នៃ​ធ្យូងថ្ម​គឺ នៅ​ពេល​ដែល​អាកាសធាតុ​ក្តៅ​បំផុត​នៅ​ក្នុង​រដូវក្តៅ​នៅ​ឆ្នាំ២០២២ រដ្ឋាភិបាល​បាន​លុបចោល​ជើង​រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ជិត​២.០០០​ខ្សែ​ ដើម្បី​ឱ្យ​រថភ្លើង​ដឹក​ធ្យូង​ថ្ម​អាច​ទៅ​ដល់​រោងចក្រ​ថាមពល​បាន​លឿន​ជាង​មុន។

កត្តា​នានាដែល​អាច​នាំ​ឱ្យ​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ប្រើប្រាស់​ថាមពល​ស្អាត

ប្រទេស​ឥណ្ឌា​បាន​បង្កើន​សមត្ថភាព​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​របស់​ខ្លួន​ច្រើន​ជាង​មុន​ចំនួន​២៥​ដង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​ឥឡូវនេះ​បាន​ដំឡើង​ថាមពល​ខ្យល់ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន​១៩៥​ជីហ្កាវ៉ាត់។

ក៏ប៉ុន្តែ តម្រូវការ​គឺ​ត្រូវ​លឿន​ជាង​នេះ។ យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ថាមពល និង​អាកាសធាតុ​ឥណ្ឌា នៅ​សាកល​វិទ្យាល័យ University of California, Berkeley បាន​ឱ្យ​ដឹង​ថា តម្រូវការ​អគ្គិសនី​ច្រើន​បំផុត​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ​២៥០​ជីហ្កាវ៉ាត់​នៅ​ក្នុង​ខែ​ឧសភា។ តម្រូវការ​នោះ​អាច​លើស​ពី​៣០០ ជីហ្កាវ៉ាត់​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​នេះ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​ដែល​បាន​ឱ្យ​ដឹង​ថា ការណ៍​នេះ​គឺ​មាន​ន័យ​ថា​មាន​ការ​ខ្វះខាត​ថាមពល​នៅ​ពេល​យប់។

ប្រទេស​ឥណ្ឌា​បាន​កំណត់​គោលដៅ​ថាមពល​ស្អាត​៥០០​ជីហ្កាវ៉ាត់ នៅ​ចុង​ទសវត្សរ៍​នេះ។

លោក Ashish Fernandes នៃ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង្គការ Climate Risk Horizons បាន​និយាយ​ថា «នៅ​ក្នុង​ឆ្នាំ​២០១៥ និង​២០១៦ យើង​បាន​ឃើញ​រយៈពេល​ពីរ​បី​ឆ្នាំ​នៃ​ការ​រីកចម្រើន​ដ៏​ល្អ​នៃ​ថាមពល​កកើត​ឡើង​វិញ។ ចាប់តាំង​ពី​ពេល​នោះ​មក វា​ហាក់​ដូច​ជា​នៅ​ទ្រឹង‍»។

លោក Fernandes និង​អ្នក​ជំនាញ​ផ្សេង​ទៀត​និយាយ​ថា ប្រទេស​ឥណ្ឌា​ត្រូវការ​ដំឡើង​ថាមពល​ស្អាត​យ៉ាង​តិច​ណាស់​ពី៥០ ទៅ៦០ ជីហ្កាវ៉ាត់​ក្នុង​មួយ​ឆ្នាំ ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើន​ឡើង។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​ការ​បូក​ផ្សំ​ចូលគ្នា​នៃ​ការសម្រេចចិត្ត​ផ្នែក​គោលនយោបាយ នយោបាយ និង​បញ្ហា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នោះ ថាមពល​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ​តិច​ជាង​១៥ ជីហ្កាវ៉ាត់​ត្រូវ​បាន​ដំឡើង​ជា​រៀងរាល់​ឆ្នាំ។

លោក Konda ដែល​ជា​អ្នកវិភាគ​អំពី​ថាមពល​បាន​និយាយ​ទៀត​ថា លទ្ធភាព​ផ្ទុក​ថាមពល​នេះត្រូវតែ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ។ ប្រទេស​ឥណ្ឌា​មាន​កន្លែង​ផ្ទុក​តិច​ជាង​៤​ជីហ្កាវ៉ាត់។ កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​ប្រកាស​គម្រោង​ថវិកា​ចំនួន​៤៥២​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​ដំឡើង​បន្ថែម។

លោក Fernandes ​និយាយ​ថា៖ «កន្លែង​ផ្ទុក​អាគុយ​កំពុង​មាន​តម្លៃ​ថោក ហើយ​ជា​វិស័យ​រីកចម្រើន​នៅ​ទូទាំង​ពិភពលោក»។ លោកថា ប្រទេស​ឥណ្ឌា​ត្រូវ​វិនិយោគ ខណៈ​ដែល​តម្លៃ​នៅ​ទាប​នៅ​ឡើយ។

រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​និយាយ​ផងដែរ​ថា ប្រទេស​អភិវឌ្ឍន៍​គួរ​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត ទាំង​ផ្នែក​ថវិកា និង​ជំនួយ​ផ្នែក​បច្ចេកវិទ្យា​ដល់​ប្រទេស​ឥណ្ឌា និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត​នៅ​តំបន់​ភាគខាងត្បូង​ ​ដែល​កំពុង​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការប្រើប្រាស់​ថាមពល​ស្អាត។

នៅ​ក្នុង​ទីក្រុង Dipka ដែល​ជា​ទីក្រុង​ធ្យូងថ្ម​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​ដែល​មាន​ការ​ជីក​យក​ធ្យូងថ្ម​ជិត​មួយ​សតវត្សរ៍​មក​ហើយ​នោះ គេ​មិន​អាច​ស្រម៉ៃ​បាន​ទេ​ថា​តើ​ជីវិត​ដែល​គ្មាន​ធ្យូងថ្ម​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ។

«នៅ​ក្នុង​តំបន់​នេះ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ធ្យូង​ថ្ម‍» នេះ​ជា​សម្តី​របស់​លោក Ramadhar Yadav អាយុ​៤៥​ឆ្នាំ​ដែល​គ្រួសារ​របស់​លោក​ស្ថិត​ក្នុង​ចំណោម​អ្នកភូមិ​ក្នុង​តំបន់​ដែល​បាន​លក់​ដី​មាន​ជីជាតិ​របស់​ខ្លួន​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ទៅ​ឱ្យ​ក្រុមហ៊ុន​ជីក​យក​ធ្យូងថ្ម ហើយ​ដែល​ឥឡូវ​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​នៅ​ក្នុង​ឧស្សាហកម្មនេះ​ដែល​កំពុង​មាន​ជម្លោះ​ផ្លូវ​ច្បាប់។

លោក​បាន​និយាយ​ទៀត​ថា៖ «យ៉ាង​តិច​ណាស់​សម្រាប់​រយៈពេល​២០​ឆ្នាំ​ខាងមុខ តំបន់​របស់​យើង និង​ប្រហែល​ជា​ប្រទេស​ឥណ្ឌា​ទាំងមូល​នឹង​ពឹងផ្អែក​លើ​ធ្យូងថ្ម ខ្ញុំ​ជឿជាក់​ថា​អ៊ីចឹង»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG