កូនប្រុសលោកប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិក គឺលោក Hunter Biden ត្រូវបានចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមរដ្ឋអាជ្ញាបានចោទថាលោកបានទិញកាំភ្លើងខ្លីមួយដោយខុសច្បាប់ នៅពេលដែលលោកបានសារភាពថាប្រើសារធាតុញៀនកូកាអ៊ីន (cocaine) ហើយបានកុហកអំពីគ្រឿងញៀន ដើម្បីអាចឱ្យលោកទិញកាំភ្លើងបាន។
ការចោទប្រកាន់ជាផ្លូវការលើកូនប្រុសប្រធានាធិបតី អាយុ ៥៣ ឆ្នាំរូបនេះ បានបញ្ចូលកត្តាថ្មីមួយជាបន្ទាន់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៤។ លោក Joe Biden បានឈរឈ្មោះជាថ្មី ហើយគូប្រជែងនាំមុខគេរបស់លោកខាងគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតី លោក Donald Trump កំពុងប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌជាផ្លូវការពីបទចោទចំនួន ៩១ ករណី។
លោក Hunter Biden អាចប្រឈមនឹងបទចោទប្រកាន់ចំនួនបី ទាក់ទងនឹងកាំភ្លើងក្នុងពេលប៉ុន្មានខែខាងមុខនេះ។
ការចោទប្រកាន់ជាផ្លូវការនេះចែងថា លោកបានកុហកនៅក្នុងសំបុត្រស្នាមមួយតម្រូវឱ្យបំពេញនៅពេលលោកទិញកាំភ្លើងធុន Colt Cobra Special នៅហាងលក់កាំភ្លើងមួយនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីខែតុលា ឆ្នាំ ២០១៨។ ការចោទប្រកាន់នេះនិយាយថា លោកបានគូសក្នុងប្រអប់មួយលើសំបុត្រស្នាមនោះដោយឆ្លើយកុហកថា លោកមិនមែនជាអ្នកប្រើឬជាអ្នកញៀនគ្រឿងញៀនទេ និងថាលោកមិនមានកាំភ្លើងដោយខុសច្បាប់ជាអ្នកប្រើគ្រឿងញៀនទេ។
គេបានរំពឹងថានឹងមានការចោទប្រកាន់ជាផ្លូវការលើលោក Hunter Biden ដោយរដ្ឋអាជ្ញាពិសេសលោក David Weiss បានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថា នឹងមានការដាក់ពាក្យចោទមិនហួសពីដំណាច់ខែកញ្ញានេះទេ។
លោក Abbe Lowell មេធាវីលោក Hunter Biden បានចោទប្រកាន់លោក Weiss ថាបានឱនលំទោនតាមសម្ពាធនយោបាយពីពួកសាធារណរដ្ឋក្នុងការចោទប្រកាន់កូនប្រុសរូបនេះរបស់លោកប្រធានាធិបតី៕