ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាបានផ្តល់ការយល់ឃើញផ្សេងៗគ្នាទៅលើអធិប្បាយរបស់លោកហ៊ុន ម៉ាណែត ដែលបានផ្តល់កិច្ចសម្ភាសន៍ដ៏កម្រជាមួយនឹង ទូរទស្សន៍អូស្ត្រាលី ABC ជាពិសេសទៅលើការបង្ហាញពីការបន្តមុខតំណែងពីឪពុករបស់លោកនិងការធានាសន្តិសុខ។ ក្រុមអ្នកឃ្លាំមើលកំពុងសម្លឹងមើលដំណើរការបញ្ចេញសារនយោបាយនេះ។
សារនយោបាយចុងក្រោយរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយនឹងសំណួររបស់ទូរទស្សន៍អូស្ត្រាលី ABC កាលពីសប្តាហ៍មុនទាក់ទងនឹងការស្នងតំណែងពីឪពុករបស់លោក ហើយនឹងការថ្លែងការណ៍ការពារការដឹកនាំរបស់ឪពុកលោក និងការផ្តោតលើសន្តិភាពនោះ បាននាំឲ្យមានការពិភាក្សាក្នុងចំណោមអ្នកឃ្លាំមើលនយោបាយនៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាបានអះអាងផ្សេងៗគ្នាទៅលើអធិប្បាយទាំងនោះ។
សូមទស្សនាបទសម្ភាសន៍ជាភាសាអង់គ្លេសរបស់ទូរទស្សន៍អូស្ត្រាលីត្រង់នេះ៖
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលដំណើការបោះឆ្នោត និងនយោបាយនៅកម្ពុជា បានថ្លែងថា លោកក៏បានមើលអត្ថាធិប្បាយរបស់លោក ហ៊ុន ម៉ាណែត ដែរ។
«ខ្ញុំមើលទៅគាត់ចាប់ផ្តើមធ្វើជាអ្នកនយោបាយហើយ ដោយចាប់ផ្តើមចេញធ្វើការងារ ជាអ្នកនយោបាយ តែគ្រាន់តែគាត់នៅធ្វើជាទាហ៊ានផង ធ្វើជាអង្គរក្សរបស់ឪពុកគាត់ផង។ អញ្ចឹងទៅ យើងមើលទៅដំណើរគាត់ប្រហែលជាអត់អាចរកគំនិតនយោបាយ គោលនយោបាយអីថ្មីខុសពីឪពុកគាត់ទេ»។
លោកបញ្ញាអះអាងថា ការចាប់ផ្តើមដំណើរនយោបាយរបស់លោកម៉ាណែត ដែលមានឋានៈឧត្ដមសេនីយ៍ឯក ផ្កាយបីក្នុងកងទ័ព គ្មានអ្វីថ្មីពីឪពុករបស់លោកទេ។ លោកមានភាពច្របូលច្របល់ ដោយសារលោកជាមន្ត្រីវិជ្ជាជីវ តែចុះទៅឃោសនាបង្កើនប្រជាប្រិយភាពនៅតាមក្រសួង មន្ទីរ លោកហាក់ដូចជាមិនយល់ពីទំនាស់ផលប្រយោជន៍ ដោយការប្រើប្រាស់ធនធានរដ្ឋ និងមិនផ្តល់គំរូជាកងយោធពលខេមរភូមិន្ទ។
លោក គល់ បញ្ញា បានទទូចថា លោក ហ៊ុន ម៉ាណែត គួរអនុញ្ញាតឲ្យបណ្តាញព័ត៌មានក្នុងស្រុកផ្សាយជាភាសាខ្មែរបានសួរដេញដោលអំពីទស្សនៈនយោបាយរបស់លោកឲ្យបានច្រើន ជាជាងធ្វើការសន្ទនាជាភាសាបរទេស ដែលពលរដ្ឋខ្មែរស្តាប់មិនបានទូលំទូលាយនោះ។
«ក៏ប៉ុន្តែនៅក្នុងស្រុកនេះ គាត់អត់ដែលមានបញ្ចេញមតិអី ដេញដោលខាងនយោបាយអីទេ។ គាត់មានតែទៅណែនាំគេតែប៉ុណ្ណឹង។ តែឲ្យហ៊ានទៅដេញដោល ហ៊ានបញ្ចេញមតិជាមួយអ្នកសារព័ត៌មាន សម្ភាសក្នុងស្រុកគឺអីអត់ទេ។ ឥឡួវ VOA ទៅសម្ភាស ឧទាហរណ៍ថា មតិកន្លែងនេះ បញ្ហាកន្លែងនេះកើតឡើង ចង់បានមតិលោក លោកយល់យ៉ាងម៉េច ទស្សនៈនយោបាយគាត់យ៉ាងម៉េច? វាអត់មាន!»
លោកបញ្ញាបន្តថា គណបក្សនយោបាយនៅកម្ពុជាបច្ចុប្បន្នមិនថា តែគណបក្សប្រជាជនកម្ពុជាទេ គឺមានការប្រើប្រាស់ទុននយោបាយពីឪពុកម្តាយ សាច់ញាតិ ទៅប្រកួតប្រជែង ដោយគ្មានតម្លាភាព និងគ្មានលក្ខណៈស្មើភាពគ្នាទេ ដែលរឿងនេះបានធ្វើឲ្យមានការមិនសប្បាយចិត្តជាច្រើន ពីផ្ទៃក្នុងគណបក្ស និងពីអ្នកគ្មានឱកាស។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដ៏កម្រជាមួយនឹងទូរទស្សន៍អូស្ត្រាលី ABC កាលពីសប្តាហ៍មុន លោក ហ៊ុន ម៉ាណែត មិនបានឆ្លើយចំៗទៅនឹងសំណួរជីកឫសគល់អំពីការស្នងតំណែងពីឪពុកលោកដែលកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំនោះទេ តែលោកអះអាងដូចឪពុករបស់លោកដែរថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាអ្នកជ្រើសរើសជនណា និងពេលណា ឲ្យដឹកនាំប្រទេស ហើយលោកម៉ាណែតបានថ្លែងការពារការដឹកនាំប្រទេសជាង៣០ឆ្នាំរបស់ឪពុកលោកដែលជាប់ប្រឡាក់ប្រឡូសជាមួយនឹងការចោទប្រកាន់អំពីបញ្ហារំលោភសិទ្ធិមនុស្ស ដោយ លោកចាត់ទុកថា ឪពុករបស់លោកបានធ្វើឲ្យមានសន្តិភាព និងការអភិវឌ្ឍ និងចាត់វិធានការរឿងអំពើពុករលួយ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយ បានថ្លែងថា លោក ហ៊ុន ម៉ាណែត មានឱកាសជាងគេ ដោយសារគាត់ជាកូនច្បងនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរ ហើយមានអំណាចខ្លាំងក្នុងគណបក្ស។ ដូច្នេះគ្មានអ្វីដែលរារាំងមិនឲ្យមានការសង្ស័យថា លោក ហ៊ុន ម៉ាណែត ជាអ្នកបន្តនោះទេ ទោះជាកម្ពុជាតម្រូវឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្សក្តី។ ហើយអធិប្បាយរបស់លោកជាការបើកចំហថា លោកជាអ្នកនយោបាយ។
«ប៉ុន្តែយើងដឹងថា ក្នុងគណបក្សប្រជាជនកម្ពុជាការបន្តវេនបែបហ្នឹងខ្ញុំថា ប្រហែលជាអាចធ្វើទៅរួច ដោយសារលោក ហ៊ុន សែន មានអំណាចក្នុងគណបក្សប្រជាជនកម្ពុជា តែការបន្តវេនជានាយករដ្ឋមន្ត្រីគឺជារឿងបោះឆ្នោតរវាងគណបក្ស និងគណបក្ស។ ខ្ញុំថា រឿងហ្នឹងពិតជាអាចកើតឡើងបានទាំងស្រុងទេ»។
តែសាររបស់លោក ហ៊ុន ម៉ាណែត ដែលការពារការដឹកនាំរបស់ឪពុកលោកនឹង ការពារសន្តិសុខ សន្តិភាពនោះគឺជាក្តីបារម្ភ។
«នៅក្នុងគ្រប់រូបភាពហើយនឹងគ្រប់វិធានការ ជាទូទៅ គឺជាលេសរបស់យោធា ដើម្បីប្រើយន្តការផ្ទុយពីយន្តការប្រជាធិបតេយ្យ បានន័យថា ផ្ទុយពីយន្តការបោះឆ្នោតត្រឹម ត្រូវ»។
លោក អ៊ូ វីរៈ បានអះអាងថា ទោះជាលោកមិនដឹងថា លោក ហ៊ុន ម៉ាណែតនិយាយសំដៅយ៉ាងណាមែន តែមានឧទាហរណ៍នៅប្រទេសថៃ លោកប្រាយុទ្ធ ចាន់អ៊ូចា និង នៅអេស្ស៉ីប ដែលមេដឹកនាំយោធាបានប្រើពាក្យសម្តីដូចនេះដើម្បីកាន់អំណាច។
តែលោក គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រវិញ បានយល់ផ្សេងទៅវិញ ដោយលោកចាប់អារម្មណ៍លើបញ្ហាធានាសន្តិសុខ និងសន្តិភាព ដែលជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជាផង និងតំបន់ផងដែរ។
«អញ្ចឹងអ្វីដែលគាត់លើកឡើងហ្នឹងវាអាចជាចំណុចមួយល្អសម្រាប់ការមើលជាទូទៅសម្រាប់សង្គមខ្មែរ ពីព្រោះយើងចង់បានមេដឹកនាំមួយណាក៏ដោយគឺគាត់ផ្តោត សំខាន់ទៅលើរឿងតួនាទីរបស់សន្តិភាព ហើយនឹងស្ថិរភាព ដើម្បីងាយស្រួលឲ្យប្រទេសហ្នឹងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនទៅមុខទៀត ហើយប្រជាពលរដ្ឋក៏គាត់អាចពង្រឹងជីវភាពរបស់ខ្លួនឯង»។
លោក យ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា សម្តីរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីជាការចាប់អារម្មណ៍នោះទេ ដោយសារកម្ពុជាសព្វថ្ងៃត្រូវផ្តោតជាសំខាន់ទៅលើការជួយដល់យុវជនក្នុងការត្រៀមសម្រាប់សមាហរណកម្ម សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំនេះ ការរកការងារ និងបញ្ហាសង្គមផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលានាយទាហ៊ានជាន់ខ្ពស់ West Point ដ៏ល្បីល្បាញនៅស.រ.អា.កាលពីឆ្នាំ១៩៩៩ ហើយលោកបានទទួលឋានៈជា មន្ត្រីយោធាជាន់ខ្ពស់និងជាមេបញ្ជាការរងកងអង្គរក្សរបស់ឪពុកលោកផងដែរ៕