ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយមន្ត្រីពាណិជ្ជកម្មកំពូលៗរបស់អាមេរិកនៅក្នុងប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីមានការចរចាកម្រិតខ្ពស់ ដែលមានគោលដៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ នៅមុនថ្ងៃកំណត់ គឺថ្ងៃទី១ ខែមីនា ខាងមុខនេះ។
នៅសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកចរចា នឹងព្យាយាមស្វែងរកការព្រមព្រៀងទាក់ទងនឹងគោលនយោបាយចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មានលក្ខណៈប្រឆាំងនឹងការប្រកួតប្រជែង ដូចជាការបង្ខំឲ្យផ្ទេរជំនាញបច្ចេកវិទ្យាជាដើម។
នៅឯសួនផ្កាកុលាបក្នុងបរិវេណនៃសេតវិមានវិញ លោកប្រធានាធិបតី Donald Trump មានប្រសាសន៍ដែលហាក់ដូចជាមានភាពវិជ្ជមាន។
លោកប្រធានាធិបតី Donald Trump ថ្លែងថា៖
«ការចរចា មានដំណើរការល្អណាស់ តែទោះជាយ៉ាងនេះក្តី យើងមិនដឹងថា នឹងមានលទ្ធផលយ៉ាងម៉េចនោះទេ យើងអាចនិយាយថា យើងបានជោគជ័យ លុះត្រាតែយើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ក៏ប៉ុន្តែ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងលោកប្រធានាធិបតី Xi ដែលខ្ញុំមានការគោរពយ៉ាងខ្លាំង យើងមានទំនាក់ទំនងល្អណាស់ ហើយយើងជិតសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ពិតប្រាកដមួយជាងពេលណាៗទាំងអស់នៅក្នុងសហរដ្ឋអាមេរិក»។
ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។
សហរដ្ឋអាមេរិក ទាមទារឲ្យមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយមួយចំពោះការអនុត្តន៍របស់ចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនមានភាពត្រឹមត្រូវ ដោយរួមបញ្ចូលទាំងការលួចកម្មសិទ្ធបញ្ញា និងរបាំងជាច្រើនដែលរារាំងមិនឲ្យចូលទីផ្សារចិន។
ប្រទេសចិន បានស្នើទិញទំនិញផ្សេងៗថែមទៀតរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅតែជំទាស់ទៅនឹងការអំពាវនាវឲ្យធ្វើការផ្លាស់ប្តូរធំដុំណាមួយអំពីគោលនយោបាយឧស្សាហកម្មរបស់ខ្លួន ដូចជាការទម្លាក់ចោលជំនួយពីរដ្ឋាភិបាលជាដើម។
លោកប្រធានាធិបតី Trump ថា លោកនឹងជួបលោកប្រធានាធិបតី Xi ក្រោយការចរចានៅសប្តាហ៍នេះ។ លោក Trump ក៏អាចនឹងពន្យាថ្ងៃកំណត់ចំនួន ៦០ ថ្ងៃថែមទៀត ចំពោះការយកពន្ធលើទំនិញនាំចូលពីប្រទេសចិន។ ក៏ប៉ុន្តែ អ្នករិះគន់ខ្លះព្រមានថា ការធ្វើដូចនេះ អាចប៉ះពាល់ដល់ភាពដែលអាចជឿជាក់បានរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យចិន អាចប្រើប្រាស់យុទ្ធសាស្ត្រដដែលនេះ ដើម្បីអូសបន្លាយពេលវេលាបន្ថែមទៀត ក្នុងពេលមានជម្លោះពាណិជ្ជកម្ម៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់