ទស្សនៈវិស័យសំខាន់ជាងគេនៃគោលការណ៍កិច្ចព្រមព្រៀងការពារប្រទេសថ្មី រវាងសហរដ្ឋអាមេរិកនិង ឥណ្ឌាដែលមានរយៈពេល១០ឆ្នាំនោះគឺជាវិធានការដើម្បីបង្កើនសក្តានុពលក្នុងការការពារប្រទេសឥណ្ឌា រួមមានផលិតផលរួមសរុប ការអភិវឌ្ឍរួមនៃបច្ចេកវិទ្យាយោធា។
កតិកាសញ្ញាត្រូវបានចុះហត្ថាលេខាដោយរដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Ashton Carter និងរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌាលោក Manohar Parrika។
គម្រោងពីរដែលបានទាក់ទាញចំណាប់អារម្មណ៍នោះគឺ គម្រោងដែលសហរដ្ឋអាមេរិកនឹងជួយឥណ្ឌាក្នុងការសាងសង់និងរចនានាវាផ្ទុកយន្តហោះនិងម៉ាស៊ីនយន្តហោះ។
លោក Carter បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ និយាយថាប្រទេសទាំងពីរកំពុងបង្កើនការពិភាក្សាលើគម្រោងទាំងនេះ។
លោក Jayadeva Ranade ជាអ្នកជំនាញខាងគោលនយោបាយការបរទេសនៅទីក្រុង New Delhi។
ជាពិសេស ខ្ញុំមានអារម្មណ៍ថា ផលិតផលរួមសរុប ការអភិវឌ្ឍរួមនៃបច្ចេកវិទ្យាយោធារបស់បច្ចេកវិទ្យានាវាផ្ទុកយន្តហោះនិងបច្ចេកវិទ្យាម៉ាស៊ីនយន្តហោះគឺជាចំណាត់ការយុទ្ធសាស្រ្តនិងមានឥទ្ធិពលធំធេង ប្រសិនបើអនុវត្តន៍ទៅបាននោះ ខ្ញុំគិតថាពួកគេនឹងមានទំនាក់ទំនងសំខាន់។
ដំណើរបំពេញទស្សនកិច្ចរបស់លោក Carter ទៅកាន់ប្រទេសឥណ្ឌារួមមានការឈប់នៅទីបញ្ជាការកងទ័ព ជើងទឹកភាគខាងកើតទីក្រុង Visakhapatnam របស់ឥណ្ឌា នេះជាដំណើរបំពេញទស្សនកិច្ចលើកទីមួយដោយ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកបានទៅកាន់បន្ទាយកងទ័ពជើងទឹកឥណ្ឌានោះ។
មន្រ្តីអាមេរិកនិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់កំពង់ផែនោះ គឺបានបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាសន្តិសុខនាវាចរណ៍ដែលប្រទេសទាំងពីរនេះចង់ពង្រឹង។
លោក Rahul Bedi នៃទស្សនាវដ្តីការពារប្រទេស IHS Jane's Defense ប្រចាំសប្តាហ៍នៅទីក្រុង New Delhi និយាយថាកតិកាសញ្ញាថ្មីដែលផ្តល់សន្ទុះកាន់តែកើនឡើងនៅក្នុងកិច្ចសហប្រតិបត្តិការខាងនាវាចរណ៍រវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកនិយាយថា ករណីនេះបណ្តាលមកពីកើនឡើងនៃភាពតានតឹងទាក់ទិននឹងការខំប្រឹងប្រែងរបស់ចិនដែលបានជំរុញចូលក្នុងមហាសមុទ្រឥណ្ឌា តាមរយៈការផ្គត់ផ្គង់ប្រេងកាន់តែច្រើនឡើងកាត់តាមឥណ្ឌានោះ។
ប្រសិនបើអ្នកក្រឡេកមើលជុំវិញតំបន់នោះ កងទ័ពជើងទឹករបស់ឥណ្ឌា គឺកំពុងតែមានការអភិវឌ្ឍទៅជាកងកម្លាំងមានសមត្ថភាពកាន់តែខ្លាំងឡើង។ ហើយអ្វីដែលជាបញ្ហាសម្រាប់អាមេរិកនិងឥណ្ឌានោះគឺការពង្រីក កងទ័ពជើងទឹករបស់ចិននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។
ហើយនេះជាអ្វីដែលប្រទេសនិមួយៗក្នុងតំបន់រួមមានប្រទេសជប៉ុន អូស្ត្រាលី ប្រទេសក្នុងសមាគមអាស៊ាន ឥណ្ឌានិងសហរដ្ឋអាមេរិក មានការព្រួយបារម្ភ។ ការពិតអាមេរិកមានគម្រោងនឹងបញ្ជូននាវាផ្ទុកយន្តហោះជាច្រើនមកអាស៊ី ក្នុងពេលបួន ឬប្រាំឆ្នាំខាងមុខនេះ ហើយអាមេរិកចង់ឲ្យឥណ្ឌាចូលរួមក្នុងការធ្វើឲ្យមានតុល្យភាពកងទ័ពនេះឡើងវិញ។
ទាក់ទិននឹងគម្រោងនាវាផ្ទុកយន្តហោះ លោក Bedi និយាយថាកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាង រដ្ឋាភិបាលក្រុងNew Delhi និងរដ្ឋាភិបាលវ៉ាស៊ីនតោន គឺមានការរីកចម្រើនគ្រប់វិស័យ មិនត្រឹមតែការហ្វឹកហាត់ ប៉ុន្តែរួមមានផ្នែកឧបករណ៍ គ្រឿងធន់ធ្ងន់ ក៏ដូចជាកិច្ចប្រតិបត្តិការរួមគ្នាផងដែរ។
ប្រព័ន្ធផ្សព្ធផ្សាយឥណ្ឌាបាននិយាយថា មន្រ្តីសហរដ្ឋអាមេរិកបានអះអាងជាថ្មីម្តងទៀត ទាក់ទិននឹងសំណើររបស់ពួកគេឲ្យឥណ្ឌាអញ្ជើញជប៉ុនឲ្យចូលរួមសមយុទ្ធប្រយុទ្ធកងនាវាទ្វេភាគីដែលពួកគេធ្វើឡើងជារៀងរាល់ឆ្នាំនោះ។ ប៉ុន្តែរដ្ឋាភិបាលក្រុងNew Delhi មានការស្ទាក់ស្ទើរព្រោះថាឥណ្ឌាមិនចង់ឲ្យមើលឃើញថាខ្លួនមានសម្ព័ន្ធភាពជាមួយប្រទេសណាទេ។
ក្រោមកតិកាសញ្ញាស្តីពីការការពារថ្មីនេះ គម្រោងតូចពីរនេះបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងនោះមាន ការបង្កើតឧបករណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងប្រដាប់ការពារសម្រាប់ទាហានដើម្បីប្រឆាំងនឹងសង្គ្រាមជីវសាស្រ្តនិងសង្គ្រាមគីមី។ នៅពេលដែលអាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធកំពូលដល់ឥណ្ឌា រដ្ឋាភិបាលក្រុងNew Delhi បានសង្កត់ធ្ងន់ថា ខ្លួនចង់ចូលរួមផលិតអាវុធជាជាងទិញអាវុធពីអាមេរិក។
ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Narendra Modi បានចូលកាន់តំណែងកាលពីសប្តាហ៍មុននោះ ទំនាក់ទំនងដ៏រង្គោះរង្គើរវាងអាមេរិកនិងឥណ្ឌាត្រូវបានជំនួសដោយថាមពលថ្មី ដោយភាគីទាំងពីរបានឃើញថាពួកគេជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់។
លោក Carter បានអញ្ជើញទៅដល់ប្រទេសឥណ្ឌាបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងវៀតណាម ដែលនៅទីនោះលោកបាននិយាយថាយោធាអាមេរិកនឹងជាដៃគូជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយមានវត្តមានដ៏សំខាន់ក្នុងតំបន់៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា