ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិរិះ​គិត​​ការ​កាត់​ទោស​​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​


រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​ដែល​ត្រូវ​បាន​ថត​កាល​ពីថ្ងៃទី​១ កក្កដា ២០១២ បង្ហាញ​ពី​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​កំពុង​កំទិច​ទីសក្ការៈបូជា​បុរាណ​នៅ​ Timbuktu។
រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​ដែល​ត្រូវ​បាន​ថត​កាល​ពីថ្ងៃទី​១ កក្កដា ២០១២ បង្ហាញ​ពី​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​កំពុង​កំទិច​ទីសក្ការៈបូជា​បុរាណ​នៅ​ Timbuktu។

អង្គ​ចៅក្រម​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ បាន​ចាប់ផ្តើម​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១​ ខែ​មីនា​ អំពី​ការបើក​សវនាការ​លើក​ដំបូង​បង្អស់​មួយ ​ដើម្បី​កាត់ទោស​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដោយ​ផ្តោត​លើ​ការបំផ្លិច​បំផ្លាញ​បេតិកភណ្ឌ​សាសនា​ ឬ​វប្បធម៌។​ លោក​​ Ahmad al-Faqi al-Mahd​ ដើម​កំណើត​ជាតិ​ម៉ាលី​ ត្រូវ​បាន​ជាប់​ចោទ​ ចំពោះ​តួនាទី​មើល​ការខុស​ត្រូវ​លើ​ការវាយ​ប្រហារ​​នៅ​ឆ្នាំ​២០១២​​ ទៅ​លើ​តំបន់​សក្ការ​បូជា​ចំពោះ​សាសនា​ នៅ​ទីក្រុង​បុរាណ​ Timbuktu របស់​ប្រទេស​ម៉ាលី។​

សវនការ​នេះ​ មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ​នៅ​ក្នុង​តុលាការ​មួយ​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​តុលាការ​សម្រាប់​កាត់ទោស​រឿង​ក្តី​ព្រហ្មទណ្ឌ​ ដូចជា​ការ​រំលោភ​ផ្លូវ​ភេទ​ ការ​សម្លាប់​ និង​ទាសភាព​ផ្លូវ​ភេទ។​ កាល​ពី​ថ្ងៃ​អង្គារ ​ទី​១​ ខែ​មិនា​ អង្គ​ចៅក្រម​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ បាន​ចាប់​ផ្តើម​គិត​ពិចារណា​ថាតើ​មាន​ភស្តុតាង​គ្រប់​គ្រាន់ ​ដើម្បី​ដាក់​បញ្ចូល​បញ្ហា​នេះ​ជា​បទ​ឧក្រិដ្ឋកម្ម​មួយ​ប្រភេទ​ផ្សេង​ទៀត​ គឺ​ការបំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​និង​សាសនា​ដែរ​ឬទេ។​

លោក​ Ahmad al-Faqi al-Mahdi ដែល​ជា​ អតីត​គ្រូ​បណ្តុះ​បណ្តាល​និង​ជា​អ្នក​តស៊ូ​សាសនា​ ត្រូវ​ជាប់​ចោទ​ពី​បទ​ដឹកនាំ​រៀបចំ​គម្រោង​បំផ្លាញ​ស្តូប​ចេតិយ​ប្រាំបួន​កន្លែង​ និង​ទ្វារ​បុរាណ​នៃ​វិហារ​ឥស្លាម​មួយ​ នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Timbuktu កាលពី​ខែមិថុនា​ និង​កក្កដា​ ឆ្នាំ​២០១២។​ លើក​លែង​តែ​សំណង់​អគារ​មួយ​ចេញ​ ក្រៅ​ពី​នោះ​គឺ​ត្រូវ​បាន​ចាត់​ចូល​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ដោយ​អង្គការ​សហ​ប្រជាជាតិ​(UNESCO)។

ទីក្រុង​ Timbuktu ​ ត្រូវ​បាន​ស្គាល់​ថា​ជា​ «ទីក្រុង​នៃ​បុព្វជិត​៣៣៣​អង្គ»​ ហើយ​ជា​មជ្ឈមណ្ឌល​សាសនា​និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ។

នៅក្នុង​សេចក្តី​ថ្លែង​បើក​អង្គ​បុរេ​ជំនុំ​ជម្រះ​ លោក​ Fatou Bensouda រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ បាន​អះអាង​ថា​ការ​បំផ្លាញចេតិយ​ដោយ​ពួក​ឥស្លាម​ជ្រុល​និយម​ទាំងនេះ​ គឺ​ស្មើ​នឹង​ការ​បំផ្លិច​បំផ្លាញ​នូវ​ព្រលឹង​ និង​ប្រវត្តិសាស្រ្ត​របស់​សហគមន៍​មួយ​ និង​ជា​ការបាត់​បង់​មួយ​របស់​ពិភព​លោក។​

«អ្វី​ដែល​ខូច​ខាត​នៅ​ទីនេះ​ មិន​មែន​ត្រឹមតែ​ជញ្ជាំង​និង​ថ្ម​ប៉ុណ្ណោះ​ទេ។​ ​ចេតិយ​ដែល​ត្រូវ​បាន​បំផ្លាញ​ទាំង​អស់​នោះ​ ធ្លាប់​មាន​តម្លៃ​សំខាន់​ចំពោះ​ខាង​សាសនា​ ចំពោះ​ផ្នែក​ប្រវត្តិសាស្រ្ត​ និង​ចំពោះ​អត្ត​សញ្ញាណ។​ ការ​វាយ​បំផ្លាញ​ទៅ​លើ​អគារ​សម្រាប់​ឧទ្ទិស​បូជា​ចំពោះ​សាសនា​ និង​ប្រវត្តិសាស្រ្ត​បែប​នេះ​ គឺ​ចូល​ទៅ​ក្នុង​ប្រភេទ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ឬស​គល់​របស់​ប្រជាជន​ទាំងស្រុង​ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​ព្រម​ទាំង​សកម្មភាព​សង្គម​យ៉ាង​ខ្លាំងក្លា​ និង​មិន​អាច​ស្រោច​ស្រង់​បាន»។

ការកាត់​ទោស​នេះ​ បាន​ចោទ​ថា​ al-Mahdi ដែល​មាន​ជាតិ​សាសន៍​ Tuareg ស្ថិត​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​នេះ​ បាន​ដឹក​នាំ​កងធម្មចរិយា​មួយ​ (morality squad) នៅ​ក្នុង​ទីក្រុង​Timbuktu និង​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ Ansar Dine ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុមអាល់កៃដា​ក្នុង​ Islamic Maghreb (AQIM)។​

ក្រុម​ឥស្លាម​ជ្រុល​និយម​ទាំង​នេះ​ បាន​ក្តោប​ក្តាប់​ទីក្រុង​ Timbuktu នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១២​ បាន​ដាក់​ការអនុវត្ត​ច្បាប់​តឹងរឹង​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ មុន​នឹង​ទាហាន​បារាំង​បាន​បណ្តេញ​ពួកគេ​ចេញ ​ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​កាន់កាប់។

លោក​ Al-Mahdi ហាក់ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការអះអាង​របស់​រដ្ឋ​អាជ្ញា។​ លោក ​Al-Mahdi មាន​សក់​វែង​ មាន​ពុក​មាត់​ និង​ពាក់​វ៉ែនតា។​

លោក​បាន​និយាយ​ដោយ​សង្ខេប​ថា ​លោក​បាន​យល់​អំពី​ទោស​ដែល​ត្រូវ​បាន​ដាក់​បន្ទុក​លើ​លោក។​ ពី​ដំបូង​ លោក​បាន​បដិសេធ​ ហើយ​មេធាវី​របស់​លោក​នឹង​ការពារ​ក្តី​របស់​លោក​នៅ​ពេល​មាន​សវនការ។

ក្រៅពី​ការ​បំផ្លាញ​សំណង់​បុរាណ​នៅ​ទីក្រុង​ Timbuktu ក៏​មាន​ការបំផ្លិញ​បំផ្លាញ​ទៅ​លើ​ប្រាសាទ​នានា​នៅ​ក្នុង​ទីក្រុង​បុរាណ Palmyra​ របស់​ប្រទេស​ស៊ីរី​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ និង​ការ​បំផ្លាញ​រូប​សំណាក​ព្រះ​ពុទ្ធ​ជាច្រើន​ដោយ​ក្រុម​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ឆ្នាំ​២០០១ ដែលបាន​ធ្វើ​ឲ្យ​មាន​ការខឹង​សម្បារ​នៅ​ទូទាំង​ពិភព​លោក​ផងដែរ៕

ប្រែសម្រួល​ដោយ៖​ សើ​ សាយ្យាណា

XS
SM
MD
LG