តារាសម្តែង Hollywood អ្នកស្រី Angelina Jolie កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យផ្តោតកាន់តែខ្លាំងទៅលើការទប់ស្កាត់ជម្លោះ ជាជាងឆ្លើយតបទៅនឹងផលវិបាកនៃជម្លោះនានា នៅក្នុងអំឡុងពេលដែលអ្នកស្រីធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ជាមួយនឹងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
អ្នកស្រី Jolie បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯជំរំជនភៀសខ្លួន Domiz ក្នុងតំបន់ស្វយ័ត Kurdistan នៃប្រទេសអ៊ីរ៉ាក់ថា «ខ្ញុំសង្ឃឹមថា យើងអាចរកឃើញមធ្យោបាយល្អជាងនេះទៅថ្ងៃមុខ ដើម្បីឲ្យយើងអាចទប់ស្កាត់ជម្លោះនិងកាត់បន្ថយអស្ថិរភាព ជាជាងដោះស្រាយបញ្ហាក្រោយជម្លោះកើតឡើងរួចហើយ»។
នេះគឺជាលើកទីបីហើយ ដែលអ្នកស្រី Jolie ធ្វើទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួននោះ ក្នុងនាមជាបេសកជនពិសេសរបស់ទីភ្នាក់ងារ UNHCR បន្ទាប់ពីអ្នកស្រីធ្វើទស្សនកិច្ចកាលពីឆ្នាំ២០១២និងឆ្នាំ២០១៦។
ជំរំ Domiz បានបើកនៅក្នុងឆ្នាំ ២០១១ និងជាជម្រករបស់ជនភៀសខ្លួនស៊ីរី៤ម៉ឺននាក់ ដែលរត់ភៀសខ្លួនពីសង្គ្រាមស៊ីវិលរយៈពេល៧ឆ្នាំ តាមរយៈការឆ្លងព្រំដែន។
អ្នកស្រីបានមានប្រសាសន៍ថា «នៅពេលការឆ្លើយតបទៅលើបញ្ហាស៊ីរីរបស់ទីភ្នាក់ងារជនភៀសខ្លួន UNHCR ត្រូវបានផ្តល់ថវិកាឲ្យត្រឹមតែ៥០ភាគរយកាលពីឆ្នាំមុន ហើយឆ្នាំនេះផ្តល់ថវិកាត្រឹមតែ១៧ភាគរយ នាំឲ្យមានបញ្ហាមនុស្សធម៌ជាច្រើន។ យើងមិនគួរត្រូវបានគេបំភ័ន្តភ្នែកចំពោះរឿងនេះនោះទេ»។
អ្នកស្រីបានបន្ថែមថា «នៅពេលដែលគ្មានសូម្បីតែជំនួយអប្បបរមា ក្រុមគ្រួសាររបស់ជនភៀសខ្លួនមិនអាចទទួលបានការព្យាបាលទេ ស្ត្រីនិងកុមារីប្រឈមនឹងអំពើហិង្សាផ្លូវភេទ កុមារជាច្រើនមិនអាចទៅរៀនបាន ហើយយើងខ្ជះខ្ជាយឱកាសក្នុងការវិនិយោគទៅលើជនភៀសខ្លួន ដើម្បីឲ្យពួកគេអាចទទួលបានជំនាញថ្មីនិងគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេ»៕