នៅពេលប្រកាសព័ត៌មាននៃការបោះឆ្នោតកាលពីថ្ងៃទី០៤ ខែមករា លោក Nasim Zaidi ប្រធានគណៈកម្មាធិការបោះឆ្នោតបាននិយាយថា «អ្នកបោះឆ្នោតជាង១៦០លាននាក់នឹងចូលរួមក្នុងការបោះឆ្នោតនេះ។ នេះជាទំហំនៃការបោះឆ្នោតពេលនេះ»។
ការបោះឆ្នោតនេះនឹងធ្វើឡើងនៅពាក់កណ្តាលអាណត្តិរបស់លោកនាយករដ្ឋមន្រ្តី ហើយនឹងកំណត់ថាតើការបោះជំហានដ៏លឿនរបស់លោកក្នុងការបោះចោលរូបិយប័ណ្ណចំនួន៨៦ភាគរយនឹងទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ឬថាតើវានឹងធ្វើឲ្យបាត់បង់អ្នកគាំទ្រដែលមានជីវភាពក្រីក្ររាប់លាននាក់ និងដែលរងគ្រោះដោយការខ្វះសាច់ប្រាក់។ ពួកគេនៅតែជួបបញ្ហាខ្វះខាតសាច់ប្រាក់នេះ។
រដ្ឋ Uttar Pradesh ជារដ្ឋសំខាន់
រដ្ឋសំខាន់បំផុតសម្រាប់លោក Modi គឺរដ្ឋ Uttar Pradesh ដែលជាតំបន់មានប្រជាជនច្រើនបំផុតរបស់ប្រទេសមួយនេះ។ នៅទីនេះ គណបក្ស Bharatiya Janata Party ឬ BJP របស់លោកសង្ឃឹមថា នឹងអាចដណ្ដើមបានការគាំទ្រពីគណបក្សផ្សេងៗក្នុងតំបន់។
លោកស្រី Neerja Chowdhury ដែលជាអ្នកវិភាគនយោបាយនៅក្នុងក្រុងញូវដេលីនិយាយថា ការបោះឆ្នោតនឹងកំណត់ល្បឿននៃដំណើរការសម្រាប់ការបោះឆ្នោតសកលក្នុងឆ្នាំ២០១៩។ លោកស្រីនិយាយថា «ប្រសិនបើលោកនាយករដ្ឋមន្រ្តីឈ្នះក្នុងរដ្ឋ Uttar Pradesh វានឹងបង្ហាញសញ្ញានៃស្ថិរភាពនយោបាយសម្រាប់អ្នកវិនិយោគ ហើយអាចនឹងជួយសង្គ្រោះសេដ្ឋកិច្ចដែលបានធ្លាក់ចុះផងដែរ។
ប៉ុន្តែលោកស្រីព្រមានថា នឹងមានឥទ្ធិពលអវិជ្ជមានកើតឡើងបើលោកចាញ់។ លោកស្រីបាននិយាយថា «បើអញ្ចឹងមែននោះ លោកនឹងស្ថិតនៅលើជម្រាលដ៏រអិលមួយ។ អាចនឹងមានការប្រឆាំងចេញពីក្នុងគណបក្សលោកផងដែរ ហើយប្រាកដណាស់វានឹងធ្វើឲ្យគណបក្សប្រឆាំងបានចិត្ត»។
ការបោះជំហានចំណាត់ការលើបញ្ហារូបិយប័ណ្ណដ៏ប្រថុយប្រថានរបស់លោកនាយករដ្ឋមន្ត្រី
ការបោះជំហានចំណាត់ការដ៏ប្រថុយប្រថានបែបនយោបាយ និងដាច់ណាត់របស់លោកនាយករដ្ឋមន្រ្តី Modi ចំពោះការហាមឃាត់ក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ដើម្បីចាត់វិធានការលើសាច់ប្រាក់ខុសច្បាប់ត្រូវទទួលបានការគាំទ្រដោយក្រុមទីប្រឹក្សាដែលទុកចិត្តតែប៉ុន្មាននាក់តែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍នានា។
ជាដំបូងវិធានការនេះទទួលបានការគាំទ្រពីវណ្ណៈក្រីក្រ និងវណ្ណៈកណ្តាល ដែលយល់ថាវាជាជំហានដ៏ក្លាហានរបស់មេដឹកនាំដ៏ខ្លាំងមួយរូបក្នុងការលុបបំបាត់អំពើពុករលួយ។ នេះជាការសន្យាមួយដែលជួយឲ្យលោកទទួលបានជ័យជម្នះកាលពីឆ្នាំ២០១៤។
ប៉ុន្តែមានការព្រួយបារម្ភពីការបាត់បង់ប្រជាប្រិយភាព ដោយសារតែវិធានការនេះត្រូវបានអនុវត្តមិនបានល្អ។ អស់រយៈពេលជាច្រើនសប្តាហ៍ មនុស្សម្នាតម្រង់ជួរគ្នាដើម្បីរង់ចាំក្រដាសប្រាក់ថ្មី ខណៈដែលមនុស្សជាច្រើនបានបាត់បង់ការងារដោយសារតែការខ្វះសាច់ប្រាក់ដែលធ្វើឲ្យវិស័យក្រៅផ្លូវការមួយចំនួនដែលផ្តល់ការងារដល់ពួកគេមានការយឺតយ៉ាវ។
តំបន់ជនបទទទួលរងគ្រោះពីការកែប្រែរូបិយប័ណ្ណនេះខ្លាំងជាងគេ
បញ្ហាសាច់ប្រាក់នេះបានធ្វើឲ្យតំបន់ជនបទ និងតំបន់ដាច់ស្រយាលទទួលរងគ្រោះខ្លាំងជាងគេ ដែលមានប្រជាពលរដ្ឋឥណ្ឌាប្រមាណជា២ភាគ៣រស់នៅទីនោះ និងជាកន្លែងកំណត់លទ្ធផលនៃការបោះឆ្នោត។
ជ័យជម្នះនៅក្នុងការបោះឆ្នោត ជាក់ស្តែងក្នុងរដ្ឋ Uttar Pradesh នឹងជួយឲ្យគណបក្ស BJP បង្កើនចំនួនសមាជិកនៅក្នុងសភាជាន់ខ្ពស់ផងដែរ។ នេះនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ច។ គណបក្ស BJP បានប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអនុម័តច្បាប់ ដោយសារតែខ្លួនជាក្រុមសំឡេងភាគតិចនៅក្នុងសភាជាន់ខ្ពស់។
គណៈកម្មាធិការបោះឆ្នោតក៏បានប្រកាសពីវិធានការថ្មីដើម្បីលើកទឹកចិត្តឲ្យស្រ្តី និងជនពិការចូលរួមបោះឆ្នោត។ គណៈកម្មាធិការនេះនិយាយថា ខ្លួននឹងផ្តល់រទេះរុញជនពិការ និងទុកច្រកសម្រាប់រុញរទេះនៅកន្លែងបោះឆ្នោត ជ្រើសរើសបុគ្គលិកបម្រើការជាស្រ្តី និងផ្តល់កន្លែងដាច់ដោយឡែកដល់ពួកគេ ករណីស្រ្តីមិនចង់ឡូកឡំជាមួយនឹងមនុស្សប្រុស៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ