សង្កាត់គោកចក ខេត្តសៀមរាប — វេលាខែនេះកាលពីឆ្នាំមុនអ្នកស្រី សឿន សុភ័ណ កំពុងសប្បាយនឹងជីវភាពជាបុគ្គលិកក្រុមហ៊ុន HCC Group បម្រើការងារសម្អាតរក្សាអនាម័យជូនអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលមួយថ្ងៃៗ អ្នកស្រីឃើញដោយផ្ទាល់ភ្នែកការមកដល់នូវទេសចរច្រើនឥតដាច់ ដែលចូលមកកម្សាន្តឱ្យស្គាល់សៀមរាបអង្គរ ដែលជាទីតាំងបេតិកភណ្ឌពិភពលោកដ៏ល្បាញល្បី។
អ្នកស្រី សុភ័ណ បានបម្រើការងារជាអ្នកសម្អាតអាកាសយានដ្ឋាននេះ តាំងពីឆ្នាំ២០០៨ បន្ទាប់ពីបោះបង់របរប្រពៃណីដូនតាដេរវល្លិរពាក់ត្បាញធ្វើជាល និងកន្ត្រកស្លាម្លូ។ រីឯស្វាមីរបស់អ្នកស្រី ក៏ចាប់អាជីពជាអ្នកម៉ាស្សាផ្សែផ្សំចំណូលទាំងគូ បានប្រមាណជិត ៣០០ដុល្លារ ក្នុងមួយខែៗ។
គ្រានោះការសម្រេចចិត្តផ្លាស់ប្ដូររបររបស់អ្នកស្រី សុភ័ណ ស្របនឹងនិន្នាការសេដ្ឋកិច្ចខេត្តសៀមរាប ដែលទទួលភ្ញៀវទេសចរច្រើនទៅៗពីគ្រប់ទិសតំបន់ជុំវិញពិភពលោកបង្កើតបានជាការងារដល់ពលរដ្ឋដូចអ្នកស្រី។
តែអ្វីបានប្រែប្រួលនៅឆ្នាំ២០២០ សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាបទាំងមូលនិយាយជារួម និងសម្រាប់អ្នកស្រី សុភ័ណ និយាយដោយឡែក។
វិបត្តិបង្កដោយជំងឺឆ្លងកូវីដ១៩ បានបង្ខំអ្នកស្រីឱ្យត្រឡប់មកអង្គុយដេរត្បាញវល្លិរពាក់នេះវិញ នៅនឹងគេហដ្ឋានក្នុងសង្កាត់គោកចក ចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។
«ពេលដែលអត់ពីការងារធ្វើ បងនៅផ្ទះ មើលកូន មានអី មានតែការងារចាក់កន្ត្រក ហិបម្លូស្លា លក់ឲ្យម៉ូយបន្តិចបន្តួចហ្នឹងឯង»។
អ្នកស្រី សុភ័ណ ស្ថិតក្នុងចំណោមកម្មករសម្អាតអាកាសយានដ្ឋានចំនួន ១១៥នាក់ ដែលបានបាត់បង់ការងារ តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ដោយក្រុមហ៊ុន HCC Group អះអាងថា គ្មានចំណូលសម្រាប់បន្តសេវាកម្មរបស់ខ្លួនប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានជួលកម្មករថ្មីចំនួន ៣០នាក់ ឱ្យបន្តបោសសម្អាតរក្សាអនាម័យព្រលានយន្តហោះខេត្ត ដែលបច្ចុប្បន្នគ្មានអ្នកដំណើរចេញចូល។
វិស័យទេសចរណ៍នៅខេត្តសៀមរាបរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩ ដែលបិទខ្ទប់ការធ្វើដំណើរជាអន្តរជាតិ និងការចេញចូលធ្វើទេសចរណ៍ស្ទើរតែដល់បាតដាល និងធ្វើឱ្យចំនួនភ្ញៀវទេសចរដែលមកលេងខេត្តនេះធ្លាក់ចុះជាគំហុក។
អ្នកសៀមរាបដែលធ្លាប់រស់ពឹងដង្ហើមសេដ្ឋកិច្ចនៃវិស័យទេសចរណ៍ ដូចជាអ្នកស្រី សុភ័ណ ត្រូវរួតរឹតដោយវិបត្តិបំណុល និងកង្វះការងារដែលផ្ដល់ចំណូលសមរម្យ។
មិនមែនតែកម្មករនៅព្រលានយន្តហោះខេត្តសៀមរាបទេ ដែលត្រូវបាត់បង់ការងារ ក៏ប៉ុន្តែបុគ្គលិកតាមសណ្ឋាគារ ឬផ្ទះសំណាក់តូចធំរបស់ខេត្ត ដែលពេញពាសដោយប្រាសាទបុរាណមួយនេះបានបាត់បង់ការងារ ឬនៅមានការងារហើយការងារខ្លះត្រូវបានម្ចាស់សណា្ឋគារអនុញ្ញាតឲ្យធ្វើតែក្នុងម៉ោងពេលដែលមានកម្រិត។
សម្រាប់អ្នកស្រី សុភ័ណ ការត្រឡប់ទៅសំកុកនៅតែផ្ទះ ដេរត្បាញវល្លិរពាក់វិញនេះ អាចឲ្យអ្នកស្រីរកចំណូលបានប្រមាណតែ ២០ម៉ឺនរៀល ឬ១០ម៉ឺនរៀលក្នុងមួយខែ ដែលពិបាកក្នុងការសងប្រាក់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។
ក្នុងមួយខែ អ្នកស្រីត្រូវបង់ ១៥០ដុល្លារ សម្រាប់ប្រាក់កម្ចីចំនួនជាង ៣.០០០ដុល្លារ ដែលអ្នកស្រីយកមកទិញគោ និងទិញរបស់របរប្រើប្រាស់ផ្សេងៗ។ អ្នកស្រីថា នៅសល់ ១ឆ្នាំកន្លះទៀត ទើបត្រូវសងអស់ប្រាក់កម្ចីដែលមានរយៈពេលបីឆ្នាំ។
រយៈពេលនៃការគ្មានការងារធ្វើនេះអ្នកស្រី សុភ័ណ បានរងផលប៉ះពាល់ខាងហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយស្វាមីអ្នកស្រីដែលធ្លាប់ជាអ្នកម៉ាស្សាត្រូវបង្ខំចិត្តទៅធ្វើជាកម្មករសំណង់។
«យើងប៉ះពាល់ដែរតើអូនប៉ះពាល់ច្រើន ដូចថាពីមុនមក យើងអាចចំណូលអីមានលុយខែអីមួយរយជាងដល់ពេលសព្វថ្ងៃអត់ទេបងទទេស្អាត»។
ផ្ទះអ្នកស្រី សឿន សុភ័ណ ស្ថិតនៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីប្រាង្គប្រាសាទអង្គរវត្ត និងស្ថិតនៅចម្ងាយប្រមាណ ២គីឡូម៉ែត្រពីព្រលានយន្តហោះខេត្តសៀមរាប។
ប៉ុន្តែក្រោយបាត់បង់ងារនៅព្រលានយន្តហោះ អ្នកស្រីត្រូវធ្វើដំណើរដល់ខេត្តកំពង់ធំ ដើម្បីបេះស្លឹកល្ពាក់មកដេរហិប ឬកន្ត្រកសម្រាប់ដាក់ស្លាម្លូ រួចបញ្ជូនឲ្យទៅអាជីវករនៅទីផ្សារ។
ជាម្តាយដែលមានកូនស្រីតូចម្នាក់អ្នកស្រី សុភ័ណ មិនទាន់ដឹងថា អ្នកស្រីអាចបានវិលត្រឡប់ទៅធ្វើការនៅព្រលានយន្តហោះខេត្តសៀមរាបវិញនោះទេ។
នៅឯមាត់កសិណទឹកមុខច្រកចូលប្រាសាទអង្គរវត្ត លោក ថម ភិរិទ្ធ កំពុងឈរពពាយនាយហៅភ្ញៀវខ្មែរដែលយូរៗគេឃើញដើរម្នាក់ៗ លន់តួឱ្យពួកគេទទួលយកសេវាមគ្គុទេ្ទសក៍របស់លោក។
បុរសវ័យ ៣៧ឆ្នាំ រូបនេះជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន កំពុងលំបាកទាំងការរកលុយកាក់ផង និងរកភ្ញៀវផង។ លោកនិយាយថា ឥឡូវនេះវិបត្តិកូវីដបានបង្ខំឲ្យលោកត្រូវចេញហៅភ្ញៀវខ្មែរតាមផ្លូវ លែងគិតពីភាពអៀនខ្មាស់។
«ពីមុនមក គឺយើងជាមគ្គុទ្ទេសក៍ទេសចរណ៍ហ្នឹងគេមាន Tour ប្រចាំប្រចាំក្រុមហ៊ុនអីចឹង យើងអត់បាច់មកមុខអង្គរនេះឃើញភ្ញៀវដើរមក ...បងយក guide ទេបងវាពិបាកចឹងរាល់ថ្ងៃនេះ សូម្បីតែខ្លួនឯងជាមគ្គុទេ្ទសក៍ហ្នឹងដែលខ្ញុំគិតថាមានក្រមសីលធម៌ហ្នឹង ក៏ពិបាកនឹងហៅភ្ញៀវដែរ ពេលខ្លះអៀនភ្ញៀវទៀត។ អៀនហើយភ្ញៀវខ្លះអត់យកទៀត»។
លោក ថម ភិរិទ្ធ លើកឡើងថា បើសិនជាកំណើនភ្ញៀវនៅតែមិនងើបឡើងវិញក្នុងពេលមួយឆ្នាំទៅមុខទៀត លោកនឹងបោះបង់អាជីពជាមគ្គុទេ្ទសក៍របស់លោក ទៅរកការងារផ្សេងនៅខាងក្រៅខេត្តសៀមរាប។
លោក ថម ភិរិទ្ធ មិនច្បាស់ទេថា លោកអាចស៊ូទ្រាំបានយ៉ាងដូចម្តេច បើធ្លាប់តែរកបានក្នុងមួយខែដល់ទៅ ៨០០ដុល្លារអាមេរិក ឬច្រើនជាង ១០០០ដុល្លារ មកដល់ពេលលោករកសឹងតែមិនបានលុយនៅក្នុងមួយសប្តាហ៍ៗ។
«អីចឹងបើមួយអាទិត្យ អត់មានភ្ញៀវក៏អត់ ប៉ុន្តែបើនិយាយចំណូលមួយអាទិត្យនេះ គឺអត់សោះបាទ អាទិត្យមុន គឺអត់សោះ ឥឡូវដល់អាទិត្យនេះ ឃើញអត់សោះបានមិញបានមួយជើងដែរ បានសល់ដែរ បានមួយ ១០ដុល្លារ»។
ជាមគ្គុទេ្ទសក៍ទេសចរណ៍សម្រាប់ភ្ញៀវជនជាតិចិនជាច្រើនឆ្នាំមកហើយនោះ លោក ភិរិទ្ធ កំពុងរង់ចាំមើលសន្ទុះភ្ញៀវមកលេងខេត្តសៀមរាប មុនពេលលោកប្តូរចិត្តទៅធ្វើការក្រៅពីវិស័យទេសចរណ៍។
បំណុលរបស់លោកមានទៅដល់ ១៨.០០០ដុល្លារអាមេរិក ដែលលោកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានរយៈពេល ប្រាំឆ្នាំ ដើម្បីសង់ផ្ទះនោះកំពុងគាបសង្កត់លោកមិនឲ្យឈរនៅមុខប្រាសាទអង្គរវត្តផងដែរ។
សម្រាប់បំណុលទាំងនោះក្នុងមួយខែៗ លោក ភិរិទ្ធ ត្រូវបង់ចំនួន ៣៨០ដុល្លារអាមេរិក ហើយមកទល់ពេលនេះ លោកទើបតែបង់បានរយៈពេលពីរឆ្នាំប៉ុណ្ណោះ។
«បើសិនបើនៅតែគេហៅថាអន្តរការបែបហ្នឹងទៀត នៅតែបន្តកូវីដ១៩ហ្នឹងទៀត ខ្ញុំមិនអាចឈរនៅទីនេះទៀតបានទេ។ អ៊ីចឹងខ្ញុំត្រូវតែចាកឆ្ងាយពីពីស្រុកកំណើត ទៅរកការងារទៅឆ្ងាយ អាហ្នឹងវាតម្រូវហ្មង។ បើយើងនៅតែរង់ចាំមួយឆ្នាំទៀត គឺមិនអាចទេ អត់អាចទៅរួចទៀតទេអីចឹង ចង់មិនចង់គឺត្រូវតែទៅដែរត្រូវតែទៅរកការងារធ្វើ»។
អ្នករួមអាជីពជាមួយលោក ថម ភិរិទ្ធ គឺលោក សុខ សារុំ អាយុ៤១ឆ្នាំ មិនទាន់សម្រេចចិត្តថា នឹងចាកចេញពីអាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍ផ្នែកភាសាអង់គ្លេស ដែលលោកបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកនោះទេ។
ដោយគ្មានជំនាញអ្វីបន្ទាប់បន្សំពីមុខរបរនាំភ្ញៀវនេះលោកថា តំបន់អង្គរនៅតែជាឆ្នាំងបាយរបស់លោក បើទោះពេលនេះលោករកចំណូលបានយ៉ាងត្រដាបត្រដួសពីភ្ញៀវទេសចរក្នុងស្រុក។ លោកថា ក្នុងថ្ងៃចុងសប្តាហ៍ខ្លះ ឬពេលមានពិធីបុណ្យទានធំៗ លោកអាចរកបានប្រមាណ ២០ដុល្លារ តែប៉ុណ្ណោះក្នុងមួយថ្ងៃ។
«នេះជាឯកទេស ជាជំនាញអីចឹង វាអត់អាចចំណេះដឹងហ្នឹងអ ត់អាចទៅធ្វើអីផ្សេងទៀត ទៅធ្វើអីផ្សេងទៀត មានតែទៅធ្វើសំណង់។ មគ្គុទេ្ទសក៍មួយចំនួនហ្នឹង ទៅធ្វើសំណង់ច្រើនគ្នា ព្រោះអីអាជំនាញឯកទេសហ្នឹងចេះតែអាហ្នឹងដល់ពេលទៅធ្វើឧទាហរណ៍ធនាគារ ឬក៏អង្គការ ឬក្រុមហ៊ុនផ្សេងវាអត់ជំនាញ ធ្វើអត់កើតគេអត់យកយើង ហើយណាមួយចាស់ទៀត អាចឹងទ្រាំរស់ប៉ុណ្ណឹងសិនចាំមើលសិន»។
តួលេខរដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងអត្រា ១,៩% ក្នុងឆ្នាំ២០២០ ដោយសារកូវីដ១៩។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅនេះថា សសរស្តម្ភចម្បងៗដែលគាំទ្រកំណើនសេដ្ឋកិច្ច រួមមានវិស័យទេសចរណ៍ជាដើម ដែលមានការពឹងផ្អែកខ្លាំងពីតម្រូវការខាងក្រៅ បានទទួលរងការប៉ះទង្គិចធ្ងន់ធ្ងរពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
របាយការណ៍ធនាគារកណ្ដាលរបស់ប្រទេសបានបង្ហាញថា វិស័យទេសចរណ៍និងវិស័យសំខាន់ផ្សេងពីរទៀត គឺវិស័យកម្មន្តសាល និងសំណង់កន្លងមក បានរួមចំណែកប្រមាណបីភាគបួននៃកំណើនសេដ្ឋកិច្ច។ របាយការណ៍ពណ៌នាថា វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះ ៩,៧ ភាគរយ។
នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងអត្រាដក ៨០,៣ភាគរយ ដោយទទួលបានភ្ញៀវទេសចរតែ ១លាន ៣សែននាក់តែប៉ុណ្ណោះ។ នេះបើយោងតាមស្ថិតិក្រសួងទេសចរណ៍។
មកទល់ពេលនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មើលមិនទាន់ឃើញតម្រុយនៃការរើបឡើងវិញនៃវិស័យទេសចរណ៍នៅឡើយទេ ហើយដែលដំណំជាងគេគឺខេត្តសៀមរាបនេះតែម្ដង។
«ខេត្តសៀមរាបហ្នឹង គឺទទួលធ្ងន់ជាងគេ រងនូវផលប៉ះពាល់ហ្នឹង ខេត្តផ្សេងៗ គាត់អាចដូចថា សេវាកម្ម គាត់តិចដែរកន្លងមកហ្នឹង»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបន្ថែមថា ខុសពីខេត្តផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានាខេត្តសៀមរាបមានលក្ខណៈពិសេសដោយពឹងអាស្រ័យខ្លាំងលើភ្ញៀវបរទេសនាពេលកន្លងមក។
«ដោយឡែកនៅខេត្តសៀមរាប គឺមិនអាចទេព្រោះថាសេវាកម្មដែលធ្លាប់បម្រើ គឺមិនមែនបម្រើតែក្នុងស្រុកទេ គឺបម្រើភ្ញៀវក្រៅប្រទេស។ ចឹងភ្ញៀវក្រៅប្រទេសមួយឆ្នាំៗរាប់លាននាក់ឯណោះ តើយើងម៉េចនឹងអាចជំរុញទេសចរក្នុងស្រុកទៅលេងកើតបើទេសចរក្នុងស្រុកយើង ទីផ្សារយើងវាតូចដែរ។ អីចឹងពួកគាត់គឺទទួលរងខ្លាំងក្លាជាងគេ»។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍អាចត្រូវការពេលប្រាំឆ្នាំ ដើម្បីស្ដារដើមត្រឡប់ទៅស្ថានភាពមុនកើតវិបត្តិកូវីដ១៩ វិញ។
ភូមិវប្បធម៌កម្ពុជាដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តសៀមរាប ក៏គេចមិនផុតពីឥទ្ធិពលនៃជំងឺកូវីដនោះដែរ។ មិនខុសពីសណ្ឋាគារជាច្រើនដែលបានបិទទ្វារនោះកន្លែងកម្សាន្តវប្បធម៌ដ៏ធំមួយនេះ បានប្រកាសបិទទ្វារជាស្ថាពរ កាលពីខែវិច្ឆិកាឆ្នាំ២០២០ កន្លងទៅ។
លោក គង់ ប៊ុនថា ដែលជាអតីតបុគ្គលិកផ្នែករបាំនៅភូមិវប្បធម៌ មិនធ្លាប់គិតទេថា កន្លែងការងាររបស់លោកត្រូវដួលរលំនោះទេ។
នៅពេលផ្តល់បទសម្ភាសន៍ដល់ពេលវីអូអេ កាលពីថ្ងៃទី១៦ ខែមករា នៅក្នុងក្រុងសៀមរាប លោក ប៊ុនថា ឥឡូវនេះសង្ឃឹមតែលើការរត់ម៉ូតូកង់បី និងអាជីវកម្មតូចតាចមួយចំនួនទៀតដូចជាលក់ចាប់ហួយ និងបោកអ៊ុតសម្លៀកបំពាក់រកចំណូលប្រចាំថ្ងៃបានយ៉ាងច្រើន ២ម៉ឺនរៀល ឬថ្ងៃខ្លះតិចជាង១ម៉ឺនរៀលផងក៏មាន។
មុខរបរដែលបង្កើនចំណូលបានតិចតួចស្តួចស្តើងនេះកំពុងក្លាយជាការប្រឈមមួយនឹងការបាត់បង់ដីឡូតិ៍ចំនួនពីរកន្លែង ដែលលោក ប៊ុនថា បានទិញតាំងពីឆ្នាំ២០១៩ ទុកបម្រុងនឹងសង់ផ្ទះ។ លោកត្រូវបង់ប្រមាណ ៣០០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល២ឆ្នាំទៅមុខទៀត ដើម្បីបានជាម្ចាស់កម្មសិទ្ធិពេញច្បាប់លើដីទាំងពីរកន្លែងនោះ។
«ខ្ញុំមានបញ្ហាប្រឈមដែរ កំពុងតែអង្គុយគិត នឹកឃើញថា មិនដឹងមុខរបររបស់ខ្ញុំ យើងអាចដើរបានទៅមុខរស់ឬយ៉ាងម៉េច»។
ក្នុងវ័យ ៦០ឆ្នាំ លោក ស៊ាង វណ្ណា ជាអ្នករត់ម៉ូតូកង់បីម្នាក់ក្នុងក្រុងសៀមរាប។ លោក មិនធ្លាប់ឃើញសភាពស្ងប់ស្ងាត់ក្នុងខេត្តសៀមរាបដូចកាលៈទេសៈមានវិបត្តិជំងឺឆ្លងកូវីដ១៩ នេះនោះទេ។
ក្រោយកូនស្រីរបស់លោកបានបាត់បង់ការងារក្នុងសណ្ឋាគារមួយអស់ជិតមួយឆ្នាំកន្លងមកនេះ បន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារត្រូវធ្លាក់មកលើរូបលោក ដើម្បីទិញស្បៀងអាហារ។ ក្នុងមួយថ្ងៃលោករកចំណូលបាន ២ម៉ឺនរៀល។
«២ម៉ឺនហ្នឹងយកឲ្យតែបានឲ្យម្ហូប ប្រពន្ធទិញតែម្ហូប ហូបហ្នឹង ត្រង់ស្អីៗទៀត អត់មានសល់ទេ អូនឃើញទេ ២ម៉ឺនយកទៅទិញស្អីសព្វថ្ងៃ ស្អីក៏ថ្លៃទាំងអស់»។
ត្រឡប់ទៅគេហដ្ឋានអ្នកស្រី សឿន សុភ័ណ នៅសង្កាត់គោកចកវិញ ភាពមមាញឹកញាប់ដៃដេរត្បាញវល្លិរពាក់នៅតែបន្ត ខណៈក្នុងចិត្តរបស់អ្នកស្រីនៅតែច្របូកច្របល់ ដោយអ្នកស្រីប្រាប់ថា អ្នកស្រីកំពុងសំឡឹងគិតរកវិធីបន្តជីវភាពសេដ្ឋកិច្ចទៅថ្ងៃអនាគត ដែលរកភាពច្បាស់លាស់មិនទាន់ឃើញ ដូចពលរដ្ឋខេត្តសៀមរាបដទៃទៀតដែរ ដែលធ្លាប់រស់ពឹងដង្ហើមទេសចរណ៍៕