សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្ដីខ្មែរក្រហម សម្រេចទម្លាក់ការចោទប្រកាន់ប្រឆាំង អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ស្រុកម្នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមដែលបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃពុធនេះ។
ការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអ្នកស្រី អ៊ឹម ចែម ហៅយាយចែមនេះ កើតមានឡើងមួយឆ្នាំ ក្រោយពីសាលាក្ដី បានបំបែកសំណុំរឿងអ្នកស្រីចេញពីសំណុំរឿង០០៤ ដែលមានកម្មាភិបាលខ្មែរក្រហម អោ អាន ហៅ តា អាន និង យឹម ទិត ហៅ តាទិត។សំណុំរឿងរបស់អ្នកស្រី អ៊ឹម ចែម ត្រូវបានបំបែកជាសំណុំរឿង០០៤/០១។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលចេញផ្សាយនៅថ្ងៃទី ២២ ខែកុម្ភៈនេះ សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ដែលរួមមាន លោក យូ ប៊ុនឡេង និងលោក Michael Bohlander បានលើកលែងការចោទប្រកាន់អ្នកស្រី អ៊ឹម ចែម បន្ទាប់ពីការវាយតម្លៃរបស់សហចៅក្រមស៊ើបលើភស្តុតាងដែលប្រមូលបាននៅក្នុងអំឡុងពេលស៊ើបសួរ អ្នកស្រី អ៊ឹម ចែម មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់សាលាក្ដីខ្មែរក្រហមឡើយ។
អ្នកស្រី អ៊ឹម ចែម ត្រូវបានចាត់ទុកថា មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬក៏ជាអ្នកទទួលខុសត្រូវខ្ពស់នៅក្នុងរបបខ្មែរក្រហមទេ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា កង្វះថវិកា បានតម្រូវឲ្យសហចៅក្រមស៊ើបអង្កេត ប្រើពេលវេលាច្រើនបន្ថែមទៀត ដើម្បីចេញដីកាដំណោះស្រាយពេញលេញពេលក្រោយ។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ក៏បានបញ្ជាក់ផងដែរថា ការលើកលែងការចោទប្រកាន់នេះ មានន័យថា ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ ត្រូវបានបដិសេធ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម បានប្រាប់ VOA ថា សហចៅក្រមស៊ើបអង្កេត បានចេញសេចក្ដីសម្រេចការលើកលែងការចោទប្រកាន់នេះ ដោយយោងទៅតាមភស្តុតាងនានាដែលប្រមូលបាន។
លោក នេត្រ ភក្ត្រា បានអះអាងថា ពុំមានសម្ពាធណាមួយពីរដ្ឋាភិបាលកម្ពុជា មកលើការសម្រេចការលើកលែងការចោទប្រកាន់នេះទេ។
«ចៅក្រមទាំងជាតិ និងអន្តរជាតិ គាត់បានអនុវត្តទៅតាមវិជ្ជាជីវៈរបស់គាត់ ហើយការវាយតម្លៃទៅលើភស្តុតាងផ្សេងៗ គឺបានមកពីការស៊ើបសួរទៅលើសាក្សី ក៏ដូចជាឯកសារផ្សេងៗ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ជាក់ជាសាធារណៈ និងជាច្រើនលើកកាលពីឆ្នាំថ្មីៗថា លោកមិនយល់ព្រមឲ្យកាត់ទោសសំណុំរឿងណាផ្សេងក្រៅពីមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០១ និង០០២ ដែលមានមេដឹកនាំខ្មែរក្រហមតែ៣នាក់ គឺ បងធំទី២ នួន ជា ប្រមុខរដ្ឋ ខៀវ សំផន និង មេគុកទួលស្លែងស-២១ កាំង ហ្គេក អ៊ាវ ហៅ ឌុច នោះទេ។
លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា លោកសុខចិត្តឲ្យតុលាការរលាយ ប៉ុន្តែមិនចង់បាត់បង់សន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះទេ។
លោក ឡាត់ គី មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលឃ្លាំមើលដំណើរការនៃកាត់ទោសខ្មែរក្រហមបង្ហាញ ការសោកស្ដាយរបស់លោក ចំពោះការលើកលែងការចោទប្រកាន់ប្រឆាំងនឹង អ្នកស្រី អ៊ឹម ចែម។
«យើងមានការសោកស្តាយ ចំពោះការលើកលែងការចោទប្រកាន់ហ្នឹងណាស់បាទ ពីព្រោះថាជនរងគ្រោះភាគច្រើន គឺស្វែងរកយុត្តិធម៌ ជាពិសេសគឺអ្នកដែលរងគ្រោះ នៅក្នុងតំបន់វិសាលភាពនៃការទទួលខុសត្រូវ របស់លោកស្រីផ្ទាល់បាទ»។
លោក ឡាត់ គី បន្ថែមថា ដើមបណ្ដឹងរដ្ឋប្បវេណី នឹងពិចារណាថាតើ ត្រូវតវ៉ាចំពោះការលើកលែងការចោទប្រកាន់នេះឬយ៉ាងណាបន្ថែមទៀត ទោះបីសហចៅក្រមស៊ើបអង្កេតបញ្ជាក់ថា ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ ត្រូវបានបដិសេធក៏ដោយ។
លោកស្នើឲ្យសាលាក្ដីខ្មែរក្រហម ផ្សព្វផ្សាយ សេចក្ដីសម្រេចការលើកលែងនៃការចោទប្រកាន់នេះឲ្យបានទូលំទូលាយ ដើម្បីឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ទទួលបានព័ត៌មានលម្អិត គ្រប់ជ្រុងជ្រោយ។
សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ កាលពីពេលកន្លងមកមានការខ្វែងគំនិតគ្នា នៅក្នុងការដាក់ឲ្យ អ្នកស្រី អ៊ឹម ចែម ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់សាលាក្ដីខ្មែរក្រហម។
សហព្រះរាជអាជ្ញាជាតិ បានសន្និដ្ឋានថា អ្នកស្រី អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ នោះទេ។ ប៉ុន្តែ អ្នកស្រី អ៊ឹម ចែម ត្រូវសហព្រះរាជអាជ្ញាបរទេសសន្និដ្ឋានថា ដើរតួសំខាន់ក្នុងការចូលរួមប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលបណ្ដាលឲ្យមានការស្លាប់មនុស្ស អស់ជាច្រើនពាន់នាក់ ដែលទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម នឹងអំពើអមនុស្សធម៌ផ្សេងៗទៀត។
អំពើអមនុស្សធម៌ទាំងនោះ មានដូចជាការបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ ការរំលោភសេពសន្ថវៈ និងការឃុំឃាំងអ្នកដែលគ្មានទោសជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍ជាមួយ VOA ផ្ដាច់មុខដែលត្រូវបានធ្វើឡើងកាលពីពេលកន្លងមក អ្នកស្រី អ៊ឹម ចែម បានបដិសេធ ការចោទប្រកាន់នានា។
លោកស្រីនិយាយថា បទចោទប្រកាន់របស់តុលាការគឺជារឿងមិនពិតនោះទេ ហើយថា គ្មានហេតុផលអ្វីដែលតម្រូវឲ្យអ្នកស្រីទៅតតាំងជាមួយតុលាការផងដែរ៕