ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​នៅ​កម្ពុជា​មិនធ្វើ​តាម​គម្រោង​អភិវឌ្ឍន៍


បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​ផ្លាក​ក្រុមហ៊ុន​​​ Cambodia Iron Group នៅ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។
បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​ផ្លាក​ក្រុមហ៊ុន​​​ Cambodia Iron Group នៅ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។
ពីរ​ឆ្នាំ​ក្រោយ​ពី​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ គម្រោង​សាង​សង់​ផ្លូវ​ដែក ​និង​រោងចក្រ​ស្ល​ដែក​ថែប​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ស្រុក​រវៀង​ ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ​ និង​គម្រោង​សាង​សង់​កំពង់​ផែក្នុងខេត្ត​កោះកុងនោះ​ នៅ​មិនទាន់​បាន​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។​

ក្រុមហ៊ុន​ឧស្សាហ​កម្ម​រ៉ែដែក​ និង​ដែក​ថែប​កម្ពុជា​ Cambodia ​Iron​ & ​Steel ​ Industry​ Group ​(CISMIG)​បាន​ទទួល​សិទ្ធិ​វិនិយោគ​សាង​សង់​ផ្លូវ​ដែក ​កំពង់​ផែ ​រោងចក្រ​ស្ល​ដែក​ថែប​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​ ដោយ​មាន​គម្រោង​ទឹក​ប្រាក់​ចំនួន​១១,២​ពាន់​លានដុល្លារ។​ ផ្លូវ​ដែក​នេះគ្រោង​នឹង​ភ្ជាប់​ពី​ខេត្ត​ព្រះ​វិហារ​ទៅ​កាន់​ខេត្ត​កោះកុង ​ដែល​មាន​ប្រវែង​ជាង​៤០០​គីឡូម៉ែត្រ។​

ក៏​ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នៃ​គម្រោង​វិនិយោគ​នេះ ​និង​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ឃ្លាំ​មើល​គម្រោង​មួយ​នេះ​ អះអាង​ថា​ ក្រុមហ៊ុន​ចិន​ខាង​លើ​មិន​ទាន់​បាន​ចាប់​ដំណើរ​ការ​អ្វី​មួយ​នៅ​ឡើយ​ទេ។​

ប៉ុន្តែ​ក្រុម​ប្រជា​ពល​រដ្ឋ​ជឿ​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្តើម​លក់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​រុករករ៉ែតូចៗ​ដទៃទៀត​ទៅ​វិញ។

លោកស្វាយ​ ភឿ​ន​គឺជា​សមាជិក​បណ្តាញ​សហគមន៍​កសាង​សន្តិភាព​ក្នុងស្រុក​ប៉ាល​ហាល​ ឃុំ​រីករាយ​ ស្រុក​រវៀង​ ដែល​ផ្ទះ​របស់​លោក​ស្ថិតនៅ​ចម្ងាយប្រហែល​ជាង​៣​គីឡូ​ម៉ែត្រ​ពី​ទីតាំង​នៃ​គម្រោង​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន។

លោក​ស្វាយ​ភឿន​ថ្លែង​ថា ​រហូត​មកទល់​ពេល​នេះ​ លោក​គ្រាន់តែ​បាន​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​ប្រើប្រាស់​គ្រឿង​យន្ត​ដើម្បី​ជីក និង​ដឹក​ជញ្ជួនយក​ធនធាន​រ៉ែ​មួយ​ចំនួន​មក​ចាក់​ជាគំនរនៅ​ក្នុង​បរិវេណ​ទីធ្លា​ដែល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ។​

«គឺ​វា​គ្រាន់តែ​កាយ​តំបន់​រ៉ែ​ហ្នឹង​មក​ខាង​ក្រៅ។ ​សកម្មភាព​អស់​ទាំង​នោះ​វា​អត់​ទាន់​ឃើញ​កិន​ ឬ​ដឹក​ទៅ​កន្លែងណា​ទេ​ ហើយ​គេ​ក៏​គ្រោង​នឹង​ធ្វើ​សកម្ម​ភាព​រោងចក្រ​ស្លដែក​នៅតំបន់​ហ្នឹង​តែ​ម្តង។​ ច្រើន​ដែរ​ហ្នឹង​ ពី​ព្រោះ​យើង​ឃើញ​គំនរ​ប៉ុនៗ​ភ្នំៗ»។​

គម្រោង​វិនិយោគ​ទុន​របស់​ក្រុមហ៊ុន​ចិន​ Cambodia ​Iron​ & ​Steel ​ Industry​ Group ​(CISMIG) ​នេះ​មាន​រយៈ​ពេល​៩៩​ឆ្នាំ។​

តាម​គម្រោង​ដើម​ ក្រុម​ហ៊ុន​នេះ​ត្រូវ​សាង​សង់​ផ្លូវ​ដែក​ដើម្បី​ដឹក​ជញ្ជូន​រ៉ែ​ដែក​ដែល​រុករក​បាន​ទៅ​កាន់​កំពង់ផែ​ខេត្ត​កោះកុង​សម្រាប់​នាំ​ចេញ។ ​ផ្លូវដែក​នេះនឹង​កាត់​តាម​ខេត្ត​ចំនួន​៣ ​ដូចជា​កំពង់​ធំ​ កំពង់​ឆ្នាំង​ និង​កំពង់​ស្ពឺ។​

ដោយឡែក ​របាយ​ការណ៍​ដដែ​ល​ក៏​បាន​ដកស្រង់​សម្តី​របស់​ប្រធាន​ក្រុមហ៊ុន​ចិន​ លោក​ហ្សាង​ ឈួនលី​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា ​គម្រោង​សាងសង់​រោចក្រ​ស្លដែក​ក្នុងស្រុករវៀង​នឹងចាប់ផ្តើម​នៅ​ខែ​កក្កដា​ឆ្នាំ​ ២០១៣​ហើយ​នឹង​បិទ​បញ្ចប់​ក្នុងរយៈពេល​២​ឆ្នាំ​កន្លះ។​

លោក​ស្វាយ​ ភឿនបាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​មិនបាន​ឃើញ​សកម្មភាព​សាង​សង់​អ្វីទេ។​ ជាង​នោះ​ទៅទៀត​តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន​ពី​សមត្ថកិច្ច​ដែល​ចាំ​យាម​ឲ្យ​ក្រុម​ហ៊ុន​នេះ​បាន​បញ្ជាក់​ថា​ គម្រោង​នេះ​មិនទាន់​ដំណើរ​ការគឺ​ដោយសារ​កង្វះ​ថវិកា​ ហើយ​ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រុករករ៉ែ​ដែក​នោះ​ បាន​និង​កំពុង​ស្វែងរក​ដៃគូ​ដទៃទៀត​មក​បណ្តាក់​ទុន។​ ​

«ទទួល​ព័ត៌មាន​ពី​ទាហាន​ពីអ្នក​ការពារ​ហ្នឹង​គឺ​ថា ​ក្រុមហ៊ុន​នេះ​គ្រាន់​តែ​មក​ចាប់​យក​តំបន់​រ៉ែ​សម្រាប់​លក់​ឲ្យ​ក្រុមហ៊ុន​ ឬ​ក៏​លក់​ឲ្យ​មហា​សេដ្ឋី​ ដែល​មានលុយ​ធំៗ​សម្រាប់​ធ្វើ​វិនិយោគ​បន្ត​ទៀត។​ នេះ​ជា​ពាក្យ​របស់​ទាហាន​រាយ​ការណ៍​ប្រាប់​ពួក​ខ្ញុំ​ពីឆ្នាំ​មុន​ហ្នឹង»។​

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​រវៀង​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា ​រហូត​ទល់​បច្ចុប្បន្ន​នេះ​ លោក​គ្រាន់តែ​ឃើញ​មាន​គ្រឿង​ចក្រ​ឈូស​ឆាយដី​ និង​ជីកយក​រ៉ែ​មក​គរ​ជា​គំនរ។​

លោក​អះអាង​ថា​ ក្រុម​អ្នក​ភូមិ​មិនត្រូវ​បាន​ហាម​ឃាត់​មិន​ចូល​ទៅ​បរិវេណ​របស់​ក្រុមហ៊ុន​ឡើយ។​

«ទាក់ទង​នឹង​ក្រុមហ៊ុន​នេះ​ឃើញ​ថា ​មាន​ការ​ឈូសឆាយ​ ដាក់​ទីតាំង​ដាក់​ទាហាន​ការពារ​នៅ​ជុំវិញ​ដី​ដែល​គេដាក់​ហ្នឹង​ យើង​ឃើញ​មាន។ ​គេមិនឲ្យ​យើង​ចូល​ទៅ​ប្រកប​មុខរបរ​ពី​ក្នុង​ព្រៃ​បាន​ទេ ​ពីព្រោះ​ថា ​ដីហ្នឹង​ការពារ​ឲ្យ​ក្រុម​ហ៊ុន​ហើយ។​ ​ប៉ូលិស​គេប្រាប់​យើង​អញ្ចឹង»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ធ្វើការ​អង្កេត​លើគម្រោង​របស់​ក្រុម​ហ៊ុន​ចិន​នេះ​ បាន​ត្អូញត្អែរ​ពី​កង្វះ​ខាត​ព័ត៌មាន​អំពី​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​មួយ​នេះ។​

គម្រោង​រុករក​រ៉ែ​ និង​សាង​សង់​រោងចក្រ​ដែក​ថែប​នៅ​ក្នុងស្រុក​វៀង​ ខេត្ត​ព្រះវិហារ​នេះ ​អាច​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ពី​ចន្លោះ​១០​ទៅ​១៤​គីឡូ​ម៉ែត្រ​ការ៉េ។​ គម្រោង​ដដែល​នេះ​ត្រូវ​បាន​ប្រភព​ពី​ក្រុមហ៊ុន​បញ្ជាក់​ថា ​នឹង​អាច​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​២​ម៉ឺន​នាក់។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សម​ធម៌​កម្ពុជា​ (Equitable ​Cambodia)។​

លោក​អៀង វុទ្ធី​ នាយក​ប្រត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ដែល​បានចេញ​របាយ​ការណ៍ក្រោម​ចំណងជើង​ថា៖​ «គម្រោង​ផ្លូវដែក​ចិន​ពី​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បួង»នេះ ​បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​ដឹង​ ​គម្រោង​តម្លៃ​១១,២​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចិននេះ​ត្រូវ​បាន​ផ្អាក​ ដោយសារ​វិបត្តិ​នៃ​កង្វះ​ថវិកា​ និង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​ចិន។

«រដ្ឋមន្ត្រី​ខាង​ដឹក​ជញ្ជូន​នៅ​ប្រទេស​ចិន​គឺ​មាន​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ជា​ដើម​នោះ។​ អញ្ចឹងក្រុមហ៊ុន​ចិន​ ដែល​ធ្វើ​ការ​វិនិយោគ​លើ​គម្រោង​ផ្លូវ​ដែក​កម្ពុជា​ចិន​ហ្នឹង​ក៏​មានពាក់​ព័ន្ធ​លើ​រឿង​ហ្នឹង​ដែរ។​ អញ្ចឹង​យើង​ជឿ​ជាក់​ថា ​ដោយសារ​តែ​រឿង​ហ្នឹង​ហើយ​ដែលធ្វើ​ឲ្យ​គម្រោង​ផ្លូវដែក​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​ពន្យារ​ពេល»។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ដដែលឲ្យដឹង​ថា​ នៅ​តំបន់​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​ មិនត្រឹម​តែ​មាន​រ៉ែ​ដែក​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​សម្បូរ​ទៅ​ដោយ​ធ្យូង​ថ្ម ​ដែល​ក្រុមហ៊ុន​ចិន​អះអាង​ថា​ នឹង​ជា​ប្រភព​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ប្រភព​ថាមពល​ដល់​រោងចក្រ​ស្ល​ដែក។

ជាង​នេះ​ទៅ​ទៀត អង្គការ​ដដែល​បង្ហាញ​ថា​ សក្តានុពល​នៃ​ការ​ទាញ​យក​រ៉ែ​អាច​មាន​ពី​៣​លាន​តោន​រហូត​ដល់​៥​លាន​តោន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​រយៈ​ពេល​នៃ​ការ​ទាញ​យក​រ៉ែ​អាច​មាន​រហូត​ដល់​៥៥​ឆ្នាំ។

លោក​ស្វាយ​ ភឿន​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ក្នុង​ស្រុក​រវៀង​ដែល​មាន​១២​ឃុំ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ ជាពិសេស​លំនៅដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​ធ្វើការ​សាង​សង​ផ្លូវ​ដែក។​

លោក​ប៊ុន​ ល៉ើត អភិបាល​ខេត្ត​កោះកុង ​ថ្លែង​ថា​ រហូត​មក​ទល់​បច្ចុប្បន្ន​លោក​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ចិន​នេះសាង​សង់​កំពង់ផែនៅក្នុង​ខេត្ត​កោះកុង​ទេ។

«ទេ​ ក្នុង​ខេត្ត​ខ្ញុំ ​អត់​ឃើញ​មាន​គេ​សង់​អ្វី​ផង។ ​ ខ្ញុំ​មិន​ទាន់​ឃើញ​មាន​គេ​សង់​អ្វី​ទេ»។​ ​

វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ចិន​ Cambodia ​Iron​ & ​Steel ​ Industry​ Group ​(CISMIG)​ ប៉ុន្តែ​ពុំមាន​ការ​ឆ្លើយតប​ណា​មួយ​ឡើយ។​

ដោយឡែក​ អ្នក​នាំ​ពាក្យ​នៃ​ស្ថាទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​ លោក​ចេងហុងបួ​ ​ថ្លែង​ប្រាប់​ថា​ លោក​មិនបាន​ដឹង​ពី​ព័ត៌មាន​អ្វី​ឡើយ​ទាក់ទង​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ។

របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា​ (Equitable ​Cambodia) ​ក្រោម​ចំណងជើង​ថា៖ ​«គម្រោង​ផ្លូវដែក​ចិន​ពី​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាងត្បួង»​ក៏​បាន​លើក​ឡើង​នូវ​ការព្រួយ​បារម្ភណ៍​អំពី​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ និង​រុករករ៉ែ​ផ្សេងៗនៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ដែរ។ ​អង្គការ​ដដែល​បញ្ជាក់​ថា​ ភាគច្រើន​ គម្រោង​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ​ និង​កង្វះ​ព័ត៌មាន​សាធារណៈ​ស្តីពី​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន។

យោង​តាម​ទិន្នន័យ​ ដែល​ចេញផ្សាយ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ដឹង​ថា​ ​ក្រៅពី​ទឹក​ប្រាក់​វិនិយោគ​របស់​គម្រោង​ក្រុមហ៊ុន​ចិន​មួយ​នេះ ​ទឹក​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​បាន​កើន​ដល់​៩,១៧​ពាន់​លាន​ដុល្លារ​គិតពី​ចន្លោះ​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១២៕
XS
SM
MD
LG