កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ Better Factories Cambodia របស់អង្គការពលកម្មអន្តរជាតិ(ILO) និងក្រុមហ៊ុនម៉ាកល្បីៗមួយចំនួនបានបើកយុទ្ធនាការផលិតសម្ភារៈអប់រំវិធីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ ដែលបានចែកដល់បណ្តាញសារព័ត៌មាននៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នេះ បានរៀបរាប់ថា យុទ្ធនាការនេះផ្តោតសំខាន់ទៅលើកម្មកររោងចក្រដែលធ្វើដំណើររួមគ្នាជាក្រុមតាមរថយន្តឈ្នួលទៅធ្វើការនិងត្រឡប់មកផ្ទះវិញ។
យុទ្ធនាការនេះធ្វើឡើង ខណៈមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរាតត្បាតជាសកលនេះទៅលើកម្មកររោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ដោយសារពួកគេមួយចំនួនធំធ្វើដំណើរទៅធ្វើការតាមរថយន្តក្រុង ឬរថយន្តធំជុំគ្នា ដែលធ្វើឲ្យមានការពិបាកក្នុងការរក្សាគម្លាតពីគ្នាតាមបទដ្ឋានសុខភាពរបស់អង្គការសុខភាពពិភពលោក។
អង្គការពលកម្មអន្តរជាតិ និងក្រុមហ៊ុនម៉ាកល្បីៗដូចជា Primark, Next, Puma បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា សម្ភារៈអប់រំសុខភាព ដែលរួមមានស្លាក ឬបដាព័ត៌មានជាដើម បង្ហាញពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ទាំងក្នុងចំណោមកម្មកររោងចក្រ និងអ្នកបើកឡានដឹកកម្មករទាំងនោះ។
ប៉ុន្តែអង្គការនិងក្រុមហ៊ុនទាំងនេះមិនបានបញ្ជាក់លម្អិតអំពីយុទ្ធនាការនេះ ឬវិធានការបន្ថែមក្នុងការជួយកម្មកររោងចក្រក្នុងករណីដែលមានការឆ្លងជំងឺនេះទេ។
រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១២៨នាក់ ក្នុងនេះ១២៥នាក់បានជាសះស្បើយ ហើយ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ។ នេះបើផ្អែកតាមក្រសួងសុខាភិបាលកម្ពុជា៕