នៅជុំវិញពិភពលោក ប្រសិនបើបុគ្គលណាម្នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានឃើញថាមានផ្ទុកវីរុសកូរ៉ូណា នោះគេរាប់ថា បុគ្គលនោះជាករណីឆ្លងជំងឺកូវីដ១៩មួយករណី។ ប៉ុន្តែនៅប្រទេសចិនគេមិនរាប់ដូច្នេះឡើយ។
ឯកសារផ្លូវការបង្ហាញថា ប្រទេសចិនមិនបានរាប់បញ្ចូលអ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា ក្នុងចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបឡើយ។ ការធ្វើបែបនេះ គឺពុំស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោកទេ ហើយធ្វើឱ្យខូចទិន្នន័យអំពីអ្នកឆ្លងជំងឺកូវីដ១៩នេះនៅប្រទេសចិន ដែលអ្នកសិក្សាអំពីរោគរាតត្បាតធ្លាប់ប្រើប្រាស់ ដើម្បីបង្កើតគម្រូលើវិធីដែលវីរុសនេះអាចឆ្លងរាលដាល។
ការផ្លាស់ប្តូរនិយមន័យលើអ្នកដែលឆ្លងវីរុស
ប្រទេសចិនបានផ្លាស់ប្តូរជាសាធារណៈលើលក្ខណៈវិនិច្ឆ័យសម្រាប់ការតាមដានការឆ្លងជំងឺជាច្រើនលើកច្រើនសាមកហើយ ចាប់តាំងពីការផ្ទុះរាតត្បាតជំងឺកូវីដ១៩នេះដំបូង។
កាលពីខែមករា នៅពេលដែលការឆ្លងជំងឺនេះចាប់ផ្តើមផ្ទុះឡើងយ៉ាងឆាប់រហ័ស គណៈកម្មាធិការសុខាភិបាលចិនបានសម្រេចថា អ្នកធ្វើតេស្តរកវីរុសកូរ៉ូណាឃើញវិជ្ជមានដែលមិនមានចេញរោគសញ្ញា មិនរាប់បញ្ចូលថាជាអ្នកឆ្លងជំងឺនេះឡើយ។
តាមរយៈ«កម្មវិធីតាមដានករណីជំងឺ COVID-19 (កំណែប្រែទី៣)» ដែលចេញផ្សាយដោយគណៈកម្មាធិការសុខាភិបាលចិនកាលពីថ្ងៃទី២៨ ខែមករា បញ្ជាក់ថា មន្ត្រីសុខាភិបាលចិនចែកករណីជំងឺ COVID-19 ជា៣ក្រុម៖ ករណីសង្ស័យថាកើតជំងឺនេះ (suspected cases) ករណីឆ្លងជំងឺនេះ (confirmed cases) និងករណីធ្វើរោគវិនិច្ឆ័យរកឃើញថាវិជ្ជមាន (positive diagnosis)។ ករណីធ្វើរោគវិនិច្ឆ័យរកឃើញថាវិជ្ជមាន មិនត្រូវបានរាប់បញ្ចូលក្នុងតួលេខអ្នកឆ្លងជំងឺនេះ(confirmed cases)សរុបទេនៅក្នុងប្រទេសចិន។
តាមច្បាប់ចម្លងនៃគោលការណ៍ណែនាំដែលវីអូអេបានទាញយកពីគេហទំព័ររបស់គណៈកម្មការសុខាភិបាលចិនបញ្ជាក់ថា៖ «ក្នុងចំណោមក្រុមអ្នកដែលបានធ្វើតេស្តវិជ្ជមានតែមិនមានចេញរោគសញ្ញា (asymptomatic carriers) ត្រូវបានចាត់ចូលក្នុងករណីធ្វើរោគវិនិច្ឆ័យរកឃើញថាវិជ្ជមាន(positive diagnosis)»។
មួយថ្ងៃបន្ទាប់ពីច្បាប់ចម្លងកំណែប្រែទី៣នេះត្រូវបានគេផ្សព្វផ្សាយ គណៈកម្មាធិការសុខាភិបាលជាតិចិនបានដកចំនួនអ្នកឆ្លងជំងឺជាង១០០ករណីចេញពីចំនួនអ្នកឆ្លងជំងឺសរុបថ្នាក់ជាតិ។
លក្ខណៈវិនិច្ឆ័យអ្នកធ្វើតេស្តមានលទ្ធផលវិជ្ជមាន ត្រូវបានកែប្រែជាច្រើនលើកច្រើនសា ប៉ុន្តែការចាត់ករណីអ្នកឆ្លងជំងឺនេះរក្សានៅដដែល។
ច្បាប់ចម្លងកំណែប្រែលើកទី៦នៃគោលការណ៍ណែនាំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែមីនា ពាក្យពេចន៍ដែលបានបន្ថែមគឺថា «អ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា តែមានប្រវត្តិបង្ហាញរោគសញ្ញាពីមុននឹងត្រូវចាត់ទុកភ្លាមថាជាករណីដែលបានឆ្លងជំងឺកូវីដ១៩»។
វិធីសាស្ត្រនេះធ្វើឱ្យប្រទេសចិនជាប្រទេសខុសពីគេដែលមិនអនុវត្តតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។
លោកវេជ្ជបណ្ឌិត Huang Yanzhong អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុខភាពសកលនៃក្រុមប្រឹក្សាកិច្ចការបរទេសបានប្រាប់ VOA ថា គាត់មិនឃើញមានរដ្ឋាភិបាលប្រទេសណាប្រើប្រាស់លក្ខណៈវិនិច្ឆ័យដូចគ្នានេះចំពោះអ្នកផ្ទុកវីរុសនេះ ដូចប្រទេសចិនឡើយ។ លោក Huang បាននិយាយថា៖«នៅប្រទេសផ្សេងអ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា ក៏គេរាប់ចូលថាជាអ្នកឆ្លងជំងឺនេះដែរ ដរាបណាបុគ្គលនោះធ្វើតេស្តឃើញវិជ្ជមាន»។
ករណីនៅក្រុង Wuhan
ថ្ងៃទី១៩ ខែមីនា ត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ។ នៅថ្ងៃនោះ ក្នុងប្រទេសចិនទាំងមូលមិនមានការរាយការណ៍ពីករណីឆ្លងថ្មីក្នុងប្រទេសទេ ហើយក៏ជាលើកទី១ដែរចាប់តាំងពីមានការផ្ទុះឡើងជំងឺនេះ។ ប៉ុន្តែសេចក្ដីជូនដំណឹងសាធារណៈមួយ ដែលបង្ហោះដោយអាជ្ញាធរក្រៅក្រុង Wuhan និយាយថា មានករណីឆ្លងថ្មីមួយក្នុងតំបន់ទីប្រជុំជននៅក្រុងនោះ។
រូបថតនៃសេចក្ដីជូនដំណឹងនោះត្រូវបានចែកចាយយ៉ាងផុសផុលតាមបណ្ដាញសង្គម។ ប្រជាជនងឿងឆ្ងល់ហេតុអ្វីបានជាករណីឆ្លងជំងឺនេះ មិនត្រូវបានបញ្ចូលក្នុងតួលេខផ្លូវការរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ សម្រាប់អ្នករិះគន់ដែលតែងតែងឿងឆ្ងល់នឹងតួលេខរបស់រដ្ឋាភិបាលក្រុងប៉េកាំង យល់ថា របាយការណ៍អំពីជំងឺកូវីដ១៩ក្នុងទីក្រុង Wuhan គឺជាភស្តុតាងបញ្ជាក់ថាអាជ្ញាធរជាតិកំពុងតែបង្រួមវិសាលភាពនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩នេះ។
លោក Tao Zhengtaiលេខាធិការបក្សនៅមូលដ្ឋានម្នាក់ ក្រោយមកអះអាងថា ការប្រកាសទិន្នន័យនេះគឺចេញផ្សាយដោយអាជ្ញាធរក្នុងតំបន់។ ប៉ុន្តែលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ Xinhua កាលពីពេលថ្មីៗនេះថា ការផ្សាយនោះគឺជាកំហុសឆ្គងមួយ។ លោកបានបកស្រាយថា បុរសវ័យ៦៣ឆ្នាំដែលមានត្រកូល Zhang រស់នៅក្នុងស្រុក Qiaokou នៃទីក្រុង Wuhan បានធ្វើតេស្តឃើញវិជ្ជមាន ប៉ុន្តែមិនមានចេញរោគសញ្ញាឡើយ។ «លោក Zhang មិនមានចេញរោគសញ្ញាទេ ហើយក៏មិនត្រូវបានរាប់បញ្ចូលថាជាករណីឆ្លងជំងឺនេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក Tao។
ក្រុមការងារទប់ស្កាត់ជំងឺប្រចាំស្រុក Qiaokou ដែលបានបង្ហោះសេចក្ដីជូនដំណឹងនោះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយក្នុងខ្លឹមសារថា យោងតាមកំណែប្រែទី៦នៃគោលការណ៍ណែនាំចេញដោយគណៈកម្មាធិការសុខាភិបាលជាតិចិន ទោះបីជាការធ្វើតេស្តលើ DNA ឬ RNA របស់លោក Zhang រកឃើញថាវិជ្ជមានក៏ដោយ ក៏«ករណីរបស់លោកZhang មិនគួររាប់បញ្ចូលជាករណីឆ្លងជំងឺឡើយ»។
«មកដល់ថ្ងៃទី១៩ ខែមីនា ទើបយើងដឹងថាអ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា មិនត្រូវបានគេរាប់បញ្ចូលថាជាករណីឆ្លងជំងឺកូវីដ១៩ឡើយ។ យើងមិនបានដឹងថា មានរឿងចម្លែកបែបហ្នឹងក្នុងទិន្នន័យសរុបរួមរបស់ចិនទេ»។ នេះបើតាមសម្ដីរបស់លោកវេជ្ជបណ្ឌិត Huang នៃក្រុមប្រឹក្សាកិច្ចការបរទេស ដែលប្រាប់វីអូអេតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។
រដ្ឋាភិបាលក្រុងប៉េកាំងបន្ធូរស្ថានការណ៍ហានិភ័យនៃការឆ្លងរាលដាល
ព័ត៌មាននៃចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាតែមិនចេញរោគសញ្ញា ត្រូវបានគេចាត់ទុកថាជាទិន្នន័យសម្ងាត់នៅក្នុងប្រទេសចិន។ បើតាមការដកស្រង់ពីឯកសារផ្លូវការដែលមិនត្រូវបានគេចេញផ្សាយ និងសេចក្ដីរាយការណ៍មួយក្នុងពេលថ្មីៗនេះរបស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថា អ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា អាចមានចំនួនស្មើនឹង១ភាគ៣នៃអ្នកដែលធ្វើតេស្តរកឃើញថាមានលទ្ធផលវិជ្ជមាន។
អ្វីដែលនៅមិនទាន់ច្បាស់នៅឡើយគឺថាតើចំនួនករណីអ្នកដែលផ្ទុកវីរុសកូរ៉ូណាមិនចេញរោគសញ្ញា ដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យនៅឡើយ នៅសល់ចំនួនប៉ុន្មាននាក់ទៀត។ យោងតាមអត្ថបទស្រាវជ្រាវមួយរបស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Huazhong University of Science and Technology ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា នៅលើគេហទំព័រខ្លួន ដែលជាព្រឹត្តិប័ត្រវិទ្យាសាស្ត្រដ៏ល្បីមួយ ប៉ាន់ស្មានថា អ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា អាចមានប្រហែលពី៣០ភាគរយ ទៅ៦០ភាគរយនៃរាល់ករណីឆ្លងជំងឺកូវីដ១៩នេះសរុបទាំងអស់នៅក្នុងប្រទេសចិន។
នៅពេលដែលដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ដែលមិនចេញរោគសញ្ញាគឺជាមូលហេតុចម្បងមួយ ដែលធ្វើឱ្យមានការព្រួយបារម្ភ និងជាប្រភពចម្លងពីមួយទៅមួយ ប្រទេសចិនគិតថា ករណីបែបនេះមិនមែនជាបញ្ហាទៅវិញ។ គេតម្រូវឱ្យអ្នកជំងឺដែលមិនចេញរោគសញ្ញាត្រូវធ្វើចត្តាឡីស័កឬនៅដាច់តែឯងរយៈពេល១៤ថ្ងៃ និងត្រូវតាមដានមើលថាតើអ្នកទាំងនោះមានចេញរោគសញ្ញាជំងឺកូវីដ១៩នេះដែរឬទេ។
លោក Liu Jiafa ប្រធានបក្សនៃមជ្ឈមណ្ឌលទប់ស្កាត់និងបង្ការជំងឺប្រចាំខេត្ត Hubei បានធានាដល់សាធារណជនថា នឹងពុំមានការអនុញ្ញាតឲ្យអ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញាចេញទៅខាងក្រៅបានទេ លុះត្រាតែការធ្វើតេស្តផ្ទួនគ្នាលើសំណាកលើ DNA ឬRNA បង្ហាញថាលទ្ធផលអវិជ្ជមាន។
លោក Liu បញ្ជាក់ថា៖ «សាធារណជនមិនចាំបាច់ព្រួយបារម្ភពេកទេ»។
ក្រៅពីការបញ្ជាក់បែបនេះ ប្រទេសចិនមិនបានផ្តល់ការពន្យល់បកស្រាយលើហេតុផលដែលខ្លួនលាក់បាំងចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញាឡើយ ហើយតួលេខនេះក៏មិនត្រូវបានយកទៅដាក់បញ្ចូលក្នុងទិន្នន័យផ្លូវការនោះដែរ។
លោកវេជ្ជបណ្ឌិត Huang នៃក្រុមប្រឹក្សាកិច្ចការបរទេស និងក៏ជានាយកនៃវេទិកាកិច្ចប្រជុំតុមូលស្ដីពីអភិបាលកិច្ចសុខភាពសកលនិយាយថា៖ «វាជារឿងចម្លែកដែលចំនួនករណីអ្នកផ្ទុកវីរុសកូរ៉ូណាដែលមិនចេញរោគសញ្ញា មិនត្រូវបានគេដាក់បញ្ចូលក្នុងតួលេខផ្លូវការនៃករណីឆ្លងវីរុសនេះនៅប្រទេសចិន។ ប្រសិនបើលទ្ធផលនៃការធ្វើតេស្ត DNA ឬ RNA វិជ្ជមាន ធម្មតាគេរាប់ថាជាករណីឆ្លងជំងឺហើយ»៕
ប្រែសម្រួលដោយ កោះ សុគន្ធី