នៅក្នុងជំនួបផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ លោក Josep Borrell Fontelles បានលើកឡើងអំពីបញ្ហានៃការស្តារឡើងវិញឲ្យបានពេញលេញនូវប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ EBA (Everything But Arms) របស់អឺរ៉ុប យោងទៅតាមលម្ហនយោបាយសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣។
ជំនួបនេះទទួលបានការសាទរពីមេដឹកនាំសហជីពមួយចំនួននៅប្រទេសកម្ពុជា ដែលនៅចាត់ទុកថា EBA មានភាពអំណោយផលដល់ការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។
បើតាមប្រព័ន្ធទំនាក់ទំនង Twitter លោក Josep Borrell Fontelles លើកឡើងថា៖ «បានពិភាក្សាអំពីទំនាក់ទំនងរបស់សហភាពអឺរ៉ុប និងអំពីថា តើការបើកលម្ហនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ អាចជួយស្តារឲ្យបានពេញលេញមកវិញនូវរបបពាណិជ្ជកម្ម EBA បានយ៉ាងដូចម្តេច?»
ក្រៅពីបញ្ហា EBA នេះ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ដដែលនោះ លោក Josep Borrell Fontelles ក៏បានពិភាក្សាជាមួយលោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាឬភូមា ជុំវិញស្ថានការណ៍នៅប្រទេសនេះ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០%ពីកម្ពុជា ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក នេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
កាលពីខែឧសភា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបភាគច្រើនលើសលប់បានបោះឆ្នោតសម្រេចលើញត្តិមួយ ដោយបង្ហាញក្តីព្រួយបារម្ភអំពីការបន្តបង្រ្កាបខាងនយោបាយនៅកម្ពុជា ហើយបានជំរុញឲ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈអនុគ្រោះពន្ធ EBA ទាំងស្រុង ប្រសិនបើការបោះឆ្នោតនាពេលខាងមុខ មិនយុត្តិធម៌។
ប្រធានសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា វាជាដំណឹងរីករាយដែលថ្នាក់ដឹកនាំកម្ពុជា និងសហភាពអឺរ៉ុបបានលើកឡើងអំពីបញ្ហា EBA នេះ ដោយសារតែកម្ពុជានៅត្រូវការប្រព័ន្ធអនុគ្រោះពន្ធនេះ សម្រាប់ឱកាសការងារ នៅពេលមានការបណ្តាក់ទុនមកកម្ពុជាសម្រាប់ការផលិតទំនិញនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
លោកថ្លែងថា៖ «ជាសារមួយដ៏ល្អសម្រាប់កម្ពុជា ជាពិសេសយើងពិតជាមិនចង់ឲ្យបាត់បង់នូវប្រព័ន្ធអនុគ្រោះពន្ធទេ ទោះបីផ្នែកណាមួយក៏ដោយ។ អ្វីដែលសំខាន់គឺយើងចង់ឃើញឱកាសនៃការបង្កើតការងារកាន់តែច្រើនទៀតសម្រាប់ប្រជាជនកម្ពុជា ដែលដល់វ័យត្រូវបំពេញការងារ នៅពេលដែលយើងគិតថា EBA មិនសំខាន់ ហើយត្រូវបានមិនអើពើ នោះវានឹងជះឥទ្ធិពលមិនល្អសម្រាប់កម្ពុជាយើងជាពិសេសទៅលើវិស័យការងារតែម្តង»។
លោកបន្ថែមថា៖ «អ៊ីចឹង សម្រាប់ខ្ញុំ ខ្ញុំពិតជារីករាយមែនទែន ចំពោះសាររបស់ថ្នាក់ដឹកនាំរបស់យើងនៅក្នុងជំនួបជាមួយនឹងមន្ត្រី EU ជុំវិញនឹងបញ្ហាពិនិត្យទៅលើលទ្ធភាពក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធឲ្យពេញលេញឡើងវិញនោះ គឺជារឿងមួយល្អបំផុត ហើយខ្ញុំពិតជារីករាយមែនទែនក្នុងនាមខ្ញុំជាភាគីតំណាងឲ្យបងប្អូនកម្មករនិយោជិត»។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ថ្លែងថា អ្នកវិនិយោគក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជានៅត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ទ្រទ្រង់ផលិតកម្ម និងការនាំចេញទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
ហេតុដូច្នេះលោកថា កម្ពុជាត្រូវដោះស្រាយបញ្ហានានា ដែលភាគីសហភាពអឺរ៉ុបបានលើកឡើង ក្នុងនោះមានការបើកឡើងវិញនូវលម្ហនយោបាយជាដើម។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ខ្ញុំគិតថា គួរតែរៀបចំឲ្យច្បាស់លាស់ ហើយដោះស្រាយបញ្ហាកង្វល់ នៃសហគមន៍អឺរ៉ុបក៏ដូចសហរដ្ឋអាមេរិកដែលគេផ្តល់ទាំង EBA និង GSP ហ្នឹង។ វាជារឿងសំខាន់។ ហើយបើអាចទទួលបាន EBA ហើយ នឹងមានកិច្ចព្រមព្រៀងទ្វេភាគីផ្សេងៗទៀត អាហ្នឹងគឺយើងគិតថា កម្មករ និងប្រជាពលរដ្ឋហ្នឹងនឹងសម្បូរការងារធ្វើ មានជីវភាពធូរធាជាងមុន»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា តែមិនមានការឆ្លើយតាមសារអេឡិចត្រូនិកអ៊ីមែលទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ក៏មិនមានការឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែករបស់សហភាពអឺរ៉ុបពីកម្ពុជាគឺជាការសម្រេចដែលមាន«ភាពលម្អៀង»និង«អយុត្តិធម៌»ហើយលោកចាត់ទុកថា នេះជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត។ លោកបន្ថែមថា ការនាំចេញរបស់កម្ពុជានឹងមិនរងសម្ពាធណាមួយឡើយ បើទោះមានការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ EBA។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៥ ខែធ្នូ លោក Borrellបានជម្រាបលោកប្រាក់ សុខុនថា សហភាពអឺរ៉ុប ឬហៅកាត់ថា EU ពិតជាមានការចាប់អារម្មណ៍ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-EU ឲ្យដល់កម្រិតថ្មីមួយបន្ថែមទៀត ស្ថិតក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមច្រកទ្វារសកលរបស់EU។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Borrell បានអបអរសាទរចំពោះការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលនឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-EUក្នុងដំណាក់កាលថ្មីទៀត។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់របស់កម្ពុជាលើផ្នែកប្រជាធិបតេយ្យ ហើយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំនេះ ត្រូវបានវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដោយមានអត្រាអ្នកទៅបោះឆ្នោតជាង៨០% និងមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន១៧។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕