កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣៧ ដែលបានសរសេរលិខិតគាំទ្រជំហររបស់ប្រទេសចិន ក្នុងការបង្កើតតំបន់ស្វ័យតស៊ីនជាង ដើម្បីប្រមូលផ្តុំជនជាតិ Uighur និងជនជាតិម៉ូស្លីមដទៃទៀត។
ការបង្ហាញជំហររបស់ប្រទេសកម្ពុជានេះកើតមានឡើង ស្របពេលដែលប្រទេសលោកខាងលិចយ៉ាងតិចចំនួន២២ប្រឆាំងនឹងការបង្កើតតំបន់ស្វ័យត ដែលមានឈ្មោះជាផ្លូវការថា «មជ្ឈមណ្ឌលហ្វឹកហាត់វិជ្ជាជីវៈ» របស់រដ្ឋាភិបាលក្រុងប៉េកាំង។ ក្រុមតស៊ូមតិ និងក្រុមម៉ូស្លីមជនជាតិភាគតិចជាងមួយលាននាក់កំពុងស្ថិតក្នុងជំរំឃុំឃាំងនោះ។
ប្រទេសប្រជាធិបតេយ្យទាំង២២ បានថ្កោលទោសប្រទេសចិនដោយចាត់ទុកថា ការបង្ខាំងជនជាតិ Uighur និងជនជាតិម៉ូស្លីមដទៃទៀតក្នុងជំរំបែបនេះគឺជាការរំលោភសិទ្ធិមនុស្ស។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចតេឡេក្រាម នៅថ្ងៃពុធនេះថា ប្រទេសកម្ពុជា រួមជាមួយប្រទេស៣៦ទៀត បានពន្យល់ទៅកាន់ក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា «កុំយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» របស់ប្រទេសចិន។
លោកកេត សោផាន់បន្ថែមថា ប្រទេសទាំង៣៧ក៏បានស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស«អនុវត្តទៅតាមនិយាម និងការប្រតិបត្តិនានារបស់ក្រុមប្រឹក្សា(Norms and Practuces)»ដែលកំណត់ថា បញ្ហាសិទ្ធិមនុស្សគឺស្ថិតក្រោមការចាត់ចែងរបស់រដ្ឋសមាជិកនីមួយៗ ទៅតាមស្ថានភាពផ្ទាល់របស់រដ្ឋទាំងនោះ។
សារព័ត៌មានផ្លូវការរដ្ឋចិនចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បញ្ជាក់ថា ឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន៣៧ រួមមានប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អាល់ហ្សេរី រុស្ស៊ី និងគុយបាជាដើមបានផ្ញើលិខិតរួមគ្នាមួយទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប.) និងឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សរបស់អ.ស.ប.នៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប្រទេសចិន ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។
ប្រទេសទាំងនោះបានកោតសរសើរថា ការគោរពសិទ្ធិមនុស្សនៅប្រទេសចិនទទួលបាន«សមិទ្ធផលគួរឲ្យកត់សម្គាល់» ដោយកាន់យកទស្សនវិជ្ជាផ្តោតលើការអភិវឌ្ឍប្រជាជន និងការពារ និងលើកកម្ពស់សិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ។ នេះបើតាមសារព័ត៌មានរដ្ឋចិនស៊ីនហួរ។
សារព័ត៌មានដដែលបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិនប្រចាំអ.ស.ប.បានថ្លែងអំណរគុណប្រទេសទាំង៣៧នៅឯក្រុមប្រឹក្សាសិទិ្ធមនុស្សរបស់អ.ស.ប.កាលពីថ្ងៃសុក្រចំពោះការចុះហត្ថលេខាលើលិខិតគាំទ្រគោលនយោបាយរបស់ខ្លួន។
ប៉ុន្មានថ្ងៃមុនលិខិតរបស់ប្រទេសចំនួន៣៧ត្រូវបានផ្ញើទៅឧត្តមក្រុមប្រឹក្សាអ.ស.ប. គេឃើញប្រទេសប្រជាធិបតេយ្យចំនួន២២រួមមានអូស្រ្តាលី កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអង់គ្លេសជាដើមបានចុះហត្ថលេខាលើលិខិតសម្តែងការព្រួយបារម្ភអំពី«របាយការណ៍គួរឱ្យទុកចិត្តនៃការឃុំឃាំងដោយបំពាន»នៅស៊ីនជាង និង«ការឃ្លាំមើល និងការរឹតបន្តឹង»ជាពិសេសផ្តោតលើជនជាតិ Uighur និងជនជាតិភាគតិចដទៃទៀតនៅប្រទេសចិន។
ប្រទេសទាំង២២នោះបានអំពាវនាវឱ្យប្រទេសចិនប្រកាន់ខ្ជាប់នូវច្បាប់ជាតិរបស់ខ្លួន និងការប្តេជ្ញាចិត្តអន្តរជាតិ រួមទាំងសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ។
លោកបណ្ឌិតអៀ សុផល សាស្រា្តចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក យល់ឃើញថា ការចូលរួមគាំទ្រទង្វើរបស់ចិនទាក់ទងបញ្ហារំលោភសិទ្ធិជនជាតិដើមភាគតិចនៅតំបន់ស៊ីនជាងបាន«ធ្វើឲ្យកម្ពុជាកាន់តែឃ្លាតឆ្ងាយពីគន្លងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
ឆ្លើយតបនឹងវីអូអេតាមសារអេឡិកត្រូនិក ឬអ៊ីម៉ែល លោកបណ្ឌិតអៀ សុផលចាត់ទុកថា ជំហររបស់ប្រទេសកម្ពុជានឹងជះឥទ្ធិពលអាក្រក់ដែលអាចនាំឲ្យមាន«ការបាត់បង់ EBA ការបាត់បង់ GSP»សំម្រាប់ការអនុគ្រោះពន្ធនាំទំនិញចេញទៅកាន់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញរបាយការណ៍មួយបង្ហាញថា ចាប់តាំងពីចុងឆ្នាំ២០១៦មក រដ្ឋាភិបាលចិនបានធ្វើឲ្យជនជាតិដើមភាគតិច Uyghur និងអ្នកកាន់សាសនាឥស្លាម ប្រមាណជា១៣លាននាក់ក្នុងតំបន់ស៊ីនជាង ស្ថិតក្នុងការឃុំខ្លួនដោយបំពាន ការបង្ខំឲ្យចូលរួមផ្នែកនយោបាយ ការដាក់កំហិតក្នុងការផ្លាស់ទី និងការគាបសង្កត់ផ្នែកសាសនា ហើយ«មនុស្សជាងមួយលាននាក់ត្រូវបានដាក់ឃុំឃាំងក្នុងជំរំដែលផ្តល់ការអប់រំផ្នែកនយោបាយ»។
លោកអំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ការបង្ហាញជំហរគាំទ្រចិនពាក់ព័ន្ធនឹងបញ្ហាជនជាតិដើមភាគតិច Uighur និងជនជាតិម៉ូស្លីមផ្សេងទៀត បង្ហាញថា៖ «កម្ពុជាហាក់បីដូចជាមិនមានឆន្ទៈប្រាកដប្រជាក្នុងការកែលម្អរលទ្ធិប្រជាធិបតេយ្យ ឬក៏ការគោរពសិទ្ធិមនុស្សនៅកម្ពុជាទេ»។
កាលពីចុងឆ្នាំ២០០៩ ជនជាតិដើមភាគតិច Uighur មួយក្រុមដែលមានគ្នាប្រមាណជា២០នាក់ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនទាំងបង្ខំទៅកាន់ប្រទេសចិនវិញ មុនដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Xi Jinping មកកាន់ប្រទេសកម្ពុជា។ កាលណោះ លោក Xi Jinping ជាអនុប្រធានាធិបតីចិន៕