ការតែងតាំងរបស់រដ្ឋាភិបាលចិននូវឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសឥណ្ឌាលោក Xu Feihong កាលពីដើមខែឧសភាកន្លងទៅនេះគឺបានបំពេញនូវតំណែងនេះដែលបាននៅទំនេរអស់រយៈពេល ១៨ ខែកន្លងមក។ វាគឺជាជំហានដ៏តូចមួយសម្រាប់ប្រទេសចិននិងឥណ្ឌាដែលជាគូប្រជែងគ្នាដ៏ធំពីរនៅទ្វីបអាស៊ី ប៉ុន្តែវាជាជំហានដែលទំនងជានឹងមិនអាចដោះស្រាយបញ្ហាមិនទុកចិត្តគ្នារវាងប្រទេសទាំងពីរបានទេ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
លោក Xu អាយុ ៦០ ឆ្នាំបានឡើងជំនួសតំណែងលោក Sun Weidong ដែលបានលាលែងពីតំណែងកាលពីចុងឆ្នាំ ២០២២។ លោកបានទៅដល់ទីក្រុងញូវដែលី ប្រទេសឥណ្ឌាកាលពីថ្ងៃទី ១០ ខែឧសភា។ VOA បានទាក់ទងទៅស្ថានទូតចិននិងក្រសួងការបរទេសចិនដើម្បីសុំយោបល់អំពីការតែងតាំងនេះនិងការពន្យារពេលដ៏យូរនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយទេ។
លោក Xu បានបញ្ជាក់នៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ X បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ទីក្រុងញូវដែលីថា លោកទន្ទឹងរង់ចាំ «ធ្វើការឱ្យបានខ្លាំងក្លាជាមួយភាគីទាំងអស់ដើម្បីទំនាក់ទំនងរវាងចិននិងឥណ្ឌា»។ លោក Xu បានជាប់រវល់នៅលើបណ្ដាញសង្គមអនឡាញដោយលើកឡើងអំពីសក្ដានុពលនៃទំនាក់ទំនងរវាងចិននិងឥណ្ឌា ដោយបានបង្ហោះសារនិងរូបថតកាលពីថ្ងៃពុធអំពីការប្រគល់សារតាំងរបស់លោកជូនក្រសួងការបរទេសឥណ្ឌា។
លោក Xu ធ្លាប់បានធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាហ្វហ្គានីស្ថានពីខែមីនា ឆ្នាំ ២០១១ ដល់ខែសីហា ឆ្នាំ ២០១៣ និងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរ៉ូម៉ានីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩។
នៅក្នុងសារមួយបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ X ឯកអគ្គរដ្ឋទូតថ្មីរូបនេះបានកត់សម្គាល់ថា មេដឹកនាំប្រទេសចិននិងឥណ្ឌាបានឯកភាពគ្នាលើការវាយតម្លៃដ៏សំខាន់មួយថាភាគីទាំងពីរគឺជា «ដៃគូសហប្រតិបត្តិការ មិនមែនជាគូប្រជែងនោះទេ» និងថាភាគីទាំងពីរគឺជា «ឱកាសអភិវឌ្ឍន៍ទៅវិញទៅមក មិនមែនជាការគំរាមកំហែងនោះឡើយ»។
អង្គការគម្រោងផ្ដួចផ្ដើមស្រាវជ្រាវពាណិជ្ជកម្មសាកល (Global Trade Research Initiative) ដែលជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ថា បើយោងតាមទិន្នន័យសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ នេះ ប្រទេសចិនបាននាំមុខសហរដ្ឋអាមេរិកបន្តិចបន្ដួចក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបង្អស់របស់ប្រទេសឥណ្ឌា បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ មុនពេលនោះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់ឥណ្ឌាពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២១។
ប៉ុន្តែ អ្នកវិភាគជនជាតិឥណ្ឌាខ្លះមើលឃើញទំនាក់ទំនងនេះថាមានភាពតឹងតែង ជាពិសេសបន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏ប្រល័យនៅតាមព្រំដែននៅឆ្នាំ ២០២០ ដែលធ្វើឱ្យចិនដណ្ដើមគ្រប់គ្រងដែនដីដែលមានជម្លោះ។
លោកឧត្តមសេនីយ៍ឯក SL Narasimhan ដែលជាអ្នកជំនាញផ្នែកកិច្ចការប្រទេសចិនមានមូលដ្ឋាននៅទីក្រុងញូវដែលីនិងជាអតីតអនុព័ន្ធយោធាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ «គេឃើញភាគីទាំងពីរមានសេចក្ដីប្រាថ្នាចង់ឱ្យទំនាក់ទំនងមានភាពប្រសើរឡើង។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះដែរ គេមិនគួរយកចិត្តទុកដាក់ខ្លាំងលើការតែងតាំងបេសកជនថ្មីនេះទេ។ មានបញ្ហាទំនុកចិត្តធ្ងន់ធ្ងររវាងប្រទេសទាំងពីរនៅក្រោយជម្លោះ Galwan Valley កាលពីខែមិថុនា ឆ្នាំ ២០២០»។
លោក Narasimhan បានបន្ថែមថា៖ «ប៉ុន្តែ សម្រាប់ឥណ្ឌា សន្តិភាពនិងភាពស្ងប់ស្ងាត់នៅតាមខ្សែបន្ទាត់គ្រប់គ្រងជាក់ស្ដែង (Line of Actual Control (LAC)) គឺសំខាន់ចំពោះទំនាក់ទំនងនេះ»។
អ្នកជំនាញខ្លះដូចជាសាស្ត្រាចារ្យរងផ្នែកសិក្សាអំពីប្រទេសចិនអ្នកស្រី Sriparna Pathak ជាដើម បាននិយាយថា ការទុកឱ្យតំណែងឯកអគ្គរដ្ឋទូតនេះនៅទំនេរយូរដូចនេះគឺជាសញ្ញាបង្ហាញថាចិនមិនគោរពឥណ្ឌា។
អ្នកស្រី Pathak ថ្លែងដូច្នេះថា៖ «ដោយសារស្ថានភាពនៃទំនាក់ទំនងរវាងឥណ្ឌានិងចិន...ចិនមិនបញ្ជូនឯកអគ្គរដ្ឋទូតទៅឥណ្ឌា [អស់រយៈពេលយូរដូចនេះ] បានបង្ហាញយ៉ាងច្បាស់ថាចិន...មើលងាយឥណ្ឌា...»។
នៅក្នុងឆ្នាំ ២០២២ យោធានៃប្រទេសទាំងពីរមានការប៉ះទង្គិចគ្នាយ៉ាងតិចពីរដងទៀត ទោះបីជាមិនមានការរាយការណ៍ណាមួយថាមានអ្នកស្លាប់និងរងរបួសក៏ដោយ។ ទាហានរាប់ម៉ឺននាក់របស់ភាគីទាំងពីរនៅតែប្រមូលផ្ដុំគ្នានៅសងខាងព្រំដែនដដែល។
កន្លងមក ចិននិងឥណ្ឌាបានរៀបចំការចរចាយោធា ២១ ដងនិងការចរចាការទូត ២៩ ដងរួចមកហើយដើម្បីដោះស្រាយភាពជាប់គាំងនេះ។
បន្ទាប់ពីការចរចាកាលពីខែមីនាកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar បានប្រាប់ទូរទស្សន៍ NDTV របស់ឥណ្ឌាថា «កាតព្វកិច្ចដំបូងបង្អស់» របស់លោក «ចំពោះប្រជាជនឥណ្ឌាគឺការធ្វើឱ្យព្រំដែនមានសុវត្ថិភាព»។ លោកថាលោក «មិនអាចបន្ទន់ឥរិយាបថបានទេចំពោះរឿងនេះ»។
លោកបាននិយាយបន្តទៀតថា ទំនាក់ទំនងដែលមានប្រក្រតីភាពមិនអាចកើតឡើងបានទេរវាងឥណ្ឌានិងចិនលុះត្រាណាតែចិនត្រឡប់ទៅរកគោលជំហររបស់ខ្លួនមុនឆ្នាំ ២០២០ អំពីព្រំដែនរបស់ខ្លួនឡើងវិញ។
នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី ៧ ខែឧសភាដែលផ្ដល់ជូនប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានិងប្រព័ន្ធផ្សព្វផ្សាយចិន លោកឯកអគ្គរដ្ឋទូត Xu បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនគួរកំណត់ដោយបញ្ហាតែឯកឯងណាមួយទេ។
លោកថ្លែងដូច្នេះថា៖ «ស្ថានភាពព្រំដែនជាទូទៅគឺមានស្ថិរភាពនិងស្ថិតក្រោមការគ្រប់គ្រង ហើយតំបន់នៅតាមព្រំដែនគឺមានសន្តិភាពនិងស្ងប់ស្ងាត់។ ចិនត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការធ្វើការជាមួយឥណ្ឌាដើម្បីសម្របតាមក្ដីបារម្ភរបស់ភាគីនីមួយៗទៅវិញទៅមក ស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះបញ្ហាជាក់លាក់នានាតាមរយៈការចរចានៅពេលឆាប់ៗខាងមុខ និងឆ្លងឱ្យផុតស្ថានការណ៍បច្ចុប្បន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លើកចុងក្រោយដែលតំណែងការទូតកំពូលចិនទៅកាន់ឥណ្ឌានៅទំនេរលើសពីមួយឆ្នាំនោះគឺពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៦ ហើយមូលហេតុនៅពេលនោះក៏មានជាប់ទាក់ទងនឹងជម្លោះព្រំដែនផងដែរ។ សង្គ្រាមឆ្នាំ ១៩៦២ រវាងចិននិងឥណ្ឌានេះត្រូវបានបញ្ឆេះបន្ថែមដោយការប៉ះទង្គិចគ្នាបន្តិចបន្តួចទៅតាមព្រំដែននិងការបះបោររបស់ទីបេប្រឆាំងនឹងការដឹកនាំរបស់ចិនកុម្មុយនីស្តនៅឆ្នាំ ១៩៥៩ ដែលនៅពេលនោះសម្ដេចសង្ឃ Dalai Lama បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។
ឥណ្ឌានៅបន្តផ្ដល់កន្លែងជ្រកកោនដល់សម្ដេចសង្ឃ Dalai Lama ហើយករណីនេះបានធ្វើឱ្យទំនាក់ទំនងរវាងឥណ្ឌានិងចិនកាន់តែប្រេះស្រាំបន្ថែមទៀត៕
ប្រែសម្រួលដោយលោក ភី សុភាដា
វេទិកាបញ្ចេញមតិ