ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គំរាម​យក​ពន្ធ​គយ​ថ្មី​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​អំពី​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង Duluth រដ្ឋ Minnesota កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​អំពី​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង Duluth រដ្ឋ Minnesota កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចេញ​សេចក្ដី​ព្រមាន​មួយ​ដល់​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​នានា​ថា ប្រសិនបើ​ពួកគេ​មិន​ដក​ការ​ដាក់​កំហិត​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ នោះ​ពួកគេ​នឹង​ប្រឈម​នឹង​អ្វី​ដែល «លើស​ពី​ការ​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក​របស់​សហរដ្ឋ​អាមេរិក» ទៅ​ទៀត។

លោក Trump បាន​សរសេរ​នៅ​លើ Twitter យ៉ាង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ទទូច​ឲ្យ​ប្រទេស​ទាំង​អស់​ដែល​បាន​ដាក់​កំហិត​ពាណិជ្ជកម្ម និង​ពន្ធ​គយ​ដោយ​មិន​ស្មោះត្រង់​ចំពោះ​ទំនិញ​ដែល​នាំ​ចូល​ប្រទេស​របស់​ពួកគេ ឲ្យ​ដក​ការ​ដាក់​កំហិត និង​ពន្ធ​គយ​ទាំង​នោះ​ចេញ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈម​នឹង​អ្វី​ដែល​លើស​ពី​ការ​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក​របស់​សហរដ្ឋ​អាមេរិក​ទៅ​ទៀត»។

កន្លង​មក លោក Trump បាន​ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ចម្បងៗ​របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​ចិន កាណាដា ម៉ិកស៊ិក ឥណ្ឌា និង​សហភាព​អឺរ៉ុប​ជា​ដើម មាន​ការ​អាក់អន់ចិត្ត​រួច​ទៅ​ហើយ ដោយសារតែ​លោក​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​ដែក​ថែប អាលុយមីញ៉ូម និង​ផលិតផល​ផ្សេងៗ​ទៀត​ពី​ប្រទេស​ទាំង​នោះ។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក Trump បាន​គំរាម​យក​ពន្ធ​គយ ២០ ភាគរយ​លើ​រថយន្ត​ដែល​បាន​ដំឡើង​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​បញ្ជូន​មក​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ជា​ការ​សងសឹក​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​ដែល​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក​ដូចជា​ខោ​ខូវប៊យ ស្រា​វីស្គី​អាមេរិកាំង និង​ម៉ូតូ​ជា​ដើម។ សហភាព​អឺរ៉ុប​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ដូច​នេះ​គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​ដែក​ថែប និង​អាលុយមីញ៉ូម​របស់​ខ្លួន។

មួយ​វិញ​ទៀត សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាប់ផ្ដើម​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​ដែល​មាន​ទឹក​ប្រាក់​ច្រើន​ជាង ៣០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ៕

XS
SM
MD
LG