អតីតកម្មាភិបាលខ្មែរក្រហមមួយរូប គឺអ្នកស្រី អ៊ឹម ចែម ប្រារព្ធពីធីបុណ្យណូអ៊ែលលើកដំបូង នៅក្នុងព្រះវិហារដែលអ្នកស្រីបរិច្ចាគដីផ្ទាល់ខ្លួនសាងសង់ ក្នុងស្រុកអន្លង់វែងកាលពីថ្ងៃសៅរ៍ ក្រោយពីអ្នកស្រីបានផ្លាស់ប្តូរជំនឿពីពុទ្ធសាសនាទៅជាសាសនាគ្រិស្ត ឬអ្នកមានជំនឿលើព្រះយេស៊ូ នៅពេលដែលតុលាការខ្មែរក្រហមបានទម្លាក់បទចោទប្រកាន់រឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិលើរូបអ្នកស្រី កាលពីឆ្នាំ២០១៧។
នៅក្នុងកម្មវិធីបុណ្យណូអ៊ែលដ៏សាមញ្ញ និងមិនមានការតុបតែងលម្អនោះ គេឃើញមានសមាជិកនិងកូនចៅ មិត្តភក្តិប្រមាណជិត២០នាក់ចូលរួម។
ក្រុមអ្នកកាន់សាសនាគ្រិស្តទាំងនោះ រួមទាំងអ្នកស្រី អ៊ឹម ចែម បានច្រៀងសរសើរតម្កើងដល់ព្រះយេស៊ូគ្រិស្ត អធិដ្ឋាន ទទួលធ្វើពិធីលាងព្រះអង្គម្ចាស់ដោយមានទឹកទំពាំងបាយជូ និងចំណិតនំប័ង ការស្វាគមន៍ភ្ញៀវ ការដាក់ប្រាក់ដង្វាយនិងការចែកចាយព្រះបន្ទូលអំពីការយកកំណើតជាមនុស្សរបស់ព្រះយេស៊ូគ្រិស្ត ដើម្បីជួយសង្គ្រោះមនុស្សមានបាប។
នៅក្នុងកិច្ចស្វាគមន៍ អ្នកស្រី អ៊ឹម ចែម ដែលគេមិននឹកស្មានដល់ថាផ្លាស់ប្តូរជំនឿសាសនាពីព្រះពុទ្ធសាសនាទៅជាសាសនាគ្រិស្តនោះ បានឡើងថ្លែងអរគុណដល់ភ្ញៀវ និងសមាជិក និងមិត្តភក្តិដែលបានចូលរួមក្នុងពីធីបុណ្យណូអ៊ែលនេះ។
«ហើយបន្តទៅនេះ ខ្ញុំស្វាគមន៍ជាមួយភ្ញៀវ ហើយក៏ខ្ញុំរីករាយពេញចិត្តស្រឡាញ់ស្មោះអស់ពីចិត្តចំពោះបងប្អូនជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនេះ។ យើងខ្ញុំទាំងអស់គ្នានៅទីនេះជាបាវព្រាវរបស់ព្រះអង្គទាំងអស់គ្នា ហើយក៏ស្មោះត្រង់ជាមួយព្រះអង្គពិតប្រាកដ ជឿជាក់ថា ព្រះអង្គជាព្រះខ្លាំងពូកែមានបារមីដ៏ខ្លាំងលើសលុបសម្រាប់ជួយជីវិតមនុស្សទាំងអស់នេះ ហើយដែលយើងខ្ញុំបានជឿ និងទុកចិត្ត»។
អ្នកស្រីអ៊ឹម ចែម ដែលអះអាង ថា ព្រះយេស៊ូបានអត់ទោសបាបដល់អ្នកស្រីក៏បានអធិដ្ឋានសុំព្រះពរនិងប្រាជ្ញាថែមទៀត។
លោកគ្រូគង្វាលដែលអធិប្បាយនៅក្នុងពីធីបុណ្យនោះ គឺលោកដុប ឌឿន អាយុ៥០ឆ្នាំ នៅស្រុកត្រពាំងប្រាសាទ បានចាត់ទុកថាការធ្វើបុណ្យណូអ៊ែលនេះគឺដើម្បីរំឭកពីការយាងមកចាប់កំណើតជាមនុស្សរបស់ព្រះយេស៊ូ កាលពីជាង២០១៩ឆ្នាំមុន។
«អីចឹងនេះហើយដែលយើងត្រូវប្រារព្ធឡើងដើម្បីរំឭកអំពីព្រះគុណអស្ចារ្យចំពោះព្រះអង្គ ដែលព្រះអង្គបានយាងមកផែនដីនេះ គឺតែមួយគត់ គឺព្រះអង្គយាងមកដើម្បីរំដោះអំពើបាបរបស់យើង ដើម្បីលោះបាបរបស់យើងដោយសារព្រះលោហិតរបស់ព្រះអង្គ»។
អ្នកស្រីអ៊ឹម ចែម អាយុ៧៧ឆ្នាំ បានទទួលជឿព្រះយេស៊ូ តាំងពីខែធ្នូ ឆ្នាំ២០១៧ ដោយគ្រូគង្វាលគ្រិស្ត ហ្វ័រ ឡាប៉ែល (Christopher LaPel) មកពីទីក្រុងឡូសអាន់ជឺឡេស រដ្ឋកាលីហ្វ័រញ៉ា ដែលបានផ្សាយដំណឹងល្អពីព្រះយេស៊ូជូន អ្នកស្រីអ៊ឹម ចែម និងធ្វើបុណ្យជ្រមុជទឹកជូនអ្នកស្រី កាលពីខែមករា ដើមឆ្នាំ២០១៨។
អ្នកស្រីបានថ្វាយដី និងអគារព្រះវិហារនៅជិតផ្ទះអ្នកស្រីដល់ព្រះវិហារពួកជំនុំគ្រិស្តបរិស័ទខ្មែរភូមិអូរអង្រែ ដោយបានហាមកូនចៅអ្នកស្រី មិនឲ្យមានការទាមទារទៅថ្ងៃ អនាគតនោះទេ ដើម្បីជាការអរគុណដល់ព្រះយេស៊ូដែលអ្នកស្រីបានសម្រេចចិត្តជឿតាមនោះ៕