ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kim Jong Un ធ្វើ​ទស្សនកិច្ច​ទៅ​ចិន​ដើម្បី​បង្កើន​ឥទ្ធិពល​ចរចា​ជាមួយ​នឹង​លោក Trump


មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ភរិយា​ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping និង​ភរិយា​ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ភរិយា​ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping និង​ភរិយា​ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ហើយ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន​មក។

ដំណើរ​ទស្សនកិច្ច​លើក​ទី ៤ របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ទៅ​កាន់​ប្រទេស​ចិន នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ គឺ​ជា​ការ​រំឭក​ឲ្យ​ឃើញ​ថា ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​ក៏​ដោយ ក៏​លោក Kim Jong Un មិន​មែន​ឯកោ​ដូច​ដែល​លោក​ធ្លាប់​ពី​មុន​មក​នោះ​ទេ។

ដូច​ការ​ប្រជុំ​លើក​មុនៗ​របស់​លោក​នៅ​ក្នុង​ប្រទេស​ចិន​ដែរ ដំណើរ​ទស្សនកិច្ច​របស់​លោក Kim Jong Un លើក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​សម្របសម្រួល​នៅ​មុន​ជំនួប​មួយ​ទៀត​ដែល​អាច​ធ្វើ​ឡើង​រវាង​លោក និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

លោក Bruce Klingner នៃ​អង្គការ Heritage Foundation និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក Kim Jong Un ស្វែងរក​ការ​ធានា​មួយ​ដែល​ថា ប្រទេស​ចិន​គាំទ្រ​លោក។ ដូច្នេះ នៅ​ពេល​ដែល​លោក​មាន​ជំនួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump លោក​នឹង​មាន​គោល​ជំហរ​មួយ​ដ៏​ខ្លាំងក្លា‍»។

ការ​យល់​ឃើញ​ដូច​នេះ​គឺ​គាំទ្រ​ដោយ​សុន្ទរកថា​ឆ្នាំ​ថ្មី​នា​ពេល​ថ្មីៗ​នេះ​របស់​លោក Kim Jong Un ដែល​នៅ​ក្នុង​សុន្ទរកថា​នោះ លោក​បាន​គំរាម​ស្វែងរក «មាគ៌ា​ថ្មី‍» ទៅ​មុខ ប្រសិនបើ​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​មាន​ដំណើរការ​ល្អ។ ដូច្នេះ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​លើក​នេះ គឺ​ប្រហែលជា​អាច​ធ្វើ​ឲ្យ​លោក Kim Jong Un ពង្រឹង​ការ​គំរាម​របស់​លោក​ដូច​នេះ​បាន។

លោក Douglas Paal នៃ​អង្គការ Carnegie Endowment for International Peace និយាយ​ថា៖ «ខ្ញុំ​គិត​ថា ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ថា លោក Kim Jong Un មិន​ឯកោ​នោះ​ទេ ហើយ​លោក​មាន​ការ​គាំទ្រ​ផ្នែក​ការទូត​ពី​ប្រទេស​ចិន ក៏​ដូចជា​បង្ហាញ​ថា គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​លោក​ឯកោ​នោះ​ទេ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​គោល​បំណង​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ‍»។

តាំង​ពី​ជំនួប​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Kim Jong Un កាល​ពី​ឆ្នាំ​មុន​មក ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង​ហាក់​ដូចជា​មាន​ភាព​ជាប់​គាំង។ សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ចាត់​វិធានការ​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ចំណែក​ឯ​កូរ៉េ​ខាង​ជើង​វិញ ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម ឬ​ក៏​ឲ្យ​មាន​ការ​បញ្ចប់​ជា​ផ្លូវការ​ចំពោះ​សង្គ្រាម​កូរ៉េ​ជា​មុន​សិន។

ប៉ុន្តែ លោក Trump នៅតែ​អះអាង​ថា ការ​ចរចា​នេះ​គឺ​ដំណើរការ​ល្អ​ជា​ធម្មតា។

លោក Trump និយាយ​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង! ពួក​យើង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។ ជា​ថ្មី​ម្ដង​ទៀត យើង​មិន​ឃើញ​មាន​ការ​សាកល្បង​គ្រាប់​រ៉ុកកែត​អ្វី​ទៀត​នោះ​ទេ។ ពួក​យើង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់‍»។

ប៉ុន្តែ អ្នក​វិភាគ​ភាគ​ច្រើន ដូចជា​លោក Robert Manning ដែល​ជា​អតីត​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ជា​ដើម គ្មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​នេះ​ទេ។

លោក Robert Manning បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ឥទ្ធិពល​មាន​ប្រៀប​របស់​សហរដ្ឋ​អាមេរិក​កំពុងតែ​បាត់បង់​ហើយ ហើយ​ខ្ញុំ​គិត​ថា ដំណើរ​ទស្សនកិច្ច​ថ្មី​ចុង​ក្រោយ​បំផុត​របស់​លោក Kim Jong Un ទៅ​កាន់​ប្រទេស​ចិន​នេះ គឺ​ជា​ឧទាហរណ៍​ស្រាប់‍»។

លោក Kim Jong Un ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​លើក​នេះ គឺ​ដើម្បី​ព្យាយាម​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​ផ្ដល់​នូវ​អ្វី​ដែល​លោក​ចង់​បាន លោក​ក៏​មាន​ជម្រើស​ផ្សេង​ទៀត​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG