ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់​មតិ​របស់​អង្គការ​ ICRC ថា​​ជនជាតិ​​ស៊ីរី​វ័យ​ក្មេង​បង់​ខាត​​ខ្លាំង​​ក្នុង​សង្គ្រាម​មួយ​ទសវត្សរ៍


រូបឯកសារ៖ កុមារ​ស៊ី​រីកាន់​ធុង​យក​ទៅ​ដាក់​ទឹក​នៅ​ជំរំ​ជនភៀសខ្លួន Washukanni ប្រទេស​ស៊ីរី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ កុមារ​ស៊ី​រីកាន់​ធុង​យក​ទៅ​ដាក់​ទឹក​នៅ​ជំរំ​ជនភៀសខ្លួន Washukanni ប្រទេស​ស៊ីរី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ការ​ស្ទង់​មតិ​របស់​គណៈកម្មាធិការអន្តរជាតិ​កាកបាទ​ក្រហមហៅកាត់​ថា ICRC ថា​ជនជាតិស៊ីរី​វ័យ​ក្មេង​បង់ខាតខ្លាំងក្នុងសង្គ្រាមមួយ​ទសវត្សរ៍។ របាយការណ៍នេះក៏​និយាយដែរ​ថា​មនុស្ស​៨នាក់​ក្នុង​បណ្តា​ប្រជារាស្ត្រ​ស៊ីរីវ័យ​ក្មេង១០ នាក់តស៊ូ​ដើម្បី​ឱ្យ​មានម្ហូប​អាហារ​និង​វត្ថុ​ប្រើប្រាស់​ជា​មូល​ដ្ឋាន។

បើ​តាម​ការ​ស្ទង់​មតិថ្មី​មួយចេញផ្សាយ​ដោយ​គណៈកម្មាធិការអន្តរជាតិ​កាកបាទ​ក្រ ហមហៅកាត់​ថា ICRC ថាសង្គ្រាម​១០ឆ្នាំ​ក្នុង​ប្រទេសស៊ីរីមានផល​ប៉ះពាល់​ខ្ទិចខ្ទាំ​ដល់​ប្រជារាស្ត្រ​ស៊ីរី ជា​ពិសេសដល់​ជនជាតិស៊ីរីវ័យ​ក្មេងរស់នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។

បើ​តាមរបាយការណ៍នេះដែល​ផ្អែក​លើ​ការ​ស្ទង់​មតិ​មួយនៃ​ជនជាតិ​ស៊ីរី១ពាន់​៤រយ​នាក់អាយុពី១៨ទៅ​២៥​ឆ្នាំក្នុង​ប្រទេស​ស៊ីរី​ លីបង់​និង​ប្រទេស​អាល្លឺម៉ង់ថា ៥០%​នៃពួកជនត្រូវសាកសួរ​បានបាត់​បង់មិត្តភ័ក្តិ​ឬ​សមាជិក​គ្រួសារនៅ​ក្នុង​សង្គ្រាម​ដែលបានបណ្តាល​ឱ្យមនុស្ស​រាប់​សែន​នាក់​ស្លាប់ ធ្វើឱ្យ​មនុស្ស​ច្រើន​លាន​នាក់ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែងនិង​បានបំផ្លាញហេដ្ឋារចនា​សម្ព័ន្ធ​ផង​ដែរ។

ដោយ​ត្រូវចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១០​ខែ​មីនា​ សេចក្តីរាយការណ៍​នេះក៏​បាន​បញ្ជាក់ដែរ​ថាចំនួនជិត​ពាក់កណ្តាល​នៃជនជាតិ​ស៊ីរី​វ័យ​ក្មេង​បាត់បង់​ប្រាក់ចំណូល​ដោយសា​រសង្គ្រាម​នេះហើយ​ចំនួន​ជិត​៨នាក់​ក្នុង​ចំណោម១០នាក់តស៊ូ​ដើម្បីឱ្យ​មាន​អាហារ​និង​វត្ថុ​ចាំ​បាច់​ឯទៀតៗ។

អ្នកស្រី Ruth Hetherington អ្នកនាំ​ពាក្យគណៈកម្មាធិការ ICRC ប្រចាំ​នៅ​តំបន់​មជ្ឈឹម​បូព៌ាបាន​និយាយ​ថា«សម្រាប់ជនជាតិ​ស៊ីរី​វ័យ​ក្មេង​ដែល​ត្រូវស្ទង់មតិ​ ឱកាស​សេដ្ឋកិច្ចនិង​ឱកាស​មានអនាគតមួយឋិតនៅ​លើ​បញ្ជី។

លោក Ahmad ជា​ជន​ភៀសខ្លួន​ស៊ីរី​ក្នុងប្រទេស​លីបង់បាន​និយាយ​ប្រាប់គណៈកម្មា ធិការ ICRC ថាស្ថានភាពរបស់គាត់អាក្រក់ឡើង​ជា​រៀង​រាល់​ថ្ងៃ។

លោកAhmad​ ដែល​មក​ពីខេត្ត​ Homs នាប៉ែក​កណ្តាល​នៃប្រទេសស៊ីរី​បាននិយាយ​ថា៖

«ខ្ញុំ​មានប្រាក់​កាលខ្ញុំ​អាយុ​១០ឆ្នាំច្រើន​ជាង​ពេល​នេះ​ដែល​ខ្ញុំ​មានអាយុ២៤ឆ្នាំ។ ខ្ញុំគ្មានវត្ថុ​ផ្ទាល់ខ្លួនដូច​ដែល​ខ្ញុំ​ធ្លាប់មាន​នៅ​ឯ​ផ្ទះ​ទេ។ ​ខ្ញុំ​ធ្លាប់មាន​កន្លែងដាក់​សម្លៀក​បំពាក់​ តុ​សរសេរ​និង​កុំព្យូទ័រ។

ការ​ខូចខាតខាងផ្លូវ​ចិត្ត​អ្នកស្រី​ Ruth Hetherington បាននិយាយប្រាប់​វីអូអេ​ថា«អ្វី​ដែល​មានច្បាស់លាស់នោះ​គឺការ​ខូចខាតខាងផ្លូវ​ចិត្ត​ដែល​សង្គ្រាមកាលពី​១០ឆ្នាំមុន​នេះ​នាំ​ឱ្យ​មានលើ​ក្រុមមនុស្ស​វ័យ​ក្មេង។ ប្រជារាស្ត្រ​ស៊ីរីត្រូវ​ការ​ការគាំទ្រ​អំពី​បញ្ហា​នេះ»។

របាយការណ៍នេះ​ចែងថាពួក​មនុស្ស​វ័យ​ក្មេងក្នុង​ប្រទេសស៊ីរី​បានជួប​ប្រទះការ​ទទួល​ទាន​ដំណេក​មិនលក់ ការ​ថប់​បារម្ភ ការ​ធ្លាក់​ទឹក​ចិត្ត​ ភាពនៅ​ដាច់ឯកោពី​គេការតប់​ប្រ មល់​ក្នុង​ចិត្ត​និងទុក្ខ​ព្រួយ​ជា​ពិសេស​ដោយសារសង្គ្រាមកាលពី១២​ខែកន្លង​ទៅ​នេះ​។

Rami Asfar ដែល​បាន​ចាក​ចេញ​ពី​ក្រុង​កំណើតHamaរបស់គាត់​មក​រស់​នៅក្នុង​ក្រុង Aleppo នៅពេលមានសង្គ្រាមនិយាយ​ថា​ទិដ្ឋភាពអាក្រក់​បំផុត​នៃ​សង្គ្រាម​នៃ​គឺ​ការ​ពិបាកខាង​ផ្លូវ​ចិត្ត។

Rami Asfar បាន​និយាយ​នៅក្នុងការ​ស្ទង់មតិ​នេះ​ថា«ខ្ញុំ​គ្មាន​របួសលើរាងកាយ​ទេ។ ចំពោះ​ខ្ញុំ ការខូច​ខាត​ខាងផ្លូវ​ចិត្ត​និង​អារម្មណ៍ជា​ការ​ពិបាក​បំផុត។ ខ្ញុំ​បានខិត​ខំ​ជម្នះ​វាដែរ​ ​តែ​វានាំ​ឱ្យ​ខ្ញុំ​មានស្នាម​នៃ​ការ​ខូចខាត​ទាំង​នេះ។ ការណ៍​នេះ​នឹងនៅ​ជាប់​ជា​មួយ​ខ្ញុំក្នុង​មួយ​ជីវិត។​

បើ​តាម​អង្គការ​សហប្រជាជាតិ​ថាប្រជារាស្ត្រ​ស៊ីរី​ប្រមាណ​៥លាន៦​សែននាក់​បាន​ចុះឈ្មោះ​ជា​ជន​ភៀសខ្លួននៅ​ក្រៅប្រទេស។ ​មាន​មនុស្ស​៦លាន២​សែន​នាក់​ដែរដែល​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែងនៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី។

របាយការណ៍របស់​គណៈកម្មាធិការ ICRC មាន​ឡើង​តែប៉ុន្មានថ្ងៃ​មុនខួប​ឆ្នាំ​ទី១០​នៃ​ការចាប់ផ្តើមការ​បះបោរ​មួយ​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។

ពួកអ្នក​ជំនាញនិយាយថាសហគមន៍​អន្តរជាតិ​មិន​អាច​ងាក​ចេញ​ពី​អ្វី​ដែល​កើត​មាន​ឡើងក្នុង​ប្រទេស​ស៊ី​រី​ទេ។

អ្នកស្រី Ruth Hetherington បាន​ថ្លែង​ថា«សកម្មភាព​មនុស្ស​ធ៌ម​មិន​មែន​ជាការ​ជំនួស​ដំណោះស្រាយនយោបាយ​ទេ​ដែល​ជា​ការ​ច្បាស់លាស់​ជា​អ្វីតែ​មួយ​គត់ដែលនឹង​ផ្តល់ ឱ្យប្រជារាស្ត្រ​ស៊ីរី​នូវ​អ្វីដែល​ពួក​គេយល់​ថា​នឹង​ធ្វើឱ្យជីវិត​របស់ពួក​គេ​មាន​ភាព​ល្អ​ធម្មតា​វិញ»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG