ម្រើច, ដែនជម្រកសត្វព្រៃស្រែពក — ចូលជ្រៅទៅក្នុងព្រៃរបោះកណ្ដាលដែនជម្រកសត្វព្រៃស្រែពក លោក ប៊ុន ត្រូពីន មានការងារសំខាន់ត្រូវធ្វើ ដែលលោកត្រូវតាំងទីនៅស្នាក់ការម្រើច ដែលគ្រប់គ្រងដោយក្រុមឧទ្យានុរក្សក្រសួងបរិស្ថាន ក្នុងខេត្តមណ្ឌលគិរី។
ស្នាក់ការម្រើច ដែលមានទីតាំងនៅមាត់ទន្លេស្រែពកផ្ទាល់តែម្ដង ជាអតីតមូលដ្ឋានសឹកតាំងពីយូរលង់ រាប់ពីសម័យសមរភូមិ Dien Bien Phu ប្រឆាំងអាណានិគមបារាំង និងសម័យសង្គ្រាមវៀតណាមប្រឆាំងនឹងសហរដ្ឋអាមេរិកមកម្ល៉េះ។
ខ្សែភាពយន្តឯកសារថត ឆ្នាំ១៩៥១ ដោយជីវវិទូជាតិអាមេរិកាំង Charles Wharton ដែលបានទៅថតនៅតំបន់នោះ បង្ហាញអំពីភាពសម្បូរហូរហៀរនៃអម្បូរសត្វព្រៃគ្រប់ប្រភេទក្នុងព្រៃដែលនៅរក្សាភាពដើមរបស់ខ្លួន មិនទាន់មានគេប៉ះពាល់នាគ្រានោះ។
៧ទសវត្សរ៍ក្រោយមក ស្នាក់ការម្រើច ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងប្រយុទ្ធនឹងសង្គ្រាមបែបថ្មី គឺការស្ដាធនធានសត្វព្រៃជិតផុតពូជ និងព្រៃឈើដែលនៅសេសសល់ចុងក្រោយ។
កាលពីពាក់កណ្ដាលខែមករា ក្រុមអ្នកសារព័ត៌មានកម្ពុជាជាង ៣០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទៅតំបន់អភិរក្សហាមឃាត់ ដើម្បីទៅស្វែងយល់ការងារអភិរក្សដែលមានស្រាប់នៅទីនោះ។
ក្រុមអ្នកសារព័ត៌មានត្រូវបានណែនាំមិនឱ្យដើរចេញឆ្ងាយពីស្នាក់ការដែលហ៊ុមព័ទ្ធដោយព្រៃនិងវាលស្មៅនេះឡើយ ដោយបារម្ភហានិភ័យនៃគ្រាប់បែកចង្កោម និងកាកសំណល់សង្គ្រាមនានាដែលនៅមាននៅទីនោះ និងហានិភ័យនៃសត្វព្រៃ។
តែសម្រាប់លោក ត្រូពីន អាយុ២៧ឆ្នាំ ដែលជាជំនួយការស្រាវជ្រាវជីវចម្រុះនៃមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំប្រទេសកម្ពុជា ហាក់មិនមានបញ្ហាឡើយ ដ្បិតលោកស្គាល់ភូមិសាស្ត្រកន្លុកកន្លៀតនៅទីនោះច្បាស់។
បុរសរូបនេះកាន់ការងារជាអ្នកគ្រប់គ្រងកាមេរ៉ា ចាប់រូបភាពសត្វជាង ២០០កន្លែង នៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីផ្ដិតយកភស្ដុតាងសោតទស្សន៍នៃវត្តមានសត្វជិតផុតពូជ ជាពិសេសសត្វក្រចកចំពាម ជាប្រយោជន៍នៃការងារអភិរក្សសង្គ្រោះពួកវា។
លោកប្រាប់ VOA ថា៖ «ដូចយើងធម្មតាអ៊ីចឹង យើងដើរទៅព្រៃ គឺយើងមិនងាយជួបទេ អាសត្វទន្សោង ដំរី ខ្លាអី មិនងាយជួបទេ តែដល់បើកកាមេរ៉ាទៅបានឃើញហើយ wow ! (វ៉ោវ ឬភ្ញាក់ផ្អើល) សត្វជិតផុតពូជច្រើន ដែលយើងដើរស្រាវជ្រាវធម្មតាអ៊ីចឹងអត់ឃើញទេ។ អ៊ីចឹងយើងត្រូវប្រើវិធីសាស្ត្រផ្សេងៗ»។
លោក ត្រូពីន បន្ថែមថា៖ «យើងឃើញសត្វមួយៗយើងសប្បាយចិត្ត យើងអរនឹងឃើញវាអង្គុយមើលឡើងជក់ភ្នែក»។
ប៉ុន្តែចំនួនសត្វព្រៃ ជាពិសេសសត្វក្រចកចំពាមទាំងនោះ កាន់តែមានចំនួនតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
របាយការណ៍ដែលចេញផ្សាយនាពាក់កណ្ដាលខែមករានេះរបស់អង្គការ WWF ឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ចំនួនសត្វក្រចកចំពាម ធ្លាក់ចុះនៅដែនជម្រកសត្វព្រៃទាំងពីរនេះ ដែលបង្កសញ្ញាអាសន្នក្នុងចំណោមមន្ត្រីនិងក្រុមអ្នកអភិរក្ស។
ក្នុងរយៈពេល ១០ឆ្នាំនេះ ចំនួនទន្សោងក្នុងដែនជម្រកសត្វព្រៃទាំងពីរធ្លាក់ចុះ ៧២% សត្វឈ្លូសធ្លាក់ចុះ ៥០% និងជ្រូកព្រៃធ្លាក់ចុះ ១៨%។ ត្រឹមឆ្នាំ២០២០ WWF ឱ្យដឹងថា នៅសល់ទន្សោងប្រមាណ ៨៥៦ក្បាល ឈ្លូសប្រមាណ ៣.៣៥០ក្បាល ជ្រូកព្រៃសល់ប្រមាណ ៤.០១៧ក្បាល។
របាយការណ៍ដដែលនេះបានលើកឡើងថា «កត្តាគំរាមកំហែងដោយសារការបរបាញ់ ជាពិសេសទម្រង់នៃការដាក់អន្ទាក់នានា នៅដែនជម្រកសត្វព្រៃទាំងពីរ គឺបង្ហាញថាការគ្រប់គ្រងតំបន់ការពារ និងការអនុវត្តច្បាប់បច្ចុប្បន្ននៅមានកម្រិតនៅឡើយ»។
WWF ដដែលបានប៉ាន់ប្រមាណចំនួនសត្វទន្សោងធ្លាក់ចុះនៅទូទាំងប្រទេសប្រមាណ ៩៥% អំឡុងពេលសង្គ្រាមស៊ីវិល ពីចុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០។
នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមាដែលនៅក្បែរខាងអង្គការអភិរក្សសត្វព្រៃ WCS ក៏បានព្រមានពីការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនសត្វក្រចកចំពាមនេះដែរ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០។
ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីខែកញ្ញា WCS បានឱ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា «មាន៥ក្នុងចំនួន៦ប្រភេទសត្វក្រចកជើងចំពាមដែលត្រូវបានអង្កេត មានការថយចុះយ៉ាងខ្លាំងនៃចំនួនរបស់ពួកវា»។
លោកសេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ប្រាប់ VOA ថា លោកមានក្ដី«បារម្ភ» ចំពោះស្ថិតិធ្លាក់ចុះនៃសត្វព្រៃ ដែលបង្កពីការដាក់អន្ទាក់ និងសម្ពាធផ្សេង ដូចជាការបាត់បង់ទីជម្រកជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា បើសិនជាសម្ពាធនៅតែបន្ត ជាពិសេសអន្ទាក់នៅតែមានវត្តមានក្នុងព្រៃរបស់យើង វាអាចធ្វើឱ្យព្រៃធម្មជាតិរបស់យើងអត់មានសត្វ និងលទ្ធភាពអាចទៅរួច។ ក៏ប៉ុន្តែខ្ញុំជឿជាក់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអនុវត្តច្បាប់ ជាពិសេសមន្ត្រីឧទ្យានុរក្សរបស់យើង ដែលធ្វើការនៅខាងក្រោមហ្នឹងសកម្មការងារអនុវត្តច្បាប់។ ខ្ញុំសង្ឃឹមថាសត្វព្រៃរបស់យើងមិនផុតពូជបានទេ»។
យ៉ាងណាក៏ដោយ ការងារមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានមានវិសាលភាពធំធេងលើសកម្លាំងដែលខ្លួនមាន ដែលនៅទូទាំងប្រទេសមានមន្ត្រីឧទ្យានុរក្សតែ ១.២០០នាក់ប៉ុណ្ណោះ ធ្វើការលើតំបន់ការពារធម្មជាតិ ដែលសរុបមានផ្ទៃក្រឡាប្រមាណ ៧លាន ៣សែនហិកតា។
នៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច មានមន្ត្រីឧទ្យានុរក្ស៥១នាក់ ធ្វើការលើទំហំផ្ទៃដីដែលត្រូវការពារប្រមាណ ៦ពាន់គីឡូម៉ែត្រការ៉េ ដែលគិតជាឯកតា មន្ត្រីឧទ្យានុរក្សមួយរូបកាន់កាប់ផ្ទៃដីប្រមាណ ១ម៉ឺនហិកតា។
ហើយហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតជាបញ្ហាប្រឈមពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ឧទ្យានុរក្សទាំងនោះ ទាំងពីសំណាក់ឈ្មួញឈើនិងអ្នកបរបាញ់ប្រដាប់អាវុធផង និងពីអន្ទាក់ផង។
លោក ចេង ចន្ធី មន្ត្រីឧទ្យានុរក្សជាអនុប្រធានស្នាក់ការអូរល្វេ ក្នុងដែនជម្រកសត្វព្រៃស្រែពក បានរំឭកពេលមួយដែលលោកកំពុងសម្រាកនៅម៉ោងបីទាបភ្លឺនាព្រឹកមួយ នាខែមករា ឆ្នាំ២០១៩ នៅពេលលោកព្យាយាមឆ្មក់ចាប់ក្រុមអ្នកប្រមាញ់ដែលជិះម៉ូតូឮកងរំពងពេញព្រៃ។
ក្រុមអ្នកជិះម៉ូតូដែលមិនស្គាល់មុខទាំងនោះ មិនបានឈប់ទេតែថែមទាំងបានបាញ់ប្រហារវាយទម្លុះខ្សែត្រៀមរបស់លោក ចន្ធី ទៀតផង ដែលមានមួយគ្រាប់បាញ់ត្រូវលោកធ្លុះចង្កេះធ្លាយដល់ខាងក្រោយ រងរបួសយ៉ាងដំណំដែលលោកត្រូវសម្រាក៤ខែទើបជាសះស្បើយវិញ។
លោក ចេង ចន្ធី អាយុ៤២ឆ្នាំ និយាយពីការប្រឈមនឹងក្រុមអ្នកប្រមាញ់នាពេលបច្ចុប្បន្ននេះថា៖ «[អ្នកបរបាញ់]ច្រើនជាង បង ច្រើនជាងមន្ត្រីអ្នកធ្វើការ។បទល្មើសអាចច្រើនជាងពីរដង ព្រោះកម្លាំងយើងតិច»។
លោកបន្ថែមថា៖ «ប្រឹងដែរបង យើងចេះតែប្រឹងទៅ តែរឿងឈ្នះមិនឈ្នះយើងមិនទាន់ដឹងច្បាស់ដែរ ប៉ុន្តែយើងប្រឹងប្រែង»។
មួយឆ្នាំមុនហេតុការណ៍បាញ់ប្រហារលោក ចន្ធី ពោលគឺកាលពីដើមឆ្នាំ២០១៨ មានមន្ត្រីឧទ្យានុរក្សមួយរូប កងរាជអាវុធហត្ថមួយរូប និងមន្ត្រីអង្គការ WCS មួយរូប ត្រូវបានបាញ់ស្លាប់ ក្រោយពីអ្នកទាំង៣ បានបង្ក្រាបបទល្មើសព្រៃឈើដែលមានមន្ត្រីខិលខូចខ្លះលួចគាំទ្រពីក្រោយ។ នេះបើតាមតាមអង្គការ WCS។
នៅជុំវិញដែនជម្រកសត្វព្រៃទាំងពីរ គឺស្រែពកនិងភ្នំព្រេច សម្ពាធនៅតែបន្ត។ ដែនដីសម្បទានសេដ្ឋកិច្ចខ្លះដែលនៅក្បែរខាងត្រូវបានក្រុមអ្នកស្រាវជ្រាវចោទថា មានការពាក់ព័ន្ធនឹងការទន្ទ្រាននាំឱ្យបាត់បង់ជម្រកព្រៃឈើសម្រាប់សត្វព្រៃក្នុងដែនការពារទាំងពីរ។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចេញផ្សាយនូវករណីសិក្សាមួយកាលពីឆ្នាំមុន អំពីលទ្ធផលអង្កេតដែលខ្លួនបានធ្វើនៅភូមិភាគឦសានកម្ពុជា ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ និងឈើត្រូវនាំចេញទៅវៀតណាម។
ក្នុងនោះក៏មានប៉ះពាល់ធនធានឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចផងដែរ។ នេះបើយោងតាម EIA។
កាលពីឆ្នាំ២០១៩ លោកឧកញ៉ា សឹង សំអុល ដែលមានឈ្មោះបោះសំឡេងនៅខេត្តភាគឦសាននេះរឿងធ្វើជំនួញឈើយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជុំវិញបទល្មើសព្រៃឈើ ហើយមន្ត្រីបរិស្ថាននិងកសិកម្មក្នុងខេត្ត ៥នាក់ ក៏ត្រូវបានសមត្ថកិច្ចហៅមកសាកសួរដែរ។
មន្ត្រីទាំង៥នាក់នោះ ដែលក្រោយមកត្រូវរកឃើញថា មិនមានទោសកំហុសអ្វី រួមមានផងដែរ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងលោក ប៉ែត ភក្ត្រា នាយកដែនជម្រកសត្វព្រៃស្រែពក។
លោក ប៉ែត ភក្ត្រា បានប្រាប់ VOA ថាមានតែការ «អនុវត្តច្បាប់តឹងតែង» និងការច្នៃប្រឌិតរកជំនួយពីបច្ចេកវិទ្យាថ្មីៗទេ ទើបអាចសង្គ្រោះចំនួនសត្វព្រៃដែលនៅសេសសល់ក្នុងព្រៃបាន។
នៅពេលសួរថាហួសពេល ឬនៅក្នុងការសង្គ្រោះសត្វព្រៃដែលនៅសេសសល់ លោកលើកឡើងថា៖ «អត់យឺតទេ ខ្ញុំថាអត់យឺតទេ ព្រោះអីប្រៀបធៀបនឹងប្រទេសជិតខាងយើង គេយ៉ាប់ជាងយើងច្រើន អ៊ីចឹងបើសិនជាយើងទាំងអស់គ្នារួមគ្នា ដាក់ចិត្តថាយើងត្រូវសង្គ្រោះ ខ្ញុំថាអត់ទាន់ហួសពេលទេ ដូចព្រៃឈើយើងអ៊ីចឹងថាបាត់បង់ តែយើងអត់ទាន់ហួសពេលក្នុងការសង្គ្រោះព្រៃឈើរបស់យើងបើយើងចាប់ផ្ដើមពីឥឡូវនេះទៅ យើងអត់ទាន់ហួសពេលទេ។ តែបើចាំ ១០ឆ្នាំទៀត ឬ១៥ឆ្នាំទៀត អាចយឺតពេល»។
លោក ប៉ែត ភក្ត្រា បន្ថែមថាអ្នកបរបាញ់និងដាក់អន្ទាក់ចម្បងគឺប្រជាជនខ្លះដែលរស់នៅក្បែរដែនជម្រក និងជនជាតិវៀតណាម ដែលលួចឆ្លងដែនចូល និងនាំទាំងបច្ចេកទេសអន្ទាក់ទំនើបដែលបង្កវិនាសកម្មដល់សត្វព្រៃ។
អង្គការ WWF បានណែនាំជម្រើសនិងដំណោះស្រាយដើម្បីបន្ថយសម្ពាធលើសត្វព្រៃ ដូចជាការផ្ដល់ជម្រើសផ្គត់ផ្គង់ជីវភាពសម្រាប់ប្រជាសហគមន៍ដើម្បីបញ្ឈប់ការបរបាញ់ ពង្រឹងការអនុវត្តច្បាប់ និងការផ្ដល់ជម្រើសពីការកាប់ឈើដាំម្រេចដែលជាដំណាំពេញនិយមនៅតំបន់ខ្ពង់រាប។
អ្នកស្រី ផាន់ ផុនណា អាយុ៤៩ឆ្នាំ ដែលចូលមករស់នៅស្រុកកោះញែក តាំងពីឆ្នាំ១៩៩៤មក បានសម្រេចបោះបង់ការបរបាញ់សត្វកាប់ឈើ និងងាកមកចិញ្ចឹមជ្រូកមាន់ទា និងធ្វើស្រែវិញតាមរយៈការចូលរួមសហគមន៍អរបួនលើ ដែលលែងបរបាញ់ផងនិងចូលរួមល្បាតផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «ឥឡូវគេការពារព្រៃឈើ មានបរិស្ថានមានសហគមន៍អ៊ីចឹងណា ពីមុននោះលោកគ្រូអើយកាប់អីក៏បានរកអីក៏បានដែរ»។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បង្ហាញក្ដីសង្ឃឹមនៅតែមាន។ លោកមានប្រសាសន៍ថា៖ «បាទខ្ញុំនៅតែមានជំនឿ យើងរស់ដោយសារតែមានសេចក្ដីសង្ឃឹម។ អ៊ីចឹងខ្ញុំជឿថា យើងអាចធ្វើការរួមគ្នាយ៉ាងបន្ទាន់តែម្ដង ដើម្បីរិះរកវិធី អភិរក្សសត្វ និងទប់ស្កាត់បទល្មើសដទៃទៀត ដើម្បីឱ្យសត្វព្រៃរបស់យើងដែលនៅសេសសល់ ទាំងប៉ុន្មានហ្នឹង អាចមានជីវិតឡើងវិញ»។
លោកបន្ថែមថា៖ «សត្វព្រៃជាទូទៅចាំបាច់ត្រូវការទីន្លែងមួយដែលស្ងប់ស្ងាត់មិនមានអន្ទាក់មិនមានកាំភ្លើង មិនមានរណារយន្ត ហើយមិនមានសកម្មភាពមនុស្សចូលទៅក្នុងហ្នឹងទេចាំបាច់ត្រូវមានកន្លែងជា Safe Heaven មួយឲ្យវារស់នៅ»។
បកទៅទីស្នាក់ការម្រើចវិញ លោក ប៊ុន ត្រូពីន យល់ថា ការងារអភិរក្សប្រចាំថ្ងៃរបស់លោករកទីបញ្ចប់មិនឃើញឡើយ ដើម្បីធានារក្សាសត្វព្រៃ ជាពិសេសអម្បូរសត្វក្រចកឱ្យនៅមានវត្តមានក្នុងព្រៃដែលនៅភាគឦសានមួយនេះ។
លោកថ្លែងថា៖ «វាមិនបង្ហាញថាការងារយើងវាជោគជ័យ ១០០%ទេ ប៉ុន្តែយើងអាចទប់ស្កាត់បាន។ យើងអាចមាននិរន្តភាព។ យើងមិនឲ្យវាធ្លាក់ចុះជាងហ្នឹង»៕