នៅភាគខាងជើងក្រុងសៀមរាប ប្រមាណ២៥គីឡូម៉ែត្រអ្នកស្រី ឆន ចំរើន ដែលជាអ្នកភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ដើរចូលក្នុងតូបផាត់មុខ និងធ្វើសក់របស់អ្នកស្រី។ អ្នកស្រីលាបម្សៅនៅលើផ្ទៃមុខរួចលាបក្រែមពណ៌ក្រហមព្រឿងៗ។
ក្រោយមកនៅមុខតូបដដែលនេះអ្នកស្រីក្រាលបាវពណ៌លឿង និងពណ៌ក្រហម។ នៅលើបាវនោះ អ្នកស្រីដាក់ស្បោងសមួយ ដែលនៅក្នុងនោះមានកូនកាំបិតដងពណ៌ទឹកក្រូចចំនួនបី ខ្សែពណ៌លឿងសម្រាប់ចង និងខ្សែជ័ររិតខ្សែភ្លើងមួយកញ្ចប់។ ក្រោយមកអ្នកស្រីរើសដូងស្តរមួយចំនួន ពីគំនរដូង។ បន្ទាប់ពីរើសបានដូងដែលមានរាង និងទំហំដែលអ្នកស្រីចង់បានហើយ អ្នកស្រីអង្គុយចុះនៅលើកៅអីទាបមួយ។
ដោយមានដូងមួយចំនួននៅពីមុខដៃខាងឆ្វេងរបស់អ្នកស្រីកាន់កូនកាំបិត ហើយដៃខាងស្តាំក៏កាន់កូនកាំបិតដែរ។ អ្នកស្រីប្រើជើងទាំងពីររបស់អ្នកស្រីទប់ដូងឲ្យនៅហ្នឹង។ អ្នកស្រីចាប់ផ្តើមចោះប្រហោងមួយលើសំបកដូងស្តរ ដែលជាដូងគ្មានទឹក។
ដូងទី១ ដែលអ្នកស្រីចោះចំកណ្តាលគឺជាក្បាល។ ដូងទីពីរដែល អ្នកស្រីចោះខាងលើ និងខាងក្រោម គឺជាដងខ្លួន។ដូងទី៣ អ្នកស្រីចោះផ្នែកខាងលើជាកន្ទុយ។ នៅពេលអ្នកស្រីដាក់ផ្គុំដូងទាំងបីតាមលេខរៀង ដូងទាំងនោះ លេចចេញជារូបសត្វឃ្មុំ។នេះមិនទាន់ចប់នៅឡើយទេ។សម្រាប់ដូងទី១ អ្នកស្រីចោះប្រហោងផ្នែកក្បាលចំនួនពីរបន្ថែមទៀត ដើម្បីដោតខ្សែជ័រសម្រាប់រឹតខ្សែភ្លើង។ ខ្សែទាំងនោះចេញជាប្រមោយ។ នៅលើផ្នែកកណ្តាល ឬផ្នែកដងខ្លួន អ្នកស្រីចោះប្រហោងនៅចំហៀងទាំងសងខាង។ ប្រហោងនោះ បន្ទាប់មកត្រូវបានបំពេញដោយស្ពរដូង ដែលមានរាងជាស្រទាប់ស្តើងវែង។ ផ្នែកនេះជាស្លាប។
នៅផ្នែកខ្លួនដដែល ប៉ុន្តែនៅផ្នែកខាងក្រោម អ្នកស្រីចោះប្រហោងបួនផ្សេងទៀត ដើម្បីដោតខ្សែជ័រសម្រាប់រឹតខ្សែភ្លើង។ ប្រហោងមួយមានខ្សែមួយ។ ខ្សែទាំងបួននេះក្លាយជាជើង។ អ្នកស្រីញញឹមរួចនិយាយថា៖ «នេះហើយហើយ»។
បង្គំនៃដូង និងខ្សែជ័រទាំងនេះបានក្លាយទៅជារូបសត្វឃ្មុំ។ រូបសត្វដែលធ្វើឡើងពីផ្លែដូងទាំងនេះអាចផ្តល់កម្រៃដល់អ្នកស្រីបាន ពី១ម៉ឺនទៅ១ម៉ឺន៥០០០រៀល។
ពលរដ្ឋជាង១៥០ គ្រួសារនៅក្នុងភូមិនេះភាគច្រើនធ្វើការសំណង់និងវិស័យទេសរណ៍។ពួកគេរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារជំងឺកូវីដ។ ឥឡូវគ្រួសារមួយចំនួនក្នុងភូមិនេះបានរកឃើញវិធីថ្មីក្នុងការរកប្រាក់ចំណូលបន្តិចបន្តួច ដោយយកដូងលក់តាមផ្ទះមកធ្វើរូបសត្វ។
ដូចអ្នកភូមិរាប់រយនាក់ទៀតដែរ អ្នកស្រី ចំរើនធ្លាប់ធ្វើការពីរបីមុខ ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ និងសម្រាលបន្ទុកប្តីរបស់អ្នកស្រីដែលមានរបរជាអ្នកនាំភ្ញៀវទេសចរ។ ការងារមួយក្នុងចំណោមនោះគឺជាការងារសំណង់។
អ្នកស្រី ចំរើននិយាយថា បន្ទាប់ពីអ្នកស្រីចាប់ផ្តើមធ្វើរូបសត្វទាំងនេះដាក់លក់ អ្នកស្រីរកបានប្រាក់កម្រៃខ្លះ។
«ទើបហ្នឹងបានជិត ១០ម៉ឺន[រៀល]។យើងទើបហ្នឹងចាប់ផ្តើមលក់ដែរតែមិនសល់[លុយ]ទេ។ទិញតែថ្នាំ (បាញ់) ទៅវិញ និងបានចាយទិញម្ហូបទិញអីតិចតួចប៉ុណ្ណោះឯង»។
អ្នកស្រីយកប្រាក់នេះចាយទិញម្ហូបអាហារផ្គត់ផ្គង់គ្រួសារខណៈដែលអាជីពមួយទៀតរបស់អ្នកស្រីជាអ្នកធ្វើសក់ និងផាត់មុខត្រូវបានផ្អាកដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
អ្នកស្រី ឆន ចំរើនទើបតែមានអាជីពថ្មី ដែលកែ ច្នៃផ្លែដូងស្តរធ្វើរូបសត្វផ្សេងៗបានបួនថ្ងៃប៉ុណ្ណោះ។ អ្នកស្រីនិយាយថា រូបសត្វទាំងនេះអាចផ្តល់កម្រៃពី១ម៉ឺន ទៅ១០ម៉ឺនរៀល។ ប្រាក់នេះ ជួយអ្នកស្រីក្នុងការសងលុយធនារគារដែលគ្រួសារអ្នកស្រីខ្ចីពីធនាគារអេស៊ីលីដាចំនួន១ម៉ឺនដុល្លារកាលពីខែមករាកន្លងទៅ។
អ្នកស្រីយកលុយនោះទៅទិញឧបករណ៍ធុងបាសដើម្បីប្រកបរបរជួលចាក់ភ្លេងនៅក្នុងពិធីមង្គលការដោយសង្ឃឹមថា អ្នកស្រីនិងប្តីអាចរកបានយ៉ាងហោចណាស់១៥០ដុល្លារក្នុងមួយខែពីមុខរបរជួលធុងបាសនេះ។
អ្នកស្រីនិយាយថា៖ «ខ្ញុំចង់សម្រាកពីអង្គការមួយរយៈ ប៉ុន្តែដោយសារតែប្តីរបស់ខ្ញុំស្រឡាញ់ពេកកាត់ថាទាន់មានឱកាសយើងយកទៅ! ហើយយើងដាច់អង្គការហើយ។ ក៏ចាប់ផ្តើមសារជាថ្មីជាមួយអង្គការក៏វ័ណ្ឌកទៅ!»
អ្នកស្រីបន្ថែមថា៖«និយាយទៅគឺចំណាយមិនមែនតែអង្គការទេគឺចំណាយច្រើន គឺអ្នកជុំវិញដែលយើងដោះគេរហូតគឺយើងចំណាយច្រើនដែរ»។
ដូងស្តររាប់សិប ដែលត្រូវបានដាក់គរនៅក្នុងតូបផាត់មុខ និងធ្វើសក់របស់អ្នកស្រីកំពុងរង់ចាំវេនអាចប្រែខ្លួនជារូបសត្វឃ្មុំ សត្វមេអំបៅ ទា ចាប ទន្សាយ និងសត្វផ្សេងៗទៀត។
ប៉ុន្តែមិនមែនដូងទាំងអស់ សុទ្ធតែមានសំណាងនោះទេ។
ដូងស្តរដែលមិនត្រូវបានជ្រើសរើស ត្រូវបានអ្នកស្រីយកទៅដុតជាភ្នក់ភ្លើងដេញសត្វល្អិតនានា។
អ្នកស្រីនិយាយថា៖ «អារបៀបថាកណ្តៀរស៊ីហើយអាណាធំពេកក៏អត់យកកើតដែរ។ វាលើសមាឌអត់មានអាណាផ្គុំជាមួយវាបាន»។
ការងារនេះក៏ផ្តល់ពេលឲ្យអ្នកស្រីបានមើលកូនតូចៗ ប្រុស និងស្រីទាំងពីរនាក់ផងដែរ។
បន្ទាប់ពីធ្វើរូបឃ្មុំរួចអ្នកស្រីចាប់ផ្តើមធ្វើរូបមេអំបៅ។
ខណៈដែលអ្នកស្រីកំពុងធ្វើរូបមេអំបៅនោះ កូនស្រីតូចរបស់អ្នកស្រីរត់មកអង្គុយក្បែរ ដោយកាន់តុក្កតាពណ៌ប្រផេះមួយ។អ្នកស្រីប្រាប់កូនស្រីដែលមានអាយុបីឆ្នាំថា៖«កូនឯងទៅលេងឯនោះទៅ ថ្លង់អ៊ុំ»។
ក្រោយពីបញ្ចប់ដំណើរការធ្វើសត្វទាំងពីរអ្នកស្រីយកថង់ប្លាស្ទិកមួយដែលព្យួរនៅនឹងជើងសរសរហាង រួចដាក់ថង់នោះចុះ។ នៅក្នុងថង់នោះមានកំប៉ុងប្រមាណប្រាំទៅប្រាំពីរ។អ្នកស្រីយកកំប៉ុងថ្នាំពណ៌ខ្មៅបាញ់ទៅលើដូងបី ដែលព្យួរជាមួយនឹងខ្សែពណ៌លឿង។ ដូងដែលមានពណ៌ត្នោតទាំងបីបានក្លាយទៅជាដូងពណ៌ខ្មៅ។ ហើយអ្នកស្រីទុកដូងទាំងនោះឲ្យស្ងួតបន្តិច។
ក្រោយមកអ្នកស្រីយកកំប៉ុងថ្នាំពណ៌លឿងបាញ់ជារាងឆ្នូតធំៗបន្ថែមទៅលើដូងទាំងបីផងដែរ។ចុងក្រោយអ្នកស្រីយកកំប៉ុងពណ៌សមកបាញ់លើចុងម្រាមចង្អុលដៃខាងឆ្វេងរបស់អ្នកស្រី។ ភ្លាមៗនោះ អ្នកស្រីយកម្រាមដៃនោះទៅផ្តិតលើដូងទីមួយចំនួនពីរកន្លែង។ ចំនុចពណ៌សនោះបានក្លាយជាភ្នែករបស់រូបសត្វឃ្មុំ។
ឥឡូវនេះអ្នកស្រីមានដូងដែលត្រូវបានផ្គុំជារូបសត្វឃ្មុំ និងមានពណ៌ដូចសត្វឃ្មុំ។
រូបសត្វដែលអ្នកស្រីបង្កើតពីដូងស្តរទាំងនេះត្រូវបានអ្នកភូមិ និងអ្នកដំណើរជាវដើម្បីធ្វើជាគ្រឿងលម្អ។
អ្នកស្រីនិយាយថា៖ «អ្នកខ្លះគេមានភោជនីយដ្ឋានអីទៅ [គេដាក់]អន្តេកអន្តោងអីទៅ ព្រោះវាប្លែកភ្នែកដែរ។ គេឃើញយើងចេះច្នៃ ចេះអីទៅ គេ ក៏ចាប់អារម្មណ៍ដែរ»។
អ្នកស្រីចេះធ្វើរូបសត្វទាំងនេះតាមមិត្តភក្តិរបស់អ្នកស្រី ដែលនៅក្នុងភូមិជាមួយគ្នា។
ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីផ្ទះរបស់អ្នកស្រី គឺជាផ្ទះរបស់អ្នកស្រីសំ សម្ផស្ស ដែលមានវ័យ២៩ឆ្នាំ។អ្នកស្រីសម្ផស្សគឺជាមេផ្ទះ។ អ្នកស្រីគឺជាអ្នកបង្ហាញអ្នកស្រីឆន ចំរើនឲ្យចេះធ្វើរូបសត្វដោយប្រើផ្លែដូងស្តរ។
ប៉ុន្តែខុសពីមិត្តរបស់អ្នកស្រី អ្នកស្រីសម្ជស្សប្រើពេលប្រហែល ១៥នាទីប៉ុណ្ណោះក្នុងការបង្កើតរូបសត្វនីមួយៗ ខណៈ អ្នកស្រីឆន ចំរើនប្រើពេលពីរដងច្រើនជាងអ្នកស្រី។
ភាពខុសគ្នានេះគឺដោយសារតែអ្នកស្រីសំ សម្ផស្សចាប់ផ្តើមធ្វើរូបទាំងនេះ បីខែមុនអ្នកស្រីចំរើន។
«ពីរបីខែនេះឯង! [កូន]ក៏ទារ ក៏ធ្វើឲ្យកូនលេង ធ្វើឲ្យកូនលេង ហើយគេសុំរៀនត ទៅ [ខ្ញុំ]ក៏បង្គាប់គេផង»។
លោក នួន សង វ័យ ២៨ឆ្នាំដែលធ្លាប់ធ្វើជាជាងសំណង់នៅប្រទេសថៃរយៈពេល ៦ខែកាលពីឆ្នាំ ២០១៣ គឺជាប្តីរបស់ អ្នកស្រី សំ សម្ផស្ស។ លោកគឺជាអ្នកបង្រៀនអ្នកស្រីឲ្យចេះធ្វើរូបសត្វទាំងនេះ។
លោកយកដូងច្នៃធ្វើជារូបសត្វ បន្ទាប់ពីកូនប្រុសរបស់លោកទាររបស់លេងជាលើកទីមួយកាលពីជាងប្រាំមួយឆ្នាំមុន។ ដោយចងចាំពីទំរង់សត្វដែលលោកបានឃើញលោកក៏បានធ្វើសត្វនេះឲ្យកូនលោក។
«ទៅថៃទៅឃើញថៃគេ...ទៅធ្វើការទៅមានឃើញ។ ខ្ញុំមកផ្ទះវិញឃើញមានដូងស្តរដែរ ខ្ញុំធ្វើសាកមើល។ ធ្វើសាកមើលខ្ញុំផ្គុំទៅកើត[រូបជាសត្វ]។ លើកមុនខ្ញុំអត់មានដាក់ជើងកៅស៊ូហ្នឹងទេ»។
កាលពីបីខែមុនប្រពន្ធរបស់លោកចាប់ផ្តើមធ្វើរូបសត្វ ដោយយកផ្លែដូងទាំងនេះមកច្នៃម្តងទៀត បន្ទាប់ពីកូនប្រុសរបស់លោកទារចង់ឲ្យធ្វើរូបសត្វដដែល។
«ប្រពន្ធរបស់ខ្ញុំនឹកឃើញធ្វើម្តងទៀត…. ធ្វើម្តងទៀតទៅ [...]ធ្វើច្រើនទៅគេសុំទិញ»។
ចាប់ពីពេលនោះមក ប្រពន្ធរបស់លោកគឺអ្នកស្រីសំ សម្ផស្សក៏ចាប់ផ្តើមធ្វើរូបសត្វទាំងនោះដាក់ព្យួរលក់មុខផ្ទះ។
បើទោះបីជាប្តីរបស់អ្នកស្រីគឺជាអ្នកចាប់ផ្តើមយកផ្លែដូងច្នៃធ្វើជារូបសត្វទាំងនេះក៏ដោយ អ្នកស្រី សម្ផស្ស គឺជាអ្នកបន្ថែមសម្រស់ទៅរូបសត្វទាំងនោះដោយបាញ់ថ្នាំពណ៌។
អ្នកស្រីនិយាយថា៖ «មុនដំបូងអត់បាញ់ទេ។ដល់នឹកឃើញថា អ៊ឹម... ដោយសារគេរក យើងលក់ទៅ ហើយក៏បាញ់សាកមើលទៅណា៎។ ដល់បាញ់ទៅ លក់ដាច់ដែរ។ ដល់នេះរួច ក៏បាញ់បាញ់ [ថ្នាំ]ទាំងអស់គ្នា ស្អាតៗទៅ….បែកគំនិតនាំគ្នាដាក់លក់»។
អ្នកស្រីក៏ផ្ទុះសំណើច។
អ្នកស្រីនិយាយទៀតថាអ្នកស្រីត្រេកអរ ដែលការយកដូងស្តរធ្វើជារូបសត្វនេះអាចឲ្យក្រុមគ្រួសាររបស់អ្នកស្រីបានប្រាក់កម្រៃមួយចំនួនពីការលក់រូបសត្វទាំងនេះ។
«ធ្វើឲ្យកូនលេង ប៉ុន្តែគេមកឃើញវាស្អាត គេធ្វើតទៅ ធ្វើដាក់លក់ទាំងអស់គ្នាទៅ»។
អ្នកស្រី សំ សម្ផស្សក៏បានបង្រៀន បងស្រីរបស់អ្នកស្រី មិត្តរបស់អ្នកស្រី និងអ្នកភូមិផ្សេងៗទៀតដែលចង់ចេះធ្វើសត្វទាំងនេះ។
អ្នកស្រីងាកទៅរកអ្នកស្រីចំរើនជាមិត្តភក្តិ រួចនិយាយថា៖
«ដូចថា គេចង់រៀន។ គេឯហ្នេះចង់រៀនទៅ ក៏បង្គាប់គេផងទៅ… ក៏ធ្វើផង លក់ផងទៅ។ សំខាន់ឲ្យតែគេរកបានលក់ដាច់ ក៏បង្រៀន ព្រោះ[អ្នក]ស្រុកគ្នាឯង»។
បច្ចុប្បន្នការធ្វើរូបសត្វនេះបានជួយជីវភាពប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិនេះ។
អ្នកស្រីសំ សម្ផស្សនិយាយថា៖
«អាចនឹងរកចំណូលបានខ្លះៗដែរព្រោះជាប់កូន យើងនៅផ្ទះ ទៅរកអីមិនរួច….បានចំណូលចូល បានមួយហូបដែរ»។
លោក ឃៀម ឈៀង ជាមេភូមិគោកគ្រើលនេះ។ មេភូមិដែលមានវ័យ ៥៦រូបនេះបានប្រាប់វីអូអេថាអ្នកភូមិលោកជា ច្រើនដែលបម្រើការក្នុងវិស័យទេសចរណ៍ និងសំណង់ នៅក្រុងសៀមរាបបានបាត់បង់ការងារធ្វើ។
លោកនិយាយថា៖
«ក្នុងភូមិនេះខ្លះការងារសំណង់ ខ្លះការងារអូតែល ប៉ុន្តែការងារអូតែលគេបិទទៅ សម័យកូវីដអ៊ីចឹងទៅ មិនដឹងធ្វើអី»។
លោកបន្តថាអ្នកភូមិប្រឹងរករបរផ្សេងៗដើម្បីចិញ្ចឹមជីវិត និងសងបំណុលគេ។ឥឡូវនៅភូមិនេះមានប្រជាជន ៦ គ្រួសារដែលយកដូងស្តរធ្វើរូបសត្វលក់។
«មុនដំបូងតែមួយគ្រួសារទេដល់ទៅឃើញគ្នាលក់ដាច់ ចេះតែធ្វើៗបន្ត។ ….ខ្ញុំអត់ចេះធ្វើទេ។ ខ្ញុំអត់លទ្ធភាពធ្វើកើត។ អ្នកភូមិនេះគេចេះតែច្នៃធ្វើ។ខ្ញុំឆ្ងល់គេដែរ!ហើយកូនស្រីទៀតណា៎ មិនមែនកូនប្រុសឯណា!»
គ្រួសារដទៃទៀតទៅរកអង្រ្កងធ្វើជាម្ហូបលក់ជាក្រឡៗ។
«សប្បាយនោះឯង ឃើញគេធ្វើអ៊ីចឹង។ វាដើររកអីមិនបានផង! ហ្នឹងគ្រាន់បានទិញម្ហូប។ សប្បាយចិត្តដែរ»៕